លោក ហ៊ុន ម៉ាណែត ចោទបក្សប្រឆំាងថាជាអ្នកនៅពីក្រោយបាតុកម្មប្រឆំាងវត្តមានលោកនៅក្រៅប្រទេស

ដោយ លោក ណាត សុភាព​​ | ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០១៦​ | ម៉ោង 5:04 PM
http://vodhotnews.com

នយោបាយ

លោក ហ៊ុន ម៉ាណែត កាលពីកន្លងទៅ​


កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រុមអ្នកដឹកនាំធ្វើបាតុកម្មប្រឆំាងវត្តមានលោកនៅប្រទេសអូស្ត្រាលីកន្លងមក រៀបចំដោយគណបក្សសង្គ្រោះជាតិ ដោយថាបើទោះជាបក្សប្រឆំាងបដិសេធមិនជាប់ពាក់ព័ន្ធនឹងរឿងនេះក៏ដោយ។

កាលពីថ្ងៃទី៧ ខែតុលា សហគមន៍ខ្មែរនៅទីក្រុងម៉ែលប៊ន (Melbourne) នៃប្រទេសអូស្ត្រាលីរាប់រយនាក់បាននាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងវត្តមានកូនច្បងលោក ហ៊ុន សែន ដោយថាពួកគេមិនពេញចិត្តនឹងលោក ហ៊ុន ម៉ាណែត ដែលទៅរៀបចំពិធីជប់លៀងទទួលស្វាគមន៍សមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅទីក្រុងនោះ ស្របពេលពលរដ្ឋខ្មែរគម្រោងធ្វើបុណ្យខួប១០០ថ្ងៃឲ្យលោកបណ្ឌិត កែម ឡី។

ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅថ្ងៃពុធទី១៩ ខែតុលានេះ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមអ្នកដឹកនាំបាតុកម្មប្រឆំាងរូបលោកនៅប្រទេសអូស្ត្រាលី លោកថាជាការរៀបចំឡើងដោយបក្សប្រឆំាង មិនមែនកើតចេញពីឆន្ទៈពលរដ្ឋពិតប្រាកដនោះទេ។

លោកថា៖ «បាតុកម្មបីកន្លែង ខ្ញុំលើកតែមួយកន្លែង ពីរកន្លែងទៀតអាចមានអ្នកគំាទ្រគណបក្សសង្គ្រោះជាតិចូល ខ្ញុំអត់និយាយទេ ខ្ញុំនិយាយនៅអាឌឺឡេត (Adelaide)នៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី) ព្រោះយើងមានភស្តុតាងនិងមានរូបភាពច្បាស់លាស់ដែលថ្នាក់ដឹកនាំ (ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ)នៅទីនោះ ហើយមានរចនាសម្ព័ន្ធរបស់គណបក្សសង្គ្រោះជាតិលោក លឹម សំអេង ជាប្រធានគណបក្សសង្គ្រោះជាតិនៅទីនោះ ហើយក្បាលម៉ាស៊ីនគាត់ដឹកនាំតែម្តង ហើយមេបក្សនៅភ្នំពេញបញ្ជាអត់ឲ្យធ្វើ ហើយបើប្រកាសហើយគេនៅតែធ្វើបានន័យថា គណបក្សអត់មានលទ្ធភាពក្នុងការគ្រប់គ្រងទេ ឥឡូវធ្វើម៉េច ការទទួលខុសត្រូវឬអត់ ខ្ញុំសូមសួរដោយឆោត»។

លើសពីនេះទៀត លោក ហ៊ុន ម៉ាណែត ថាតំណាងរាស្ត្រមានដើមកំណើតខ្មែរប្រចាំរដ្ឋវ៉ិកតូរីយ៉ា (Victoria) ប្រទេសអូស្ត្រាលី លោក ហុង លីម និងលោក ជុន ច័ន្ទបុត្រ អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរី ដែលថាទៅចូលរួមរំលឹកខួប១០០ថ្ងៃលោក កែម ឡី នៅប្រទេសអូស្ត្រាលីនោះ លោក ហ៊ុន ម៉ាណែតថា ពួកគេមិនបានចូលរួមពិធីបុណ្យទេ ដោយលោកថាអ្នកទំាងនោះមានចេតនាទៅធ្វើបាតុកម្មប្រឆំាងវត្តមានរូបលោកទៅវិញ។

លោកថា៖ «លោកពូ ហុង លីម ជាមួយលោក ជុន ច័ន្ទ បុត្រ….ត្រូវឡើងទៅអាឌីឡេត (Adelaideនៅភាគខាងត្បូងនៃប្រទេសអូស្ត្រាលី) ដើម្បីធ្វើបុណ្យរំលឹកគុណឲ្យបណ្ឌិតកែម ឡី ប៉ុន្តែគាត់មិនទៅ គាត់សុខចិត្តឲ្យឯកឧត្តម ញ៉យ ចំរើនទៅធ្វើ សុខចិត្តមកកាន់មេក្រូដឹកនាំបាតុកម្ម បើសិនជាគាត់ឲ្យតម្លៃទៅលើការគោរពវិញ្ញាណក្ខន្ធ (កែម ឡី)មែនគាត់ទៅនោះហើយ ហើយវត្តមានរបស់លោក ជុន ច័ន្ទបុត្រ នៅក្នុងការងារនេះ ក្នុងនាមជាអ្នកដែលមានមុខមាត់មួយនៅក្នុងវិទ្យុមួយដែលអព្យាក្រិត»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ច្រានចោលការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ដែលថាគណបក្សសង្គ្រោះជាតិជាអ្នករៀបចំឲ្យមានបាតុកម្មប្រឆំាងរូបលោកនៅប្រទេសអូស្ត្រាលី ដោយលោកថាបុគ្គលដែលចូលរួមដឹកនាំបាតុកម្មនោះ គ្រាន់តែជាអ្នកគំាទ្រគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ៖ «គណបក្សមិនបានរៀបចំបាតុកម្មនៅប្រទេសអូស្ត្រាលីទេ គ្មានហេតុផលដែលត្រូវរៀបចំបាតុកម្មនៅប្រទេសអូស្ត្រាលីប្រឆំាងលោក ហ៊ុន ម៉ាណែត ទេ ទីពីរអ្នកដែលចូលរួម ចូលរួមដោយឆន្ទៈរបស់គាត់ម្នាក់ៗ ហើយគាត់គ្រាន់តែជាអ្នកគំាទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះរហូតមកទល់ពេលនេះ គណបក្សសង្គ្រោះជាតិមិនទាន់រៀបចំសាខា រចនាសម្ព័ន្ធរបស់ខ្លួននៅក្រៅប្រទេសនៅឡើយទេ»។

ការធ្វើបាតុកម្មរបស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលីកាលពីពេលថ្មីៗនេះ មិនបានបង្កឲ្យមានហិង្សានិងរងរបួសដល់ប្រជាពលរដ្ឋនិងលោក ហ៊ុន ម៉ាណែត នោះទេ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ក្រុមបាតុករដែលគេស្គាល់ថាគាំទ្របក្សកាន់អំណាច បានវាយលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភា និងលោក ញ៉យ ចំរើន ឲ្យរងរបួសធ្ងន់ នៅពេលពួកគេជិះរថយន្តចេញពីប្រជុំសភា។ ព្រឹត្តិការណ៍នៃការវាយតំណាងរាស្រ្តកើតឡើងស្របពេលដែលមានបាតុកម្មទាមទារឲ្យលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី យល់ថាការធ្វើបាតុកម្មអហិង្សាប្រឆំាងបុគ្គលឬអ្នកនយោបាយណាមួយ ជាសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរស្របតាមរដ្ឋធម្មនុញ្ញ៖ «ធ្វើបាតុកម្ម មួយគេហៅថាបាតុកម្ម មួយបាតុកម្មបញ្ចេញមតិ យើងកុំបូកបញ្ជូនគ្នា កាលណាបាតុកម្មប្រឆំាងបានថាបាតុកម្មទម្លាក់រដ្ឋាភិបាលឬផ្តួលរំលំរដ្ឋាភិបាលគេហៅថាបាតុកម្មប្រឆំាង ប៉ុន្តែបើបាតុកម្មសម្រាប់បញ្ចេញមតិគួរតែចាត់ទុកថា វាជារឿងធម្មតានៅក្នុងសង្គមមួយដែលរស់នៅក្រោមរដ្ឋធម្មនុញ្ញ ដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ»។

ពលរដ្ឋខ្មែរមួយចំនួននៅក្រៅប្រទេសតែងតែធ្វើបាតុកម្មប្រឆាំងនឹងមេដឹកនាំកម្ពុជានៅពេលពួកគេទៅក្រៅប្រទេសដូចជា កាលពីឆ្នាំ២០១៥ ពលរដ្ឋខ្មែរនៅអាមេរិកនិងបារាំងនាំគ្នាធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដោយថាការដឹកនាំប្រទេសកម្ពុជាមានការរំលោភសិទ្ធិមនុស្ស៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

4 Responses to "លោក ហ៊ុន ម៉ាណែត ចោទបក្សប្រឆំាងថាជាអ្នកនៅពីក្រោយបាតុកម្មប្រឆំាងវត្តមានលោកនៅក្រៅប្រទេស"

  1. Anonymous says:

    ស្វាស៊ីបាយលាបមាត់ពពែ …
    ប្រើតាមរបៀបរបបកូរ៉េខាងជើងសុទ្ធសាទ ដើម្បីបន្តវេនពីសម្តាចម៍ឪពុក…
    ឱ!ខ្មែរអ្នកក្រកំសត់អើយ តើថ្ងៃណាមានសេរីភាព…?

  2. Krolar Hom Kong says:

    Being a westpoint graduate Hun Manet does not seem to grasp a learned life reality, instead grasping stupid thinking just like ah kwang makhak.
    In a democratic society Australia people can do civilised thing expressing their opinion without getting beaten.
    Learn from it and stop resorting to stupid method and ideology of your stupid political party the CPP or the Khmer Rouge.

  3. សូរ៉ាស៊ីត says:

    គឺខ្មែរនៅអូស្ត្រាលី និង នូវែល សេឡង់ គេស្អប់ ហ៊ុន សែន ពុំមានបក្សប្រឆាំងណារៀបចំទេ។ ម៉ាណែត និយាយនេះ ដើម្បីកុំអោយបាក់មុខខ្លួនប៉ុណ្ណោះ ព្រោះជាមេយុវជន CPP នៅក្រៅប្រទេស ប៉ុន្តែបែរជាគ្មានការគាំទ្រពីខ្មែរក្រៅស្រុក។

  4. Reall says:

    និយាយដើម្បីលាងខ្នួនឲខ្មែនៅស្រុកខ្មែរយល់ច្រឡំសូមកំុគិតថាខ្មែរឥឡូវល្ងង់ឲសោះសូម្បីតែកូនក្មេងក៏វាដឹងនូវអំពើអាក្រក់របស់ត្រកូល ហ៊ុន ដែរ។គួរតែយកតម្រេះវិជ្ជាមកធ្វើជាអំពើល្អ ល្អជាង កំឲគេថាដូងជ្រុសមិនឆ្ងាយពីគល់។