បទ​វិភាគ៖ បើ​តុលាការ​ចាប់​ខ្លួន​លោក កឹម សុខា តើ​ចំណេញ​អ្វី​ខ្លះ​ដល់​បក្ស​កាន់​អំណាច?

ដោយ ទីន ហ្សាការីយ៉ា
2016-05-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

កឹម សុខា ខុម ចាន់ដារាទី ២០១៦ ៨៥៥
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​កញ្ញា ខុម ចាន់តារាទី ហៅ ស្រី​មុំ។ Photo: RFA


សំណុំ​រឿង​លោក កឹម សុខា ត្រូវ​បាន​តុលាការ​កំពុង​ចាត់​វិធានការ​ទៅ​មុខ​តាម​កាល​កំណត់​របស់​ខ្លួន ដោយ​មិន​រាថយ​ឡើយ ទោះ​បី​ជា​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ។

ការ​អនុវត្ត​ច្បាប់​នៅ​ពេល​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា គឺ​ទោរទន់​ទៅ​តាម​ទំនោរ​នយោបាយ ដែល​គេ​បង្កើត​ឡើង​ដើម្បី​បំបាក់​ប្រជាប្រិយភាព​ដៃគូ​ប្រកួត​នៅ​មុន​ពេល​បោះឆ្នោត​បាន​មក​ដល់។

តើ​ការ​ប្រើប្រាស់​តុលាការ​ដើម្បី​ចាត់​ការ​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា នេះ អាច​នឹង​ឈាន​ដល់​ការ​ចាប់​ខ្លួន​ដែរ​ឬ​ទេ? ហើយ​បើ​ចាប់​ខ្លួន​លោក កឹម សុខា នឹង​មាន​អ្វី​កើត​ឡើង?

ការ​វិវឌ្ឍន៍​នយោបាយ​ពី​សភាព​ធម្មតា​ទៅ​ប្រេះឆា​គ្នា​នៅ​ក្នុង​រង្វង់​អ្នក​នយោបាយ​ខ្មែរ​នៅ​បក្ស​ផ្សេង​គ្នា​នេះ ជា​ដើម​ចម​ធ្វើ​ឲ្យ​មាន​ការ​ចាប់​ចង​សកម្មជន​គណបក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​នៅ​ក្រៅ​រដ្ឋាភិបាល​ផង។

នៅ​ពី​មុខ​ឆាក​ដែល​គេ​ឯង​បាន​ឃើញ​នោះ ការ​បែរ​ខ្នង​ដាក់​គ្នា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កើត​មាន​ខ្លាំង ក្រោយ​ពេល​មាន​បាតុករ​គាំទ្រ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​រដ្ឋសភា ទាមទារ​ឲ្យ​សភា​បោះឆ្នោត​ទម្លាក់​លោក កឹម សុខា ចេញ​ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា។ ភាព​ប្រេះឆា​កើត​មាន​ជា​បន្តបន្ទាប់ ហើយ​ការ​ចាប់​ចង​សកម្មជន ក៏​លេច​ឡើង​វិញ​ដែរ។ មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ គឺ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​តែ​ល្អូកល្អើន​នឹង​គ្នា​នោះ ក៏​មិន​អាច​រក្សា​សម្ព័ន្ធភាព​បាន​យូរ​ប៉ុន្មាន​ដែរ។

ក៏ប៉ុន្តែ​អាច​មាន​រឿង​នៅ​ពី​ក្រោយ​ឆាក​ដទៃ​ទៀត ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​រឿង​នៅ​ពី​មុខ​ឆាក​ទៅ​ទៀត។ រឿង​ពី​ក្រោយ​ឆាក​ទាំង​នោះ​អាច​មាន​ការ​ដាក់​គំនាប​ទៅ​លើ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ប្រកាស​បោះបង់​ចោល​ដៃគូ​ដឹក​នាំ​របស់​ខ្លួន ឬ​ក៏​អាច​ជា​ការ​បញ្ចុះ​បញ្ចូល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​យក​នូវ​អ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ព្រម ជាដើម។ នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ខ្លះៗ​ពី​សំណាក់​មេ​ដឹក​នាំ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។

ក្នុង​ខណៈ​ដែល​សំណុំ​រឿង​លោក សម រង្ស៊ី កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ ប្រធាន​ស្តីទី​នៃ​គណបក្ស​នេះ ក៏​ត្រូវ​គេ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​ជា​បន្តបន្ទាប់​ដូច​កុន​ភាគ។ ទោះ​បី​ជា​អ្នក​ខ្លះ​ចាត់​ទុក​រឿង​នេះ​ថា​ជា​រឿង​បុគ្គល​ផ្ទាល់​ខ្លួន​ក៏ដោយ មក​ទល់​នឹង​ពេល​នេះ ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​ដែល​គេ​ឯង​ធ្លាប់​តែ​រិះគន់​ថា ធ្វើ​ការ​យឺតយ៉ាវ​នោះ បាន​នាំ​គ្នា​ខិតខំ​ធ្វើ​ការ​ទាំង​ថ្ងៃ​ទាំង​យប់​ដើម្បី​ដោះស្រាយ បញ្ហា​ជាតិដ៏​បន្ទាន់​មួយ​នេះ។ ទាំង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ទាំង​តុលាការ ទាំង​ក្រសួង​មហាផ្ទៃ និង​ក្រុម​ចាំ​លួច​ថត​សំឡេង​ឆ្លើយ​ឆ្លង​គ្នា​តាម​ទូរស័ព្ទ បាន​រួម​ដៃ​គ្នា​ធ្វើ​ការ​យ៉ាង​ស្វិតស្វាញ និង​យ៉ាង​មាន​ប្រសិទ្ធភាព។ ជា​លទ្ធផល​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង បេសកកម្ម​ផ្លេក​បន្ទោរ​ស្វែងរក យុត្តិធម៌​សង្គមនេះ ចាប់​បាន​មន្ត្រី​សិទ្ធិ​មនុស្ស​បួន​នាក់ មន្ត្រី គ..ប ដែល​លោក​នាយក​រដ្ឋមន្ត្រី​កម្ពុជា ធ្លាប់​ហៅ​ថា​ក្មេង​ព្រហើន​ម្នាក់ មេ​ឃុំ​ម្នាក់ និង​តំណាង​រាស្ត្រ​បី​នាក់​ទៀត រួម​នឹង​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​អ្នក​វិភាគ​នយោបាយ​ម្នាក់​ទៀត​ផង កំពុង​ប្រឈម​មុខ​នឹង​ការ​ហៅ​សាកសួរ និង​ចាប់​ខ្លួន។

មិន​បាច់​រៀន​ដល់​ថ្នាក់​បរិញ្ញាបត្រ ឬ​បណ្ឌិត ក៏​គេ​អាច​មើល​ឃើញ​ថា វប្បធម៌​ចាប់​ចង​បាន​ចេញ​ជា​រូប​រាង​ឡើង​វិញ​នេះ ក៏​ដោយសារ​ស្ថានភាព​នយោបាយ​ប្រែប្រួល​ដែរ។ នៅ​គ្រា​ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​មិន​ទាន់​ប្រេះឆា​វប្បធម៌​សន្ទនា​នោះ ការ​ចាប់​ចង​ក៏​មិន​មាន​ដែរ។ លើស​ពី​នេះ​ទៀត តុលាការ​ថែម​ទាំង​ដោះ​លែង​តំណាង​រាស្ត្រ និង​សកម្មជន​គណបក្ស​ប្រឆាំង​ទៀត​ផង។

ក៏ប៉ុន្តែ​សម្រាប់​បរិបទ​នយោបាយ​នៅ​ពេល​នេះ​វិញ អ្វីៗ​បាន​ប្រែប្រួល​ទៅ​ជា​ការ​ចាប់​ចង ការ​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ថែម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​នោះ។ យ៉ាង​ណា​ក៏ដោយ​ចុះ តួអង្គ​សំខាន់​នៅ​ពេល​នេះ​ដែល​គេ​ចង់​ចាប់​ខ្លួន​នោះ តាម​មើល​ទៅ​គឺ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ​ទេ ព្រោះ​ថា ការ​បញ្ចេញ​រឿង​អាស្រូវ​ស្នេហា​លោក កឹម សុខា នេះ មិន​មែន​ជា​លើក​ទី​១ នោះ​ទេ។ កាល​ពី​ឆ្នាំ​២០១៣ នៅ​មុន​ពេល​បោះឆ្នោត រឿង​អាស្រូវ​ស្នេហា​នេះ​ក៏​លេច​ស្ត្រី​មួយ​រូប​មាន​កូន​មួយ មក​អះអាង​ថា ជា​ស្រី​កំណាន់​របស់​លោក កឹម សុខា ដែរ។

ក្រៅ​ពី​នេះ​ទៀត រឿង​អតីត​អ្នក​រងគ្រោះ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម លោក ជុំ ម៉ី ក៏​បាន​ដឹក​នាំ​មនុស្ស​រាប់​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ដោយ​ចោទ​ថា លោក កឹម សុខា លើក​ឡើង​ថា គុក​ទួល​ស្លែង​ជា​គុក​សិប្បនិមិត្ត និង​បង្កើត​ឡើង​ដោយ​វៀតណាម ជាដើម។

ការ​ធ្វើ​ទុក្ខបុកម្នេញ​លោក កឹម សុខា ជា​បន្តបន្ទាប់​នេះ តាម​មើល​ទៅ​លោក កឹម សុខា អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ខក​ចិត្ត​រឿង​អ្វី​មួយ ព្រោះ​ថា នៅ​មុន​លោក​បាន​ចាប់​ដៃ​ជាមួយ​លោក សម រង្ស៊ី ដើម្បី​បង្កើត​សម្ព័ន្ធភាព​ជាមួយ​គ្នា ឬ​មុន​ពេល​រំលាយ​គណបក្ស​សិទ្ធិ​មនុស្ស ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស សម រង្ស៊ី បង្កើត​ជា​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​បញ្ចេញ​ខ្សែ​អាត់​សំឡេង​សន្ទនា​ជាមួយ​លោក ហ៊ុន សែន ដែរ។ ការ​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​លោក សម រង្ស៊ី មិន​ទុក​ចិត្ត​លោក កឹម សុខា ក៏​ថា​បាន។

សម្រាប់​នៅ​ដំណាក់​កាល​នេះ​វិញ តាម​មើល​ទៅ​គោល​នយោបាយ​ឈ្នះៗ រដ្ឋាភិបាល​នៅ​តែ​ប្រើ ដើម្បី​យក​ឈ្នះ​លើ​គូប្រកួត ដោយ​ហេតុ​ថា លទ្ធផល​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ជា​មេរៀន​ដ៏​សំខាន់​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ គោល​នយោបាយ​ឈ្នះៗ​នេះ​មាន​បី​សំខាន់ គឺ​ទី​១ ការ​រក្សា​សុវត្ថិភាព​អាយុ​ជីវិត។ ទី​២ ការ​រក្សា​ទ្រព្យ​សម្បត្តិ។ និង​ទី​៣ ការ​រក្សា​ឋានៈ និង​តួនាទី។ ប្រការ​នេះ​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​រិះរក​វិធី​សព្វ​បែប​យ៉ាង​ដើម្បី​ស្ដារ​ប្រជាប្រិយភាព​របស់​ខ្លួន​វិញ ក៏ប៉ុន្តែ​យុទ្ធសាស្ត្រ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​តែ​ដើរ​នេះ ប្រហែល​ជា​នឹង​មិន​អាច​ធ្វើ​ឲ្យ​គណបក្ស​នេះ​ចំណេញ​នោះ​ឡើយ។

នរណា​ក៏​ដឹង​ដែរ​ថា សំណុំ​រឿង​ចាត់​ការ​លើ​លោក កឹម សុខា និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​របស់ គ..ប ផង​នោះ​ជា​រឿង​នយោបាយ។ នេះ​វា​មិន​ខុស​អី​ពី​រឿង​ល្ខោន​ដែល​គេ​សម្ដែង​ឲ្យ​មហាជន​ទស្សនា​នោះ​ទេ។ ល្ខោន​លេង​កាន់​តែ​យូរ អ្នក​មើល​កាន់​តែ​ដឹង​តួ​ណា​ចិត្ត​ល្អ តួ​ណា​ចិត្ត​អាក្រក់​កាន់​តែ​ច្បាស់ ហើយ​អ្នក​ទស្សនា​នឹង​កាន់​តែ​អាណិត​តួអង្គ​ចិត្ត​ល្អ​ថែម​ទៀត។

ម្យ៉ាង​វិញ​ទៀត លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ជា​រឿយៗ​អំពី​ការ​អនុវត្ត​ច្បាប់ និង​ចាប់​ខ្លួន ទោះ​បី​ជា​អ្នក​នោះ​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ក្រោម​ហេតុផល​ថា អនុវត្ត​ច្បាប់ ដូចជា​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ជាដើម។

ផ្ទុយ​ទៅ​វិញ មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​របស់​រដ្ឋាភិបាល មាន​ដូចជា លោក ហេង សំរិន លោក ហោ ណាំហុង លោក គាត ឈន់ ដែល​សាលា​ក្ដី​ខ្មែរ​ក្រហម​បាន​កោះ​ហៅ​អ្នក​ទាំង​នេះ​សួរ​នាំ​អំពី​ការ​បំពេញ​ការងារ​របស់​ខ្លួន​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ កន្លង​មក​នោះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​គាំទ្រ​ចំពោះ​ការ​កោះ​ហៅ​នេះ​ទៅ​វិញ។ កាល​ពី​ឆ្នាំ​២០១២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ថ្លែង​ប្រាប់​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ថា លោក​មិន​គាំទ្រ​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ដំណើរ​ការ​ដល់​សំណុំ​រឿង​០០៣ និង​០០៤ ទេ ព្រោះ​ខ្លាច​មាន​សង្គ្រាម​កើត​ឡើង​ជា​ថ្មី។

ការ​ប្រកាស​មិន​គាំទ្រ​សំណុំ​រឿង​០០៣ និង ០០៤ នេះ ហាក់​ដូចជា​លោក​ការពារ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​របប​កាប់​សម្លាប់ គឺ​របប​ខ្មែរ​ក្រហម។ ចុះ​ករណី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​វិញ ហេតុ​អ្វី​លោក ហ៊ុន សែន មិន​ប្រកាស​ការពារ​ចំពោះ​មន្ត្រី​មាន​អភ័យ​ឯកសិទ្ធិ?

ទន្ទឹម​នឹង​នេះ កាល​ពី​ថ្ងៃ​ទី​២ ឧសភា តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​លោក កឹម សុខា និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប​ទៀត គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់ចាន់ ទាក់ទង​សំណុំ​រឿង​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ។

រឿង​អាស្រូវ​ស្នេហា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ​បាន​ចាប់​ខ្លួន​មនុស្ស​ជាច្រើន​នាក់ និង​ចេញ​ដីកា​ចោទ​ប្រកាន់​មនុស្ស​បន្ថែម​ទៀត​នេះ តាម​មើល​ទៅ​គោល​បំណង​ធំ ចង់​ទាញ​យក​ត្រី​ធំ ពោល​គឺ​តុលាការ​នឹង​ចាប់​ខ្លួន​លោក កឹម សុខា ទោះ​បី​ជា​លោក កឹម សុខា និង​តំណាង​រាស្ត្រ​ផ្សេង​ទៀត​មាន​អភ័យ​ឯកសិទ្ធិ​ពាក់​នៅ​លើ​ស្មា​ក៏ដោយ។

ការ​ចាប់​ខ្លួន​តំណាង​រាស្ត្រ​នៅ​ពេល​នេះ តុលាការ​ហាក់​ដូចជា​មិន​ខ្វល់​អំពី​អភ័យ​ឯកសិទ្ធិ​សភា​នោះ​ទេ ទោះ​បី​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​មាត្រា​៨០ ដែល​ចែង​អំពី​បុគ្គល​មាន​អភ័យ​ឯកសិទ្ធិ មិន​អាច​ចាប់​ចង ឬ​ឃុំ​ខ្លួន​បាន​ក៏ដោយ។

សម្រាប់​ចរន្ត​នយោបាយ​ដែល​តុលាការ​កំពុង​អនុវត្ត​នៅ​ពេល​នេះ តាម​មើល​ទៅ លោក កឹម សុខា ក៏​មិន​អាច​គេច​ផុត​ពី​ការ​ចាប់​ខ្លួន​បាន​នោះ​ឡើយ ទោះ​បី​ជា​លោក​មាន​អភ័យ​ឯកសិទ្ធិ​ក៏ដោយ ដូច​ដែល​តំណាង​រាស្ត្រ លោក អ៊ុំ សំអាន ជា​ឧទាហរណ៍​ស្រាប់។ មួយ​វិញ​ទៀត បើ​សិន​ជា​តុលាការ​មាន​ជំហរ​ឯករាជ្យ មូលហេតុ​អ្វី​បាន​ជា​តុលាការ​មិន​ស្រាវជ្រាវ​ស្វែងរក​អ្នក​លួច​ថត​សំឡេង​សន្ទនា​ឯកជន និង​បញ្ចេញ​ខ្សែ​អាត់​សំឡេង ដែល​គេ​អះអាង​ថា​ជា​ខ្សែ​អាត់​សំឡេង​លោក កឹម សុខា យក​មក​ចាត់​ការ​តាម​ច្បាប់​ផង? ព្រោះ​ការ​លួច​ថត​សំឡេង​គេ​នេះ គឺ​ជា​ទង្វើ​ខុស​ក្រម​ព្រហ្មទណ្ឌ​មាត្រា​៣០១ ចែង​ថា ការ​លួច​ថត​សំឡេង ឬ​ស្ដាប់ ដែល​ជា​ការ​និយាយ​ជា​ឯកជន ជា​ការ​សម្ងាត់​គ្មាន​ការ​យល់ព្រម​ពី​បុគ្គល​ពាក់ព័ន្ធ​នោះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ខែ​ទៅ ១​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ១​សែន​ទៅ ២​លាន​រៀល។

មន្ត្រី​អាដហុក ៤​នាក់ នី ចរិយា ៦២០
ពី​ឆ្វេង៖ អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា មន្ត្រី​សមាគម​អាដហុក (ADHOC) លោក នី សុខា អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និង​លោក យី សុខសាន្ត។ RFA


ម្យ៉ាង​វិញ​ទៀត តើ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក កឹម សុខា នឹង​មាន​អ្វី​កើត​ឡើង? បញ្ហា​នេះ តាម​មើល​ទៅ សន្ទុះ​នៃ​អ្នក​តវ៉ា​នឹង​ងើប​ឡើង​ប្រឆាំង​នឹង​ការ​ចាប់​ខ្លួន​នេះ ពិសេស​គឺ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) និង​លោក នី ចរិយា ត្រូវ​បាន​សកម្មជន​រងគ្រោះ​ដីធ្លី និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ទាមទារ​ជា​បន្តបន្ទាប់​រហូត​ដល់​នាំ​គ្នា​ពាក់​អាវ​ពណ៌​ខ្មៅ ជា​សញ្ញា​នៃ​ការ​កាន់​ទុក្ខ និង​នាំ​គ្នា​ប្រមូល​ផ្ដុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ ដែល​ជា​ថ្ងៃ​ចាប់​ខ្លួន ហើយ​ដាក់​ឈ្មោះ​ថា ថ្ងៃ​ច័ន្ទ​ពណ៌​ខ្មៅ។ ក៏ប៉ុន្តែ​ការ​ប្រមូល​ផ្ដុំ​គ្នា​ពាក់​អាវ​ខ្មៅ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​បង្ក្រាប​ទៅ​វិញ ដោយ​មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​ថា ការ​ធ្វើ​បែប​នេះ​ជា​សញ្ញា​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ហៅ​ថា​ជា​ពួក​ឧទ្ទាម​ក្នុង​ក្រុម​ទៅ​វិញ។

ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក (Facebook) និង​អ្នក​វិភាគ​ខ្លះ ថា​ជា​ការ​លាប​ពណ៌​ទៅ​លើ​ក្រុម​សង្គម​ស៊ីវិល ព្រោះ​ថា​ការ​លាប​ពណ៌​ដូច្នេះ រដ្ឋាភិបាល​ភ័យ​ខ្លាច​អំពី​ការ​ប្រមូល​ផ្ដុំ ទោះ​បី​ជា​ក្រុម​អ្នក​តវ៉ា​អះអាង​ថា សកម្មភាព​ពួក​គេ​គ្រាន់​តែ​ធ្វើ​ដើម្បី​សម្ដែង​មតិ​ក្ដី។ វប្បធម៌​លាប​ពណ៌​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​នៅ​ក្នុង​សង្គម​កម្ពុជា ជាពិសេស​នៅ​ក្នុង​របប​ដៃ​ប្រឡាក់​ឈាម គឺ​របប​ខ្មែរ​ក្រហម ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ត្រូវ​គេ​លាប​ពណ៌​ថា ជា​ជន​ក្បត់​អង្គការ​បម្រើ​ផល​ប្រយោជន៍​ភ្នាក់ងារ​បរទេស​មាន សេ.អ៊ី.អា (CIA) កា.ហ្សេ.បេ (KGB) ឬ​គិញ​សម្ងាត់​វៀតណាម ជាដើម។

ជា​លទ្ធផល ជន​រងគ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​សម្លាប់​យ៉ាង​ខ្លោចផ្សា។ ក្រោយ​ការ​រលត់​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ គេ​រំពឹង​ថា វប្បធម៌​លាប​ពណ៌​នេះ​ប្រហែល​ជា​បាត់បង់​ពី​ទឹក​ដី​កម្ពុជា តែ​កម្អែល​នេះ មិន​អាច​ផុត​រលត់​ទៅ​វិញ។ វប្បធម៌​នេះ​នៅ​តែ​កើត​មាន និង​កំពុង​បង្ក​ឲ្យ​ភាគី​ខ្លះ​នៅ​ក្នុង​សង្គម​កម្ពុជា ឈឺ​ចាប់ និង​រងគ្រោះ​ដោយសារ​ការ​លាប​ពណ៌​នេះ ក្រោម​ហេតុផល​អនុវត្ត​ច្បាប់ និង​រៀបចំ​សណ្ដាប់ធ្នាប់។

ក៏ប៉ុន្តែ​នៅ​ក្នុង​បរិបទ​កម្ពុជា បច្ចុប្បន្ន កម្រិត​យល់​ដឹង​របស់​ប្រជាពលរដ្ឋ​មិន​អាច​ប្រៀបធៀប​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ បាន​ទេ ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន មិន​អាច​ឈរ​នៅ​ស្ងៀម​ឲ្យ​អាជ្ញាធរ​រដ្ឋ ឬ​អ្នក​មាន​អំណាច​ជាន់​ឈ្លី​បាន​ទៀត​ឡើយ ដូចជា អ្នក​រងគ្រោះ​ដីធ្លី​តែង​តែ​ងើប​តវ៉ា បាតុកម្ម តែង​តែ​កើត​មាន​ទាមទារ​យុត្តិធម៌​សង្គម។

លើស​ពី​នេះ​ទៀត យុវជន និង​ឪពុក​ម្ដាយ​របស់​គេ ក៏​ចាប់​ផ្ដើម​រួម​គ្នា​ងើប​តតាំង​ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់​នានា ដើម្បី​វាសនា​អនាគត​របស់​ខ្លួន និង​ប្រទេស​ជាតិ។ បច្ចេកវិទ្យា​បាន​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ភាគ​ច្រើន​មាន​លទ្ធភាព​ទទួល​បាន​នូវ​ព័ត៌មាន​ឯករាជ្យ គេច​ផុត​ពី​ការ​គាប​សង្កត់​សិទ្ធិ​ទទួល​ព័ត៌មាន និង​ដំណឹង​ចាំបាច់​ដទៃ​ទៀត​សម្រាប់​ឲ្យ​ពួក​គេ​វិនិច្ឆ័យ​ដោយ​ខ្លួន​ឯង​បាន ថា​តើ​គេ​គួរ​ឲ្យ​មេដាយ​ឈ្នះ​ទៅ​បេក្ខជន​ណា​មួយ ទោះ​បី​ជា​បេក្ខជន​នោះ​អាច​ត្រូវ​គេ​វាយ​ទ្រម​ខ្លួន​មុន​ការ​ចូល​ប្រកួត​ក៏ដោយ។

ចំពោះ​បុគ្គល​លោក កឹម សុខា វិញ បាន​ប្រកាស​ថា លោក​នឹង​មិន​ចេញ​ទៅ​ណា​ទេ។ លោក​នឹង​នៅ​ប្រឈម​នឹង​ការ​ចាប់​ខ្លួន។ លោក កឹម សុខា បាន​ថ្លែង​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជា​លើក​ដំបូង​អំពី​រឿង​ធ្វើ​ទុក្ខបុកម្នេញ​លើ​រូប​លោក។ លោក​បញ្ជាក់​ថា អ្វីៗ​លើ​លោក​គ្មាន​អ្វី​អមតៈ​ទេ មាន​តែ​ទឹក​ដី​ប្រទេស​ជាតិ​ទេ​ដែល​អមតៈ ហើយ​លោក​នៅ​តែ​ប្រកាន់​ជំហរ​រឹងមាំ ទោះ​បី​ជា​មាន​ឧបសគ្គ​អ្វី​ក៏ដោយ

ទាក់ទង​នឹង​បញ្ហា​នេះ បើ​សិន​ជា​តុលាការ​ចាប់​ខ្លួន​លោក កឹម សុខា មែន​នោះ ប្រៀប​ដូចជា​វាំងនន​នៃ​រឿង​ល្ខោន​ដែល​គេ​រូត​បិទ​មួយ​ភ្លែត ក៏​ត្រូវ​គេ​រូត​បើក​ឡើង​វិញ។ ចំណែក​ឯ​តួឯក​តួអង្គ ទាំង​តួ​ចិត្ត​ល្អ និង​តួ​ចិត្ត​អាក្រក់ ក៏​ចេញ​មក​សម្ដែង​រឿង​ល្ខោន​ដែល​លាយឡំ​ទៅ​ដោយ​ភាព​ទន់ភ្លន់ ផ្អែមល្ហែម​ដាក់​គ្នា​ផង ផិត​ក្បត់​គ្នា ញុះញង់ វាយ​ប្រហារ​ឈ្នានីស​គ្នា​ផង​នោះ​ជា​ថ្មី​ម្ដង​ទៀត។ ហើយ​នៅ​ពេល​នោះ អ្នក​មើល​រឿង​ល្ខោន​នេះ អាច​ថា​អាណិត​តួឯក​ដែល​ត្រូវ​គេ​ធ្វើ​បាប​នោះ នឹង​ត្រូវ​នាំ​គ្នា​ងើប​តវ៉ា​ប្រឆាំង​នឹង​តួ​ចិត្ត​អាក្រក់ ដើម្បី​ការពារ​តួ​ចិត្ត​ល្អ និង​ទាមទារ​រក​យុត្តិធម៌​សម្រាប់​តួ​ចិត្ត​ល្អ​វិញ​ក៏​ថា​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

8 Responses to "បទ​វិភាគ៖ បើ​តុលាការ​ចាប់​ខ្លួន​លោក កឹម សុខា តើ​ចំណេញ​អ្វី​ខ្លះ​ដល់​បក្ស​កាន់​អំណាច?"

  1. Anonymous says:

    khmer rouge is a bad party , khmer rouge is abad giant kill people for giant food.
    In this century is century 21 all cambodian people smart and strong , they will kill giant.

  2. Former Hia lola says:

    By the law of the democratic international countries in the world, if the court required you, you must present at the court. If you don’t come to the court, the police will arrest you no matter who you are, that is the law.
    If you are innocent, why you are afraid to go to the court?

  3. namrequire says:

    Khem sokha will be arrested. And CNRP supporters will take sleeping pills and go to sleep.

  4. VV says:

    The Game that Mr. CPP is playing is too childish, it is about personal Power and Personal wealth; while the CNRP’s and Civil Societies’ focusing on are about the life and dead of the Nation. So it is important for Mr. Kem Sokha, Mr. Sam Rainsy and All the people whom need a fair and social justice to stand firm and strong for the hope of the country as a whole, not a selective group or family. I think most people cannot stand any more to the idea of Family Dynasty with dictatorship rule.

    Of course Mr. Ken Sokha has to responsible for what he is doing concerning his personal affair If there is a fact finding which is under a proper/ reliable court system, not the current puppet court system.

  5. people says:

    This is king dom of veitcong slave’. veitcong dictator used the law of their own hand’ .this veitcong dictator mafia can do anything he wanted and he say is the law’ What kind of this law?? mafia dictator law?? not obey the country law’not obey the constitution so what veitcong dictator wanted is the law’ this is law of veitcong dictator ‘.One more he is former K-R killer’ that why he can do anything .He will be punished by GOD one day’ .GOD bless all cambodian people’

  6. អ្នកតស៊ូ says:

    យើងជាពលរដ្ឋខ្មែត្រូវតែដឹងឲ្យច្បាស់ថា យុទ្ធសាស្ត្រ ហ៊ុន សែន គឺត្រូវដើរឲ្យដល់គោលដៅដូចតទៅ៖
    ១) ត្រូវចាប់ កឹម សុខា ដាក់គុក ដើម្បីឲ្យបក្សសង្គ្រោះជាតិបែកបាក់គ្នាដូច ហ្វុន ស៊ិនប៉ិចឆ្នាំ១៩៩៧។
    ២) ត្រូវបង្កើតឲ្យមានចលាចលនយោបាយ ដោយម្នាល ហ៊ុន សែន នេះគ្មានគិតពីតម្លៃជាតិ កេរ្តរ៍ឈ្មោះជាតិនោះទេ។
    ៣) សំខាន់បំផុតនោះគឺ
    ក) បើមានការរៀបចំបោះឆ្នោត លុះត្រាណាតែ ហ៊ុន សែន វារៀបចំឲ្យ គ.ជ.ប អាចធ្វើអ្វីបានក្នុងការលួចសន្លឹកឆ្នោតបាន។
    ខ) ហើយការបោះឆ្នោតនោះ ប្រព្រឹត្តទៅបាន លុះត្រាណា បក្សសង្គ្រោះជាតិ ចុះខ្សោយ បាក់បែកគ្នា ឬ ហ៊ុន សែន វាទិញបានពពួកមនុស្សលក់ជាតិខ្លះៗ(ដូចបក្សជាតិខ្មែរ)ឆ្នាំ១៩៩៧។
    ៤) តែបើតាមជើងលេខ ហ៊ុន សែន អាចមិនបានជោគជ័យលើការបំបែកបក្សសង្គ្រោះជាតិបាននោះទេ ដូច្នោះ ហ៊ុន សែន ត្រូវតែធ្វើយ៉ាងណាឲ្យមានចលាចលសង្គម និងនយោបាយ រួចហើយ ប្រាប់ទៅបរទេសថា ស្រុកខ្មែរបោះឆ្នោតមិនទាន់បានទេ ហើយរដ្ឋាភិបាលហ៊ុន សែន ត្រូវការរៀបចំសណ្ដាប់ធ្នាប់សង្គមសិនទើបបោះឆ្នោតបាន???។
    ក្នុងករណីនេះ ហុន សែន នឹងយករដ្ឋធម្មនុញ្ញមាត្រា១២៥ថ្មី(មាត្រា១០៦ចាស់)មកប្រើដើម្បីប្រកាសតែងតាំងរដ្ឋាភិបាលបណ្ដោះអាសន្នមួយមកដឹកនាំ ហើយខ្លួនឯងនឹងបន្តវាយសម្លាប់បក្សប្រឆាំងលុះត្រាតែបុគ្គល ហ៊ុន សែន នេះមើលឈើញក្រឡាណាដែលខ្លួនអាចលួចបន្លំសន្លឹកឆ្នោតបានទទួលជ័យជំនះបែបថាកទាបបានសម្រេច។
    ដូច្នោះមានតែយើងទាំងអស់គ្នាជាពលរដ្ឋខ្មែរ ជាម្ចាស់វាសនាប្រទេសជាតិយើងទេដែលត្រូវដឹងថា ជាតិយើងបច្ចុប្បន្ន បើបណ្ដោយឲ្យបនដឹកនាំសព្វថ្ងៃបន្តដឹកនាំជាបន្តទៅទៀតនោះ ជាតិសាសន៍យើងពិតជានឹងទទួលរងកម្មដូច កម្ពុជាក្រោម និងឬក៍អាចជាបែបផែននៃប្រទេសឡាវដែលកំពុងតែឋិតនៅក្រោមយួនសព្វថ្ងៃនេះផងដែរ៕៕៕៕៕
    សូមពិចារណាមើលទាំងអស់គ្នា ជាពិសេសយុវជនខ្មែរដែលត្រូវតែគិតពីជោគវាសនាជាតិយើងនោះ៕៕៕

  7. Anonymous says:

    មិចហើយតុលាការអាចន៍ឆ្កែមានបានលឺនិងស្តាប់ការបិរយាយខាងលើទេ​? គេធ្វើការដោយប្រើខួរក្បាល់គេមិនធ្វើការ

    ដោយប្រើភ្នែកខ្វះទេឬក៏លក់ខួរក្បាលទេ។ បើធ្វើការលក់ឧត្តមគិតិខ្លួនឯងឬធ្វើជាអាយ៉ងគេហើយនោះទៅថ្ងៃក្រោយ

    អ្នកនិងបាត់បង់ជំនឿរពីប្រជាជនជារៀងរហូត។

  8. Chaktrong says:

    ចំណេញច្រើន ដូចជា គ្មានគូប្រជែងឃោសនា បំបាក់ស្មារតី បង្ខូចឈ្មោះ បង្កើតឱកាសអួតតែម្នាក់ឯង បំបែកសំបុក បង្អាក់សកម្មភាពមេ មានឱកាសរៀបចំយុទ្ធសាស្ត្រយកឈ្នះ ។ល។