វប្បធម៌
លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូប និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា A Cambodian Survivor’s Odyssey ឬ ជាភាសាខ្មែរថា «ដំណើរជីវិត» ផ្តល់បទសម្ភាសន៍ជាមួយ VOA នៅឯគេហដ្ឋានលោកស្រីក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
04 សីហា 2016
វីអូអេខ្មែរ
អ្នកស្រី ជា វណ្ណាត វ័យ៧៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ អ្នកស្រីកើតក្នុងឆ្នាំ១៩៤៣គឺក្នុងកំឡុងពេលដែលកម្ពុជាមានចលនាបះបោរតស៊ូដើម្បីរំដោះខ្លួនចេញពីអាណានិគមបារាំង។ អ្នកស្រីជាកូនទី៥ក្នុងចំណោមបងប្អូន៩នាក់ ដែលមានម្តាយជាមេផ្ទះ និងឪពុកជាជាងទង និងលក់ដូរគ្រឿងអលង្ការ។
កើតក្នុងទ្រនំគ្រួសារធូរធារគឺជាភ័ព្វព្រេងវាសនាមួយ ក៏ប៉ុន្តែវាមិនមែនជាសំណាងពេញមួយជីវិតនោះទេ។ អ្វីៗអាចប្រែប្រួល។ ក្លាយពីកូនអ្នកលក់គ្រឿងអលង្កាមកជាមន្ត្រីរាជការ ជាជនភៀសខ្លួន ជាអ្នកស៊ីឈ្នួលបេះផ្លែស្រ្តប៊ែរី (strawberry) ជាអ្នកស្ម័គ្រចិត្តបម្រើការងារ ជាបុគ្គលិកអង្គការ អ្នកស្រី និងរហូតក្លាយជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍសង្គមគឺជាខ្សែជីវិតរបស់អ្នកស្រី ជា វណ្ណាត។ អ្នកស្រីបានរស់នៅ និងសម្របខ្លួនទៅតាមបរិបទសង្គម ជីវិតនៅប្រទេសកម្ពុជាដែលធ្លាប់តែរីកចម្រើនក្នុងសម័យសង្គមរាស្រ្តនិយម ជីវិតក្នុងរបបប្រល័យពូជសាសន៍ ជីវិតនៅសហរដ្ឋអាមេរិក និងជីវិតដែលវិលត្រឡប់មកធ្វើការនៅកម្ពុជាវិញ។
អ្នកស្រីជា វណ្ណាត បច្ចុប្បន្ននេះគឺជាអ្នកវិភាគឯករាជ្យ បន្ទាប់ពីអ្នកស្រីបានលាលែងពីតំណែងជាប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម។
ថ្មីៗនេះ អ្នកស្រីបានសម្ពោធសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ជាភាសាខ្មែរ និងជាភាសាអង់គ្លេស មានចំណងជើងថា «A Cambodian Survivor’s Odyssey» និង«ដំណើរជីវិត» ។ សៀវភៅនេះរៀបរាប់អំពីការតស៊ូរបស់ខ្លួនឆ្លងកាត់របបនយោបាយចំនួន៦ ដែលធ្វើឲ្យអ្នកស្រីយល់អំពីជីវិតតស៊ូដែលសម្របទៅនឹងសង្គមដែលតែងតែប្រែប្រួល។

សៀវភៅ A Cambodian Survivor’s Odyssey ឬ ជាភាសាខ្មែរ «ដំណើរជីវិត» របស់លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
«ជីវភាពរស់នៅក្នុងសម្បត្តិស្តុកស្តម្ភសុខស្រួល បិទបាំងខ្ញុំមិនឲ្យដឹងយល់អំពីការណ៍ពិតនៃស្ថានការណ៍ស្រុកទេសក្នុងពេលនោះឡើយ»។ នេះជាអ្វីដែលអ្នកស្រីជា វណ្ណាតបានសរសេរក្នុងសៀវភៅនោះ។
អ្នកស្រីជា វណ្ណាត វ័យ៧៤ឆ្នាំ មានស្រុកកំណើតនៅខេត្តពោធិ៍សាត់។ អ្នកស្រីកើតក្នុងឆ្នាំ១៩៤៣គឺក្នុងកំឡុងពេលដែលកម្ពុជាមានចលនាបះបោរតស៊ូដើម្បីរំដោះខ្លួនចេញពីអាណានិគមបារាំង។ អ្នកស្រីជាកូនទី៥ក្នុងចំណោមបងប្អូន៩នាក់ ដែលមានម្តាយជាមេផ្ទះ និងឪពុកជាជាងទង និងលក់ដូរគ្រឿងអលង្ការ។
តែក្រោយមក ដោយសារតែខេត្តពោធិ៍សាត់ពុំសូវមានសុវត្ថិភាពដោយសារតែមានបណ្តុំក្រុមចលនាតស៊ូខ្មែរឥស្សរៈ និងខ្មែរវៀតមិញ គ្រួសារអ្នកស្រីផ្លាស់ប្តូរមកនៅក្នុងទីក្រុងភ្នំពេញនាដើមទសវត្ស១៩៥០ ដោយប្រកបមុខរបរដដែល។
ការប្រឡូកក្នុងការងារលើកដំបូង និងជីវិតគ្រួសារ៖

លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យមួយរូប និងជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា A Cambodian Survivor’s Odyssey ឬ ជាភាសាខ្មែរថា «ដំណើរជីវិត» ធ្វើបទបង្ហាញអំពីសៀវភៅដែលជាស្នាដៃថ្មីរបស់លោកស្រី ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
អ្នកស្រីវណ្ណាតធំដឹងក្តីក្នុងគ្រួសារអ្នកជំនួញ ប៉ុន្តែនៅអាយុ២៣ឆ្នាំ អ្នកស្រីចាប់យកការងារជាមន្ត្រីរាជការនៅឯអគ្គនាយកដ្ឋានរតនាគារជាតិ។ មុននឹងចូលធ្វើការ អ្នកស្រីឆ្លងកាត់ការសិក្សាជំនាញហិរញ្ញវត្ថុរយៈពេល២ឆ្នាំ នៅឯសាលាភូមិន្ទរដ្ឋបាលដែលជាសាលាបណ្តុះបណ្តាលនិស្សិតសម្រាប់ចូលបម្រើការងារក្នុងជួររដ្ឋាភិបាល។ អ្នកស្រីជានារីតែម្នាក់គត់ក្នុងថ្នាក់រៀនដែលមាននិស្សិតផ្នែកហិរញ្ញវត្ថុចំនួន២០នាក់។
«ចូលរៀន ខាងស្រីម្នាក់ឯងអញ្ចឹង គេឲ្យអង្គុយតុមួយ អង្គុយម្នាក់ឯង តុវែងណា៎។ អង្គុយម្នាក់ឯង មិនមានអ្នកណាហ៊ានមកអង្គុយជិតអីទេ ព្រោះសម័យនោះទំនាក់ទំនងស្រ្តី និងបុរសនៅមានការអៀនខ្មាស»។
នៅថ្ងៃទទួលសញ្ញាប័ត្រនៅឆ្នាំ១៩៦៦ ក្រុមគ្រួសារ និងម្តាយឪពុករបស់អ្នកស្រីជា វណ្ណាតបានរៀបចំឲ្យអ្នកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោកគី ប៊ុនយៀប។ ប្តីរបស់អ្នកស្រីជាពេទ្យទាហាន ដែលក្រោយមកមានឋានន្តរសក្តិជាវរសេនីយ៍ត្រីក្នុងកងទ័ពសាធារណរដ្ឋខ្មែរ។ អ្នកស្រីមានកូនប្រុសតែម្នាក់គត់គឺលោកគី វណ្ណឫទ្ធិ អាយុ៤៩ឆ្នាំ ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិក។
ក្នុងនិងក្រោយរបបប្រល័យពូជសាសន៍៖
ក្នុងសៀវភៅ«ដំណើរជីវិត» អ្នកស្រីប្រើសិល្ប៍សាស្រ្តទាក់ទាញអ្នកអានដោយរៀបរាប់រឿងជីវិតពិត តែផ្សារភ្ជាប់នឹងសុបិនដ៏រន្ធត់មួយរបស់អ្នកស្រីក្នុងឆ្នាំ១៩៧៥ មិនយូរប៉ុន្មានមុនពេលខ្មែរក្រហមឡើងកាន់អំណាច។

អ្នកចូលរួមម្នាក់កំពុងអានសៀវភៅ A Cambodian Survivor’s Odyssey ឬ ជាភាសាខ្មែរ ថា «ដំណើរជីវិត» របស់លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យនៅក្នុងថ្ងៃដាក់សម្ពោធសៀវភៅនេះ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/ VOA)
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ អ្នកស្រីត្រូវបានជម្លៀសពីភ្នំពេញទៅស្រុកកោះធំ ហើយអ្នកស្រីត្រូវបានកម្មាភិបាលខ្មែរក្រហមប្រើឲ្យធ្វើការជាដំណំដូចប្រជាពលរដ្ឋដែលរងគ្រោះដទៃទៀតក្នុងសម័យនោះដែរ។ នៅពេលនោះ អ្នកស្រីធ្វើស្រែ បេះស្លឹកថ្នាំជក់ និងធ្វើការងារផ្សេងៗទៀត។
ក្រោយពីរបបនេះដួលរលំ អ្នកស្រីវិលត្រឡប់មកភ្នំពេញវិញ។ តែក្រោយមក អ្នកស្រីក៏សម្រេចចិត្តចាកចេញពីភ្នំពេញវិញ ដោយសារពុំមានសុវត្ថិភាព។ អ្នកស្រីធ្វើដំណើរទៅជំរំជនភៀសខ្លួននៅឯព្រំដែនខ្មែរ-ថៃ។ វាគឺជាដំណើរផ្សងពេ្រងដែលពិបាកបំផុត។ តាមផ្លូវ អ្នកស្រី ស្វាមី និងកូនត្រូវរត់ ត្រូវជិះកង់ ជិះម៉ូតូ និងជិះឡានផង កាត់ព្រៃ និងគេចគ្រាប់កាំភ្លើង គ្រាប់ផ្លោងរបស់កងទ័ពខ្មែរក្រហម និងកងទ័ពវៀតណាម។
ទីបំផុត អ្នកស្រីបានសិទ្ធិស្នាក់នៅជំរំជនភៀសខ្លួននៅឯព្រំដែននៃប្រទេសកម្ពុជា និងថៃគឺជំរំខាវអ៊ីដាង ជំរំឆុនបូរី និងជំរំលំភីនី។ មុននឹងទៅដល់សហរដ្ឋអាមេរិក អ្នកស្រីត្រូវបន្តស្នាក់នៅជំរំជនភៀសខ្លួនម៉ារ៉ុង បាតាអាន នៅឯប្រទេសហ្វីលីពីនមួយរយៈ។ នៅទីនោះគឺជាលើកទី១ ដែលអ្នកស្រីហ៊ានប្រឈមមុខនឹងការថ្លែងទៅកាន់មនុស្សជាច្រើនក្នុងអង្គប្រជុំដែលមិនចុះសម្រុងគ្នាលើអំពើពុករលួយក្នុងការចែកស្បៀងក្នុងជំរំ ហើយជាពេលដែលអ្នកស្រីចាប់ផ្តើមការងារជាអ្នកស្ម័គ្រចិត្ត ជាបន្តបន្ទាប់។

ទិដ្ឋភាពទូទៅនៃកម្មវិធីដាក់សម្ពោធសៀវភៅ A Cambodian Survivor’s Odyssey ឬ ជាភាសាខ្មែរ «ដំណើរជីវិត» របស់លោកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
ទីបំផុត អ្នកស្រីបានទៅដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨១ រស់ក្នុងរដ្ឋOregon។ ដោយមិនចេះចង់សម្រាកក្នុងជីវិត អ្នកស្រីធ្វើការបណ្តើរ និងបន្តការសិក្សាបណ្តើរ រហូតបានចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធាណៈពីសាកលវិទ្យាល័យរដ្ឋ Portland។
ពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៩២ នៅសហរដ្ឋអាមេរិក អ្នកស្រីធ្វើការជាបុគ្គលិកអង្គការ និងចុងក្រោយជាអ្នកជំនាញកម្មវិធីជនភៀសខ្លួនប្រចាំរដ្ឋ Oregonនៅនាយកដ្ឋានធនធានមនុស្ស។
ការវិលត្រឡប់មកមាតុភូមិ និងរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍកម្ពុជា៖
អ្នកស្រីជា វណ្ណាត ដែលមានសក់ខ្លីប្រះស្មា និងមានលាយស្កូវខ្លះៗ បច្ចុប្បន្នរស់នៅក្នុងផ្ទះដីឡូតិ៍មួយដែលស្ថិតនៅក្បែរសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ ក្នុងទីធ្លារបស់ផ្ទះអ្នកស្រីមានដាំផ្កាតាមរបង និងតាមទីធ្លាខាងមុខ។
អ្នកស្រីត្រឡប់មកមាតុភូមិកម្ពុជាវិញនៅឆ្នាំ១៩៩២ ដោយរួមដំណើរជាមួយក្រុមស្ម័គ្រចិត្តខ្មែរអាមេរិកាំងដទៃទៀត រួមមានអ្នកស្រីធីតា ឃឹះ ប្រធានអង្គការសីលការផងដែរ។ អ្នកស្រីបានឲ្យដឹងថា អ្នកស្រីសម្រេចចិត្តវិលមកវិញគឺដោយសារតែអ្នកស្រីចង់ជួយចូលរួមចំណែកស្តារមាតុភូមិកម្ពុជាឡើងវិញ បន្ទាប់ពីប្រទេសនេះត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម។
ក្នុងឆ្នាំ១៩៩៦ អ្នកស្រីចូលធ្វើការជាអនុប្រធាននៃមជ្ឈមណ្ឌលអភិវឌ្ឍសង្គម។ មួយឆ្នាំក្រោយមក អ្នកស្រីទទួលតំណែងជាប្រធាន បន្ទាប់ពីការលាឈប់របស់លោកប៉ុក ថន។
បង្កើតក្នុងឆ្នាំ១៩៩៥ មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមគឺជាអង្គការមួយបង្កើតឡើងក្នុងគោលបំណងលើកស្ទួយ និងជំរុញឲ្យមានអភិបាលកិច្ចល្អ តាមរយៈការកសាងស្ថាប័ន និងអនុលោមតាមគោលការណ៍ប្រជាធិបតេយ្យ។ ក្នុងតំណែងជាប្រធាន អ្នកស្រីបានផ្តួចផ្តើមបង្កើតវេទិកាជជែកដេញដោលដំបូងបង្អស់ ជាសាធារណៈក្នុងការស្វែងរកដំណោះស្រាយបញ្ហាសង្គមនានា ក៏ដូចជាការស្ទង់មតិថ្នាក់ជាតិលើកដំបូងទៅលើករណីអំពើពុករលួយ និងកម្មវិធីសិក្សាថ្នាក់ជាតិទៅលើតម្លាភាព និងការទទួលខុសត្រូវនៃអភិបាលកិច្ច។
មុននឹងចូលនិវត្តន៍ អ្នកស្រីបានទទួលការតែងតាំងជាបេក្ខនារីក្នុងចំណោមបេក្ខជន១០០០នាក់សម្រាប់ទទួលពានរង្វាន់ណូបែលសន្តិភាពក្នុងឆ្នាំ ២០០៥។
ពេលចូលនិវត្តន៍ និងការធ្វើវិប្បស្សនា៖
បន្ទាប់ពីបានកាន់តំណែងជាប្រធាននៃមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គម អ្នកស្រីបានចូលនិវត្តន៍នៅឆ្នាំ២០០៦ ហើយអ្នកស្រីធ្វើការងារស្ម័គ្រចិត្តជាទីប្រឹក្សា និងជាអ្នកវិភាគបញ្ហាសង្គម។ មិនតែប៉ុណ្ណោះ អ្នកស្រីបានចំណាយពេលជាង១០ឆ្នាំដើម្បីសរសេរ និងចងក្រងសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន ក្នុងគោលបំណងដាស់តឿនអ្នកអានដែលជាយុវវ័យជំនាន់ថ្មីឲ្យធ្វើអ្វីគិតអំពីប្រយោជន៍សង្គម និងមនុស្សជាតិ។
«ដោយសារបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំឆ្លងកាត់៦របបនយោបាយ អ្វីដែលខ្ញុំនិយាយក្នុងសៀវភៅហ្នឹងគឺថា អ្វីដែលជាកុសល អំពើល្អ អំពើល្អចំពោះខ្លួនឯងផង ចំពោះសង្គមផង ចំពោះមនុស្សជាតិជាទូទៅផង ក្នុងការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ។ ជាមនុស្សមានការតស៊ូ ហើយធំបំផុតគឺមានការជឿជាក់មកលើខ្លួនឯង»។
អ្នកស្រីជា វណ្ណាតអង្គុយនៅបង់មុខផ្ទះ ពាក់អាវពណ៌ខ្មៅ លាយផ្កាពណ៌លឿងរង្វើលៗ និងមានបង់កកន្សែងពណ៌លឿងផងដែរ។ អ្នកស្រីបានរំឭកអំពីគុណរបស់ម្តាយឪពុករបស់អ្នកស្រី។ អ្នកស្រីឲ្យដឹងថា វាជាភ័ព្វសំណាងមួយដែលអ្នកស្រីកើតក្នុងក្រុមគ្រួសារមួយដែលតែងតែលើកទឹកចិត្ត និងឲ្យតម្លៃស្មើគ្នារវាងកូនស្រី និងកូនប្រុស។
«លោកឪពុកនៅជំនាន់ហ្នឹងហាក់ដូចជាមានគំនិតជឿនលឿនច្រើន ត្រង់មិនចាត់ទុកថា កូនស្រីហ្នឹងអន់ជាងកូនប្រុស ភេទស្រីទន់ខ្សោយជាងភេទប្រុសអី។ លោកអត់បានដាក់ទម្ងន់មកលើកូនស្រីៗអី គឺអត់ទេ។ ផ្ទុយទៅវិញលោកយល់ឃើញថា ឲ្យកូនស្រីចេះរស់ ដោយមិនឲ្យមានប្តី ចេះតែពឹងប្តី ធ្វើអីមិនកើត។ លោកអត់អប់រំអញ្ចឹងទេ គឺថា កូនស្រីហ្នឹងមានទំនុកចិត្តមកលើខ្លួនឯង ចេះដោះស្រាយបញ្ហាដោយខ្លួនឯង»។
ក្រៅពីការសរសេរសៀវភៅ អ្នកស្រីចំណាយពេលមួយចំនួនអនុវត្តនូវសមាធិ និងវិប្បស្សនា។ អ្នកស្រីតែងតែចងចាំអនុស្សាវរីយ៍ និងទំនាក់ទំនងស្និទ្ធស្នាលជាមួយជីដូន ពិសេសគឺពេលដែលអង្គុយសូត្រធម៌ជាមួយអ្នកស្រីកាលពីនៅអាយុ៤ ឬ៥ឆ្នាំ។ អ្នកស្រី ចង់បង្ហាញពីអត្ថប្រយោជន៍នៃការធ្វើវិប្បស្សនាទៅកាន់យុវជន។
«កាលណាយើងរៀនវិប្បស្សនា យើងប្តូររបៀបមើល ប្តូររបៀបគិត។ មនុស្សយើងម្នាក់ៗចេះតែប្រតិកម្មលើអ្វីជុំវិញខ្លួនយើង។ ប្រតិកម្មហ្នឹងហើយវាកើតជាផ្នត់ ផ្នត់យើង។ វាជួយឲ្យយើងមានលំនឹងផ្លូវចិត្ត និងធ្វើចិត្តឲ្យបរិសុទ្ធ។ តែកាលណាចិត្តយើងបរិសុទ្ធហើយ ខ្លួនយើងស្ងប់ផ្លូវកាយនិងផ្លូវចិត្ត អនុញ្ញាតឲ្យយើងមើលបញ្ហាជុំវិញខ្លួនយើងដោយពិតប្រាកដ ដោយជាក់ស្តែង មិនមែនដោយសារតែយើងជាអ្នកចង់ឃើញអញ្ចេះ ចង់ឃើញអញ្ចោះ ចង់បានអញ្ចេះ ចង់បានអញ្ចោះនោះទេ គឺយើងចេះដឹង»។
សៀវភៅ«ដំណើរជិវិត»របស់អ្នកស្រីជា វណ្ណាតត្រូវបានបោះពុម្ពក្រោមការឧបត្ថម្ភពីអង្គការ វេទិកាសេវាសន្តិភាពស៊ីវិល Forum Civil Peace Service (forumZFD) នៃប្រទេសអាល្លឺម៉ង់ក្នុងគោលបំណងចែកចាយទៅដល់សាធារណជនជាអ្នកអាន ហើយអ្នកស្រីបានឲ្យដឹងថា អ្នកស្រីពុំទទួលបានចំណូលពីសៀវភៅនោះទេ ទោះជាមានដាក់លក់តម្លៃ៤ដុល្លារតាមបណ្ណាគារ ក្នុងស្រុកមួយចំនួនក៏ដោយ៕
អបអរសាទរ ដល់ជោគជ័យ នៃជីវិត ពិតៗ ក្រោមការតស៊ូដ៏ស្វិតស្វាញ ដោយផ្ទាល់ និងឆន្ទៈជាតិពិត។
ការរស់នៅដោយ សេចក្តីថ្លៃថ្នូរ ដោយមិនរំលោភ បំពាន និង បំពេញ កិច្ចសង្គ្រោះដល់ជនដ៏ទៃ បញ្ជាក់ជា ពុទ្ធបរិស័ទ្ធពិត ។
ទ្រព្យសម្បត្តិ និងចំណេះដឹង ដោយ សុចរិត បង្ហូរក្លាយជាទាន ជាវិរៈភាព ដ៏ប្រសើរក្នុងសង្គម។
អ្នកស្រី ! ជាជនគំរូ ! ដល់កូនខ្មែរ! ដល់ស្ត្រីខ្មែរ! ដល់ជនជាតិខ្មែរ! និង សង្គមខ្មែរ ជាភិយោភាព។
សំនៀង
GOD bless you lady” life is beautiful’ but born to be khmer is so hard ‘we really appreciated you ‘ your life been through too many regimes and have a lot of experience ‘up’ down and back to help khmer people’ and writing the book for young generation ” all kon khmer should read more and learn more about life ‘.GOD bless all cambodian people’
She is a good lady, but her analyzing is always not about important thing, not useful, less interested and boring because she is afraid to talk straight to the point and reveal to the vital point