ដោយ កញ្ញា ញ៉ែត ស្រីអូន | ថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០១៦
http://vodhotnews.com

ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម កាលពីកន្លងទៅ
ប្រធានសមាគមជ័យលាភីបញ្ញាជនកម្ពុជា លោក រស់ សារ៉ុម បានចេញលិខិតមួយច្បាប់ ដោយសុំទោសស្ថាប័នជាតិរៀបចំការបោះឆ្នោតនិងថាខ្លួនមាន”កំហុសនិងការភ័ន្ដច្រឡំ”អំពីនិតិវិធីការធ្វើសមាហរណកម្មមន្ដ្រីរាជការក្នុងស្ថាប័ននេះ។
កាលពីថ្ងៃទី ២ ខែមិថុនា លោក រស់ សារ៉ុម បានដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយដោយចោទប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក អនុប្រធាន លោក គួយ ប៊ុនរឿន អ្នកនាំពាក្យនិងជាសមាជិកគ.ជ.ប លោក ហង្ស ពុទ្ធា និងអគ្គលេខាធិការរង លោក ម៉ៅ សុភារិទ្ធ ពីបទសង្ស័យថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយក្នុងការតែងតាំងនិងការធ្វើសមាហរណកម្មមន្ត្រីរាជការកាលពីពេលកន្លងទៅ។
ក្នុងលិខិតមួយចុះថ្ងៃទី៨ ខែមិថុនា លោក រស់ សារ៉ុម បានថ្លែងនូវការសោកស្ដាយចំពោះពាក្យបណ្តឹង។ លោកមានប្រសាសន៍ថា៖ “ខ្ញុំបាទមានសេចក្ដីសោកស្ដាយឥតឧបមា ដែលបានប្ដឹងឯកឧត្ដមប្រធាននិងសហការីមួយចំនួនថាបានឃុបឃិតគ្នាប្រព្រឹត្ដអំពើពុករលួយដោយមិនបានយល់អំពីនីតិវិធីនៃការតែងតាំង និងធ្វើសមាហរណកម្មមន្ដ្រីរាជការ ក្នុងស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនាពេលកន្លងទៅ។ កត្ដានេះពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្ដិយសដ៏ឧត្ដុង្គឧត្ដមរបស់ឯកឧត្ដម និងសហការី ជាពិសេស ស្ថាប័នធម្មនុញ្ញគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនេះតែម្ដង”។
ការចេញលិខិតសុំទោសនេះធ្វើឡើងបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានសម្រេចមិនចាត់ការលើបណ្ដឹងនេះ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោ ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ “អញ្ចឹងខ្ញុំក៏សុំជម្រាបដែលថាយើងខ្ញុំនៅតែមិនអាចឃើញចំណុចណាមួយ សូម្បីតែតិចតួចណាទេ ដើម្បីឲ្យយើងខ្ញុំទទួលយកពាក្យប្ដឹងរបស់លោកដើម្បីបើកការស៊ើបអង្កេតបាន។ អញ្ចឹងយើងខ្ញុំនិងធ្វើលិខិតតបទៅលោកវិញថាយើងខ្ញុំបានទទួលហើយ ពាក្យប្ដឹងរបស់លោក យើងខ្ញុំបានប្រជុំវិភាគហើយ លោកបានការពារ យោបល់របស់លោកហើយអង្គភាពនៅតែឃើញថាពាក្យប្ដឹងរបស់លោក អត់មានតម្រុយណាបន្តិចបន្តួចទាល់តែសោះ ដែលអាចឲ្យយើងខ្ញុំទទួលយកពាក្យប្ដឹងរបស់លោកមកចាត់ការ”។
គួរបញ្ជាក់ថាកាលពីខែកុម្ភៈ ឆ្នាំ ២០១៦ គ.ជ.ប បានប្រកាសថាមន្ត្រីជាប់កិច្ចសន្យាបម្រើការងារនៅគ.ជ.ប ជាង៣០០នាក់ត្រូវបានធ្វើសមាហរណកម្មផ្ទេរចូលមន្ត្រីក្របខ័ណ្ឌរដ្ឋដោយអះអាងថាពួកគាត់ភាគច្រើនមានបទពិសោធស្រាប់និងអ្នកខ្លះធ្វើការជិត២០ឆ្នាំមកហើយ៕
លេងសើចណាស់!ក្រុមតែមួយទេដឹង?
ភាពថ្លៃថ្នូររបស់មនុស្សស្ថិតនៅលើការទទួលខុសត្រូវ
បើមិនច្បាស់មេចទៅសិក្សាអោយច្បាស់ធ្វើទាំងងងិតងងល់អ៊ីចឹងហើយបានជាទាស់គ្នាមិនចេះចប់