ក្រុមហ៊ុនច្រានចោលការទទួលខុសត្រូវលើ​ការបាក់​​ស្រុតផ្លូវនៅក្បែរស្តាតអូឡាំពិក​​​​

ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦​
http://vodhotnews.com

សន្ដិសុខ

(រូបថតពីហ្វេសប៊ុក​និង​SBN)


តំណាងក្រុមហ៊ុនដែលមានការដ្ឋាននៅជាប់របងស្តាតអូឡាំពិកបានច្រានចោលការចោទប្រកាន់ដែលថាផ្លូវបាក់ស្រុតពេលភ្លៀងធ្លាក់មួយមេធំ ដោយសារការដ្ឋានជីកដីរបស់ក្រុមហ៊ុននៅក្បែរនោះ។

កាលពីរសៀលថ្ងៃពុធ ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ ពេលភ្លៀងនោះ មានហេតុការណ៍បាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យរថយន្តបីគ្រឿងរងការខូចខាត។

អគ្គនាយករងក្រុមហ៊ុនOCIC លោក ទូច សំណាង ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍នេះថាមូលហេតុនៃការបាក់ស្រុតដីនេះមិនមែនដោយសារការជីកដីសាងសង់សំណង់នោះទេ។ លោកសន្និដ្ឋានថាការបាក់ស្រុតនោះ ដោយសារមានទឹកហូរច្រោះលូ។ លោកមានប្រសាសន៍ថា៖ ”ទីមួយការជីក ការអីនឹងយើងសុទ្ធតែមានបច្ចេកទេសក្នុងការជីកដោយត្រឹមត្រូវ ហើយបើសិនមានការបាក់មែន វាគួរតែបាក់ដែកខាងខ្ញុំមុន មុននឹងបាក់ផ្លូវហ្នឹង ហើយខ្ញុំចង់ឲ្យខាងជំនាញនឹងគាត់ចុះទៅមើល ឲ្យបានដិតដល់ ថាតើវាមានមូលហេតុមកពីស្អី មុននឹងយើងរុញការទទួលខុសទៅឲ្យផ្នែកណាមួយ”។

តំណាងក្រុមហ៊ុនបានស្នើឲ្យមានការចុះសិក្សាជាមុនសិន មុននឹងឲ្យក្រុមហ៊ុនផ្ដល់សំណងទៅម្ចាស់រថយន្តបីគ្រឿងដែលរងការខូចខាតដោយសារបាក់ស្រុតដី។

ម្ចាស់រថយន្តប្រាប់វីអូឌីដោយសុំមិនបញ្ចេញឈ្មោះថាលោកបានចតរថយន្តលក់និងរថយន្តជិះផ្ទាល់ខ្លួនផងនៅជាប់របងស្តាតអូឡាំពិក។ លោកបានស្នើសុំសំណងមួយចំនួនពីក្រុមហ៊ុន ដើម្បីជុសជួលការខូចខាតរថយន្ត។

នាយករដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាសាលារាជធានីបានបញ្ជូនក្រុមងារចុះទៅធ្វើការសិក្សាអំពីលក្ខណៈបច្ចេកទេសនៃការបាក់ស្រុតផ្លូវហ្នឹងហើយ ប៉ុន្តែលោកថាចំពោះមូលហេតុដែលធ្វើឲ្យបាក់ស្រុតដីខាងក្រុមការងារមិនទាន់បានផ្ដល់ព័ត៌មានឲ្យសាលារាជធានីនៅឡើយ។

វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ បាននៅឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។

បើតាមការចុះពិនិត្យមើល នៅជាប់កន្លែងបាក់ដីស្រុតនោះ មានការជីករណ្តៅជ្រៅមួយរបស់ការដ្ឋានក្រុមហ៊ុន។ពលរដ្ឋម្នាក់ដែលរស់នៅក្បែរស្តាតអូឡាំពិកប្រាប់វីអូឌីដោយមិនបញ្ចេញឈ្មោះកាលពីថ្ងៃពុធថាខ្លួនមានការព្រួយបារម្ភក្រោយពីមានការបាក់ស្រុតផ្លូវ ដោយស្នើឲ្យរដ្ឋាភិបាលត្រួតពិនិត្យចំពោះការសាងសង់ការដ្ឋាននៅជាប់នោះ៕ ដោយ ខាន់ លក្ខិណា និងស៊ុន ណារិន

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ khanleakhena@yahoo.com

What Next?

Recent Articles

One Response to "ក្រុមហ៊ុនច្រានចោលការទទួលខុសត្រូវលើ​ការបាក់​​ស្រុតផ្លូវនៅក្បែរស្តាតអូឡាំពិក​​​​"

  1. Anonymous says:

    មិនមែន បាក់ស្រុត ទេ គឺ រញ្ជួញ ផែនដី !

    ស្រុកខ្មែរ ច្បាប់ លើ បរបេរមាត់ បុគ្គល ម្នាក់ រឿង អាក្រក់ៗ កើតឡើង ជា ហូរហែរ !