ដោយ ឡេង ម៉ាលី
2016-05-16
RFA

សហគមន៍ជនជាតិដើមចារ៉ាយ ភូមិឡំ ឃុំប៉ក់ញ៉ៃស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាំគ្នាទៅមើលស្រះ និងរណ្ដៅដាំកាហ្វេដែលពលរដ្ឋវៀតណាម ជីកនៅតំបន់ព្រំដែនហាមឃាត់ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៥។ រូបថតសហគមន៍
![]()
ក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច បានបញ្ចប់បេសកកម្មពិនិត្យ និងវាស់វែងបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម ក្នុងខេត្តរតនគិរី នៅថ្ងៃទី១៥ ឧសភា។ លោកថ្លែងថា ការបោះបង្គោលព្រំដែននៅក្នុងខេត្តនេះមិនមានបញ្ហាទេ លើកលែងតែការជីកស្រះទឹករបស់វៀតណាម។
ប្រធានក្រុមអ្នកស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ឧសភា ថា ការជីកស្រះទឹករបស់វៀតណាម នៅក្នុងខេត្តរតនគិរី ពិតជាបានចូលដីកម្ពុជា មែន៖ «គឺនៅចន្លោះបង្គោល៣០ និងបង្គោល៤០ ដែលវៀតណាម ជីកស្រះហ្នឹង គឺវៀតណាម មិនគោរពកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ថាមុននឹងធ្វើអីត្រូវតែពិគ្រោះផ្ដល់ដំណឹងទៅដល់ប្រទេសនៅជិតខាង គឺប្រទេសកម្ពុជា និងវៀតណាម។ អ៊ីចឹងវៀតណាម ជីកស្រះហ្នឹងអត់បានផ្ដល់ដំណឹងមកកម្ពុជា ទេ។ ហើយតំបន់នោះខ្ញុំមិនបន្តទៀតទេ ព្រោះមានបញ្ហាដែលត្រូវដោះស្រាយទៀត។ ចំនួនស្រះឥឡូវនៅសល់៨។ អាមួយទៀតលុបបាត់ហើយ។ តំបន់ហ្នឹងជាតំបន់ទឹក។ អ្នកណាក្ដោបទីនោះបានមុន អ្នកហ្នឹងឈ្នះ»។
ការអះអាងរបស់លោក សុខ ទូច គឺក្រោយពេលបញ្ចប់បេសកកម្មរបស់លោករយៈពេល ១០ថ្ងៃចុងក្រោយ ដែលទៅពិនិត្យ និងវាស់វែងព្រំដែនរវាងកម្ពុជា និងវៀតណាម ចន្លោះបង្គោលព្រំដែនពីលេខ៤០ ដល់បង្គោលលេខ០ នៅតំបន់កន្ទុយនាគក្នុងខេត្តរតនគិរី។
លោកបញ្ជាក់ថា ទីតាំងបោះបង្គោលព្រំដែនក្នុងតំបន់នោះ មិនមានបញ្ហាអ្វីខុសប្រក្រតីទេ ពីព្រោះភាគីកម្ពុជា–វៀតណាម បានកំណត់តាមគោលការណ៍អន្តរជាតិ ដោយចំណុចខណ្ឌចែកទឹកភ្លៀងហូរពីកំពូលភ្នំដែលខ្ពស់ៗជាងគេ។ លោកថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម សម្រេចបោះបង្គោលទាំងនោះនៅឆ្នាំ២០០៧៖ «អត់មានបង្គោលបារាំង ណាបោះកន្លែងហ្នឹងអត់មានទេ ចំណុចទី១។ ចំណុចទី២ បើយើងយកតាមផែនទី វាប្រាសចាកពីផែនទី ដោយយើងគោរពលើច្បាប់អន្តរជាតិ។ ច្បាប់អន្តរជាតិ យើងត្រូវយកកំពូលភ្នំណាដែលខ្ពស់ជាងគេ ហើយកំពូលនៃចំណុចបែងចែកខ្សែទឹកហូរ នៅពេលដែលមានទឹកភ្លៀង ដែលជាចំណុចកំពូលតែម្ដង។ អ៊ីចឹងហ្នឹង គឺយើងគោរពទៅនឹងច្បាប់អន្តរជាតិ។ ហើយចំណុចទី៣ យើងឃើញថា គ្រប់ភាគីទាំងអស់ ទាំងកម្ពុជា ទាំងវៀតណាម ដល់ចំណុច០ មានភាគីឡាវ គឺត្រូវគោរពគោលការណ៍ទាំងអស់ហ្នឹង ហើយយើងត្រូវគោលការណ៍មួយទៀត គឺគោលការណ៍មុននឹងធ្វើអីមួយ ត្រូវតែមានការឯកភាពពីប្រទេសទាំង៣ ហើយបើសិនជារវាងវៀតណាម និងកម្ពុជា វាត្រូវមានការឯកភាពពីកម្ពុជា និងវៀតណាម»។
លោកបញ្ជាក់ថា ការជីកស្រះរបស់វៀតណាម ចំនួន៩ នៅចន្លោះបង្គោលលេខ៣០ ទៅ ៤០ គឺជាការរំលោភទៅលើគោលការណ៍ទី៣ នោះ។
លោក សុខ ទូច ហៅការបោះបង្គោលព្រំដែននៅតំបន់កន្ទុយនាគក្នុងខេត្តរតនគិរី រវាងកម្ពុជា និងវៀតណាម ថាមានលក្ខណៈពិសេស ព្រោះយកកំពូលភ្នំដែលខ្ពស់ជាងគេបំផុតជាចំណុចខ្សែបែងចែកទឹក ហើយបើនៅខាងក្រោម គឺបោះនៅបាតជ្រោះ។ លោកឲ្យដឹងថា បង្គោលដែលនៅតំបន់ខ្ពស់ជាងគេមាន ១០បង្គោល និងបង្គោលរៀងមាន ២០បង្គោល។ បង្គោលដែលនៅលើភ្នំខ្ពស់ជាងគេ គឺបង្គោលលេខ១២ មានកម្ពស់ ១.៧០០ម៉ែត្រ បង្គោលលេខ៦ មានកម្ពស់ ១.០៧០ម៉ែត្រ និងបង្គោលលេខ០ នេះ នៅលើកំពូលភ្នំកម្ពស់ ១.១៦០ម៉ែត្រ។ រីឯបង្គោលលេខ១០ គឺមានបង្គោលភ្លោះត្រូវបានបោះនៅបាតជ្រោះ។
បង្គោលលេខ០ នៅតំបន់ព្រំដែនកន្ទុយនាគជាតំបន់ខណ្ឌចែកប្រទេសកម្ពុជា គឺខេត្តរតនគិរី នៅក្នុងប្រទេសវៀតណាម គឺខេត្តកនតុំ (Kon Tum) ហើយប្រទេសឡាវ គឺខេត្តអាត់តៈពឺ (Attapeu)។
លោក សុខ ទូច មិនអាចបញ្ជាក់ដល់វិទ្យុអាស៊ីសេរី បាននៅឡើយទេថា លោកនឹងធ្វើអ្វីជាបន្តទៀតចំពោះព័ត៌មានដែលបានមកពីការត្រួតពិនិត្យ និងវាស់វែងនេះ ដោយលោកថ្លែងថា នោះជានីតិវិធីរបស់អ្នកបច្ចេកទេស និងអ្នកនយោបាយ។
ទោះបីជាយ៉ាងណាក្ដី លោកបន្តថា បញ្ហាឥឡូវនេះ គឺកំពុងតែដោះស្រាយទៅលើបញ្ហាស្រះទឹកដែលវៀតណាម បានជីកនៅលើទឹកដីរបស់កម្ពុជា ជម្រៅ ៩០ម៉ែត្រពីព្រំដែន នៅចន្លោះបង្គោលលេខ៣០ ទៅ ៤០ ដែលជាតំបន់ពុំទាន់បានបោះបង្គោលរវាងប្រទេសទាំងពីរ។ ចន្លោះពីបង្គោលលេខ៣០ ទៅបង្គោល៤០ នោះ មានចម្ងាយជិត ១០គីឡូម៉ែត្រ (៩,៧០គីឡូម៉ែត្រ)។ បញ្ហាស្រះទឹកនេះ កន្លងមកធ្លាប់ត្រូវបានគណបក្សប្រឆាំងលើកឡើងជាបញ្ហានៅក្នុងសារនយោបាយរបស់ខ្លួន នៅពេលនិយាយអំពីការកំណត់ព្រំដែនកម្ពុជា និងវៀតណាម។ ក្រសួងការបរទេសកម្ពុជា ធ្លាប់ផ្ញើកំណត់ទូតទៅរដ្ឋាភិបាលវៀតណាម ឲ្យលុបស្រះនោះវិញដែរ ប៉ុន្តែវៀតណាម នៅតែអូសបន្លាយការលុបស្រះរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- អ្នកវិភាគ៖ ស្ថានការណ៍នយោបាយសព្វថ្ងៃនេះបក្សកាន់អំណាចចង់កែមាត្រា២រដ្ឋធម្មនុញ្ញ
- ពលរដ្ឋខេត្តស្ទឹងត្រែងអំពាវនាវឲ្យអាជ្ញាធរអន្តរាគមន៍ករណីទាហានឡាវចូលបរបាញ់គោក្របី
- អាជ្ញាធរខេត្តស្ទឹងត្រែងគ្រោងផ្ញើកំណត់ទូតឲ្យអាជ្ញាធរឡាវរឿងសង់សំណង់តាមព្រំដែន
- អ្នកវិភាគចង់ឃើញរដ្ឋាភិបាលមានវិធានការលើករណីពលរដ្ឋជួលដីតាមព្រំដែនឲ្យបរទេស
- មេបញ្ជាការយោធាការពារព្រំដែនខេត្តព្រះវិហារបដិសេធព័ត៌មានថាភ្លើងឆេះឃ្លាំងស្ដុកអាវុធ
- គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃនឹងបើកកិច្ចប្រជុំរយៈពេល៤ថ្ងៃនៅទីក្រុងបាងកក
- ពលរដ្ឋនៅតាមបណ្ដោយព្រំដែនបន្តជួលដីកសិកម្មឲ្យវៀតណាម
- តំណាងរាស្ត្របក្សប្រឆាំងស្នើលោក ហ៊ុន សែន បំភ្លឺរឿងវៀតណាមគ្រប់គ្រងដីសម្បទាន
- អាជីវករខ្មែរនៅផ្សាររ៉ុងក្លឿព្រមានបិទច្រកទ្វារព្រំដែនប៉ោយប៉ែត
- ពលរដ្ឋខេត្តស្វាយរៀងចោទវៀតណាមថាបន្តសង់ផ្លូវទន្ទ្រានចូលដីខ្មែរជាង៥០០ហិកតារ
បញ្ចេញអាអន្ទិតសុកទោចមកបង្វែសភាពការ!!!!!
Mr Touch said whoever controls the watershed place wins, therefore VN won since it took the place.
Case closed.
ការស្តាប់សំណើ និង សារទុក្ខរបស់រាស្ត្រ ហើយសិក្សានូវរឿងនោះ ព្រមដោយការដោះស្រាយ ជាមូលដ្ឋានប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ។
ព្យាយាមច្រានចោល ឬបដិសេធ និង បង្ក្រាបដោយវិធីផ្សេងៗ ជាការកំឡៅ។
ការទទួលស្គាល់ខុស នឹងនាំមកភាពត្រូវឬវិជ្ជមាន។
ភាពចចេសបង្ហាញពី អវិជ្ជា និង អសមត្ថភាព។
រាល់បុគ្គលជាពុទ្ធសាសនិកគួរ ធ្វើ ទាន(អោយ) សិល (ប្រកាន់ឆន្ទៈមិនរំលោភ)និងភាវនា(សង្រួម កាយ វាចា ចិត្ត)។
រាល់អំពើព្រៃផ្សៃ ជាអំពើ អមនុស្ស។
សំនៀង