អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ជា​ភារកិច្ច​បន្ទាន់

ដោយ យ៉ង ចាន់តារា
2017-03-06
RFA

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth
ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​៦ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Chuop Sereyroth


អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ប្រកាស​ថា ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ឬ​ការ​លាង​លុយ​កខ្វក់ គឺ​ជា​ភារកិច្ច​បន្ទាន់​មួយ​របស់​អង្គភាព​មួយ​នេះ។ ការ​លើក​ឡើង​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី “ការ​ប្រើប្រាស់​ឧបករណ៍​ប្រឆាំង​ការ​សម្អាត​ប្រាក់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ” ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សហការ​ជាមួយ​ធនាគារ​ពិភពលោក (World Bank) ដែល​មាន​រយៈពេល ៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ មីនា នៅ​សណ្ឋាគារ ឡឺ រ៉ូយ៉ាល់ (Raffle Le Royal) រាជធានី​ភ្នំពេញ។

ការ​សិក្សា​ដើម្បី​ស្វែងរក​ឧបករណ៍​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លាង​សម្អាត​ប្រាក់​នេះ មាន​ការ​ចូលរួម​ពី​មន្ត្រី​នគរបាល​យុត្តិធម៌ និង​មន្ត្រី​នៃ​ស្ថាប័ន​តុលាការ​ចំនួន ៣៧​នាក់។

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក ឱម យ៉ិនទៀង ថ្លែង​ថា ការ​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់ គឺ​ជា​កិច្ចការ​បន្ទាន់​មួយ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។ លោក​ទទួល​ស្គាល់​ថា មាន​ករណី​លាង​សម្អាត​ប្រាក់​នៅ​កម្ពុជា ហើយ​វា​នៅ​តែ​ត្រូវ​បាន​ធ្វើ​ដោយ​ងាយ​ស្រួល«យើង​មិន​បាន​ឃើញ​ដោយ​ជាក់ស្តែង​ថា បញ្ហា​នេះ​កើត​ឡើង​យ៉ាង​ម៉េច​ទេ ប៉ុន្តែ​យើង​ចាប់​ផ្ដើម​ពី​វគ្គ​សិក្សា​នេះ យើង​បំពាក់​បំប៉ន​ចំនួន ៣៧​នាក់​នៅ​ថ្ងៃ​នេះ ក្លាយ​ទៅ​ជា​គ្រូ​បង្គោល ក្លាយ​ទៅ​ជា​គ្រាប់​ពូជ​មួយ។ ហើយ​ផ្ដើម​ពី​នេះ ដល់​ចុង​ឆ្នាំ​យ៉ាង​យូរ យើង​ត្រូវ​តែ​មើល​ឲ្យ​ឃើញ​ឡើង​វិញ ថា​តើ​កម្ពុជា យើង​នេះ ការ​សម្អាត​ប្រាក់​មាន​យ៉ាង​ម៉េច? ហើយ​ត្រូវ​បង្ក្រាប​ឲ្យ​មាន​ផល​យ៉ាង​ដូច​ម៉េច? អ៊ីចឹង​បើ​ប្អូន​សួរ​ខ្ញុំ​ថា តើ​ការ​សម្អាត​ប្រាក់​នៅ​កម្ពុជា វា​មាន​ទេ? អ្នក​ណា? ក្រសួង ឬ​ស្ថាប័ន​ណា? យើង​ខ្ញុំ​ថា​ទុក​ឲ្យ​ចុង​ឆ្នាំ យើង​ខ្ញុំ​នឹង​ឆ្លើយ​ជូន។ យើង​ត្រូវ​ការ​ទទួល​សិល្ប៍​សិន ហើយ​ថ្ងៃ​នេះ គឺ​មក​បញ្ចូល​សិល្ប៍​ហើយ»

លោក​បន្ត​ថា ក្រៅ​ពី​ស៊ើប​អង្កេត​រក​ការ​សម្អាត​ប្រាក់​តាម​វិស័យ​ធនាគារ មន្ត្រី​នគរបាល​យុត្តិធម៌​ក៏​ត្រូវ​ស្វែងរក​បទល្មើស​នេះ​នៅ​ក្នុង​វិស័យ​អចលនវត្ថុ ការ​នាំ​ទំនិញ​ចេញ​ចូល ការ​រត់​ពន្ធ ការ​កាប់​ព្រៃ​ឈើ បទល្មើស​នេសាទ បទល្មើស​សត្វ​ព្រៃ ការ​ជួញដូរ​ផ្លូវ​ភេទ និង​ការ​ជួញដូរ​គ្រឿង​ញៀន ជាដើម។

លោក ឱម យ៉ិនទៀង រំពឹង​ថា តាម​រយៈ​ការ​សិក្សា​នេះ មន្ត្រី​នគរបាល​យុត្តិធម៌ និង​តុលាការ នឹង​ក្លាយ​ជា​អ្នក​ជំនាញ​ខាង​ស៊ើប​អង្កេត និង​កាត់​ទោស​បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​សម្អាត​ប្រាក់​នេះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ។ លោក​ថា ការ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់ គឺ​ជា​តម្រូវ​ការ​របស់​កម្ពុជា និង​ប្រទេស​ជា​មិត្ត​មួយ​ចំនួន ដែល​ធ្វើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ«ការ​លាង​លុយ​កខ្វក់​នេះ វា​គឺ​ជា​មធ្យោបាយ​សម្រាប់​ឧក្រិដ្ឋជន ពេល​នោះ​ហើយ សន្តិសុខ​សង្គម​វា​អាច​ជា​ក្តី​បារម្ភ​មួយ ហើយ​វា​នាំ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​ការ​វិនិយោគ​របស់​វិនិយោគិន​ដែល​ល្អៗ ដែល​ត្រឹមត្រូវ។ អ៊ីចឹង​វា​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​កម្ពុជា ទាំង​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម ហើយ​ក៏​វា​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មុខ​មាត់​របស់​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ​ដែរ បើ​សិន​ជា​បញ្ហា​ហ្នឹង​វា​មិន​ត្រូវ​បាន​រៀបចំ​ឲ្យ​មាន​របៀប​រៀបរយ ហើយ​និង​ការ​អនុវត្ត​ច្បាប់​ត្រួត​ពិនិត្យ​ការ​លាង​លុយ»

ក្រុម​អ្នក​ជំនាញ​នៃ​ធនាគារ​ពិភពលោក បាន​ឲ្យ​និយមន័យ​ការ​លាង​សម្អាត​ប្រាក់ ឬ​លាង​លុយ​កខ្វក់​ថា ជា​ទង្វើ​ក្លែង​ប្រភព​ខុស​ច្បាប់​នៃ​ប្រាក់​ដើម ដែល​បាន​ពី​បទល្មើស។ វា​កើត​ឡើង​ក្នុង​រូបភាព​នៃ “ការ​បម្លែង ឬ​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ដោយ​ដឹង​ថា ទ្រព្យ​សម្បត្តិ​នោះ គឺ​ជា​ផល​នៃ​បទល្មើស ក្នុង​គោល​បំណង​បិទ​បាំង ឬ​ក្លែង​ប្រភព​ដើម​មិន​ស្រប​ច្បាប់​នៃ​ទ្រព្យ​សម្បត្តិ​នោះ ឬ​ជួយ​បុគ្គល​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស ដើម្បី​ឲ្យ​បុគ្គល​នោះ​គេច​ផុត​ពី​ផលវិបាក​តាម​ផ្លូវ​ច្បាប់​នូវ​សកម្មភាព​របស់​ខ្លួន”។

ក្រៅ​ពី​នេះ ការ​លាង​លុយ​កខ្វក់ ក៏​កើត​ឡើង​ដោយសារ “ការ​បិទ​បាំង ឬ​ការ​ក្លែង​សភាវៈ​ពិត ប្រភព ទីតាំង សិទ្ធិ​ចាត់ចែង ចលនា ឬ​កម្មសិទ្ធិ ឬ​សិទ្ធិ​លើ​ទ្រព្យ​សម្បត្តិ ដោយ​ដឹង​ថា ទ្រព្យ​សម្បត្តិ​ទាំងនោះ​បាន​មក​ពី​បទល្មើស។ វា​ក៏​កើត​ឡើង​ដោយសារ ការ​ធ្វើ​លទ្ធកម្ម ការ​កាន់​កាប់ ឬ​ការ​ប្រើប្រាស់​ទ្រព្យ​សម្បត្តិ ដោយ​ដឹង​ពេល​ទទួល​បាន​ទ្រព្យ​សម្បត្តិ​នោះ​ថា ទ្រព្យ​សម្បត្តិ​ទាំងនោះ​បាន​មក​ពី​បទល្មើស”។

ការ​សម្អាត​ប្រាក់ ឬ​ការ​លាង​លុយ​កខ្វក់ គឺ​ជាប់​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​នៅ​ត្រង់​ថា អំពើ​ពុក​រលួយ​ជា​ប្រភេទ​បទល្មើស​ដែល​ត្រូវ​បាន​ប្រព្រឹត្ត​ដោយសារ​ហេតុផល​ចង់​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ ឬ​អត្ថប្រយោជន៍​ផ្សេង​ទៀត។ ក្នុង​បរិបទ​នេះ អ្វី​ដែល​មន្ត្រី​ពុក​រលួយ​ចង់​បាន គឺ​សប្បាយ​ចិត្ត​ជាមួយ​នឹង​ផល​នៃ​អំពើ​ពុក​រលួយ​នេះ ដោយ​មិន​បង្ក​ឲ្យ​មាន​ការ​សង្ស័យ​លើ​ប្រភព​នៃ​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ហើយ​គេ​នឹង​ប្រើប្រាស់​យន្តការ​លាក់​បាំង​ប្រភព​ទ្រព្យ​សម្បត្តិ​ដែល​បាន​មក​ដោយ​មិន​ត្រឹមត្រូវ និង​បង្វែរ​ប្រាក់​ទាំងនោះ​ចូល​មក​ក្នុង​សេដ្ឋកិច្ច​ស្រប​ច្បាប់​វិញ ដូច្នេះ​ធ្វើ​ឲ្យ​ទ្រព្យ​សម្បត្តិ​នោះ​ហាក់​បី​ដូចជា​មាន​ភាព​ស្រប​ច្បាប់។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ឃើញ​ថា ដើម្បី​ឲ្យ​ការ​ប្រឆាំង​នឹង​ការ​លាង​លុយ​កខ្វក់​នេះ​មាន​ប្រសិទ្ធភាព លុះត្រា​តែ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​អនុវត្ត​ច្បាប់​លើ​បុគ្គល​មាន​លុយ និង​មាន​អំណាច​ដែល​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​នេះ។ ម្យ៉ាង​វិញ​ទៀត លោក​ថា​កិច្ចការ​នេះ ទាមទារ​ឲ្យ​មាន​កិច្ច​សហការ​ល្អ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ទើប​ទទួល​បាន​ជោគជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

2 Responses to "អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ការ​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​ជា​ភារកិច្ច​បន្ទាន់"

  1. Anonymous says:

    នាំគ្នាលាងលុយបន្តៗ តាំងពី ២០០៥ ទើបតែ ចាប់អារម្មណ៏!!!!!!។
    អនុក្រិត្យ បង្វែរ ទ្រព្យសម្បត្តិ ទៅកូនចៅ និងមិនបង់ពន្ធ ជាការលាងលុយដែរឬទេ????? មិនទាន់គិតពី ប្តីធ្វើមន្ត្រី តែប្រពន្ធធ្វើជំនួញឡើយ?????

  2. people says:

    So funny this king dom of corruption”.Everybody living in this king dom knew that ‘ all level of government officials are corruption ‘ even the world knew that CAMBODIA is the worse corrupted king dom in ASEAN”.This ACU created to cover up the corrupted people ‘and show international that this country really followed democracy ‘but the fact is everything is FAKE ‘ fake democracy,fake court,fake everything ” because of mafia dictator one eye who become mad like mad dog.So far this ACU catch only small fish’ they dare not to touch big high ranking corrupted people’.Cambodian people never dream to get justice or fair because of this regime’ call beast regime’ leaded by beast people ‘.GOD bless all cambodian people’