លោក​ ហ៊ុន សាន មិន​អើពើ​នឹង​បទ​បញ្ជា​ឱ្យ​បិទសង្វៀន​ជល់មាន់​

ដោយ | May 17, 2016

ខេមបូឌា ដេលី

ស្រុក​ល្វាឯម,​ ខេត្ត​កណ្ដាល- បើទោះ​ជា​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​សង្វៀន​ជល់​មាន់​ខុស​ច្បាប់​​​កាលពី​ដើម​ខែ​នេះ​ក៏ដោយ ក៏​លោក ហ៊ុន សាន បង​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​​ទំនង​នៅ​តែ​បើក​សង្វៀន​ជល់​​មាន់​នៅខាង​​ក្រៅ​​​បរិវេណ​ផ្ទះ​របស់​លោក​​នៅ​ទីនេះ​ដដែល​។

កាលពី​ម្សិលមិញ មនុស្ស​ជាច្រើន​នាក់​​បាន​​​​​ចូល​តាម​ទ្វារ​របង​ដែល​មានអ្នក​យាម​ទៅ​កាន់​​​ផ្ទះ​របស់​លោក ហ៊ុន សាន​ ដែល​ស្ថិត​ក្នុង​ឃុំ​អរិយក្សត្រ ​ដោយ​និយាយ​ថា ពួកគេ​ទៅ​ទី​នោះ​​​​​ដើម្បី​​​ភ្នាល់​​ការ​ជល់​មាន់​ខុស​ច្បាប់​ ហើយ​មួយ​ចំនួន​ទៀត​មាន​កាន់​មាន់​​ដែល​បម្រះ​ចុះឡើង​នៅ​ក្នុង​ទ្រុង​​ និង​ក្នុង​កន្ត្រកយួរ​​។

អ្នក​យក​ព័ត៌មានអាច​ចូល​ទៅ​ក្នុង​បរិវេណ​​ ផ្ទះ​របស់​លោក ហ៊ុន សាន បាន​​ជាមួយ​អ្នក​​​ភ្នាល់​​ជាច្រើន​ទៀត​ ដែល​បានដើរ​ចូល​ប៉ប៉្រុយ​​​​តាម​ទ្វារ​របង​ពណ៌​ខៀវ​នៅ​ម៉ោង​ប្រហែល​៩និង​៣០​នាទីព្រឹក ប៉ុន្តែ​សន្តិសុខ​បាន​ហាម​ពួកគេ​មិន​ឲ្យ​ចូល​ទៅ​ជិត​សង្វៀន​ជល់​មាន់​ទេ ទីដែល​​​មនុស្ស​មួយ​ក្រុម​ធំ​បាន​​ប្រមូល​ផ្ដុំគ្នា​ ដោយ​និយាយ​ថា ពួកគេ​មិន​ចង់​ឲ្យ​មាន​ការ​បង្ក​ “បញ្ហា”​ដល់​លោក ហ៊ុន សាន។

នៅ​ពេល​ទាក់​ទង​ក្រោយ​មក​តាម​​ទូរស័ព្ទ អ្នក​ភ្នាល់​​ម្នាក់​​​នៅ​ផ្ទះ​នេះ​បាន​និយាយ​ថា គាត់​តែង​តែ​ទៅកាន់​​សង្វៀន​ជល់​មាន់​នេះ​ជា​ប្រចាំ​​​ដើម្បី​ភ្នាល់​ជាមួយ​អ្នក​ភូមិ​ជា​ច្រើន​នាក់​ទៀត​។

បុរស​រូប​េនះ​ដែល​និយាយ​​ក្នុង​លក្ខខណ្ឌ​អនាមិក​​ ព្រោះ​គាត់​ខ្លាច​​ត្រូវ​គេ​ហាម​មិន​ឲ្យ​ចូល​​​​សង្វៀន​​​នោះទៀត​នៅ​ពេល​អនាគត​​បាន​​​និយាយ​ថា ”​សង្វៀន​ជល់​មាន់​នេះ​​ជល់​​ប្រាំ​ថ្ងៃ​​ក្នុង​មួយ​​សប្ដាហ៍ លើក​លែង​តែថ្ងៃ​អង្គារ និង​ថ្ងៃ​សុក្រ ហើយ​មួយ​លើក​ៗ​​មាន​ការ​ភ្នាល់​ចាប់​ពី​៥០០​ដុល្លារ​ដល់​៥.០០០​ដុល្លារ”។

គាត់​បាន​បន្ថែម​ថា នគរ​បាល​តែង​តែ​ឈរ​ជើង​​នៅ​សង្វៀន​ជល់​មាន់​នោះ​ដើម្បី​ឃ្លាំមើល ​​​ហើយ​ថា គាត់​បាន​ឃើញលោក​​​ស្នងការ​រង​ម្នាក់​​នៅ​ទីនោះ​កាលពី​ថ្ងៃ​អាទិត្យ ដើម្បី​ការ​ពារ​ប្រតិបត្តិការ​នោះ​។

លោក ម៉ៅ ភិរុណ ​អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​៨ខែ​ឧសភា​ថា លោក​បាន​បញ្ជា​​ឲ្យ​លោក ហ៊ុន សាន បិទ​សង្វៀន​ជល់​មាន់​នោះ​ជា​បន្ទាន់​។ នៅ​ពេល​ទាក់​ទង​​កាលពី​ម្សិលមិញ លោក​បាន​អះអាង​ថា អាជ្ញា​​ធរ​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​​ដើម្បី​បិទ​សង្វៀន​ជល់​មាន់នេះ ហើយ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​​ថា​ មាន​ការ​ឃុបឃិត​ពី​នគរ​បាល​។

​លោក ម៉ៅ ភិរុណ បាន​មាន​ប្រសាសន៍​ថា “​កាលពី​ថ្ងៃសុក្រ ខ្ញុំ​បាន​បញ្ជា​ឲ្យ​លោក អ៊ាវ ចំរើន ស្នងការ​នគរ​បាល​ខេត្ត​​ចាត់​វិធានការ​​លើ​​ល្បែង​ភ្នាល់​ខុស​ច្បាប់​នេះ ហើយ​ឥឡូវ​នេះ​លោក​កំពុង​សហការ​​ជាមួយ​​ព្រះរាជ​អាជ្ញា​​ដើម្បី​បិទ​កន្លែង​នេះ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “​ទេ​ ស្នងការ​​រង​របស់​ខ្ញុំ​មិន​បាន​ការ​ពារ​ល្បែង​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​ឡើយ”។

បង​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី​រូប​នេះ​បដិសេធ​ថា លោក​មិន​បាន​បើក​​សង្វៀន​​​​​ជល់​មាន់​ខុស​ច្បាប់​ទេ ហើយ​បាន​ព្រមាន​អ្នក​កាសែត​កុំ​ឲ្យ​​សរសេរ​រឿង​អំពី​លោក​។

លោក ហ៊ុន សាន បាន​មាន​ប្រសាសន៍​ថា “​សង្វៀន​ជល់​មាន់​នេះ​​មិន​មែន​ជា​របស់​ខ្ញុំ​ទេ ហើយ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​មិន​លេង​ល្បែង​​ជល់​មាន់​ជា​របរ​ឡើយ​។ អ្នក​កាសែត​មិន​គួរ​​សរសេរ​រឿង​មិនល្អ​ឡើយ ហើយ​ពួកគេ​ត្រូវ​ដឹង​​ថា ខ្ញុំ​ជា​នរណា​មុន​ពេល​ចុះ​ផ្សាយ​”។

លោក​ ហ៊ុន សាន បាន​មាន​ប្រសាសន៍​​​បន្ថែម​ថា ”​ខ្ញុំ​មិន​ព្រមាន​អស់​លោក​ទេ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​អស់​លោក​​​ថា ដើម្បី​​រស់​នៅ​អស់​​មួយ​ជីវិត​​ អស់​លោក​ត្រូវ​ធ្វើ​រឿង​​​​​​ល្អៗ​​ ហើយ​កុំ​ធ្វើ​ឲ្យ​គេ​ស្អប់​អស់​លោក​ឲ្យ​សោះ”៕ សារុន (រាយការណ៍​បន្ថែម​ដោយ George Wright)​

What Next?

Recent Articles

One Response to "លោក​ ហ៊ុន សាន មិន​អើពើ​នឹង​បទ​បញ្ជា​ឱ្យ​បិទសង្វៀន​ជល់មាន់​"

  1. Anonymous says:

    Hun San ,if you do the bad thing , do not threat journalist to take the news.
    They know who you are and do the bad thing . Do not take the family power to threat all journalist.
    God bless all Cambodian.