ដោយ សូត សុខប្រាថ្នា
2016-06-07
RFA

សកម្មជននិងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ខេត្តកំពង់ធំ ជួបជុំគ្នាកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នាទីស្នាក់ការកណ្ដាលខេត្តកំពង់ធំ។ RFA/Saut Sokprathna
![]()
មន្ត្រីគណបក្សប្រឆាំងនៅខេត្តកំពង់ធំ បញ្ជាក់ថា សកម្មភាពដើរប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដោយស្ម័គ្រចិត្ត គឺមិនមានអ្វីខុសច្បាប់ឡើយ។ ពួកគេលើកឡើងថា នឹងបន្តប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋថែមទៀត ទោះបីជាអាជ្ញាធរគំរាមចាត់វិធានការក៏ដោយ។ ចំណែកស្នងការនគរបាលខេត្តកំពង់ធំ អះអាងថា សកម្មភាពទាំងនោះជារឿងខុសច្បាប់ ហើយអាជ្ញាធរនឹងចាត់វិធានការ។
បើទោះបីជាអាជ្ញាធរខេត្តកំពង់ធំ បានបដិសេធចំពោះសេចក្តីជូនដំណឹងអំពីសកម្មភាពដើរប្រមូលស្នាមមេដៃក៏ដោយ ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរថា នឹងបន្តប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋដដែល។ បន្ថែមពីនេះ ពួកគេចង់ឲ្យមន្ត្រីអាជ្ញាធរគោរពរដ្ឋធម្មនុញ្ញ ខណៈស្នងការនគរបាលខេត្តលើកឡើងថា ការប្រមូលស្នាមមេដៃ គឺផ្ទុយទៅនឹងច្បាប់។
ប្រធានប្រតិបត្តិខេត្តកំពង់ធំ គណបក្សសង្គ្រោះជាតិ លោក ស៊ុន ចន្ធី មានប្រសាសន៍ថា ខាងលោកនៅតែបន្តប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋស្ម័គ្រចិត្ត ដើម្បីដាក់ថ្វាយទៅព្រះមហាក្សត្រដដែល។ លោកបញ្ជាក់ថា អាជ្ញាធរទៅវិញទេដែលបានរំលោភទៅនឹងគោលការណ៍ច្បាប់ ពីព្រោះច្បាប់មិនបានចែង ហាមឃាត់ ឬដាក់ទោសទណ្ឌដល់ប្រជាពលរដ្ឋក្នុងការធ្វើញត្តិថ្វាយព្រះមហាក្សត្រនោះទេ៖ «អ្វីដែលអាជ្ញាធរចេញបម្រាមនេះ គឺជាការចេញបម្រាមបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ បំពានរដ្ឋធម្មនុញ្ញ បំពានគោលការណ៍ប្រជាធិបតេយ្យ រំលោភទៅសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ»។
រដ្ឋធម្មនុញ្ញមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីសំណាក់អង្គការរដ្ឋ។
កាលពីថ្ងៃទី២ មិថុនា ប្រធានប្រតិបត្តិខេត្តកំពង់ធំ គណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតមួយទៅអភិបាលខេត្ត ដើម្បីជូនដំណឹងចំពោះសកម្មភាពប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ សម្រាប់ដាក់ញត្តិថ្វាយព្រះមហាក្សត្រ។ សេចក្តីជូនដំណឹងនោះបញ្ជាក់ថា តំណាងគណបក្សសង្គ្រោះជាតិ នៅទូទាំងខេត្ត នឹងចុះប្រមូលស្នាមមេដៃពីពលរដ្ឋចាប់ពីថ្ងៃទី៤ មិថុនា។
ក្រោយមកនៅថ្ងៃទី៣ មិថុនា អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានឆ្លើយតបលិខិតជូនដំណឹងរបស់មន្ត្រីបក្សប្រឆាំងវិញ ដោយបញ្ជាក់ថា ខាងអាជ្ញាធរមិនអនុញ្ញាតឲ្យចុះប្រមូលស្នាមមេដៃពីពលរដ្ឋឡើយ។ ក្នុងលិខិតរបស់អាជ្ញាធរខេត្ត អះអាងថា ការចុះប្រមូលស្នាមមេដៃ គឺធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងធ្វើឲ្យរំខានដល់ប្រជាពលរដ្ឋដែលទទួលបានសិទ្ធិសេរីភាពពេញលេញរួចទៅហើយ។ ជាងនេះទៀត នៅថ្ងៃដដែលនោះ អាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹងដល់អាជ្ញាធរស្រុក–ក្រុងទាំងអស់ ដើម្បីផ្សព្វផ្សាយបន្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ កុំឲ្យយល់ច្រឡំ ជាហេតុធ្វើឲ្យពួកគាត់ចូលរួមផ្តល់ស្នាមមេដៃ ហើយត្រូវទប់ស្កាត់សកម្មភាពប្រមូលស្នាមមេដៃនោះទៀតផង។
ស្នងការនគរបាលខេត្តកំពង់ធំ លោក ជូ សំអាន មានប្រសាសន៍នៅថ្ងៃទី៧ មិថុនា ថា ខាងសមត្ថកិច្ចនឹងចាត់វិធានការតាមច្បាប់ដល់ជនទាំងឡាយណាដែលបានដើរប្រមូលស្នាមមេដៃពីពលរដ្ឋ។ វិធានការទាំងនោះរួមមាន ហៅមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ ហើយបើសិនពួកគេនៅតែបំពាន សមត្ថកិច្ចនឹងបញ្ជូនទៅតុលាការតែម្តង៖ «ស្របតាមរដ្ឋធម្មនុញ្ញមែន ប៉ុន្តែនៅក្នុងច្បាប់ព្រហ្មទណ្ឌគេនិយាយថា អ្នកដែលធ្វើស្នើសុំលើកលែងទោសពិរុទ្ធជនណាមួយ ឬអ្នកចោទប្រកាន់ណាមួយពាក់ព័ន្ធនឹងការសុំដោះលែងសុំអីហ្នឹង គឺប្រឆាំងនឹងការសម្រេចរបស់តុលាការ។ ហ្នឹងនៅព្រហ្មទណ្ឌលេខ៥២២ និង ៥២៣»។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការប្រមូលស្នាមមេដៃដោយស្ម័គ្រចិត្តពីប្រជាពលរដ្ឋ ដើម្បីដាក់ថ្វាយព្រះមហាក្សត្រ គឺពុំមែនជារឿងខុសច្បាប់ទេ ហើយវាមិនបណ្ដាលឲ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គមជាតិនោះដែរ។ លោកបន្តថា ញត្តិដាក់ថ្វាយព្រះមហាក្សត្រ គឺជាការស្នើសុំរបស់ប្រជាពលរដ្ឋ ប៉ុន្តែរាល់ការសម្រេចយ៉ាងណា គឺអាស្រ័យលើស្ថាប័នពាក់ព័ន្ធទាំងនោះ៖ «ប្រសិនបើនៅស្ថាប័នតុលាការ គឺអាស្រ័យលើស្ថាប័នតុលាការជាអ្នកសម្រេច មិនមានអ្នកណាចាប់បង្ខំទេ»។
ចំពោះការលើកឡើងរបស់អាជ្ញាធរខេត្តកំពង់ធំ ថានឹងចាត់វិធានការចំពោះសកម្មភាពប្រមូលស្នាមមេដៃនោះ លោក អំ សំអាត មើលឃើញថា ជារូបភាពគំរាមកំហែង និងបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គណៈកម្មការជំនាញចាប់ផ្ដើមពិនិត្យនិងធ្វើកោសល្យវិច័យស្នាមមេដៃលើញត្តិបក្សប្រឆាំង
- អាជ្ញាធរសង្កាត់វាលវង់ឃាត់ខ្លួនសកម្មជនបក្សសង្គ្រោះជាតិមិនឲ្យប្រមូលស្នាមមេដៃ
- អាជ្ញាធរស្រុកសៀមប៉ាងរងការចោទថារារាំងពលរដ្ឋមិនឲ្យប្រមូលស្នាមមេដៃ
- រដ្ឋាភិបាលបញ្ចេញរាជសារព្រះមហាក្សត្ររឿងញត្តិរបស់គណបក្សសង្គ្រោះជាតិ
- គណៈកម្មការក្រសួងមហាផ្ទៃទទួលយកញត្តិដើម្បីពិនិត្យស្នាមមេដៃ
- ក្រសួងមហាផ្ទៃបង្កើតគណៈកម្មការធ្វើកោសល្យវិច័យស្នាមមេដៃគាំទ្រញត្តិបក្សសង្គ្រោះជាតិ
- សម្ភាសព្រះអង្គម្ចាស់ ធម្មិកោ ជុំវិញបញ្ហាស្នាមមេដៃលើញត្តិដាក់ថ្វាយព្រះមហាក្សត្រ
- អ្នកវិភាគ៖ ការចេញបញ្ជាឲ្យពិនិត្យស្នាមមេដៃអ្នកគាំទ្របក្សប្រឆាំងជាការគំរាមកំហែង
- អាជ្ញាធរខេត្តកំពង់ចាមបញ្ជាក់ថាគ្មានគោលការណ៍ប្រមូលស្នាមមេដៃទាមទាររឿងអ្វីមួយឡើយ
- សមត្ថកិច្ចឃាត់ខ្លួនជំទប់ទី២ពីបក្សប្រឆាំងរឿងប្រមូលស្នាមមេដៃពលរដ្ឋនៅខេត្តតាកែវ
បើជឿជាក់ថាប្រជាពលរដ្ឋស្រឡាញ់ខ្លួនមែន ទៅខ្លាចអីស្នាមមេដៃនោះ។