
សារត្អូញត្អែរដែលនាង ភិន សុដាលីស បង្ហោះអំឡុងពេលមានផ្ទៃពោះថ្មីៗនេះ។ ហ្វេសប៊ុក
Wed, 8 June 2016
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញ: ទន្ទឹមនឹងមហាជនគ្រប់មជ្ឈដ្ឋានចាំអ៊ុតលើការវិវឌ្ឍនៃបណ្តឹងសុំលះលែងពីប្តីមានអេតាស៊ីវិលមិនបានក្រាបសំពះផ្ទឹម លោក ប៉ែន ចំរ៉ុង នាង ភិន សុដាលីស ដែលកំពុងពពោះកូនដំបូងចូល ៥ ខែ ក៏សរសេរសារបង្ហោះក្នុងបណ្តាញសង្គមត្អូញថា វេលាពពោះកូនក្នុងផ្ទៃ មិនអាចឡើងគីឡូច្រើនដូចស្ដ្រីដទៃ ព្រោះរកអីញ៉ាំមិនបាន ពេលយប់មានតែមីកំប៉ុងហ្នឹង។
នាង ភិន សុដាលីស ត្រូវបានគេស្គាល់ច្បាស់ថា នាងជាតារាសម្តែង និងជាកូនស្រីសំណព្វនៃថៅកែផលិតកម្មមហាហង្សទ្រព្យធនស្តុកស្ដម្ភ ជីវិតធ្លាប់រស់នៅលើវីឡាដ៏ស្កឹមស្កៃនោះបានផ្លាស់ប្តូរ បន្ទាប់ពីនាងភ្ជាប់ជំនូនស្នេហានឹងតារាសម្តែងលោក ប៉ែន ចំរ៉ុង ដឹកដៃគ្នាទៅពួនជ្រកដំបូលផ្ទះជួល ជម្នះបម្រាមដាច់ខាតពីឪពុកគឺលោក អ៊ិន សុភិន។
ក្រោយពីរស់នៅជុំគ្នាជាប្តីប្រពន្ធក្រៅតម្រាប្រពៃណី ហើយទើបបង្កតំណក់ឈាមកូនដំបូងបានបីខែនោះ ក៏ផ្ទុះឡើងនូវរឿងតារាសម្តែង និងជាពិធីករ ប៉ែន ចំរ៉ុង ប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ សូមលែងលះនាង ភិន សុដាលីស ជាភរិយាក្រោមហេតុផលរស់នៅមិនចុះសម្រុងនឹងគ្នា។
ទន្ទឹមសាមីខ្លួនទាំងពីរក៏ទទួលស្គាល់រឿងប្តឹងផ្តល់ទៅតុលាការជារឿងពិត ព្រមទាំងការបង្ហាញខ្លួនចូលទៅបំភ្លឺនៅតុលាការកាលពីពាក់កណ្តាលខែឧសភា តែមិនធ្វើការបកស្រាយចម្ងល់មហាជននោះ បែរជានាង ភិន សុដាលីស សរសេរសារបង្ហាញពីជីវិតក្នុងភាពឯកា និងការវិវឌ្ឍនៃសុខភាព ដោយនាង បរិយាយថា៖ «ឃើញគេទម្ងន់ ៥-៦ ខែគេទ្បើង ៧-៨ គីឡូ ខ្លះ ១២-១៣ គីឡូ បើខ្ញុំវិញទ្បើងតែ ៣-៤គីឡូ»។
តារាស្រីដែលកំពុងពពោះរួមតំណក់ឈាម លោក ប៉ែន ចំរ៉ុង នាងថា៖ «មិនមែនមិនចង់ញ៉ាំទេ តែគ្មានអ្នកទៅទិញឲ្យញ៉ាំ បើឃ្លានម្តងៗ អ្នកណាឈ្នះបើកទ្វារផ្ទះ ចុះទ្បើងទៅទិញញ៉ាំទាំងយប់ហ្នឹង យប់ខ្លះទ្រាំបានក៏ទ្រាំ យប់ខ្លះវិញទ្រាំមិនបានមានតែមីកំប៉ុងហ្នឹងហើយដោះទាល់ ដឹងថាញ៉ាំទៅវាមិនល្អ តែឲ្យធ្វើម៉េចបើកូនរករឿងហើយ ទ្រាំទៅជិតផុតហើយ»។
សារត្អូញត្អែរនោះ មិនទទួលបានការពន្យល់ពីនាងទេ ខណៈលោក អ៊ិន សុភិន ជាឪពុកក៏ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថា៖ «ដាលីស គាត់នៅផ្ទះគាត់ រឿងគាត់មកនៅផ្ទះខ្ញុំវិញ ឬយ៉ាងណាជាសិទិ្ធរបស់គាត់ តែពេលនេះខ្ញុំក៏មិនទាន់ចង់ឲ្យគាត់មកទេ បើមកជាលុះរឿងគាត់ដោះស្រាយចប់ កុំឲ្យគេថាខ្ញុំលូកដៃរឿងកូនទៀត»។
លោកថា៖ «ខ្ញុំមិនសូវដឹងថាកូន មានអី ឬមិនមានយ៉ាងណានោះទេ ព្រោះខ្ញុំរវល់ តែប្រពន្ធខ្ញុំ គាត់ចេញចូលផ្ទះ ដាលីស ច្រើន ហើយគាត់ក៏មិននៅម្នាក់ឯងដែរ មានអ្នកបម្រើនៅជាមួយគាត់ដែរ។ តែរឿងថាញ៉ាំមីអីនោះ អ្នកណាក៏ញ៉ាំដែរ វាមិនមានអីកម្សត់ទេ»៕
យ៉ាប់ម៉ងគ្រាន់តាចឹងក៏យកមកផ្សាយដែរ,