នយោបាយ
អតីតឯកអគ្គរដ្ឋទូតបារាំង Claude Martin រៀបរាប់ពីដំណើរការចរចាសន្តិភាពនិងទស្សនៈរបស់លោកពីការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ។ (ពិន ស៊ីសុវណ្ណ/VOA)
14 តុលា 2016
ម៉ែន គឹមសេង
វីអូអេខ្មែរ
លោក Claude Martin អតីតឯកអគ្គរដ្ឋទូតរបស់ប្រទេសបារាំងនិងជាអ្នកចូលរួមផ្តួចផ្តើមឱ្យមានការចរចាសន្តិភាពនៅកម្ពុជាតាំងពីឆ្នាំ១៩៨៧បានប្រាប់ VOA ថាការអនុវត្តកិច្ចព្រមព្រៀងនេះបានខុសឆ្គងតាំងពីដំបូងទីមកម្ល៉េះហើយវាសម្រេចបានតែពាក់កណ្តាលទេ។
កំណត់និពន្ធ៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ខែតុលាឆ្នាំ១៩៩១នៅទីក្រុងប៉ារីសប្រទេសបារាំងដើម្បីបញ្ចប់ជម្លោះជាច្រើនឆ្នាំរវាងភាគីខ្មែរនានាដែលក្នុងនោះមានភាគីរដ្ឋាភិបាលក្រុងភ្នំពេញដែលលើកបន្តុបដោយប្រទេសវៀតណាម ភាគីអ្នកតស៊ូរាជានិយម ភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែររបស់លោកសឺន សាននិងភាគីខ្មែរក្រហម។ ២៥ឆ្នាំក្រោយមកកិច្ចព្រមព្រៀងនេះត្រូវបានគេមើលឃើញថាមិនត្រូវបានអនុវត្តតាមត្រឹមត្រូវទេ។ លោកClaude Martin អតីតឯកអគ្គរដ្ឋទូតរបស់ប្រទេសបារាំងនិងជាអ្នកចូលរួមផ្តួចផ្តើមឱ្យមានការចរចាសន្តិភាពនៅកម្ពុជាតាំងពីឆ្នាំ១៩៨៧បានប្រាប់VOAថាការអនុវត្តកិច្ចព្រមព្រៀងនេះបានខុសឆ្គងតាំងពីដំបូងទីមកម្ល៉េះហើយវាសម្រេចបានតែពាក់កណ្តាលទេ។ លោកម៉ែន គឹមសេង អ្នករាយការណ៍ព័ត៌មានVOAបានជួបសម្ភាសពិសេសជាមួយនឹងលោក Claude Martin នៅទីក្រុងប៉ារីស។ ខាងក្រោមនេះជាខ្លឹមសារបទសម្ភាសទាំងស្រុង៖
បទសម្ភាសន៍VOA៖ អ្នកការទូតបារាំងបង្ហាញពីកំហុសឆ្គងក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(0:23:37)
VOA៖ សូមជម្រាបសួរលោកឯកអគ្គរដ្ឋទូត!
លោកខ្លូត ម៉ាតាំង៖ សូមជម្រាបសួរ!
VOA៖ នៅខែតុលាឆ្នាំនេះគឺជាខួបលើកទី២៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ប៉ុន្តែមុននឹងចូលដល់ការពិនិត្យមើលលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងនេះ តើលោកអាចប្រាប់យើងបានទេថាកិច្ចព្រមព្រៀងនេះត្រូវបានចាប់ផ្តើមឡើងយ៉ាងដូចម្តេច?
លោកខ្លូត ម៉ាតាំង៖ ដំណើរការចរចាសម្រាប់កិច្ចព្រមព្រៀងនេះចាប់ផ្តើមនៅឆ្នាំ១៩៨៧។ ខ្ញុំគឺជាប្រធាននាយកដ្ឋានកិច្ចការអាស៊ីនៅក្នុងក្រសួងការបរទេសបារាំងហើយខ្ញុំទទួលបានការតែងតាំងឱ្យកាន់តំណែងនោះនៅក្នុងឆ្នាំ១៩៨៦ហើយភ្លាមៗនោះខ្ញុំចាត់ទុកថាជាគោលដៅចម្បងរបស់ខ្ញុំនៅក្នុងនាយកដ្ឋាននេះគឺព្យាយាមស្តារសន្តិភាពឡើងវិញនៅក្នុងប្រទេសកម្ពុជា។ នៅពេលនោះ មានការពិភាក្សាគ្នាច្រើនណាស់នៅក្នុងប្រទេសបារាំងអំពីស្ថានការណ៍នៅក្នុងប្រទេសកម្ពុជា។ មានមនុស្សមួយក្រុមដែលនិយាយថាមានរដ្ឋាភិបាលមួយនៅក្នុងទីក្រុងភ្នំពេញរបស់លោកហេង សំរិនហើយរដ្ឋាភិបាលនោះត្រូវបានបង្កើតឡើងដោយប្រទេសវៀតណាមនៅកំពុងកាន់អំណាច ហើយប្រសិនបើយើងមិនទទួលស្គាល់ពួកគេទេក្រុមខ្មែរក្រហមដែលជាគ្រោះគំរាមកំហែងដល់ពលរដ្ឋកម្ពុជាអាចនឹងត្រឡប់មកវិញ។ ដូច្នេះចូរយើងជួយលោកហេង សំរិន។ នោះគឺជាជំហរមួយ។ ជំហរមួយទៀតគឺថាសម្តេចសីហនុគឺជាតួអង្គដ៏សំខាន់មួយក្នុងការស្តារសន្តិភាពក្នុងប្រទេសកម្ពុជាប៉ុន្តែព្រះអង្គចងសម្ព័ន្ធមិត្តជាមួយនឹងក្រុមខ្មែរក្រហមហើយយើងបានដាក់សម្ពាធឱ្យព្រះអង្គបោះបង់ចោលសម្ព័ន្ធមិត្តជាមួយនឹងក្រុមខ្មែរក្រហម ឱ្យឈរជាតួអង្គសំខាន់មួយនៅក្នុងដំណើរការស្វែងរកសន្តិភាពដោយពិភាក្សាជាមួយនឹងលោកហេង សំរិនដែលក្រោយមកពិភាក្សាជាមួយនឹងលោកហ៊ុន សែន។ ប៉ុន្តែសម្តេចសីហនុថាព្រះអង្គមិនបោះបង់ក្រុមខ្មែរក្រហមចោលទេ។ ព្រះអង្គបានសន្យានឹងចិនថាសុខចិត្តចងសម្ព័ន្ធមិត្តជាមួយនឹងក្រុមខ្មែរក្រហមដូច្នេះខ្ញុំនៅតែរក្សាសម្ព័ន្ធមិត្តនេះហើយខ្ញុំមិនអាចទទួលយកការចរចាណាមួយជាមួយនឹងរដ្ឋាភិបាលដែលវៀតណាមលើកបន្តុបទេក្នុងពេលដែលទាហានវៀតណាមនៅតែមានវត្តមានក្នុងប្រទេសកម្ពុជា។ ហើយមានមនុស្សដទៃទៀតដែលនិយាយថាចូរយើងទុកពេលឱ្យខ្មែរនិងវៀតណាមពិភាក្សាគ្នាហើយនេះមិនមែនជាបញ្ហារបស់ប្រទេសបារាំងព្រោះយើងក៏រវល់នឹងបញ្ហាអភិវឌ្ឍន៍អឺរ៉ុបផងដែរ។ បញ្ហានេះគ្រប់គ្រាន់សម្រាប់យើងហើយ។
ខ្ញុំក៏លើកឡើងថាប្រទេសបារាំងមានការទទួលខុសត្រូវព្រោះប្រទេសកម្ពុជាដូចជារបស់បារាំងអស់រយៈពេលជាង១០០ឆ្នាំហើយ។ យើងមានការអាណិតអាសូរដល់ពលរដ្ឋខ្មែរនៅពេលដែលពួកគេស្ថិតក្រោមការគ្រប់គ្រងនៃរបបខ្មែរក្រហមប៉ុន្តែតាំងតែពីមុនពេលដែលសម្តេចសីហនុត្រូវបានទម្លាក់ចេញពីអំណាចដោយក្រុមលន់ នល់និងសិរិមតៈ។ អ្វីដែលកើតមាននៅក្នុងប្រទេសកម្ពុជាមិនមែនជាអ្វីដែលពលរដ្ឋកម្ពុជាសមនឹងទទួលទេ។ សម្រាប់បារាំងនិងប្រទេសដទៃទៀតមើលឃើញថាកម្ពុជាគឺជាប្រទេសដែលត្រូវមានសន្តិភាព។
VOA៖លោកត្រូវបានគេដាក់ឱ្យទទួលខុសត្រូវក្នុងការធ្វើការជាមួយក្រុមផ្សេងៗដើម្បីស្វែងរកចំណុចរួមដាក់បញ្ចូលក្នុងកិច្ចព្រមព្រៀងនោះ។ លោកអាចរៀបរាប់បានទេពីស្ថានភាពការងារពេលនោះដែលធ្វើការជាមួយនឹងក្រុមផ្សេងៗទាំងនោះ?
លោកខ្លូត ម៉ាតាំង៖ សម្តេចសីហនុមានប្រៀបជាងដោយសារព្រះអង្គមានភាពស្របច្បាប់។ ពលរដ្ឋកម្ពុជាស្ទើរតែគ្រប់រូបបាននិយាយថាប្រសិនបើសម្តេចសីហនុត្រឡប់មកវិញគឺល្អណាស់។ ពលរដ្ឋកម្ពុជាចង់ឱ្យសម្តេចសីហនុត្រឡប់ចូលប្រទេសកម្ពុជាវិញ។ ក្រុមខ្មែរក្រហមមានសម្ព័ន្ធមិត្តជាមួយនឹងសម្តេចសីហនុ។ ប្រទេសចិននិយាយថាមានតែសម្តេចសីហនុទេ។ សម្តេចសីហនុគឺជាដំណោះស្រាយតែមួយគត់។ ហើយក្រុមអ្នកការទូតសហរដ្ឋអាមេរិកនិយាយថាយើងមិនអាចទទួលស្គាល់ក្រុមលោកហេង សំរិន ដែលក្រោយមកមានលោកហ៊ុន សែន។ យើងមិនអាចទទួលស្គាល់ក្រុមខ្មែរក្រហមបើទោះបីជាមានការិយាល័យខ្លះនិងសេវាកម្មខ្លះរបស់អាមេរិកជួយខ្មែរក្រហមខ្លះៗដោយសម្ងាត់ក៏ដោយក្នុងការវាយប្រយុទ្ធប្រឆាំងនឹងការចូលមកកាន់កាប់របស់វៀតណាម។
VOA៖ លោកចង់និយាយថាមានជំនួយដល់ក្រុមខ្មែរក្រហម?
លោកខ្លូត ម៉ាតាំង៖ គ្រប់គ្នាគិតថាដើម្បីបណ្តេញវៀតណាមចេញពីកម្ពុជាគឺយើងប្រើគ្រប់សម្ព័ន្ធមិត្តដើម្បីធ្វើកិច្ចការនេះ។ សម្តេចសីហនុមានទាហានមួយក្រុមតូច។ បុត្ររបស់ព្រះអង្គគឺជាអ្នកដឹកនាំក្រុមយោធានោះប៉ុន្តែវាជាក្រុមយោធាដែលទន់ខ្សោយ។ ដូច្នេះគ្រប់គ្នាគិតថាសម្តេចសីហនុគឺជាដំណោះស្រាយមួយប៉ុន្តែអ្នកនៅ ខាងភ្នំពេញថាមានតែសម្តេចសីហនុមួយអង្គទេ។ សម្តេចសីហនុត្រូវតែបោះបង់ចោលក្រុមខ្មែរក្រហម។ ចិននិងអាមេរិកនិយាយថាយើងមិនអាចទទួលស្គាល់ការចូលឈ្លានពានរបស់វៀតណាមដូច្នេះសម្តេចសីហនុត្រូវតែដឹងឱ្យច្បាស់ថាមិនត្រូវនិយាយជាមួយនឹងក្រុមលោកហេង សំរិនទេ។ ហើយតួនាទីរបស់យើងគឺបញ្ចុះបញ្ចូលគេគ្រប់គ្នាថាកុំនិយាយថាទេអីចឹងអីហើយថាយើងត្រូវតែមើលឱ្យឃើញការពិត។ ការទូតគឺជាសិល្បៈនៃការប្រើប្រាស់ស្ថានភាពពិតដើម្បីបោះជំហានទៅមុខ។
VOA៖ លោកឯកអគ្គរដ្ឋទូត ដោយសារតែលោកបានស្គាល់ព្រះបាទនរោត្តមសីហនុ និងបានធ្វើការជាមួយនឹងព្រះអង្គផ្ទាល់ជាច្រើនឆ្នាំតើលោកគិតយ៉ាងម៉េចដែរអំពីព្រះបាទសីហនុ?
លោកខ្លូត ម៉ាតាំង៖ ខ្ញុំមានការស្ងើចសរសើរព្រះអង្គជាច្រើន។ ជាការពិតព្រះអង្គមានចំណុចខ្សោយដែរហើយមនុស្សជាច្រើនប្រើប្រាស់ចំណុចនេះមករិះគន់ថាព្រះអង្គសព្វព្រះទ័យតែនឹងម្ហូបឆ្ងាញ់ ការរាំរែក និងនិពន្ធចម្រៀង។ល។ និង។ល។ ប៉ុន្តែខ្ញុំគិតថាព្រះអង្គត្រូវការរបស់ទាំងនេះដើម្បីបន្តព្រះជន្មនៅក្នុងស្ថានភាពប្រកបដោយសោកនាដ្យកម្មមួយដែលអ្នកខ្លះមិនអាចបន្តរស់នៅបានទេ។ នៅពេលដែលគិតពីដំណើរជីវិតរបស់ព្រះអង្គតាំងពីដំបូង ដែលធ្វើឱ្យខ្ញុំស្ងើចសរសើរក្នុងនាមជាអ្នកការទូតគឺអ្វីដែលព្រះអង្គបានធ្វើសម្រាប់ប្រទេសកម្ពុជានិងអ្វីដែលព្រះអង្គបានធ្វើសម្រាប់ពិភពលោក។ ខ្ញុំគិតថាតាំងពីដំបូងព្រះអង្គមានព្រះរាជតម្រិះតែមួយគត់គឺធ្វើយ៉ាងណាទាមទារឯករាជ្យភាពសម្រាប់ប្រទេសរបស់ព្រះអង្គវិញ។ ដំបូងគឺទាមទារពីបារាំង។ លោកដឹងទេថាប្រទេសបារាំងមានទស្សនៈតាំងពីសតវត្សរ៍ទី១៩មកថាមានឥណ្ឌូចិនតែមួយទេដែលមានប្រទេសវៀតណាម ឡាវ និងកម្ពុជាហើយគ្រប់គ្រងពីទីក្រុងហាណូយហើយវៀតណាមក៏ប្រើប្រាស់ទស្សនៈនេះខុសដែរគឺមានរដ្ឋាភិបាលឥណ្ឌូចិនស្ថិតនៅក្នុងទីក្រុងហាណូយ។ អភិបាលបារាំងនៅឥណ្ឌូចិនស្ថិតនៅទីក្រុងហាណូយ។ ដូច្នេះប្រទេសវៀតណាមទទួលយកគំនិតនេះថាប្រទេសបងប្អូនទាំងពីរគឺឡាវនិងកម្ពុជាត្រូវតែស្ថិតក្រោមការគ្រប់គ្រងរបស់វៀតណាម។ ដូច្នេះតាំងតែពីដំបូងម្ល៉េះគឺព្រះបាទសីហនុតវ៉ាប្រឆាំងនឹងការគ្រប់គ្រងនេះ។ នៅក្នុងទសវត្សរ៍១៩៥០បន្ទាប់ពីប្រទេសបារាំងបានដកកម្លាំងរបស់យើងចេញពីប្រទេសវៀតណាម និងឡាវ ប្រទេសកម្ពុជាមានសន្តិភាពប៉ុន្តែយើងបានស្នើឱ្យព្រះបាទសីហនុដែលស្ថិតនៅវ័យក្មេងឱ្យចូលជាសមាជិកនៃបណ្តាប្រទេសបារាំង (French Commonwealth) ប៉ុន្តែព្រះអង្គមានបន្ទូលថា«អត់ទេ។ អត់ទេ។ ខ្ញុំជាមហាក្សត្រឯករាជ្យនៃប្រទេសឯករាជ្យមួយ»។ ខ្ញុំនៅចងចាំបានថាលើកទីមួយពេលដែលខ្ញុំបានទៅធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកទីមួយក្នុងឆ្នាំ១៩៦៥។ ខ្ញុំបានទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមដែរ។ ពេលនោះប្រទេសវៀតណាមកំពុងស្ថិតនៅក្នុងភ្នក់ភ្លើងសង្គ្រាម។ នៅទីក្រុងបៀនហ៊ ខ្ញុំបានញ៉ាំអាហារល្ងាចជាមួយនឹងចៅហ្វាយក្រុង ហើយក្នុងពេលកំពុងទទួលទានអាហារល្ងាចមានគ្រាប់ធ្លាក់នៅជុំវិញភោជនីយដ្ឋានដែលយើងកំពុងអង្គុយ ដូច្នេះយើងគិតថាយើងពិតជាស្ថិតនៅក្នុងសមរភូមិហើយ។ ពេលត្រឡប់មកទីក្រុងសៃហ្គនវិញ ខ្ញុំបានចេញមកដើរលេងពេលយប់ ក៏ឃើញទាហានឈរយាមការពារនៅចន្លោះពីគ្នាពីរឬបីម៉ែត្រ ស្រែកបញ្ជារថា«ចាកចេញ! លោកមិនអាចនៅទីនេះបានទេ។ គ្រោះថ្នាក់ណាស់»។ មានការដាក់គ្រាប់ផ្ទុះគ្រប់ទីកន្លែង។ ខ្ញុំបានជិះយន្តហោះទៅទីក្រុងភ្នំពេញ ពេលនោះមានសន្តិភាព ការសប្បាយ ការរាំរែក តន្ត្រី។ ខ្ញុំស្ថិតនៅក្នុងទីក្រុងសៀមរាបពេលបុណ្យ គ្រិស្តម៉ាសឆ្នាំ១៩៦៥។ ព្រះបាទសីហនុបានបញ្ចាំងខ្សែភាពយន្តថ្មីមួយដែលព្រះអង្គបានថតសម្រាប់រាជ្យបុត្រីរបស់ព្រះអង្គគឺសម្តេចព្រះរាមបុប្ផាទេវី។ ភាពយន្តនោះមានចំណងជើងថារបាំអប្សរា។ វាជាភាពយន្តដ៏អស្ចារ្យហើយខ្ញុំបានចាកចេញពីប្រទេសកម្ពុជាដោយមានអារម្មណ៍ថាដោយសារតែព្រះបាទសីហនុ កម្ពុជាគឺជាប្រទេសមួយដែលមានសន្តិភាព។ កម្ពុជាគឺជាប្រទេសដែលមានសន្តិភាព។ ដូច្នេះខ្ញុំគិតថាទស្សនវិស័យរបស់ព្រះអង្គគឺតែងតែខំស្តារឡើងវិញនូវសន្តិភាពដូចនេះ។ ព្រះអង្គប្រើប្រាស់នូវអ្វីដែលព្រះអង្គមាននៅពេលដែលក្រុមលន់ នល់និងសិរិមតៈបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ ពេលនោះព្រះអង្គបានយាងមកប្រទេសបារាំង។ ព្រះអង្គបានយាងទៅជួបប្រធានាធិបតីភ្លាមហើយបានមានបន្ទូលថា«តើប្រទេសបារាំងអាចជួយខ្ញុំបានទេ?»។ តើលោកដឹងទេថាប្រទេសបារាំងបានឆ្លើយតបនឹងព្រះអង្គយ៉ាងម៉េចទេ? ចម្លើយនោះនៅតែធ្វើឱ្យខ្ញុំខ្មាស់អៀន ហើយនឹងស្ថិតនៅតែជាការអាម៉ាស់របស់ប្រទេសបារាំងនោះគឺ«ព្រះអង្គគួរព្យាយាមជួបចរចាជាមួយនឹងលន់ នល់និងសិរិមតៈ ហើយពួកគេនឹងមានសណ្តានចិត្តប្រគល់តួនាទីណាមួយថ្វាយព្រះអង្គក្នុងរដ្ឋាភិបាល»។ ដូច្នេះព្រះអង្គបានយាងទៅទីក្រុងម៉ូស្គូ ហើយពួកសូវៀតក៏បាននិយាយដូចគ្នាបេះបិទគឺថា«សូមឱ្យព្រះអង្គយាងត្រឡប់ទៅប្រទេសកម្ពុជាវិញនៅជួបចរចាជាមួយនឹងអ្នកនៅកាន់អំណាចឥឡូវនេះ គឺព្រះអង្គនឹងរកដំណោះស្រាយបាន»។ នៅទីបញ្ចប់ព្រះអង្គបានទៅប្រទេសចិនហើយចិនបាននិយាយថា«មិនអាចធ្វើអីចឹងបានទេ។ យើងគាំទ្រព្រះអង្គហើយយើងនឹងមិនទទួលស្គាល់ក្រុមសេអ៊ីអា ក្រុមរបស់លោកគីស្ហីងគ័រ និងក្រុមផ្សេងទៀតដែលបានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គទេ។ យើងនឹងប្រយុទ្ធរួមគ្នាជាមួយព្រះអង្គយើងនឹងគាំទ្រព្រះអង្គរហូតដល់ថ្ងៃដែលព្រះអង្គយាងត្រឡប់ទៅកាន់អំណាចវិញ។ ប៉ុន្តែមានលក្ខខណ្ឌតែមួយទេដោយសារតែព្រះអង្គគ្មានកងទ័ពព្រោះកងទ័ពនៅជាមួយនឹងលោកនល់ នល់ លើកលែងតែឧត្តមសេនីយ៍ជូឡុង និងអ្នកដទៃទៀតមួយចំនួនតូចប៉ុណ្ណោះដែលនៅស្មោះនឹងព្រះអង្គគឺអ្នកដទៃទៀតនៅជាមួយនឹងពួកលន់ នល់ ដូច្នេះព្រះអង្គគ្មានទាហានទេ។ យើងអាចផ្តល់ទាហានថ្វាយព្រះអង្គ ថ្វាយអាវុធ ប៉ុន្តែព្រះអង្គត្រូវតែសហការជាមួយនឹងក្រុមខ្មែរក្រហម។ ដូច្នេះខ្ញុំមិនរិះគន់ព្រះអង្គទេ។
VOA៖ លោកមានប្រសាសន៍ខ្លះៗពីសម្តេចសីហនុ ចុះចំណែកលោកហ៊ុន សែនវិញ។ លោកគិតយ៉ាងម៉េចដែរពីលោកហ៊ុន សែននៅពេលនោះ?
លោកខ្លូត ម៉ាតាំង៖ លោកហ៊ុន សែនចេញមុខមកក្រោយទេ។ នៅពីដំបូងមានលោកហេង សំរិន។ យើងខិតខំស្វែងរកថាតើអ្នកណាគឺជាមេពិតប្រាកដនៅក្នុងរបបក្រុងភ្នំពេញ។ ហ៊ុន សែនលេចមុខមកដូចជាបុរសខ្លាំងមួយប៉ុន្តែមិនទាន់បានចេញមកភ្លាមៗទេ។ បញ្ហានៅត្រង់ថាយើងមិនមានទំនាក់ទំនងផ្ទាល់ជាមួយនឹងក្រុមលោកហ៊ុន សែន។ យើងមិនទទួលស្គាល់ក្រុមរដ្ឋាភិបាលដែលបន្តុបដោយវៀតណាមទេ។ ប៉ុន្តែយើងទទួលបានសារពីលោកហ៊ុន សែនថាគាត់ចង់ជួបពិភាក្សាជាមួយនឹងយើង។ ហើយលើសពីនេះទៀតគឺគាត់ចង់ជួបចរចាជាមួយនឹងសម្តេចសីហនុ។ ខ្ញុំបានជួបលោកហោ ណាំហុងនៅទីក្រុងម៉ូស្គូ។
VOA៖ ពេលនោះនៅឆ្នាំណាដែរ?
លោក ខ្លូត ម៉ាតាំង៖ គឺនៅឆ្នាំ១៩៨៧ ។ គាត់គឺជាឯកអគ្គរដ្ឋទូតរបស់លោកហ៊ុន សែនប្រចាំនៅទីក្រុងម៉ូស្គូ។ ដូច្នេះខ្ញុំបានទៅទីក្រុងម៉ូស្គូហើយយើងបានពិភាក្សាពីវិធីដែលយើងអាចជួយ រៀបចំកិច្ចប្រជុំមួយរវាងសម្តេចសីហនុនិងលោកហ៊ុន សែនហើយថាលោកហ៊ុន សែនចង់ជួបជាមួយនឹងសម្តេចសីហនុ។ សម្តេចសីហនុថាព្រះអង្គត្រៀមព្រះកាយនឹងជួបជាមួយលោកហ៊ុន សែនប៉ុន្តែមិនមែនក្នុងនាមជាប្រមុខរដ្ឋាភិបាលមួយទេប៉ុន្តែក្នុងនាមជាប្រធានភាគីមួយ។ នេះគឺជាក្រុមភាគីក្រុងភ្នំពេញប៉ុន្តែខ្ញុំក៏នឹងជួបជាមួយនឹងភាគីដទៃទៀតផងដែរ។ នោះគឺជាជំហររបស់សម្តេចសីហនុតាំងពីដំបូង។ [ព្រះអង្គមានបន្ទូលថា] «ខ្ញុំនឹងធ្វើជាបិតានៃភាគីកម្ពុជាទាំងអស់។ មានភាគីច្រើនហើយខ្ញុំទទួលពួកគេទាំងអស់នៅក្នុងគ្រួសារ។ ពេលនោះមានបួនភាគីគឺខាងភ្នំពេញ ក្រុមលោកសឺនសាន ក្រុមខ្មែរក្រហមនិងក្រុមរាជានិយមដែលបុត្ររបស់ខ្ញុំគឺព្រះអង្គម្ចាស់រណឫទ្ធិដឹកនាំ។ ខ្ញុំនៅលើក្រុមទាំងអស់នេះហើយខ្ញុំនឹងរៀបចំក្រុមចម្រុះដែលមានបួនក្រុមនេះ»។ នោះគឺជាជំហររបស់សម្តេចសីហនុតាំងពីដំបូង។ ជំហររបស់ហ៊ុន សែននៅពេលនោះគឺថាខ្ញុំនិយាយតែជាមួយនឹងសម្តេចសីហនុទេ។
VOA៖ ឥឡូវនេះមានរយៈពេល២៥ឆ្នាំតើលោកយល់ថាការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសបានកម្រិតណាដែរ?
លោកខ្លូត ម៉ាតាំង៖ ខ្ញុំនឹងនិយាយដោយប្រយ័ត្នប្រយែងប៉ុន្តែខ្ញុំគិតថាសូម្បីតែនៅពេលដំបូងគឺការអនុវត្តមិនត្រឹមត្រូវទេ។ ជាមូលដ្ឋាន កិច្ចព្រមព្រៀងនោះមានពីរផ្នែក។ ផ្នែកទីមួយគឺ ដោះស្រាយនៅចុងបញ្ចប់ឆ្នាំ១៩៩០។ ដំបូងគឺកិច្ចព្រមព្រៀងរបស់ប្រទេសចូលរួមក្នុងកិច្ចប្រជុំនៃទីក្រុងប៉ារីសបន្ទាប់មកអនុម័តយល់ព្រមដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខ។ នោះគឺជាផ្នែកខាងក្រៅ ដែលរួមមានការដកកងទ័ពវៀតណាម ប្រទេសចិនឈប់គាំទ្រខ្មែរក្រហមទៀត។ យើងរៀបចំការវិលត្រឡប់នៃជនភៀសខ្លួន។ យើងរៀបចំផែនការសេដ្ឋកិច្ចសម្រាប់ជួយគាំទ្រដល់សេដ្ឋកិច្ចខ្មែរ។ ហើយមានកិច្ចប្រជុំនៅទីក្រុងតូក្យូដើម្បីបំពេញតាមគោលបំណងនេះ។ ដូច្នេះទាំងអស់នោះបានដោះស្រាយរួចរាល់ហើយហើយអ្វីដែលបានដោះស្រាយដែរគឺការបង្កើតនូវអ្វីដែលយើងហៅថាអ៊ុនតាក់ (អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា) ។ បន្ទាប់ពីសន្និសីទដំបូងនៅខែសីហាឆ្នាំ១៩៨៩ សម្តេចសីហនុបានប្រាប់ខ្ញុំថាយើងត្រូវការពេលវេលាបន្ថែមទៀតដើម្បីទទួលបានកិច្ចព្រមព្រៀងពិតប្រាកដមួយក្នុងចំណោមភាគីទាំងបួនរបស់យើង។ ប៉ុន្តែក៏កុំបង្អង់ក្នុងការរៀបចំសន្និសីទអន្តរជាតិមួយ។ សូមធ្វើតាមអ្វីដែលលោកចង់បាន។ សហគមន៍អន្តរជាតិគួរតែសម្រេចបានកិច្ចព្រមព្រៀងមួយ ដោយដាក់ប្រទេសកម្ពុជានៅក្រោមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិ។ ដាក់រដ្ឋាភិបាលរបស់លោកហ៊ុន សែននៅម្ខាង ជារដ្ឋាភិបាលចាំផ្ទះ។ យើងត្រូវការពេលវេលាបន្ថែមទៀតក្នុងចំណោមភាគីទាំងបួនដើម្បីរៀបចំឧត្តមក្រុមប្រឹក្សាជាតិ។ ដូច្នេះនេះគឺជាអ្វី ដែលយើងបានធ្វើគឺយើងមានអ៊ុនតាក់។ យើងមានការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួន។ យើងមានក្របខណ្ឌទាំងអស់សម្រាប់រៀបចំការបោះឆ្នោតប៉ុន្តែមានផ្នែកមួយដែលខកខានហើយបានបន្តរហូតដល់ខែតុលា ឆ្នាំ១៩៩១គឺកាលបរិច្ឆេទពិតប្រាកដក្នុងការបញ្ចប់ដំណើរការនោះដែលភាគីទាំងបួនជួបប្រជុំគ្នាក្រោមការដឹកនាំរបស់សម្តេចសីហនុ។ ប៉ុន្តែជាទូទៅ៩០ភាគរយនៃកិច្ចព្រមព្រៀងត្រូវបានដោះស្រាយរួចនៅឆ្នាំ១៩៩០នៅពេលដែលមហាសន្និបាតរបស់អង្គការសហប្រជាជាតិអនុម័តលើដំណើរការសន្តិភាពហើយសំណួររបស់លោកគឺថាតើកិច្ចព្រមព្រៀងនោះត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវឬទេ? ខ្ញុំអាចនិយាយបានថាគឺអត់ទេ។
ដោយសារតែដូចដែលបាននិយាយអីចឹងគឺឧត្តមក្រុមប្រឹក្សាជាតិរំពឹងថាត្រូវជួបគ្នានៅទីក្រុងភ្នំពេញ។ នោះជាលក្ខខណ្ឌទីមួយដែលសម្តេចសីហនុបានដាក់ចេញគឺគ្រប់ភាគីទាំងអស់ត្រូវតែទៅជួបគ្នានៅទីនោះ។ ពេលដែលលោកខៀវ សំផននិងអ្នកដទៃទៀតបានមកទីក្រុងភ្នំពេញដូចដែលលោកបានដឹងហើយថាមានក្រុមកុប្បករបានវាយប្រហារមកលើគាត់ក្នុងស្ថានការណ៍ដែលមិនដឹងច្បាស់លាស់។ ដូច្នេះពួកគេបានរត់ភៀសខ្លួនត្រឡប់ទៅតំបន់ខ្មែរក្រហមវិញហើយខ្មែរក្រហមបាននិយាយថាយើងនឹងនៅបន្តប្រយុទ្ធតទៅទៀតហើយយើងមិនយល់ព្រមទទួលយកការបោះឆ្នោតនៅក្នុងតំបន់របស់យើងទេ។ ដូច្នេះផ្នែកដ៏សំខាន់មួយនៃកិច្ចព្រមព្រៀងមិនត្រូវបានអនុវត្តទេ។
VOA៖ ប៉ុន្តែភាគីដទៃទៀតបានសម្រេចថាត្រូវតែដំណើរការទៅមុខទៀតដោយមិនមានក្រុមខ្មែរក្រហមចូលរួមក្នុងការបោះឆ្នោត។
លោក ខ្លូត ម៉ាតាំង៖ បាទ។ នៅពេលនោះខ្ញុំជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសចិនព្រោះខ្ញុំបានចាកចេញនៅពេលចុងបញ្ចប់នៃដំណើរការសន្តិភាព។ ពេលនោះលោកអាកាស្ស៊ីបានមកជួបខ្ញុំនៅទីក្រុងប៉េកាំង។ ខ្ញុំបានរៀបចំអាហារល្ងាចទទួលគាត់ហើយយើងពិភាក្សារហូតដល់យប់ជ្រៅ។ ខ្ញុំបានសួរថាតើខ្ញុំអាចធ្វើអ្វីបានខ្លះ? គាត់ថាយើងមិនអាចរៀបចំការបោះឆ្នោតនៅតំបន់របស់ពួកខ្មែរក្រហម។ ខ្ញុំថាលោកគួរតែបង្ខំពួកគេ។ យើងមានកងទ័ពជាង១៥.០០០នាក់ ហើយចំណាយប្រាក់អស់រាប់ពាន់លានដុល្លារដោយមានអន្តរជាតិចូលរួមហើយលោកមិនអាចអនុវត្តកិច្ចព្រមព្រៀងនោះបានឬយ៉ាងណា? លោកគួរតែបង្ខំ។ នេះជាកិច្ចការដែលត្រូវធ្វើ។ ប៉ុន្តែគេមិនបានធ្វើអីចឹងទេ។ ពួកខ្មែរក្រហមមានមិនច្រើនទេហើយតំបន់នេះក៏ពិបាកចូលដូច្នេះអ្នកខ្លះយល់ថាយើងអាចរៀបចំការបោះឆ្នោតមួយដោយគ្មានពួកគេបាន។
VOA៖ បើខ្ញុំយល់ពីសម្តីលោកដែលថាប្រើបង្ខំពួកគេនោះគឺលោកចង់ឱ្យប្រើកម្លាំងប្រដាប់អាវុធប្រឆាំងនឹងពួកខ្មែរក្រហមមែនទេ?
លោកខ្លូត ម៉ាតាំង៖ កងកម្លាំងយោធានិងស៊ីវិលរបស់អង្គការសហប្រជាជាតិនៅទីនោះដើម្បីបង្ខំគ្រប់ភាគីទាំងអស់ឱ្យគោរពតាមកិច្ចព្រមព្រៀង។
VOA៖ គឺមានការប្រើកម្លាំងអាវុធដែរមែនទេ?
លោក ខ្លូត ម៉ាតាំង៖ នោះមានការប្រើប្រាស់កម្លាំងយោធាដើម្បីឱ្យពួកគេរៀបចំការបោះឆ្នោតនៅតំបន់នោះ។ ប្រើប្រាស់កម្លាំងផងដែរនៅទីក្រុងភ្នំពេញដើម្បីគ្រប់គ្រងលើអ្វីដែលរដ្ឋាភិបាលនៅភ្នំពេញកំពុងតែធ្វើពីព្រោះខ្ញុំប្រាកដណាស់ថាអ៊ុនតាក់មិនបានដឹងថារដ្ឋាភិបាលភ្នំពេញធ្វើអ្វី ខ្លះទេនៅកន្លែងផ្សេងៗដើម្បីជួយឱ្យកម្លាំងលោកហ៊ុន សែនបានឈ្នះឆ្នោត។
VOA៖ ប៉ុន្តែអង្គការសហប្រជាជាតិហាក់ដូចជាស្ទាក់ស្ទើរក្នុងការប្រើប្រាស់កម្លាំងយោធា សូម្បីតែទាមទារយកក្រសួងមួយចំនួនពីក្រុមលោកហ៊ុន សែនមកកាន់កាប់ហើយលោកហ៊ុន សែនគំរាមមិនទទួលស្គាល់លទ្ធផលឆ្នោត។
លោកខ្លូត ម៉ាតាំង៖ ខ្ញុំមិនចង់និយាយជ្រៅដល់ចំណុចហ្នឹងទេប៉ុន្តែបើនិយាយឱ្យសាមញ្ញទៅនោះគឺជាប្រតិបត្តិការដ៏ធំបំផុតរបស់អង្គការសហប្រជាជាតិនៅក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិ។ ខ្ញុំមានមោទនភាពណាស់ដែលខ្ញុំបានរៀបចំកិច្ចការនោះ។ មានគេនិយាយថាប្រតិបត្តិការនោះនឹងចំណាយថវិកាច្រើនណាស់ លោករៀបចំហ្នុងមិនសមស្របតាមស្ថានការណ៍ទេ។ ប៉ុន្តែខ្ញុំនិយាយថាខ្ញុំជឿជាក់ថាវានឹងដំណើរការបានប្រសិនបើកងកម្លាំងអង្គការសហប្រជាជាតិធ្វើកិច្ចការដែលពួកគេត្រូវធ្វើនៅទីក្រុងភ្នំពេញពីព្រោះជំហររបស់ពួកយើងក្នុងនាមជាអ្នករៀបចំសន្និសីទនោះគឺដើម្បីរំសាយរដ្ឋាភិបាលរបស់លោកហ៊ុន សែន។ នៅទីបញ្ចប់មនុស្សជាច្រើនរួមទាំងអ្នកនៅរដ្ឋធានីវ៉ាស៊ីនតោនផងនិយាយថាប្រសិនបើយើងរំសាយរដ្ឋាភិបាលលោកហ៊ុន សែនគឺក្រុមខ្មែរក្រហមនឹងវិលត្រឡប់មកវិញដូច្នេះយើងមិនរំសាយទេប៉ុន្តែដាក់លក្ខខណ្ឌថារដ្ឋាភិបាលនោះមិនធ្វើកិច្ចការរបស់រដ្ឋាភិបាលទេ។ រដ្ឋាភិបាលអាចទុកបានដើម្បីរក្សាសុវត្ថិភាពប្រទេសប៉ុន្តែអ៊ុនតាក់គឺជារដ្ឋាភិបាលពិតប្រាកដរបស់កម្ពុជា។ តែគេមិនបានធ្វើដូចហ្នឹងទាំងស្រុងទេ។ ដូច្នេះខ្ញុំនិយាយថាប្រតិបត្តិការរបស់អង្គការសហប្រជាជាតិទទួលជោគជ័យបាន៥០ភាគរយ និង៥០ភាគរយទៀតបរាជ័យ។
VOA៖ ដូច្នេះតើលោកគិតយ៉ាងណាដែរពីលោកហ៊ុន សែននៅពេលនេះ?
លោកខ្លូត ម៉ាតាំង៖ ខ្ញុំមិនរិះគន់គាត់ទេ។ បើសិនជាខ្ញុំស្ថិតក្នុងស្ថានភាពដូចគាត់ក៏ខ្ញុំនឹងធ្វើដូចគាត់អីចឹងដែរ។ គាត់ឈានមកដល់ដំណាក់កាលនោះហើយ។ គាត់មានជីវិតរស់នៅលំបាកនៅមុនពេលនោះខ្ញុំមិននិយាយដល់វគ្គថាតើគាត់រត់ភៀសខ្លួនទៅវៀតណាមដោយវិធីណានិងត្រឡប់មកយ៉ាងម៉េចទេ។ គាត់ត្រូវតែរស់និងប្រយុទ្ធដើម្បីអ្វីដែលគាត់គិតថាជាផលប្រយោជន៍ពិតរបស់កម្ពុជា។ ការពិតគឺថាតាំងតែពីដំបូងម្ល៉េះគឺលោកហ៊ុន សែនមិនចង់អនុវត្តតាមកិច្ចព្រមព្រៀងទេ។ គាត់មានគំនិតតាំងពីដំបូងមកថាខ្ញុំនឹងចុះហត្ថលេខាប៉ុន្តែនៅចុងបញ្ចប់ខ្ញុំនឹងមិនធ្វើតាម។ ប្រហែលជាគាត់គិតថាពួកខ្មែរក្រហមមិនគ្រោះថ្នាក់ទៀតទេ។ ប្រហែលជាគាត់គិតថាគាត់អាចនឹងរកវិធីព្រមព្រៀងគ្នាមួយជាមួយនឹងក្រុមខ្មែរក្រហមនៅថ្ងៃណាមួយហើយមានសមាជិកខ្មែរក្រហមជាច្រើនបានវិលត្រឡប់មកទីក្រុងភ្នំពេញវិញនាពេលក្រោយមក។ តាមពិតទៅក្រុមរបស់គាត់មានការចរចាគ្នាជាមួយនឹងក្រុមខ្លះនៅផ្ទៃក្នុងខ្មែរក្រហមប៉ុន្តែគាត់ធ្វើអ្វីដែលគាត់ត្រូវធ្វើ។ កិច្ចព្រមព្រៀងនោះមិនត្រូវបានអនុវត្តតាមដូចដែលបានចែងទេ។
VOA៖ ២៥ឆ្នាំក្រោយលោកហ៊ុន សែននៅបន្តកាន់អំណាចដដែល។ កិច្ចព្រមព្រៀងនេះមានគោលដៅក្នុងការនាំយកសេរីភាពក្នុងបញ្ចេញមតិ សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជាប៉ុន្តែលោកហ៊ុន សែននៅបន្តកាន់អំណាចហើយមានការរំលោភសិទ្ធិមនុស្សដូចដែលក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបង្ហាញដោយមានការផ្តល់អនុសាសន៍ជាច្រើន។ តើគេគួរតែធ្វើយ៉ាងម៉េចទៀតដើម្បីឱ្យកិច្ចព្រមព្រៀងនេះត្រូវបានគេគោរពតាមនិងអនុវត្តដោយត្រឹមត្រូវ?
លោកខ្លូត ម៉ាតាំង៖ បញ្ហានេះមិនមែនជាការទទួលខុសត្រូវរបស់ខ្ញុំទៀតទេហើយអ្វីដែលខ្ញុំអាចនិយាយបានគឺនៅចន្លោះពីឆ្នាំ១៩៩១និងពេលបច្ចុប្បន្នយើងបានធ្វើខុសចំណុចណាខ្លះ។ នៅចន្លោះឆ្នាំ១៩៩១ ៩២ និង៩៣ អង្គការសហប្រជាជាតិមិនបានធ្វើតាមអ្វីដែលខ្លួនត្រូវធ្វើទេ។ កំហុសទីពីរគឺបន្ទាប់ពីក្រុមរាជានិយមរបស់ព្រះអង្គម្ចាស់រណឫទ្ធិបានឈ្នះឆ្នោតហើយអាចមានលទ្ធភាពក្នុងការរៀបចំរដ្ឋាភិបាលចម្រុះជាមួយនឹងភាគីដទៃទៀតដូចជាគណបក្សលោកសឺន សាននិងបក្សដទៃទៀតដោយមិនបញ្ចូលលោកហ៊ុន សែននោះហើយនៅពេលដែលលោកហ៊ុន សែនថាខ្ញុំនៅកាន់អំណាចហើយមិនចេញទេគឺប្រទេសដែលចុះហត្ថលេខាទាំងអស់ត្រូវតែនិយាយអ្វីមួយគឺមិនមែនត្រូវតែទទួលតាមទេ។
VOA៖ ពួកគេមិនបាននិយាយអ្វីទាំងអស់?
លោកខ្លូត ម៉ាតាំង៖ អត់ទេ។ ពួកគេបានទៅជួបសម្តេចសីហនុថាឥឡូវព្រះអង្គគឺជាស្តេចគឺត្រូវតែដោះស្រាយ។ នេះជាបញ្ហាផ្ទៃក្នុង។ នោះមិនមែនជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជាទេ។ នោះគឺជាបញ្ហារបស់សហគមន៍អន្តរជាតិដែលបានធ្វើការប្តេជ្ញាដោយប្រទេសចំនួន១៩។
VOA៖ អីចឹងសហគមន៍អន្តរជាតិថានោះគឺជាបញ្ហាផ្ទៃក្នុងរបស់កម្ពុជា?
លោកខ្លូត ម៉ាតាំង៖ សហគមន៍អន្តរជាតិនិយាយថាសម្រាប់យើងយល់ថាវាជាបញ្ហារបស់កម្ពុជាហួសពីដែនសមត្ថកិច្ចយើងហើយ។ ឥឡូវនេះយើងមានបញ្ហានៅអាហ្វ្រិកនិងកន្លែងដទៃទៀត។ នេះជារឿងខុសឆ្គងព្រោះវាជាការសាកល្បងសម្រាប់អង្គការសហប្រជាជាតិ។ វាជាកិត្តិយសរបស់អង្គការសហប្រជាជាតិ។ បរាជ័យនៃអន្តរាគមន៍របស់អង្គការសហប្រជាជាតិនាពេលក្រោយមកនៅប្រទេសនៅអាហ្វ្រិកមានឫសគល់ចេញមកពីកំហុសដែលយើងបានសាងនៅក្នុងប្រទេសកម្ពុជា។ យើងបានប្រើករណីសាកល្បងនេះហើយនិយាយថាយើងបានបញ្ជូនមនុស្សរាប់ពាន់នាក់និងចំណាយប្រាក់រាប់ពាន់លានដុល្លារដើម្បីរៀបចំការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យហើយលទ្ធផលនៃការបោះឆ្នោតគឺច្បាស់ហើយ។ តើយើងបានធ្វើអ្វី? គឺអត់ទាំងអស់។ អីចឹងសម្តេចសីហនុ តែអង្គឯងត្រូវទទួលរ៉ាប់រងហើយនិយាយថាខ្ញុំត្រូវរក្សាសន្តិភាពសម្រាប់ប្រទេសរបស់ខ្ញុំដូច្នេះទាំងលោកហ៊ុន សែននិងព្រះអង្គម្ចាស់រណឫទ្ធិត្រូវធ្វើជានាយករដ្ឋមន្ត្រីទាំងពីរនាក់។ ហើយលោកហ៊ុន សែនឆ្លាតណាស់ដែលព្រមទទួលព្រោះគាត់គ្មានសិទ្ធិអ្វីទាំងអស់។ ប៉ុន្តែខ្ញុំមិនរិះគន់គាត់ទេព្រោះនៅចំពោះមុខគាត់គឺសហគមន៍អន្តរជាតិមួយដ៏ខ្សោយ ហើយគាត់មានបក្សដែលមានការរៀបចំយ៉ាងមានរបៀប ហើយនៅចំពោះមុខគាត់មានព្រះអង្គម្ចាស់រណឫទ្ធិដែលមិនសូវខ្លាំងមានឥទ្ធិពលដូចលោកហ៊ុន សែន អីចឹងលោកហ៊ុន សែននិយាយថាគាត់ត្រូវតែបន្តកាន់អំណាច។ នោះគឺជាស្ថានភាពពិតនៃនយោបាយមួយដូចដែលជនជាតិអាល្លឺម៉ង់តែងតែនិយាយ។
VOA៖ លោកក៏បានមានប្រសាសន៍ថាភ្លាមៗក្រោយពីការបោះឆ្នោតសហគមន៍អន្តរជាតិមានទំនោរទុកកិច្ចការនោះឱ្យកម្ពុជាដោះស្រាយ។ ប៉ុន្តែរយៈពេល២៥ឆ្នាំបន្ទាប់ពីពួកគេទុកបញ្ហានោះឱ្យកម្ពុជាដោះស្រាយគឺបញ្ហានៅតែមានដដែលហើយចំណុចខ្លះនៃកិច្ចព្រមព្រៀងនៅមិនទាន់អនុវត្តតាមបានជាពិសេសលើជ្រុងនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យព្រមទាំងបញ្ហាព្រំដែនផងដែរ។ តើប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសគួរតែជួបគ្នាឡើងវិញដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងនោះទេ? បើចង់ធ្វើដូច្នេះ តើត្រូវធ្វើយ៉ាងណាដើម្បីឱ្យពួកគេចាប់អារម្មណ៍បាន?
លោកខ្លូត ម៉ាតាំង៖ នេះជាគំនិតមួយដែលថាក្រោយពី រយៈពេល២៥ឆ្នាំគឺយើងជួបគ្នាម្តងទៀតដើម្បីពិនិត្យមើលថាតើយើងបានធ្វើអ្វីខ្លះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះនិងថាតើយើងគួរតែធ្វើអ្វីទៀត។ ប៉ុន្តែជាថ្មីម្តងទៀត ការទូតគឺជាសិល្បៈនៃការប្រើប្រាស់ស្ថានភាពជាក់ស្តែង។ បច្ចុប្បន្ននេះតើនៅមានប្រទេសណាគាំទ្រគំនិតនេះទៀត? ប្រទេសចិនយល់ច្បាស់ហើយថាលោកហ៊ុន សែននឹងនៅកាន់អំណាចយូរឆ្នាំទៀតហើយពួកគេបានវិនិយោគច្រើននៅកម្ពុជាដោយមានផលប្រយោជន៍សេដ្ឋកិច្ចនៅទីក្រុងភ្នំពេញ។ ប្រទេសថៃក៏មានកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលក្រុងភ្នំពេញអំពីធនធានធម្មជាតិនិងព្រំដែន។ ប្រទេសជិតខាងរីករាយនឹងស្ថានភាពដែលកំពុងមាននេះ។ អ្នកដែលមិនសប្បាយចិត្តគឺពលរដ្ឋកម្ពុជា។ ប៉ុន្តែតើពួកគេមានសម្ព័ន្ធមិត្តមកពីណា? ហើយតើមនុស្សប្រភេទណាដែលពួកគេអាចប្រើប្រាស់បានដើម្បីដឹកនាំក្នុងការប្រយុទ្ធដើម្បីស្តារលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសកម្ពុជា? ខ្ញុំសរសើរលោកសម រង្ស៊ី ខ្លាំងណាស់។ ខ្ញុំគិតថាការធ្វើជាបក្សប្រឆាំងក្នុងប្រទេសកម្ពុជាគ្រោះថ្នាក់ខ្លាំងណាស់។ មានមនុស្សជាច្រើនបានឃើញស្ថានការណ៍នេះនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ប៉ុន្តែខ្ញុំមិនគិតថាសហគមន៍អន្តរជាតិនឹងចង់កោះហៅប្រជុំសន្និសីទម្តងទៀតទេប៉ុន្តែខ្ញុំគិតថាប្រទេសហត្ថលេខីអាចបញ្ជូនសារជាប្រចាំឆ្នាំថានេះមិនមែនជាអ្វីដែលយើងចង់បាន ហើយនេះមិនមែនជាអ្វី ដែលអ្នកបានសន្យាថានឹងធ្វើទេ។ ធ្វើដូចនេះដើម្បីដាក់សម្ពាធខ្លះមកលើលោកហ៊ុន សែន។ ខ្ញុំមិនរិះគន់លោកហ៊ុន សែនទេ។ ខ្ញុំអាចយល់បានថាជាការពិតអ្នកណាដែលមានអំណាច ហើយដូចដែលទស្សនវិទូបុរាណរបស់បារាំងនៅមុនបដិវត្តន៍បានសរសេរអីចឹងគឺថា«អ្នកណាដែលមានអំណាចមានទំនោរក្នុងការប្រើអំណាចដើម្បីខ្លួនឯង» ។ នេះគឺជាអ្វីដែលលោកហ៊ុន សែនកំពុងធ្វើសម្រាប់គ្រួសារគាត់ សម្រាប់មិត្តភក្តិ ។ល។និង។ល។ ប៉ុន្តែតើពលរដ្ឋ តើប្រទេសនៅជុំវិញកម្ពុជាពិតជាត្រៀមលក្ខណៈក្នុងការដាក់សម្ពាធមកលើលោកហ៊ុន សែនហើយឬនៅដើម្បីឱ្យគាត់ប្តូរជំហរ ប្តូរវិធីសាស្រ្ត? គឺខ្ញុំពិតជាមានទុទ្ទិដ្ឋិនិយមខ្លាំងណាស់។ ប៉ុន្តែខ្ញុំគិតថាវាអាស្រ័យលើពលរដ្ឋកម្ពុជាក្នុងការតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យពីខាងក្នុងមកវិញ។ ប៉ុន្តែការណ៍នេះនឹងមិនកើតឡើងនៅថ្ងៃស្អែកខានស្អែកទេប៉ុន្តែថ្ងៃនោះនឹងមកដល់។
VOA៖ សូមអរគុណលោកឯកអគ្គរដ្ឋទូតជាខ្លាំងដែលបានផ្តល់បទសម្ភាសដល់VOA!
អ្នកដែលមិនធ្វើតាម កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃ ២៣ ខែ តុលា ឆ្នាំ ១៩៩១ អោយបាន
ពេញលេញ ១០០ ភាគរយ គឺ ជា ជនក្បត់ជាតិ .
ប្រជាពលរដ្ឋ ត្រូវកំទេច ពួកក្បត់ជាតិនេះចេញ ពីទឹកដី ខ្មែរ !
Youn-hanoi and their dogs who destroyed PARISH ACCORD ‘ .Veitcong dog love power and veitcong germs make plan to bury parish accord. So veitcong dog have a power,money and Veitcong hanoi have TRAL ISLAND and sea area,land lease 99 years and killing khmer nationalists like one arrow got two birds ‘.Veitcong dictator and his mafia groups will go to hell soon’.GOD bless all cambodian people’