លោក​ ហ៊ុន ម៉ាណែត​ ថា​បក្ស​ប្រឆាំង​អាច​នៅ​ពី​ក្រោយ​​បាតុកម្ម​​ប្រឆាំង​លោក​នៅ​អូស្ត្រាលី​​ និង ​នូវែលសេឡង់

នយោបាយ

លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​​​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃ​​របស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៦។

លោក​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ​បន្ទាប់​ពី​​​ទស្សៈកិច្ច​រយៈពេល​១៣ថ្ងៃ​​របស់​លោក​ នៅ​ឯ​ប្រទេស​អូស្ត្រាលី​ និង​ប្រទេស​នូវែល​សេឡង់ នៅឯអាកាសយានដ្ឋាន​​អន្តរជាតិ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​តុលា​ ឆ្នាំ​២០១៦។


19 តុលា 2016
ហ៊ាន សុជាតា
វីអូអេខ្មែរ

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩​ ខែ​តុលា​នេះ ​លោក ​ហ៊ុន​ ម៉ាណែត​ លើក​ឡើង​ថា​ លោក​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា ​បាតុកម្ម​នោះ​មាន​ការ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ឬ​យ៉ាង​ណា​ទេ។

លោក​ ហ៊ុន ម៉ាណែត​ កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន​ សែន​ អះអាង​ថា​ បាតុកម្ម​ប្រឆាំង​រូប​លោក​ក្នុង​ប្រទេស​អូស្ត្រាលី និង​នូវែលសេឡង់​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ក៏​ប៉ុន្តែ​ គណបក្ស​សង្គ្រោះ​ជាតិ​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​លោក ហ៊ុន​ ម៉ាណែត។

ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ នៅ​ឯ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៩​ ខែ​តុលា​នេះ ​លោក ​ហ៊ុន​ ម៉ាណែត​ លើក​ឡើង​ថា​ លោក​មិនទាន់​អាច​សន្និដ្ឋាន​បាន​ថា ​បាតុកម្ម​នោះ​មាន​ការ​បញ្ជា​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំង​ឬ​យ៉ាង​ណា​ទេ ដោយ​លោក​បន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូចជា​គ្មាន​ឯកភាព​គ្នា​ទាក់​ទង​នឹង​បាតុកម្ម​នៅ​ក្រៅ​ប្រទេស​នោះ​ទេ។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖

​«សញ្ញា​សួរ​ថា តើ​ករណី​នេះ​យ៉ាង​ម៉េច? ​ករណី​ដែល​ថា​គណបក្ស​នៅ​ភ្នំពេញ​គាត់​ប្រកាស​ជា​រូបភាព​ ហើយ​ខាង​ក្រោយ​គាត់​បញ្ជា​ឲ្យ​ធ្វើ​ ឬ​មួយ​ក៏​ថ្នាក់​ដឹកនាំ​នៅ​ភ្នំពេញ​ជំហរ​ថា​ មិន​ធ្វើ​ តែ​អ្នក​ដឹក​នាំ​នៅ​ Adelaide (អូស្ត្រាលី) ​មិន​ស្តាប់»។

នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ ហ៊ុន ម៉ាណែត ​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ ​បាន​ធ្វើ​មាតុភូមិនិវត្តន៍​ ​មក​កាន់​ប្រទេស​កម្ពុជា ​ក្រោយ​ដំណើរ​ទស្សនកិច្ច​រយៈពេល​១៣​ថ្ងៃ​ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​នូវែសេឡង់។

បើ​ទោះ​ជា​មាន​បាតុកម្ម​ប្រឆាំង​រូប​លោក​ និង​ឪពុក​លោក​យ៉ាង​ណា​ក្តី នាយ​ឧត្តម​សេនីយ៍​ឯក ​ហ៊ុន ម៉ាណែត ចាត់​ទុក​ថា​ ​ទស្សនកិច្ច​របស់​លោក​ទទួល​ជោគជ័យ​ដោយ​មាន​ការ​ជួប​ពិភាក្សា​ជា​មួយ​សមាជិក​សភា​ ​និង​ព្រឹទ្ធសភា​របស់​ប្រទេស​អូស្ត្រាលី​ ​និង​នូវែសេឡង់​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទាំង​ទេសចរណ៍​ ពាណិជ្ជកម្ម​ ការ​អប់រំ​តាម​រយៈ​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ និង​ការ​បង្កើន​ចំនួន​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ជាដើម។

លោក ​ហ៊ុន ម៉ាណែត​ ថ្លែង​ថា​ ការ​បញ្ចេញ​មតិ​ជា​សិទ្ធិ​របស់​បុគ្គល។ ក៏​ប៉ុន្តែ​លោក​ថា​ បាតុកម្ម​ប្រឆាំង​នឹង​រូប​លោក​ដោយ​គ្មាន​គោល​បំណង​ និង​សារ​ជាក់លាក់​នោះ​ បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា​ឈ្លោះ​គ្នា​តែ​ប៉ុណ្ណោះ។ ហើយ​លោក​ថា អ្នក​នយោបាយ​គប្បី​ប្រកួតប្រជែង​គ្នា​ក្នុង​ទម្រង់​ដែល​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​រឹង​មាំ។

​លោក​ឧត្តមសេនីយ៍​ឯក ​ហ៊ុន ម៉ាណែត បញ្ជាក់​ថា៖

«សិទ្ធិ​ដឹកនាំ​ការ​បាតុកម្ម​ជា​សិទ្ធិ​របស់​គាត់។ ប៉ុន្តែ​សំណួរ​មួយ​សួរ​ថា​ ជម្រើស​បែប​ណា​ដែល​យើង​រក​យក​មក​ធ្វើ​ការ​បញ្ចេញ​មតិ​ ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​លើ​កត្តា​២​ គឺ​ទី​១​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់។ ទី២​ផល​ប្រយោជន៍​ យើង​ជជែក​គ្នា​ ធ្វើ​វេទិកា​ ធ្វើ​បាតុកម្ម​ប្រឆាំង​ តើ​មួយ​ណា​បាន​ប្រយោជន៍​ជាង»។

ដំណើរ​ទស្សនកិច្ច​របស់​លោក ​ហ៊ុន​ ម៉ាណែត​ ទៅ​ក្រៅ​ប្រទេស​ជា​រឿយៗ​ជួប​ការ​តវ៉ា​ប្រឆាំង​នឹង​រូប​លោក។ ក៏​ប៉ុន្តែ លោក​ថា​ គណបក្ស​កាន់​អំណាច​ គ្មាន​ផែនការ​រៀបចំ​បាតុកម្ម​សង​សឹក​វិញ​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ​លោក​ អេង ឆៃអ៊ាង​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បដិសេធ​ការ​លើក​ឡើង​ថា ​គណបក្ស​ជំទាស់​ពាក់ព័ន្ធ​នឹង​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត​នោះ។

លោក​ អេង​ ឆៃអ៊ាង​ បញ្ជាក់​ប្រាប់​ VOA ​ថា ការ​តវ៉ា​របស់​បុគ្គល​ឯកជន​ណា​មួយ​នោះ​ ជា​ការ​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ មិន​ពាក់ព័ន្ធ​ ឬ​តំណាង​ឲ្យ​គណបក្ស​នោះ​ទេ៖

«គណបក្ស​សង្គ្រោះ​ជាតិ​ យើង​ត្រៀម​ខ្លួន​ធ្វើ​កិច្ចការ​ទាំង​ឡាយ​ណា​ដែល​ជា​តួនាទី​ កាតព្វកិច្ច​ ប៉ុន្តែ​មុន​នឹង​ធ្វើ​អ្វី​មួយ​ យើងនឹង​មើល​លើ​បរិយាកាស​នយោបាយ​ […] តែ​យើង​រីករាយ​នឹង​ការ​ជួប​ជជែក​គ្នា​ ក្នុង​ក្រប​ខណ្ឌ​ក្នុង​សភា​ក្តី ក្រៅ​សភា​ក្តី​ ឲ្យ​មាន​ដំណោះស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​ស្ថានការណ៍​នយោបាយ​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ។ វា​ទទួល​បាន​ផល​ចំណេញ​ទាំង​អស់​គ្នា»។

លោក​ មាស​ នី​ អ្នក​វិភាគ​សង្គម​ និង​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​យល់​ថា ​អ្នក​នយោបាយ​នៅ​កម្ពុជា​មាន​ទំនោរ​ទៅ​រក​ការ​លាប​ពណ៌​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​នៅ​ពេល​ដែល​ភាគី​ ឬ​បុគ្គល​ណា​មួយ​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា។លោក​ថា​ ការណ៍​នេះ​រំខាន​ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​នយោបាយ​ពិតប្រាកដ ​ហើយ​ជន​រង​គ្រោះ​ទៀត​សោត​ គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ប្រទេស​កម្ពុជា​ទាំង​មូល។

លោក មាស​ នី បន្ត​ថា​ ការ​មិន​ជជែក​គ្នា​រវាង​អ្នក​នយោបាយ​ដូច​សព្វថ្ងៃ​នេះ​ ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​មាន​ភាព​យឺតយ៉ាវ​ជាង​ប្រទេស​ដទៃ​ក្នុង​តំបន់។

អ្នក​វិភាគ​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖​

«សំខាន់​គឺ​ត្រូវ​កាត់​បន្ថយ​ការ​លាប​ពណ៌​ វា​មិន​មែន​ជា​រឿង​ស្រួល​តែ​អាច​ធ្វើ​បាន តាម​រយៈ​ការ​ទំនាក់ទំនង​គ្នា​ ការ​យោគយល់​គ្នា។​ កាល​ណា​អ្នក​នយោបាយ​នៅ​តែ​យក​ការ​លាប​ពណ៌​គ្នា​មក​ធ្វើ​ជា​ឧបករណ៍​សងសឹក ឬ​ចោទ​ប្រកាន់​គ្នា​ទៅវិញ​ទៅ​មក នោះ​សង្គម​យើង​នៅ​តែ​មាន​ការ​បាក់​បែក​គ្នា​រហូត»។

​ក្នុង​ដំណើរ​របស់​លោក​ទៅ​កាន់​សហរដ្ឋ​អាមេរិក​កាល​ពី​ខែ​មេសា​កន្លង​ទៅ លោក​ ហ៊ុន ម៉ាណែត​ ក៏​បាន​រង​ការ​តវ៉ា​ប្រឆាំង​ពី​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស​ ហើយ​លោក​ក៏​រង​ការ​ចោទ​ថា​ អង្គរក្ស​របស់​លោក​បាន​ធ្វើ​ឲ្យអ្នក​ស៊ើប​អង្កេត​បរទេស​មួយ​រូប​របួស​ផង​ដែរ។​ រហូត​មក​ដល់​ពេល​នេះ​ រឿង​ក្តី​នេះ​នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ៕

What Next?

Recent Articles

One Response to "លោក​ ហ៊ុន ម៉ាណែត​ ថា​បក្ស​ប្រឆាំង​អាច​នៅ​ពី​ក្រោយ​​បាតុកម្ម​​ប្រឆាំង​លោក​នៅ​អូស្ត្រាលី​​ និង ​នូវែលសេឡង់"

  1. ?? says:

    I knew it 100% right now CPP the world evil man HUN SEN trying to spreading his evil act world wide. they are using Cambodian blood monies to buy Cambodian that living abroad every country in the world. I do not think they can buy me because I do not need that bloody money. after all that evil did not wanted to learn how to live in peace