នយោបាយ
រូបឯកសារ៖ ព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរ
09 មិថុនា 2016
ហ៊ាន សុជាតា
វីអូអេខ្មែរ
ប្រជាពលរដ្ឋយល់ឃើញថា អ្នកនយោបាយនៅក្នុងគណបក្សជាប់ឆ្នោតទាំងពីរ ហាក់ជាប់ដៃនៅក្នុងការដណ្តើមអំណាច និងការប្រកួតប្រជែងប្រជាប្រិយភាពគ្នា ដោយមិនបានបង្កើតកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រាន់នៅក្នុងការបង្កើតសមិទ្ធផលជាតិសំខាន់ៗ ដែលចាំបាច់សម្រាប់បម្រើប្រជាពលរដ្ឋឲ្យបានពេញលេញ។
ភាពចម្រូងចម្រាសនយោបាយដែលបានអូសបន្លាយតាំងពីដើមអាណត្តិ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតមានការសោកស្តាយ។ ប្រជាពលរដ្ឋយល់ឃើញថា អ្នកនយោបាយនៅក្នុងគណបក្សជាប់ឆ្នោតទាំងពីរ ហាក់ជាប់ដៃនៅក្នុងការដណ្តើមអំណាច និងការប្រកួតប្រជែងប្រជាប្រិយភាពគ្នា ដោយមិនបានបង្កើតកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រាន់នៅក្នុងការបង្កើតសមិទ្ធផលជាតិសំខាន់ៗ ដែលចាំបាច់សម្រាប់បម្រើប្រជាពលរដ្ឋឲ្យបានពេញលេញ។
ដូចអាណត្តិទាំងបួនមុនដែរ ភាពចម្រូងចម្រាសនយោបាយបានកើតមានឡើងភ្លាមៗ ក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតនីតិកាលទី៥ កាលពីខែកក្កដាឆ្នាំ២០១៣កន្លងមក។
ភ្លាមៗបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសលទ្ធផលនៃការបោះឆ្នោតអាណត្តិទី៥ គណបក្សសង្រ្គោះជាតិដែលជាគណបក្សជំទាស់ធំជាងគេនៅក្នុងប្រទេសកម្ពុជា បានប្រកាសធ្វើពហិការមិនចូលរួមប្រជុំសភាជាលើកដំបូង ទោះបីជាមានការសម្របសម្រួលនយោបាយនិងលិខិតអញ្ជើញពីព្រះមហាក្សត្រក៏ដោយ ដោយបានចោទប្រកាន់ថា ដំណើរការនៃការបោះឆ្នោត មិនសេរីនិងមិនយុត្តិធម៌។ ការជាប់គាំងផ្នែកនយោបាយ និងពហិការរបស់គណបក្សប្រឆាំង បានបន្តអស់រយៈពេលជាងមួយឆ្នាំ រហូតដល់មានកិច្ចព្រមព្រៀងនយោបាយតាមរយៈអ្វីដែលគណបក្សជាប់ឆ្នោតទាំងពីរហៅថា«វប្បធម៌សន្ទនា» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
ទោះជាយ៉ាងណាក្តី ភាពចម្រូងចម្រាសនយោបាយមិនបានបញ្ចប់តាមរយៈកិច្ចព្រមព្រៀងនោះទេ។ ជាបន្តបន្ទាប់មកទៀត គណបក្សជំទាស់បានចោទគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ថាបានប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍នៅក្នុងការចាប់និងឃុំខ្លួនតំណាងរាស្ត្រគណបក្សជំទាស់ ដែលផ្ទុយទៅនឹងគោលការណ៍ច្បាប់ ជាពិសេសផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់ពីររូបរបស់ស្ថាប័នរៀបចំការបោះឆ្នោតលោក នី ចរិយា និងលោក រ៉ុង ឈុន ត្រូវតុលាការក្រុងភ្នំពេញធ្វើការចោទប្រកាន់ជាបន្តបន្ទាប់។ ហើយនាពេលថ្មីៗនេះ តុលាការបានចេញដីកាកោះហៅលោក កឹម សុខា ប្រធានស្តីទីគណបក្សជំទាស់ឱ្យចូលបំភ្លឺទាក់ទងនឹងសំណុំរឿងអាស្រូវស្នេហា។ លោក កឹម សុខា បានបដិសេធដីការបស់តុលាការជាច្រើនលើក ដែលធ្វើឱ្យលោកត្រូវរងនូវសម្ពាធនៃការប៉ុនប៉ងតាមចាប់ខ្លួនពីសំណាក់អាជ្ញាធររបស់រដ្ឋាភិបាល។
ការវិវត្តស្ថានការណ៍នយោបាយទាំងនេះ ត្រូវបានមើលឃើញជាទូទៅថា មិនបានផ្តល់ផលចំណេញអ្វីទាំងអស់ដល់ប្រទេសជាតិ ហើយថែមទាំងធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត មានការសោកស្តាយ ដោយអ្នកនយោបាយមកពីគណបក្សទាំងពីរ មិនបានចំណាយពេលវេលានិងធនធានឱ្យមានប្រសិទ្ធភាព ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ដូចដែលពួកគេបានសន្យា នៅមុនពេលបោះឆ្នោត។ ប្រជាពលរដ្ឋយល់ឃើញថា ភាពចម្រូងចម្រាសនាពេលប៉ុន្មានខែចុងក្រោយនេះ គ្រាន់តែជាល្បែងនយោបាយដើម្បីដណ្តើមអំណាច និងប្រជាប្រិយភាពគ្នាតែប៉ុណ្ណោះ។
លោក អ៊ុក តាត វ័យ៧៨ឆ្នាំ គឺជាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលចូលនិវត្តន៍មួយរូប។ លោកបានហែលឆ្លងរបបនយោបាយជាច្រើនរបស់កម្ពុជា ជាពិសេសរបបខ្មែរក្រហម ដែលបានបន្សល់នូវភាពឈឺចាប់ដែលមិនអាចបំភ្លេចបាន។ លោកប្រាថ្នាចង់ឃើញសង្គមកម្ពុជាមួយប្រកបដោយសន្តិភាព។
លោក អ៊ុក តាត ថ្លែងប្រាប់ VOA ថា៖
«ចង់បានតែសន្តិភាពទេ ព្រោះយើងឆ្លងផុតពីសម័យ ប៉ុល ពត វាវឹកវរទៅដោយបញ្ហានៅក្នុងជីវិតមនុស្ស។ មកដល់នេះ បានបោះឆ្នោតបែបលទ្ធិប្រជាធិបតេយ្យ។ នៅក្នុងលទ្ធិប្រជាធិបតេយ្យ អត់មានបក្សណាដណ្តើមគ្នាដូចពីដើមទេ។ គេដណ្តើមគ្នាតាមសន្លឹកឆ្នោត។ តែដល់បោះឆ្នោតបានហើយ បែរជាមកដណ្តើមគ្នាចង់បានអំណាចវិញ»។
លោក អ៊ុក តាត បន្តថា អ្នកនយោបាយទាំង២គណបក្ស គប្បីងាកមកជជែកគ្នាដោយសន្តិវិធី ដើម្បីស្វែងរកដំណោះស្រាយនយោបាយឲ្យបានសមរម្យ។
«ខ្ញុំមើលទៅទាំងសងខាងហ្នឹង គ្មានបានធ្វើអីទេ ដើម្បីតែផលប្រយោជន៍រៀងខ្លួន។ ទាញយកតែប្រជាប្រិយតែខ្លួនឯង។ ទាំងរដ្ឋាភិបាល ទាំងបក្សប្រឆាំង គួរកែសម្រួលសតិអារម្មណ៍ខ្លួន ឲ្យឈានទៅរកការចរចាគ្នា ដើម្បីបម្រើប្រជាជនឲ្យបានល្អ។ កាលណាគាត់ចរចាគ្នា គាត់រកច្រកដោះស្រាយឃើញហើយ ផលប្រយោជន៍ច្បាស់ជាបានមកប្រជាជនហើយ។ រាល់ថ្ងៃហ្នឹង គាត់មាននិយាយគ្នាណា៎»។
អាជីវករលក់ធ្យូងមួយរូបមកពីខេត្តកំពង់ស្ពីគឺ លោក សៅ សុង វ័យ៣៦ឆ្នាំ សំណូមពរឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។ រៀបចំដាក់ធ្យូងចូលក្នុងការ៉ុងបណ្តើរ លោកថ្លែងប្រាប់ VOA បណ្តើរថា៖
«ខ្ញុំចង់បានឲ្យតែប្រទេសរីកចម្រើន ជួយធ្វើផ្លូវនៅជនបទផ្លូវអីវាពិបាក ខ្វះខាតស្រះទឹក។ ហើយឲ្យពិភាក្សាគ្នា ស្រុះស្រួលគ្នាទៅ វាស្រួលដល់ប្រជាជន គិតតែពីឈ្លោះគ្នាចឹងពិបាកដែរ»។
ប្រជាពលរដ្ឋផ្សេងទៀតដែល VOAបានជួបសម្ភាស ហាក់ដូចជាមានភាពថ្លឹងថ្លែងចំពោះឥរិយាបទរបស់អ្នកនយោបាយនិងរដ្ឋាភិបាល នៅក្នុងរយៈពេលជិត៣ឆ្នាំ ក្រោយការបោះឆ្នោតមក។
លោក ជា ភិរម្យ វ័យ៣៩ឆ្នាំ ជាអាជីវករមួយរូបក្នុងរាជធានីភ្នំពេញទទួលស្គាល់នូវសមិទ្ធិផលមួយចំនួនដែលរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក ប៉ុន្តែលោកក៏បានសង្កេតឃើញអំពីភាពអសកម្មមួយចំនួន ដូចជាបញ្ហាសិទ្ធិមនុស្ស សេរីភាពក្នុងការបញ្ចេញមតិជាដើម។ ដូចគ្នានឹងពលរដ្ឋផ្សេងទៀតដែរ លោក ជា ភិរម្យ ចង់ឃើញអ្នកនយោបាយរួមគ្នាដោះស្រាយបញ្ហាសង្គម។
អាជីវកររូបនេះថ្លែងប្រាប់ VOA ថា៖
«ខ្ញុំសង្កេតឃើញរដ្ឋាភិបាលគាត់បានធ្វើដែរក្នុងការជួយប្រជាជនខ្លះ ហើយសកម្មភាពខ្លះអត់សូវសកម្ម។ សព្វថ្ងៃភាគច្រើនរឿងបញ្ហាសិទ្ធិមនុស្ស រដ្ឋាភិបាលដូចគោរពដែរ តែមិនគោរពដូចប្រទេសគេដទៃ។ ខ្ញុំដូចមិនចូលចិត្តទេ បើរវល់តែឈ្លោះគ្នាអញ្ចឹង ប្រជាជនអត់សប្បាយចិត្តទេ ហើយប្រទេសជាតិក៏អត់រីកចម្រើន។ រដ្ឋាភិបាលគួរតែលើកយកបញ្ហាជាតិយកមកដោះស្រាយ ហៅគ្នាមកនិយាយគ្នាមកថា គួរធ្វើម៉េចឲ្យប្រទេសជាតិរីកចម្រើន»។
កំពុងពិភាក្សាគ្នាក្នុងតូបកាហ្វេមួយក្នុងរាជធានីភ្នំពេញដែលនៅក្នុងនោះ មនុស្សមួយចំនួនកំពុងអានព័ត៌មានតាមទូរស័ព្ទដៃ និងមួយចំនួនទៀតកំពុងអានកាសែតផងនោះ លោក ព្រំ សុធី វ័យ៦០ឆ្នាំ ជាអ្នករត់រឺម៉ក់ទេសចរណ៍ រំពឹងថា ការបោះឆ្នោតនាពេលខាងមុខនឹងប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌។
លោក ព្រំ សុធី ថ្លែងថា៖
«សុខសន្តិភាពឲ្យមានការបោះឆ្នោត ដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ដោយគ្មានការគំរាមកំហែង ឲ្យប្រជាពលរដ្ឋមានសិទ្ធិបញ្ចេញមតិ។ ការឈ្លោះគ្នារវាងបក្សនិងបក្ស ប្រជាជននឹងហើយជាអ្នករងគ្រោះនោះ ព្រោះប្រជាជនជាអ្នកគាំទ្របក្សម្ខាងៗ»។
អ្នករស់នៅក្នុងរាជធានីភ្នំពេញម្នាក់ទៀត វ័យ៤២ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះ ដោយការបារម្ភចំពោះសុវត្ថិភាពផ្ទាល់ខ្លួន បាននិយាយថា ការចាប់ខ្លួនមន្ត្រីអង្គការសិទ្ធិមនុស្ស និងតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋធម្មតា។
«តាំងពីបោះឆ្នោតឆ្នាំ២០១៣មករហូតមកដល់បច្ចុប្បន្ន អ្នកជាប់ឆ្នោតហ្នឹង អត់បានធ្វើអីជូនប្រជាពលរដ្ឋឲ្យកក់ក្តៅ ឬឲ្យប្រជាពលរដ្ឋជឿជាក់ទៅលើមន្ត្រីធំៗ ថ្នាក់ដឹកនាំទេ គឺអត់ សូន្យហ្មង៎។ ដោយសារឈ្លោះគ្នា ដណ្តើមតែអំណាចគ្នា មិនគិតពីប្រយោជន៍ជាតិជាធំ។ ប្រជាជនចង់បានរបបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីពលរដ្ឋមានសិទ្ធិសេរីភាព អាចរស់បានសុខ មិនមានចោរកម្ម ឃាតកម្ម មិនមានការគាបសង្កត់ ចង់ឲ្យជាតិរឹងមាំ គង់វង្ស កុំឲ្យជនបរទេសចូលស្រុកខ្មែរតាមចិត្ត»។
កម្តៅនយោបាយនៅកម្ពុជាកាន់តែកើនឡើងខ្ពស់ថែមទៀត នៅពេលដែលការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ កាន់តែខិតជិតមកដល់។ អ្នកឃ្លាំមើលការវិវត្តន៍នយោបាយនៅកម្ពុជាយល់ថា នៅក្នុងដំណើរការនៃលទ្ធិប្រជាធិបតេយ្យគំនិតផ្ទុយគ្នារវាងគណបក្សនយោបាយ គឺជាគន្លឹះ និងជាឱកាសសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាទាំងឡាយរបស់ជាតិ។ ប៉ុន្តែអ្វីដែលសំខាន់ គឺនៅត្រង់ថា តើអ្នកនយោបាយទាំងនោះចេះសំយោគគំនិតទាំងសងខាង ដើម្បីបម្រើប្រយោជន៍ប្រជាជនបានប៉ុណ្ណា។
លោក កែម ឡី អ្នកវិភាគសង្គមឯករាជ្យបញ្ជាក់ប្រាប់ VOAយ៉ាងដូច្នេះថា៖
«នៅក្នុងប្រជាធិបតេយ្យ គឺគេជជែកគ្នាដូចគេឈ្លោះគ្នាចឹង ហើយ មាត់ធំ មាត់តូច ទន់ភ្លន់ គំរាមកំហែង វាតែងតែកើតមាន។ តែអ្វីដែលជាអវិជ្ជមាន យើងឈ្លោះអត់ឈ្នះគេ យើងចេះតែចាប់គេដាក់គុក ចេះតែធ្វើឲ្យគេមានរបួស អាហ្នឹងវាខុសហើយ។ ប៉ុន្តែបើសិនគ្រាន់តែមានទំនាស់រវាងគណបក្សមួយទៅគណបក្សមួយនៅក្នុងសភា នៅក្រៅសភាជារឿងធម្មតា»។
លោក កែម ឡី បានពន្យល់អំពីភាពខុសគ្នារវាងតួនាទីរបស់រដ្ឋាភិបាល និងគណបក្សជំទាស់។ លោកថា គណបក្សជំទាស់ដែលមិនជាប់ឆ្នោត មានតួនាទីក្នុងការតាក់តែងច្បាប់តំណាងឲ្យពលរដ្ឋ សួរសុខទុក្ខពលរដ្ឋ បង្កើតវេទិកាសាធារណៈ ព្រមទាំងតាមដានសកម្មភាពរបស់រដ្ឋាភិបាល។ រីឯ គណបក្សកាន់អំណាចដែលឈ្នះឆ្នោតត្រូវអនុវត្តតួនាទីខ្លួន និងផ្ទៀងផ្ទាត់គោលនយោបាយ ដែលខ្លួនបានដាក់មុនពេលបោះឆ្នោត។ ឧទាហរណ៍ដូចជាយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីបី និងការធ្វើកំណែទម្រង់គណៈរដ្ឋមន្ត្រីជាដើម។
លោក កែម ឡី និយាយថា៖
«យើងមើលតែគណបក្សឈ្នះឆ្នោតបានហើយ គាត់ត្រូវយកគោលនយោបាយគាត់ទៅផ្ទៀងផ្ទាត់នឹងការអនុវត្តជាក់ស្តែង។ គ្រាន់តែថា អ្វីដែលអត់ជោគជ័យមានច្រើនដូចជា ការទប់ស្កាត់ការបំផ្លាញព្រៃឈើឥតស្រាកស្រាន្ត។ គាត់បានសន្យា តែធ្វើអត់បាន ទីយុទ្ធសាស្ត្រកាត់បន្ថយអំពើពុករលួយ តែអាត្រានៃអំពើពុករលួយនៅខ្ពស់នៅឡើយ ហើយបក្សពួកនិយម ដែលគាត់បានសន្យាពីដើមទី មកដល់ពេលនេះរឹតតែខ្លាំងជាងមុន។ បញ្ហាធំៗអត់ទាន់ដោះស្រាយបាន ដូចបញ្ហាដីធ្លី ជនអន្តោប្រវេសន៍វៀតណាម ឃើញគាត់បញ្ជូនដែរ តែដូចយុទ្ធសាស្ត្រវែកចក វាអត់អស់»។
ទោះជាមានភាពអសកម្មទាំងនេះក៏ដោយ លោក កែម ឡី ក៏បានសង្កេតឃើញថា រដ្ឋាភិបាលបានកសាងសមិទ្ធផលមួយចំនួនដែរ ដូចជាការលុបបំបាត់អំពើពុករលួយនៅពេលប្រឡងរបស់ក្រសួងអប់រំ យុវជន និងកីឡា ការដាក់ឲ្យមានការចុះបញ្ជីតាមប្រព័ន្ធអនឡាញ (អ៊ីនធឺណិត) របស់ក្រសួងពាណិជ្ជកម្ម និងការដាក់ឲ្យមានជញ្ជីងថ្លឹងឡានរបស់ក្រសួងសាធារណការជាដើម។ ទោះជាយ៉ាងនេះក្តី លោក កែម ឡី យល់ថា រដ្ឋាភិបាលនៅមិនទាន់បានបំពេញបេសកកម្មគ្រប់ជ្រុងជ្រោយ តាមការសន្យានៅមុនការបោះឆ្នោតនៅឡើយទេ៕
I fell sorry to our nation . politician and political unrest in this poor nation is out of control. all Cambodian should find out what wrong and what will be solution to make the country safer. any one that become a leader it not mean that person can do whatever he want. to become a wonderful country the leader have to work together white the people by not taking people as his hostage in any political gam . to become a good leader he or she have to think I’m working for the people not use the people working for them. to be a leader is a big job take a great responsibility for the nation and among the world community leadership. I think most Cambodian leaders all they think was powers they did not think of consequent of being a nation traitor. that right from generation to the other we always see a lot of political nightmare .