“នគរបាល​វៀតណាម​ចុះ​មើល​ជនជាតិ​ម៉ុងតាញ៉ា​ដល់​កន្លែង​រស់នៅ​ជា​ការ​គំរាម​កំហែង”

ដោយ យាង សុជាមេត្តា
2016-06-08
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ម៉ុងតាញ៉ា-វៀតណាម ២០១៦ ៨៥៥
ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា-វៀតណាម ស្នាក់នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Yeang Socheametta


មន្ត្រី​សង្គម​ស៊ីវិល​ថ្លែង​ថា ការ​ចុះ​ពិនិត្យ​មើល​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ាវៀតណាម ដល់​កន្លែង​រស់នៅ​ដោយ​មន្ត្រី​នគរបាល​វៀតណាម កាល​ពី​ថ្ងៃ​ទី​៧ មិថុនា គឺ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ជនជាតិ​ម៉ុងតាញ៉ា ដែល​បាន​រត់​គេច​ពី​ការ​តាម​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម។ ក្រោយ​ការ​ចុះ​មើល​នោះ ជនជាតិ​ម៉ុងតាញ៉ា បារម្ភ​ខ្លាច​អាជ្ញាធរ​កម្ពុជា ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម វិញ។

មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ការ​ចុះ​ពិនិត្យ​មើល​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ាវៀតណាម លើ​ទឹក​ដី​ខ្មែរ​ដោយ​អាជ្ញាធរ​វៀតណាម គឺ​ជា​រឿង​ចម្លែក​ដែល​មិន​គួរ​ឲ្យ​កើត​មាន​ឡើង។

អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា លោក សួន ប៊ុនស័ក្តិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៨ មិថុនា ថា ជនជាតិ​ម៉ុងតាញ៉ា ដែល​បាន​រត់​គេច​ខ្លួន​មក​កម្ពុជា កំពុង​ទទួល​បាន​ការ​គាំពារ​ទាំង​សុវត្ថិភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត​ដោយ​រដ្ឋាភិបាល​កម្ពុជា។ លោក​ថា ក្នុង​អំឡុង​ពេល​ស្ថិត​ក្រោម​ការ​ឃុំ​គ្រង​របស់​កម្ពុជា ជនជាតិ​ម៉ុងតាញ៉ា ទាំង​នោះ​អាច​ទទួល​ការ​ចុះ​សួរ​សុខ​ទុក្ខ​ដោយ​មន្ត្រី​ការទូត​នៃ​ប្រទេស​នានា​បាន។ ប៉ុន្តែ​លោក​ថា បើ​មន្ត្រី​ដែល​ចុះ​ជួប​ពួក​គេ​នោះ​ជា​មន្ត្រី​រដ្ឋាភិបាល​មក​ពី​ប្រទេស​ដែល​ពួក​គេ​កំពុង​រត់​គេច​ពី​ការ​តាម​ធ្វើ​បាប​នោះ វា​គឺ​ជា​រឿង​ចម្លែក ជា​រឿង​គួរ​ឲ្យ​ភ័យ​ព្រួយ ប្រាសចាក​ពី​គោលការណ៍​អនុសញ្ញា​ស្ដីពី​ជន​ភៀស​ខ្លួន។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ មិថុនា នាយក​មន្ទីរ​នគរបាល​ខេត្ត​យ៉ាឡាយ (Gia Lai) របស់​វៀតណាម បាន​ចុះ​មក​ដល់​កន្លែង​ស្នាក់នៅ​របស់​ជនជាតិ​ម៉ុងតាញ៉ា នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ជនជាតិ​ម៉ុងតាញ៉ា ឲ្យ​ដឹង​ថា ក្នុង​ពេល​ចុះ​ជួប​នោះ នាយក​នគរបាល​ខេត្ត​រូប​នេះ​បាន​បញ្ចុះបញ្ចូល​ពួក​គេ ឲ្យ​វិល​ត្រឡប់​ទៅ​រស់នៅ​ក្នុង​ប្រទេស​វៀតណាម វិញ ប៉ុន្តែ​ពួក​គេ​បាន​បដិសេធ ដោយ​យល់​ថា នេះ​គ្រាន់​តែ​ជា​ល្បិច​របស់​រដ្ឋាភិបាល​វៀតណាម ប៉ុណ្ណោះ។

ក្រោយ​ការ​ចុះ​ជួប​នោះ ជនជាតិ​ម៉ុងតាញ៉ា បារម្ភ​ជា​ថ្មី​ខ្លាច​ក្រែង​អាជ្ញាធរ​ខ្មែរ ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ឬ​ខ្លាច​រដ្ឋាភិបាល​វៀតណាម យក​ឡាន​ចូល​មក​ដឹក​ពួក​គេ​ដល់​ទីកន្លែង​ស្នាក់នៅ នាំ​យក​ទៅ​ប្រទេស​វៀតណាម។

លោក សួន ប៊ុនស័ក្តិ ថ្លែង​ថា ការ​បារម្ភ​របស់​ជនជាតិ​ម៉ុងតាញ៉ា ពេល​នេះ គឺ​ជា​រឿង​សម​ហេតុផល៖ «នេះ​ជា​ការ​ព្រួយ​បារម្ភ​យ៉ាង​សម​ហេតុផល ពីព្រោះ​ជនជាតិ​ម៉ុងតាញ៉ា ទាំងអស់​នោះ ពួក​គាត់​រត់​ភៀស​ខ្លួន​ចាក​ចេញ​ពី​ប្រទេស​ដើម​របស់​គាត់ ដោយសារ​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ មាន​ការ​គំរាម​កំហែង​តាម​ផ្លូវ​នយោបាយ សាសនា ឬ​ក៏​ពី​ជាតិ​សាសន៍​ផ្សេងៗ ហើយ​បើ​កាលណា​មាន​មន្ត្រី​មក​ពី​ប្រទេស​នោះ​មក​ចឹង​ទៀត វា​ជា​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​បុគ្គល និង​អារម្មណ៍​របស់​ពួក​គាត់»

ពេល​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ក្រៅ​តែ​ពី​មាន​នាយក​មន្ទីរ​នគរបាល​ខេត្ត​វៀតណាម ជនជាតិ​ម៉ុងតាញ៉ា ឲ្យ​ដឹង​ថា ក៏​ឃើញ​មាន​មន្ត្រី​នគរបាល​របស់​កម្ពុជា និង​មន្ត្រី​នៃ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជន​ភៀស​ខ្លួន។

ប៉ុន្តែ​ប្រធាន​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក តាន់ សុខវិជ្ជា ថ្លែង​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ថា លោក​មិន​បាន​ដឹង​ពី​ការ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដោយ​នគរបាល​វៀតណាម ឡើយ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង​ដើម្បី​សុំ​ការ​បំភ្លឺ​ចំពោះ​រឿង​នេះ​បាន​នៅ​ឡើយ។

លោក សួន ប៊ុនស័ក្តិ កត់​សម្គាល់​ថា បើ​មាន​មន្ត្រី​បរទេស​ចូល​មក​កាន់​ប្រទេស​កម្ពុជា ហើយ​អាជ្ញាធរ​កម្ពុជា មិន​បាន​ដឹង​មែន​នោះ វា​បង្ហាញ​ពី​ភាព​កម្សោយ​ធ្ងន់ធ្ងរ​នៃ​រដ្ឋបាល​ការងារ​របស់​អាជ្ញាធរ​កម្ពុជា៖ «បើ​កាលណា​យើង​និយាយ​ពី​ជន​បរទេស ទោះ​បី​ជា​ប្រជាជន​ជា​មន្ត្រី​រដ្ឋ​ក៏ដោយ បើ​កាលណា​គេ​ចូល​ទឹក​ដី​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​យើង​មិន​ដឹង នេះ​ជា​កម្សោយ​នៃ​កិច្ចការ​រដ្ឋបាល​របស់​យើង អភិបាលកិច្ច​របស់​យើង។ ហើយ​ទី​២ អ្នក​ដែល​ចូល​មក គឺ​ខុស​ច្បាប់។ វា​ជា​កម្មវត្ថុ​នៃ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ដែល​ចូល​កម្ពុជា យើង ដែល​យើង​មិន​បាន​ដឹង​នោះ»

ជុំវិញ​ការ​ចុះ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដោយ​មន្ត្រី​នគរបាល​ខេត្ត​នៃ​ប្រទេស​វៀតណាម នេះ មន្ត្រី​ផ្នែក​ព័ត៌មាន​សាធារណៈ​ប្រចាំ​តំបន់​របស់ យូ.អិន.អេច្ឆ.ស៊ី.(UNHCR) អ្នកស្រី វីវៀន តាន់ (Vivian Tan) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៧ មិថុនា ថា មន្ត្រី យូ.អិន.អេច្ឆ.ស៊ី.អ ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ពី​គម្រោង​ចុះ​ទៅ​ជួប​ជនជាតិ​ម៉ុងតាញ៉ា ដើម្បី​ចែក​អំណោយ​ដល់​ជនជាតិ​ម៉ុងតាញ៉ា។ ប៉ុន្តែ​អ្នកស្រី​ថា អង្គការ​សហប្រជាជាតិ មិន​មែន​ជា​អ្នក​រៀបចំ ហើយ​ក៏​មិន​គាំទ្រ​ការ​ចុះ​ជួប​នោះ​ដែរ ប៉ុន្តែ​ការ​ដែល​មាន​មន្ត្រី​របស់ យូ.អិន.អេច្ឆ.ស៊ី.អ ចុះ​ទៅ​ជាមួយ​នគរបាល​វៀតណាម គឺ​ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​ប៉ុណ្ណោះ។ អ្នកស្រី​បន្ថែម​ថា គ្មាន​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ណា​មួយ គួរ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ជួប​តំណាង​រដ្ឋាភិបាល ដែល​ពួក​គេ​ចោទ​ថា ជា​អ្នក​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពួក​គេ​នោះ​ទេ។

អ្នកស្រី វីវៀន តាន់ អះអាង​ដែរ​ថា គ្មាន​ជន​ណា​ម្នាក់​គួរ​ត្រូវ​គេ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ទីកន្លែង​ដែល​ជីវិត និង​សេរីភាព​របស់​ពួក​គេ​ជួប​នឹង​គ្រោះថ្នាក់​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "“នគរបាល​វៀតណាម​ចុះ​មើល​ជនជាតិ​ម៉ុងតាញ៉ា​ដល់​កន្លែង​រស់នៅ​ជា​ការ​គំរាម​កំហែង”"

  1. people says:

    King dom of veitcong slave is serve veitcong only ‘they have no power anything with veitcong boss’ so cambodia is the country under control of animal veit’. they can’t do to other countries but cambodia’ .GOD bless all cambodian people’