
លោក ម៉ី កល្យាន ក្នុងពេលផ្ដល់បទសម្ភាសឲ្យកាសែតភ្នំពេញ ប៉ុស្ដិ៍ នាពេលកន្លងមក។ គាំ ច័ន្ទរស្មី
Fri, 10 June 2016
កៃ គឹមសុង and គាំ ច័ន្ទរស្មី
ភ្នំពេញប៉ុស្តិ៍
(ភាគ១)
ឆាកជីវិតមនុស្សតែងតែជួបប្រទះភាពល្វីងជូរចត់ និងក្ដីរីករាយ ឬផ្អែមល្ហែមជាការធម្មតា។
យ៉ាងណាមិញ ប្រទេសមួយជាតិមួយក៏ដូច្នេះដែរវាអាចឈានដើរទៅមុខ ឬថយក្រោយគឺអាស្រ័យទាំងស្រុងទៅលើការគិតត្រូវ វិភាគត្រូវ និងសម្រេចចិត្តត្រូវរបស់មេដឹកនាំ និងពលរដ្ឋម្ចាស់ប្រទេសនោះ។ នេះជាប្រសាសន៍បណ្ឌិត ម៉ី កល្យាន វ័យ ៦៣ ឆ្នាំ ដែលបច្ចុប្បន្នជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (SNEC)។
លោក កល្យាន បានចំណាយពេលជាងពាក់កណ្ដាលជីវិតរស់នៅទស្សនកិច្ច សិក្សា និងធ្វើការនៅជាង ១០០ ប្រទេសលើសកលលោក។ ទីបំផុតលោកបានវិលមកជួយអភិវឌ្ឍមាតុភូមិវិញកាលពី ៨ ឆ្នាំមុន។
កាលពីសប្ដាហ៍មុន លោក បណ្ឌិត ម៉ី កល្យាន បានចំណាយពេលជាងពីរម៉ោងចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធផ្ទាល់ខ្លួនទាំងនោះជាមួយកាសែតភ្នំពេញប៉ុស្ដិ៍ដោយចាប់ផ្ដើមពីចក្ខុវិស័យ បេសកកម្ម ប្រវត្តិការងារ និងបទពិសោធរបស់លោកបន្ទាប់ពីលោកទទួលបានអាហារូបករណ៍ចេញទៅសិក្សានៅប្រទេសជប៉ុនសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅក្នុងឆ្នាំ ១៩៧៤ គឺមុនរបបខ្មែរក្រហមដណ្ដើមអំណាចមួយឆ្នាំ។
ខ្មែរក្រហមដណ្ដើមអំណាចពីរបបសេនាប្រមុខ លន់ នល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ១៩៧៥។
ក្នុងតំណែងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលលោក បណ្ឌិត ម៉ី កល្យាន បានមានប្រសាសន៍ថាលោកបានចូលរួមជូនយោបល់ដល់រាជរដ្ឋាភិបាលមួយចំនួនដូចជាយុទ្ធសាស្រ្ដចតុកោណជំហានទី ៣ និងជូនយោបល់ជាច្រើនករណីទៀត។

លោកបណ្ឌិត ម៉ី កល្យាន ថតរូបជាមួយមិត្តភក្តិនៅមុខព្រះបរមរាជ្យវាំង។
លោកសង្ឃឹមថា ការជូនយោបល់ទៅរាជរដ្ឋាភិបាលអាចមានផលវិជ្ជមានខ្លះៗ។ «ខ្ញុំប្រាប់គេថាខ្ញុំអាយុប៉ុណ្ណឹងហើយខ្ញុំចង់និយាយអ្វីដែលមានប្រយោជន៍សម្រាប់ជាតិខ្ញុំព្រោះពេលអត់នៅយូរប៉ុន្មានទេអាយុ ៦០ ជាងហើយ។ ខ្ញុំចង់និយាយអ្វីដែលមានប្រយោជន៍សម្រាប់ទាំងអស់គ្នាគិតឲ្យចេញជាសកម្មភាព និងផលវិជ្ជមាន។
លោកមានប្រសាសន៍ថា លោកបានមើលឃើញពីមូលហេតុដែលបណ្ដាលឲ្យសេដ្ឋកិច្ចកម្ពុជាដើរក្នុងល្បឿនយឺតជាងបណ្ដាប្រទេសជាមិត្តក្នុងតំបន់គឺដោយធនធានមនុស្សនៅមានកម្រិតនោះគឺ «ការខ្វះគំនិត» ក្នុងការគិតគូរស្រាវជ្រាវកសាងយុទ្ធសាស្ដ្ររយៈពេលវែង។
លោកបានបញ្ជាក់ថា៖ «មនុស្សយើងស្អីៗទាំងអស់គឺពឹងទៅលើការគិតតែម្តង។ ការគិតមិនមែនស្រមើស្រមៃទេតែត្រូវមានគោលបំណងច្បាស់លាស់ ធ្វើបាន ឬក៏មិនបានលើការវិភាគច្បាស់លាស់នោះហើយ។ អាហ្នឹងជារឿងសំខាន់បំផុតសម្រាប់ប្រទេសយើង»។
លោកបានបន្ថែមថា៖ «ដូចយើងបើកឡានអ៊ីចឹងបើយើងបើកឡានអន់បើកលឿនអត់បានទេ។ អ៊ីចឹងទាល់តែយើងមើលពីប្រវត្ថិសាស្រ្តប្រទេសយើង។ ខ្ញុំយល់ពីការលំបាកនេះ។ បើចង់ឲ្យប្រទេសជឿនលឿនជាងមុនខ្មែរត្រូវដឹងថា តើយើងខ្លាំងកន្លែងណា? និងខ្សោយកន្លែងណា? កុំធ្វើតាមគេទាំងអស់ពេកចាំបាច់ត្រូវមានគោលជំហរខ្លួនឯងច្បាស់លាស់»។
លោកបានបន្ថែមថា៖ «ប្រទេសនេះចាំបាច់ត្រូវការបច្ចេកទេស និងពេលវេលាដើម្បីពង្រឹងស្ថាប័នបន្តិចម្តងៗដោយចាំបាច់ត្រូវគោរពច្បាប់ និងប្រើប្រាស់គំនិតដើម្បីបង្កើតទ្រព្យធន»។
លោក ម៉ី កល្យាន មានប្រសាសន៍ថា៖ «យើងជាប្រទេសតូចនៅទន់ខ្សោយ និងក្រីក្រនៅឡើយ។ បើយើងប្រៀបធៀបនឹងប្រទេសនៅក្នុងអាស៊ានយើងមានចំណូលក្នុងម្នាក់ៗសឹងតែធ្លាក់ដល់លេខ ៩ ឬ ១០ ទៅហើយ។ ច្បាស់ណាស់យើងជឿនលឿនជាងមុនបន្ដិច រស់នៅស្រួលជាងមុនបន្តិច ក៏ប៉ុន្តែយើងនៅក្រីក្រនៅឡើយ»។
ទោះយ៉ាងណាកម្ពុជានៅតែជាប្រទេសមានសក្ដានុពលខាងវិស័យកសិកម្ម ទេសចរណ៍ ព្រោះមានប្រាសាទបុរាណ មានទេសភាពទាក់ទាញជាងសិង្ហបុរីដែលដូនតាគេមិនបានបន្សល់ទុកអ្វីនោះតែមនុស្សដែលមាន «គំនិតជ្រៅ» បានធ្វើឲ្យសិង្ហបុរីក្លាយជាប្រទេសជឿនលឿនមួយក្នុងលោក។
រាជរដ្ឋាភិបាលកម្ពុជាបានគិតយកវិស័យ កសិកម្ម ទេសចរណ៍ វិស័យសំណង់ និងការនាំចេញសម្លៀកបំពាក់ជាសសរស្តម្ភ ៤ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចដែលឈានទៅដល់ការកាត់បន្ថយភាពក្រីក្របន្ដិចម្ដងៗពីកម្ពុជា។
បើតាមលោក ម៉ី កល្យាន វិស័យកសិកម្ម និងទេសចរណ៍ត្រូវតែបន្តរីកចម្រើន ក៏ប៉ុន្តែវិស័យសំណង់ត្រូវតែប្រយ័ត្នប្រយែងក្នុងការសាងសង់លើសពីតម្រូវការនោះអាចនាំមកនូវការខាតបង់ទៅវិញ។ កម្ពុជាមិនត្រូវពឹងលើរឿងកាត់ដេរតែមួយមុខទេដូច្នេះត្រូវធ្វើពិពិធកម្ម (Diversify) ដែលចាំបាច់ផលិតនូវអ្វីជាតម្លៃបន្ថែម។ «ខ្ញុំយល់ថាឥឡូវយើងកំពុងតែកែទម្រង់មិនមែនធ្វើមួយយប់បានទេ យើងត្រូវការវិស្វករជាងត្រូវការអ្នកវិទ្យាសាស្ដ្រនយោបាយ។ ខ្ញុំជឿថាយើងកំពុងតែត្រៀមខ្លួនធ្វើម៉េចឲ្យបត់បែនទៅតាមតម្រូវការទីផ្សារ»។
តាមគោលការណ៍សេដ្ឋកិច្ចជាទូទៅក្នុងប្រទេសជាច្រើនគេជ្រើសរើសរូបមន្តការអភិវឌ្ឍ ១/៣ លើវិស័យកសិកម្ម ១/៣ ឧស្សាហកម្ម និង ១/៣ សេវាកម្ម។ ប៉ុន្ដែតាមបរិបទបច្ចុប្បន្នវិសាលភាពនៃវិស័យកសិកម្មមានការធ្លាក់ភាគរយជាលំដាប់រីឯភាគរយនៃឧស្សាហកម្ម និងសេវាកម្មមាននិន្នាការកើនឡើង។ ប៉ុន្ដែសម្រាប់កម្ពុជានៅមានសក្ដានុពលយ៉ាងខ្លាំងចំពោះវិស័យកសិកម្មប្រសិនបើកម្ពុជាមានគោលនយោបាយគ្រប់គ្រងទឹកបានល្អ។ ជាផលទ្ធផល វិស័យកសិកម្មកម្ពុជាឆ្នាំ ២០១៤-២០១៥ កំណើនស្មើសូន្យ។
លោកជំរុញឲ្យរាជរដ្ឋាភិបាលកម្ពុជាមានយុទ្ធសាស្ដ្ររយៈពេលវែងក្នុងវិស័យអប់រំ នយោបាយទឹក អគ្គិសនី និងគិតគូរពីការប្រែប្រួលអាកាសធាតុ។ ទស្សនវិស័យវែងឆ្ងាយមួយគួរត្រូវបានគិតគូរទៅតាមទីតាំងភូមិសាស្ដ្ររបស់ខ្លួន។

លោកបណ្ឌិត ម៉ី កល្យាន ថតរូបជាមួយភរិយាពេលបញ្ចប់ការសិក្សា។
លោកបានថ្លែងថា៖ «ប្រទេសខ្មែរមានទន្លេសាបភ្នំក្រវាញមានទន្លេមេគង្គព្រមទាំងមានសណ្ឋានដីទាបជាងប្រទេស ថៃ និងឡាវ ដែលស័ក្តិសមនឹងគិតគូរពីយុទ្ធសាស្ដ្ររយៈពេលវែងបាន។ អ៊ីចឹងត្រូវមានយុទ្ធសាស្រ្តជាតិរយៈពេលយ៉ាងតិចពី ២០-៣០ ឆ្នាំឡើងទៅ។ «ខ្ញុំឃើញអ្វីដែលយើងកំពុងធ្វើសព្វថ្ងៃគឺនេះមួយចុបនោះមួយចុប មិនទាន់បានភ្ជាប់គ្នាក្នុងប្រព័ន្ធតែមួយនៅឡើយទេ»។
លោកបានសិក្សាឃើញថាកសិករខ្មែរបច្ចុប្បន្នមានជីវភាពយ៉ាប់យ៉ឺនជាងកម្មករនៅតាមរោងចក្រកាត់ដេរទៅទៀត។ សម្រាប់កម្មកររោងចក្រកាត់ដេរម្នាក់ដែលមានប្រាក់ខែត្រឹម ១៥០ ដុល្លារក្នុងមួយខែបើធ្វើការ ១២ ខែនោះស្មើនឹងកសិករម្នាក់ធ្វើស្រែម្នាក់ឯងលើដី ៦ ហិកតា។ កសិករខ្មែរខ្វះការជំរុញមិនមានភាពទាក់ទាញខ្លាំងទីបំផុតពួកគេបោះបង់ដីស្រែហើយរត់រកការងារនៅរោងចក្រ ឬធ្វើចំណាកស្រុកទៅក្រៅប្រទេស។ ដើម្បីលើកកម្ពស់វិស័យកសិកម្មរដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកា ២០ លានដុល្លារដើម្បីធ្វើការជំរុញ និងផលិតអង្ករក្រអូបដំណាំរួមផ្សំ និងបន្លែដើម្បីជំនួសការនាំចូលបន្លែពីវៀតណាមមធ្យមជាង ៤០០ តោនក្នុងមួយថ្ងៃ។ គម្រោងបន្ទាប់គឺគិតគូរដល់ទីផ្សារសម្រាប់លក់ផលិតផលដែលជាកង្វល់របស់កសិករជាទូទៅ។
លោកបានថ្លែងថា៖ «ខ្មែរយើងច្រើនមានទម្លាប់មួយទម្រាំតែរកកន្លែងលក់ឃើញគឺស្អុយទំនិញអស់។ បើរាប់ពី ១ ដល់ ១០ វិស័យកសិកម្មរបស់យើងនៅលេខ ៩.៨ ក្នុងក្របខ័ណ្ឌប្រទេសអាស៊ាន។ កង្វះការងារក្នុងស្រុកជាហេតុដែលនាំឲ្យពលករចំណាកស្រុកជាងកន្លះលាននាក់ចេញទៅធ្វើការនៅប្រទេសជិតខាង។
ឆ្លើយតបនឹងសំណួរថាតើនៅពេលប្រទេសមួយមានពលករធ្វើចំណាកស្រុកច្រើនមានន័យដូចម្ដេចចំពោះសេដ្ឋកិច្ច? លោក បណ្ឌិត ម៉ី កល្យាន បានឆ្លើយថាដោយសារតែយើងអត់មានការធ្វើទើបទៅស៊ីឈ្នួលគេក៏ប៉ុន្តែក៏មានប្រយោជន៍ខ្លះៗដែរព្រោះទៅធ្វើការឲ្យគេទៅបានប្រាក់ខែច្រើនគួរសមដែរថែមទាំងចេះវិន័យមួយចំនួនផង។ កម្ពុជាត្រូវការពេលវេលាគ្រប់គ្រាន់ និងវិនិយោគលើបច្ចេកទេស និងរបៀបគ្រប់គ្រងបច្ចេកទេស ទីផ្សារ ទំនាក់ទំនង ដោយត្រូវបង្កើតជាប្រព័ន្ធទាំងអស់។ ត្រូវមានចក្ខុវិស័យវែងឆ្ងាយ។ ទន្ទឹមនឹងនោះគោលនយោបាយការបរទេស (Foreign Policy) គួរប្រើជាឧបករណ៍ក្នុងការទាក់ទាញទេសចរ និងផ្សព្វផ្សាយពីកម្ពុជា។ ជាទូទៅមានភាពវិជ្ជមានច្រើនក្នុងការយល់ដឹងពីស្រុកខ្មែរ។
«តាំងពីខ្ញុំមកស្រុកខ្មែរ ៨ ឆ្នាំមុនខ្ញុំយល់ថាតម្លាភាពមានភាពល្អជាងមុនច្រើន។ គោលនយោបាយរដ្ឋាភិបាលចង់ធ្វើអីៗវាច្បាស់លាស់ជាងមុនហើយអ្នកវិនិយោគក៏បានយល់ដឹងជាងមុនដែរក៏ប៉ុន្តែយើងត្រូវខំប្រឹងទៅមុខទៀត»។
សូមបញ្ជាក់ថាលោក ម៉ី កល្យាន ជាកូនគ្រូបង្រៀនក្នុងគ្រួសារជីវភាពមធ្យមមួយក្នុងទឹកដីខេត្តកំពង់ចាមលោក កល្យាន កើតនៅឆ្នាំ ១៩៥៣ ជាឆ្នាំដែលព្រះករុណាសម្ដេចឪ ព្រះនរោត្តម សីហនុ ដឹកនាំទាមទារបានឯករាជ្យពីអាណានិគមបារាំង។

លោកបណ្ឌិត ម៉ី កល្យាន ថតរូបជាមួយនឹងមិត្តភក្តិនៅក្នុងប្រទេស ជប៉ុន។
កាលនៅកុមារឪពុករបស់លោកបានយកលោកទៅរស់នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ឆ្នាំ ១៩៧១ លោករៀននៅសាលាស៊ីសុវត្ថិហើយបន្តការសិក្សានៅសាលាតិចណូនៅឆ្នាំ ១៩៧២ ដល់ឆ្នាំ ១៩៧៤ ក្នុងក្រុងភ្នំពេញ។
ក្នុងអំឡុងពេលនោះសម្ពាធពីកម្លាំងខ្មែរក្រហមកាន់តែខ្លាំងឡើងៗបង្កឲ្យសង្គម និងនយោបាយនៃរបបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ ច្របូកច្របល់ភ្លើងសង្គ្រាមកាន់តែខិតជិតមករាជធានីភ្នំពេញរីឯតំបន់មួយចំនួនរងការទម្លាក់គ្រាប់បែករាប់សិបតោនពីសំណាក់កងទ័ពអាមេរិកផងដែរ។ គ្រាប់កាំភ្លើងត្បាល់នៅពេលខ្លះបានធ្លាក់នៅក្បែរសាលារៀនរបស់លោកហើយមានជនស៊ីវិលជាច្រើនបានស្លាប់ឈាមស្រស់ៗនៅនឹងភ្នែក។ ឆ្នាំ ១៩៧៤ លោក កល្យាន ទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនរហូតដល់ឆ្នាំ ១៩៨៤ (សាកលវិទ្យាល័យ Kobe, Japan) ថ្នាក់បណ្ឌិតផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច។
លោកបានរំឭកថា៖ «ខ្ញុំរស់នៅប្រទេសជប៉ុនប៉ាស្ព័រក៏អត់មានគ្រួសារក៏អត់មានហើយសឹងតែគ្មានប្រទេសគ្មានសញ្ជាតិតែម្ដង។ ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុនត្រូវបានកាត់ផ្ដាច់ទាំងស្រុង»។ ដោយរស់នៅ និងសិក្សានៅបរទេសជាង ៣ ទសវត្សរ៍ បណ្ឌិត ម៉ី កល្យាន បានទទួលធ្វើកិច្ចការសំខាន់ៗជាច្រើនដែលជាទុនដ៏សម្បើមសម្រាប់ចែករំលែកដល់យុវជនជំនាន់ក្រោយ។
ចន្លោះឆ្នាំ ១៩៨៤-១៩៨៧ លោកធ្វើជាមន្រ្តីហិរញ្ញវត្ថុនៅផ្នែកហិរញ្ញវត្ថុអន្តរជាតិនៃក្រុមហ៊ុន Kanematsu Gosho Ltd, មានទីស្នាក់ការនៅទីក្រុងតូក្យូ។ ក្នុងនាមជាមន្រ្តីហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាំចេញនាំចូលមួយលោកត្រូវទទួលខុសត្រូវក្នុងការបង្កើត និងសម្របសម្រួលកញ្ចប់ហិរញ្ញវត្ថុសម្រាប់សម្ភារធុនធ្ងន់ និងគ្រឿងម៉ាស៊ីនដែលក្រុមហ៊ុននាំចេញត្រួតពិនិត្យការងារ និងសាខារបស់ក្រុមហ៊ុននៅក្រៅប្រទេស និងរៀបចំការសិក្សាស្រាវជ្រាវទៅលើឱកាសនៃគម្រោងវិនិយោគ និងដំណើរការងារដែលសង្កត់ធ្ងន់តាំងពីវិស័យកសិកម្មរហូតដល់ឧស្សាហកម្ម និងសេវាកម្ម។
លោកបានវិលត្រឡប់មកកម្ពុជាវិញនៅឆ្នាំ ១៩៩៣ ក្រោយបោះឆ្នោតដំបូងដែលជួយជ្រោមជ្រែងដោយអង្គការសហប្រជាជាតិ (UNTAC)។
លោកបានជួប លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រីទី ២ នៃអាណត្តិទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា។ នៅខណៈនោះក្នុងនាមជាអ្នកបច្ចេកទេសកសិកម្មរបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោកលោក កល្យាន បានកសាងទំនាក់ទំនងនៅកម្ពុជាឡើងវិញ។
ចន្លោះឆ្នាំ ១៩៩៥-១៩៩៧ លោកជាសេដ្ឋវិទូផ្នែកកសិកម្មនៃក្រុមហ៊ុន IC Net Limited នៅប្រទេសជប៉ុន។ ដោយសារហេតុផលផ្ទាល់ខ្លួនលោកបានសុំព្យួរការងាររយៈពេល ២ ឆ្នាំនៅអង្គការស្បៀងអាហារពិភពលោក FAO។

រូបថត លោក ម៉ី កល្យាន ថតជាមួយក្រុមគ្រួសារនៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។
លោកក៏ត្រូវបានចាត់ឲ្យធ្វើការងារនៅក្នុងគម្រោងការងាររបស់អង្គការ JICA ដែលជាភ្នាក់ងារជំនួយទ្វេភាគីរបស់ជប៉ុននៅផ្នែកអភិវឌ្ឍន៍កសិកម្ម និងជនបទ។ ជាផ្នែកនៃការងារនេះលោកបានចូលរួមក្នុងបេសកកម្មកំណត់អត្តសញ្ញាណនៅប្រទេសកម្ពុជា និងមីយ៉ានម៉ា និងការសិក្សាផែនការមេថ្នាក់តំបន់ក្នុងប្រទេសថៃ។ ភារកិច្ចចម្បងរបស់លោកគឺការសិក្សាស្រាវជ្រាវពីកសិកម្មប្រទេសថៃការកំណត់នូវសក្តានុភាព និងឧបសគ្គក្នុងការអភិវឌ្ឍកសិកម្មធ្វើការណែនាំនូវគោលនយោបាយអភិវឌ្ឍន៍កសិកម្ម និងស្នើលើកឡើងនូវគម្រោង និងកម្មវិធីនានាសម្រាប់ការអភិវឌ្ឍកសិកម្ម។
ចំន្លោះឆ្នាំ ១៩៨៨-២០០៨ លោកធ្លាប់ធ្វើជាសេដ្ឋវិទូជាន់ខ្ពស់នៃកម្មវិធីកិច្ចសហប្រតិបត្តិរវាងអង្គការស្បៀងអាហារពិភពលោក និងធនាគារពិភពលោក។
អស់រយៈពេល ១៨ ឆ្នាំលោកបានចូលរួម និងដឹកនាំបេសកកម្មជាច្រើនសម្រាប់គម្រោងការងារវិនិយោគរួមមានផែនការណ៍យុទ្ធសាស្រ្តហិរញ្ញវត្ថុ វិស័យ និងអនុវិស័យជនបទព្រមទាំងគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចនានាជាច្រើនទៀត។ ការងារក្នុងគោលនយោបាយ និងវិស័យជនបទរួមមានការត្រួតឡើងវិញនូវគោលនយោបាយហិរញ្ញវត្ថុ កសិកម្ម និងសេដ្ឋកិច្ចក៏ដូចជាផលប៉ះពាល់ផ្សេងៗនៃផែនការជាតិ និងផែនការអភិវឌ្ឍនានា។
សរុបមកលោកបានចូលរួមបំពេញបេសកកម្មចំនួន ៦០ ដែលគ្របដណ្តប់លើ ១៥ ប្រទេសក្នុងទ្វីបអាស៊ី ១៤ ប្រទេសក្នុងទ្វីបអាហ្វ្រិក និងមួយប្រទេសនៅទ្វីបអឺរ៉ុបខាងកើត។
នៅអំឡុងឆ្នាំ ២០០៣-២០០៤ លោកបានបញ្ជូនឲ្យទៅប្រចាំការនៅទីក្រុងម៉ានីលដើម្បីបំពេញការងារឲ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
លោក កល្យាន បានចូលនិវត្តន៍ត្រឹមអាយុ ៥៥ ឆ្នាំ។ ចាប់ឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ននេះលោកមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់របស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិដែលមានឋានៈស្មើរដ្ឋមន្ដ្រី។ ស្ថាប័ននេះជាអ្នកបង្កើតគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងផ្តល់យោបល់ទៅឲ្យនាយករដ្ឋមន្រ្តី។
លោកបានចូលរួមជួយការងារគោលនយោបាយកាលពីពេលថ្មីៗរបស់ស្ថាប័នរួមមានការលើកកម្ពស់ទិន្នផលស្រូវ និងការនាំចេញអង្ករយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ចក្ខុវិស័យឆ្នាំ ២០៣០។
បណ្ឌិត កល្យាន ត្រូវបានតែងតាំងជាប្រធានទី ១ នៃគណៈកម្មាធិការនាយកនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកគឺជាសមាជិកនៃក្រុមប្រឹក្សាភិបាលនៃធនាគារ CIMB និងក្រុមហ៊ុនធានារ៉ាប់រងជីវិតរបស់អង់គ្លេស Prudential។
លោក កល្យាន ចេះនិយាយ និងសរសេរបារាំង អង់គ្លេស និងជប៉ុន ចិន និងអ៊ីតាលីយ៉ាងស្ទាត់ជំនាញ៕
សូមប្រិយមិត្តរង់ចាំអានវគ្គ ២ នៅថ្ងៃសុក្រសប្ដាហ៍ក្រោយ។ រាយការណ៍បន្ថែមដោយ តាំង រីនិត្យ/VIDEO
ច្រឡំអាយុឬ បូលលេខខុសឬយ៉ាងណា ដែលជាទូទៅ អាយុ នេះ បានត្រឹមជាប់បាក់ឌុប នៅឡើយនៅឆ្នាំ ១៩៧៤ បើរៀនពីអាយុ ៦ ឬ ៧ ឆ្នាំ នោះ???
រៀនពីឆ្នាំណាមក????
A lot of scholarships were usually given to students who received high score for their year 12 exams (Bac II). You need to understand how students received scholarships from Japan or Australia during 1960-1974. So I believe the author is right. Hopefully this guy help Cambodia develop in the right way.