
បុរសម្នាក់កំពុងតែបើកមើលកម្មវិធី Peaceful Assembly ជាភាសាខ្មែរ ដែលបង្កើត និងដាក់ឲ្យទាញយកក្នុង Play Store ដោយអង្គការសហប្រជាជាតិ។ ហុង មិនា
Wed, 8 June 2016
ប៊ុន សេងគង់
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ខណៈក្រុមអាជ្ញាធរកំពុងបន្តឃុំខ្លួនអ្នកគាំទ្រគណបក្សប្រឆាំង និងសកម្មជនដីធ្លីដោយសារតែពួកគេបានធ្វើបាតុកម្ម «ដោយគ្មានការអនុញ្ញាត» ទីភ្នាក់ងារសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបង្កើត និងដាក់ឲ្យទាញយកកម្មវិធីទូរស័ព្ទស្មាតហ្វូនមួយសម្រាប់ប្រាប់ប្រជាជនកម្ពុជាឲ្យបានដឹងពីសិទ្ធិក្នុងការជួបប្រជុំគ្នារបស់ពួកគេ។
អ្នកស្រី Wan-Hea Lee តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានឲ្យដឹងថា កម្មវិធីទូរស័ព្ទដែលមានឈ្មោះថា Peaceful Assembly នេះបានបរិយាយយ៉ាងក្បោះក្បាយនូវសិទ្ធិដែលមានចែងនៅក្នុងច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ដែលអនុម័តនៅឆ្នាំ ២០០៩ និងបកស្រាយពីគោលការណ៍ណែនាំសម្រាប់ការអនុវត្តច្បាប់នោះ។
យោងទៅតាមច្បាប់នេះ ក្រុមអ្នករៀបចំការតវ៉ា ឬបាតុកម្ម ដែលត្រូវបានបានគេកំណត់និយមន័យថា ព្រឹត្តការណ៍សាធារណៈដើម្បីធ្វើការទាមទារ ត្រូវតែជូនដំណឹងទៅដល់មន្រ្តីអាជ្ញាធរ។
ទោះបីជាយ៉ាងណា ការធ្វើបាតុកម្មមួយ អាចត្រូវបានហាមឃាត់បាន លុះត្រាតែមានព័ត៌មានជាក់លាក់ ថា បាតុកម្មនោះនឹង «បង្កគ្រោះថ្នាក់ ឬធ្វើឲ្យខូចសន្តិសុខ សុវត្ថិភាព និងស្ថេរភាពសង្គម»។ ក៏ប៉ុន្តែ ទោះបីជាក្នុងករណីនេះក្តី ច្បាប់តម្រូវឲ្យមន្រ្តីអាជ្ញាធរឲ្យធ្វើការជាមួយនឹងក្រុមអ្នករៀបចំដើម្បីស្វែងរកដំណោះស្រាយសមស្របមួយ។ ប្រសិនជានៅតែពុំអាចធ្វើទៅបាន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃត្រូវតែធ្វើការសម្រេចចិត្តចំពោះរឿងនេះ ជាលាយល័ក្ខអក្សរ។
ក៏ប៉ុន្តែ នៅប៉ុន្មានខែចុងក្រោយនេះ មន្រ្តីអាជ្ញាធរបានចាត់ទុកការធ្វើបាតុកម្មតវ៉ាជាច្រើនដែលអ្នករៀបចំពុំបានផ្តល់ដំណឹងមកដល់ខ្លួនជាប្រតិកម្មពុំស្របច្បាប់ និងគម្រាមប្រើកម្លាំងបាយដើម្បីបញ្ឈប់ពួកវា។ ពួកគេថែមទាំងបានចុះទៅបិទសិក្ខាសាលាអប់រំជាច្រើន ដែលតាមផ្លូវច្បាប់ពុំចាំបាច់ត្រូវជូនដំណឹងទៅអាជ្ញាធរទាល់តែសោះ។
អ្នកស្រី Wan-Hea Lee កម្មវិធីទូរស័ព្ទនេះមានគោលដៅសម្រាប់ឲ្យមន្រ្តីអាជ្ញាធរ ក្រុមអ្នករៀបចំ និងអ្នកចូលរួមប្រើប្រាស់។
អ្នកស្រីបានថ្លែងថា៖ «យើងសង្ឃឹមថា វានឹងជួយឲ្យសិទ្ធិមូលដ្ឋាននៃសេរីភាពក្នុងការបញ្ចេញមតិ និងការជួបប្រជុំគ្នាដោយសន្តិវិធីត្រូវបានប្រើប្រាស់បានដោយស្របច្បាប់ និងជួយធានាថា រាល់ការរឹតបន្តឹងចំពោះពួកវា ក៏នឹងត្រូវធ្វើឡើងស្របច្បាប់ផងដែរ»។
មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងយុត្តិធម៌និងក្រសួងមហាផ្ទៃបានឡើយកាលពីថ្ងៃម្សិលមិញ៕ TN
Contact author: ប៊ុន សេងគង់
ប្រទេស កម្ពុជា កណ្តាល បើគ្មាន UN នឹងត្រូវ រលាយ ដូចកម្ពុជាក្រោម !