រដ្ឋាភិបាល​កំពុង​សិក្សា​ការគ្រប់គ្រងមន្ទីរពេទ្យ​បុប្ផា​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០១៦​
http://vodhotnews.com

សុខភាព

លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា (រូបថតពីហ្វេសប៊ុក​របស់​លោក​)


រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារមួយទទួលបន្ទុកលើការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា ដោយក្រុមការងារនោះនឹងសិក្សាពីការគ្រប់គ្រងនិងហិរញ្ញវត្ថុ ដើម្បីត្រៀមខ្លួនគ្រប់គ្រងមន្ទីរពេទ្យនៅពេលខាងមុខ។

ក្នុងសេចក្តីសម្រេចមួយចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុហើយវីអូឌីទើបតែទទួលបាននៅថ្ងៃអង្គារនេះ ក្រុមការងារដែលបង្កើតនោះមានតួនាទីនិងភារកិច្ចធ្វើការងារជាមួយ ស្ថាបនិកនិងប្រធានមន្ទីរពេទ្យ លោក Beat Richnerនិងមន្រ្តីពាក់ព័ន្ធនឹងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទទួលព័ត៌មាននិងគ្រប់គ្រងព័ត៌មាននិងសិក្សាលើទិដ្ឋភាពហិរញ្ញវត្ថុ ប្រតិបត្តិការ សេវាសុខាភិបាលនិងនីតិវិធីនៃ ការគ្រប់គ្រងរបស់មន្ទីរពេទ្យ។ ក្រុមការងារក៏នឹងសិក្សាបញ្ហាហិរញ្ញប្បទាននៃមូលនិធិគន្ធបុប្ផា ដើម្បីធានាចីរភាពនៃដំណើរការជាប្រចាំរបស់មន្ទីរពេទ្យទៅថ្ងៃអនាគតដោយផ្អែកលើគោលការណ៍សមស្របនិងប្រសិទ្ធភាព។

បើតាមសេចក្តីសម្រេច ក្រុមការងារក៏នឹងរៀបចំយន្តការនៃការគ្រប់គ្រងនិងកិច្ចដំណើរការរបស់មន្ទីរពេទ្យនៅពេលរដ្ឋាភិបាលទទួលយកមន្ទីរពេទ្យនេះមកគ្រប់គ្រងវិញ ដើម្បីឲ្យមន្ទីរពេទ្យនេះក្លាយជាមន្ទីរពេទ្យរដ្ឋដែលមានស្តង់ដារគំរូនាពេលអនាគត។ ក្រុមការងារនេះមានលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាននិងលោក តែ គុយស៊ាង រដ្ឋលេខាធិការក្រសួងសុខាភិបាលជាអនុប្រធាន។

វីអូឌីមិនអាចសុំការបញ្ជាក់ពីលោកស្រី ងួន សុខា និងលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលបាននៅឡើយទេ។

ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលបានចូលរួមចំណែកផ្តល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផា។ នៅក្នុងឆ្នាំ២០១៦នេះ រដ្ឋាភិបាលគ្រោងផ្តល់ប្រាក់ឧបត្ថម្ភជិត១០លានដុល្លារអាមេរិកទៅមន្ទីរពេទ្យគន្ធបុប្ផា ដែលចំនួននេះមានការកើនឡើង១លានដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៥។

គួរបញ្ជាក់ថាលោក លោក Beat Richner បានដឹកនាំមន្ទីរពេទ្យគន្ធបុប្ផាតាំងពីឆ្នាំ១៩៩២។ លោកធ្លាប់បានអំពាវនាវដល់សហគមន៍អន្តរជាតិ រដ្ឋាភិបាលស្វីសនិងរដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់ចំពោះមន្ទីរពេទ្យគន្ធបុប្ផា ដោយអះអាងថាកុមារកម្ពុជាជាងមួយម៉ឺននាក់នឹងបាត់បង់ជីវិតឬក៏មិនអាចរួចផុតពីពិការភាពឡើយ ប្រសិនបើអត់មានការព្យាបាលដោយមន្ទីរពេទ្យមួយនេះ។ លោកបន្តថាកាលពីឆ្នាំ២០១៥ មន្ទីរពេទ្យចំណាយអស់៤៣លានដុល្លារអាមេរិក៕

សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ sun_narin@vodhotnews.com

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​កំពុង​សិក្សា​ការគ្រប់គ្រងមន្ទីរពេទ្យ​បុប្ផា​"

  1. Chourn says:

    បើរដ្ឋាភិបាលយកមន្ទីរពេទ្យគន្ធបុប្ជារមកគ្រប់គ្រងដើម្បីតែប្រជាប្រិយបក្សប្រជាជននោះទេកុំយកមក គ្រប់គ្រងអីព្រោះនាំឲ្យខូចឈ្មោះមន្ទីរពេទ្យគេ ហើយប្រជាជនគេនិងមិនប្រើសេវានោះទេព្រោះគេដឹង ថាពេទ្យរដ្ឋគ្មានគុណភាព។