ឌុច អះអាង​អំពី​ចំណារ​លើ​ឯកសារ​គុក​ទួល​ស្លែង​ខ្លះ​ថា​ជា​ចំណារ​របស់​ជន​ជាប់​ចោទ នួន ជា

ដោយ ឡេង ម៉ាលី
2016-06-21
RFA

កាំង ហ្កេកអ៊ាវ ហៅ ឌុច ២០១៦ ៨៥៥
អតីត​ប្រធាន​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង ក្នុង​របប​ខ្មែរ​ក្រហម លោក កាំង ហ្កេកអ៊ាវ ហៅ ឌុច ធ្វើ​ជា​សាក្សី​នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២ ទាក់ទង​នឹង​អង្គហេតុ​ឧក្រិដ្ឋកម្ម​នៅ​មន្ទីរ​សន្តិសុខ ស-២១ ឬ​គុក​ទួលស្លែង នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៦។ Photo courtesy of ECCC


អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ច័ន្ទ ទី​២០ មិថុនា បន្ត​ស្ដាប់​សក្ខីកម្ម​របស់​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «២១» ឬ​គុក​ទួល​ស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច។ ការ​ផ្ដល់​សក្ខីកម្ម​បន្ត​នេះ គឺ​ទាក់ទង​នឹង​ការ​ផ្ទៀងផ្ទាត់​ឯកសារ​សួរ​ចម្លើយ​អ្នក​ទោស​នៅ​គុក​ទួល​ស្លែង ដែល​ជា​ភស្តុតាង​ប្រឆាំង​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន នៅ​ក្នុង​សំណុំ​រឿង​០០២ វគ្គ​២។

សាក្សី ឌុច អះអាង​ថា​ឯកសារ​ដែល​អង្គ​ជំនុំ​ជម្រះ​លើក​យក​មក​ក្នុង​សវនាការ ជា​ចំណារ​របស់​ជន​ជាប់​ចោទ នួន ជា៖ «អក្សរ​របស់​បង នួន នេះ ខ្ញុំ​ស្គាល់​ចាប់​តាំង​ពី​ពេល​គាត់​ទៅ​គ្រប់គ្រង​ខ្ញុំ។ គាត់​មិន​សរសេរ​សំបុត្រ​ដើរ​ផ្លូវ​ទេ តែ​គាត់​មាន​ណែនាំ​មក​ជា​កូន​សំបុត្រ​តូចៗ ខ្លីៗ។ គាត់​ចុះ​ហត្ថលេខា គាត់​អត់​ដាក់​ឈ្មោះ នួន ទេ គាត់​ដាក់​ឈ្មោះ បួន។ សំបុត្រ​ហ្នឹង ខ្ញុំ​បាន​ទទួល​ក្នុង​មួយ​រយៈ​កាល​ក្រោយ​ថ្ងៃ​១៥ សីហា ឆ្នាំ​១៩៧៧ រហូត​ដល់​ថ្ងៃ​៦ មករា ឆ្នាំ​១៩៧៩ នេះ យ៉ាង​ច្រើន ៤​ច្បាប់​ខ្លីៗ។ អក្សរ​នោះ​ជ្រុងៗ អ៊ីចឹង​នេះ​ខ្ញុំ​ចាំ។ ដូច្នេះ​បាន​ខ្ញុំ​បញ្ជាក់​ជូន​តុលាការ​ថា អក្សរ​ខាង​ក្រោម​ស្រួល​មើល នាំ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ថា ចំណារ​នេះ​ជា​ចំណារ​បង នួន»

សាក្សី ឌុច នៅ​តែ​បញ្ជាក់​សក្ខីកម្ម​របស់​លោក​ថា ការ​ចាប់​មនុស្ស​យក​ទៅ​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ និង​សម្លាប់​នៅ​មន្ទីរ​សន្តិសុខ «២១» គឺ​ជា​ការ​សម្រេច​ដោយ​គណៈ​មជ្ឈិម​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា។ ការ​ស្ដាប់​សក្ខីកម្ម​របស់​សាក្សី ឌុច អំពី​រឿងរ៉ាវ​នៅ​គុក​ទួល​ស្លែង​នេះ នឹង​ត្រូវ​ធ្វើ​បន្ត​ទៀត​នៅ​អង្គារ ទី​២១ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ឌុច អះអាង​អំពី​ចំណារ​លើ​ឯកសារ​គុក​ទួល​ស្លែង​ខ្លះ​ថា​ជា​ចំណារ​របស់​ជន​ជាប់​ចោទ នួន ជា"

  1. people says:

    The real criminal is communist china&communist veitname ”.They help K-R weapon&troops’ then they make cambodia as the battlefield for them(CHINA&VEITNAME ) then at the end veitcong invade cambodia and rob&steal everything then let cambodian people survive by U_N .this court can’t get the justice for cambodian people because the criminals still walk free .GOD bless all cambodian people’