សហគមន៍​តំបន់​ការពារ​ធម្មជាតិ​គ្រោង​​ដាំ​កូន​ឈើ​ដើម្បី​ស្ដារ​ព្រៃឈើ​ដែល​រង​ការ​កាប់​បំផ្លាញ

ដោយ រដ្ឋា វិសាល
2016-09-22
RFA

ពិនិត្យ​ឈើ​ក្រុមហ៊ុន ទ្រី ភាព រតនគិរី ២០១៦ ៨៥៥
អនុ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ នៃ​អាជ្ញាធរ​ខេត្ត​រតនគីរី ចុះ​ត្រួត​ពិនិត្យ​ប្រតិបត្តិការ​ដី​សម្បទាន​លើ​ក្រុមហ៊ុន ទ្រី ភាព និង​ក្រុមហ៊ុន នុភាព សុភី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Ratha Visal


ឈើ​មាន​តម្លៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ខេត្ត​រតនគិរី ច្រើន​ឆ្នាំ​កន្លង​ទៅ​រង​ការ​កាប់​យក​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​អស់​រាប់ពាន់​ដើម ក្នុង​នោះ​ក៏​មាន​ទាំង​ឈើ​ផលិត​ជ័រទឹក ឬ​ឈើ​ច្បោះ​សហគមន៍​នៅ​តំបន់​នោះ​ផង​ដែរ។ ក្រសួង​បរិស្ថាន​បាន​សម្រេច​កាត់​ចេញ​ព្រៃ​ជម្រក​សត្វ​មួយ​ផ្នែក​នៃ​តំបន់​អូរ​គគីរ បង្កើត​ជា​តំបន់​ការពារ​ធម្មជាតិ​ប្រគល់​ឲ្យ​សហគមន៍​អភិរក្ស​ព្រៃ​នោះ​ឡើង​វិញ។

សហគមន៍​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ គ្រោង​ដាំ​កូន​ឈើ​ដើម្បី​ស្ដារ​ព្រៃឈើ​ដែល​ខ្ទេចខ្ទាំ​ដោយសារ​ការ​កាប់​យក​ឈើ​ច្រើន​ឆ្នាំ​កន្លង​ទៅ។

​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា ហៅ​កាត់​ថា អេស.ស៊ី.ដាប់ប៊ែលយូ (SCW=Save Cambodia Wildlife ​សហការ​ផ្ដល់​កូន​ឈើ​ប្រមាណ ៥​០០​ដើម​សម្រាប់​គម្រោង​ដាំ​កូនឈើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដោយ​មាន​ការ​ចូលរួម​ពី​មន្ត្រី​បរិស្ថាន អាជ្ញាធរ​មូលដ្ឋាន និង​សហគមន៍​តំបន់​អូរគគីរ​ផ្ទាល់។

ប្រធាន​សហគមន៍​អូរគគីរ លោក ផាត់ សាវុន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា នេះ​ថា សហគមន៍​នៅ​ភូមិ​ចំនួន​បី​ក្នុង​ឃុំ​ស្រែ​អង្គ្រង ស្រុក​កូនមុំ នឹង​ចូលរួម​ដាំ​កូន​ឈើ​នេះ​នៅ​តំបន់​ព្រៃ​រង​ការ​ខូចខាត​ដោយ​ការ​កាប់​យក​ឈើ​មាន​តម្លៃ​មុន​ពេល​តំបន់​នោះ​ត្រូវ​ប្រគល់​ជូន​សហគមន៍​អភិរក្ស។ លោក​ថា ឈើ​ប្រភេទ​នាងនួន គគីរ បេង ផ្ចឹក នឹង​ត្រូវ​ដាំ​ឡើង​វិញ​ដើម្បី​សហគមន៍​បន្ត​អភិរក្ស​ជា​ព្រៃ​ការពារ និង​ជា​ជម្រក​សត្វព្រៃ​នៅ​តំបន់​នោះ៖ «បើ​មាន​ព្រៃ​គឺ​មាន​សត្វ សត្វ​ហ្នឹង​នៅ​សេសសល់​តែ​សត្វ​ឈ្លូស ជ្រូកព្រៃ បើ​ដំរី ទន្សោង ខ្ទីង ចូល​ម្ដងម្កាល​ដែរ។ កាល​ពី​មិន​បាន​ទាន់​បាន​សហគមន៍​គ្រប់គ្រង​មាន​ក្រុមហ៊ុន​ឈូស​ឆាយ​កាប់​យក​ព្រៃឈើ​អស់​​ជាច្រើន ឥឡូវ​នៅសល់​តិចតួច។ កាប់​យក​ឈើៗ​ឈើ​ច្បោះ ឈើ​នាងនួន ធ្នង់​អស់​ហើយ»

តំបន់​ការពារ​ធម្មជាតិ​មាន​ផ្ទៃដី​ជិត ២​ពាន់​ហិកតារ ឋិត​នៅ​ជាប់​នឹង​ដែន​ជម្រក​សត្វព្រៃ​លំផាត់។ តំបន់​នោះ​ជា​ជម្រក​សត្វ រួមមាន​ជ្រូកព្រៃ ឈ្លូស ក្ដាន់ ជាដើម។ លើស​ពី​នេះ​សហគមន៍​ជាង ១០​គ្រួសារ​នាំ​គ្នា​អភិរក្ស​ដើម​ឈើ​ផលិត​ជ័រទឹក​រាប់ពាន់​ដើម​នៅ​ក្នុង​ព្រៃ​នោះ​ជា​មុខ​របរ​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ។

មន្ត្រី​គម្រោង​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា លោក មឿ ធារ៉ា បញ្ជាក់​ថា គម្រោង​បាន​សិក្សា​ពី​សារសំខាន់​នៃ​ការ​ដាំ​កូន​ឈើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដែល​ជា​ផ្នែក​ជួយ​អភិរក្ស​ព្រៃឈើ​ឡើង​វិញ ដោយ​​ផ្សារភ្ជាប់​ជាមួយ​សហគមន៍​រស់​នៅ​តំបន់​នោះ​ផ្ទាល់។ លោក​ថា គម្រោង​អង្គការ​សង្គ្រោះ​សត្វ​ព្រៃ សហការ​ជាមួយ​សហគមន៍​ដើម្បី​ធ្វើ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ទាំង​អស់​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ និង​ឧទ្យាន​ជាតិ​វីរជ័យ៖ «ដោយសារ​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ ត្រូវ​បំផ្លិចបំផ្លាញ ហេតុ​នេះ​ហើយ​សហគមន៍​ស្នើ​សុំ​មក​អង្គការ​សង្គ្រោះ​សត្វព្រៃ​ដើម្បី​ជួយ​ដើមឈើ​ប្រភេទ​ធ្នង់​គ្រញូង នាងនួន ដាំ​នៅ​ចំណុច​ហ្នឹង»

ក្រសួង​បរិស្ថាន​បាន​បង្កើត​សហគមន៍​ការពារ​ធម្មជាតិ​ចំនួន​ប្រាំ លើ​ផ្ទៃដី​ជិត ២​ពាន់​ហិកតារ​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ និង​សហគមន៍​តំបន់​ការពារ​ពីរ​ទៀត​ក្នុង​ជម្រក​សត្វព្រៃ​លំផាត់។

ប្រធាន​ការិយាល័យ​ផែនការ​ច្បាប់ និង​ជា​អ្នក​សម្របសម្រួល​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​រតនគិរី លោក ទន់ សុវណ្ណនី ធ្លាប់​បាន​បញ្ជាក់​ថា សហគមន៍​តំបន់​ការពារ​មាន​តួនាទី​សំខាន់​ក្នុង​កិច្ច​អភិរក្ស​ព្រៃឈើ​ក្នុង​ឧទ្យាន​ជាតិ និង​ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ។ លោក​ថា ចាប់​ពី​ឆ្នាំ​២០១៦ នេះ​ត​ទៅ​ស្ថាប័ន​ជំនាញ​នឹង​ពង្រឹង​យន្តការ​អនុវត្ត​ច្បាប់​ហើយ​លើក​ទឹក​​ចិត្ត​សហការ​ជាមួយ​សហគមន៍​ដើម្បី​លុបបំបាត់​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស៖ «បើ​អត់​មាន​ប្រជាពលរដ្ឋ​ទេ ឧទ្យានុរក្ស​ក៏​ពិបាក​ដែរ ព្រោះ​ប្រជាពលរដ្ឋ​ជា​ភ្នែក​ម្នាស់ ភ្នែក​ច្រើន​ពេល​គាត់​ទៅ​ដក​ហូត​អនុផល​ព្រៃឈើ អ្នក​ណា​ធ្វើ​អ្វី​គាត់​ឃើញ​ហើយ»

កាល​ពី​ខែ​សីហា សហគមន៍​តំបន់​ការពារ​មណ្ឌល​យ៉ន ឋិត​ក្នុង​ឧទ្យាន​ជាតិ​វីរជ័យ សហការ​ជាមួយ​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា បាន​នាំ​គ្នា​ដាំ​កូនឈើ​គ្រប់​ប្រភេទ​ជាង ៧០០​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles