ដោយ ម៉ម មុនីរតន៍
2017-03-18
RFA

ពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោកឧបនាយករដ្ឋមន្ត្រី សុខ អាន នាគេហដ្ឋានរបស់លោក នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ RFA/Cheu Sideth
![]()
នៅថ្ងៃជូនដំណើរនៃសពលោក សុខ អាន នៅព្រឹកថ្ងៃទី១៩ ខែមីនា គណបក្សប្រឆាំងនឹងដឹកនាំប្រតិភូមួយក្រុម ទៅគោរពវិញ្ញាណក្ខន្ធសព រួចហើយចូលរួមដង្ហែរហូតដល់ទីបូជាសព ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ។ អ្នកនាំពាក្យពីខាងបក្សកាន់អំណាចយល់ឃើញថា នេះជារឿងល្អដែលអ្នកនយោបាយចេះយកអាសាគ្នាពេលមានទុក្ខសោក។ អ្នកវិភាគសង្គមចាត់ទុកការលះបង់ពេលវេលារបស់បក្សប្រឆាំង និងការបន្ទន់ឥរិយាបថផ្នែកនយោបាយនៅពេលនេះ ថាគឺជាវិធីផ្សះផ្សាភាពប្រេះឆាដ៏ល្អបំផុត។
អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ការចូលរួមគោរពបុណ្យសព និងដង្ហែរហូតដល់ទីបច្ឆានៅមុខវត្តបទុមវតីនេះ គឺជាការបញ្ជាក់ឲ្យឃើញពីកម្លាំងសាមគ្គីភាព និងរំលែកទុក្ខដ៏ក្រៀមក្រំនៃក្រុមគ្រួសារសព បើទោះជានេះពុំមែនជាបក្សតែមួយក៏ដោយចុះ។
ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី១៨ ខែមីនា អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ប្រតិភូមួយក្រុមដែលដឹកនាំដោយលោក សុន ឆ័យ និងលោក ប៉ុល ហំម នឹងទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមដង្ហែសពនៅថ្ងៃចុងក្រោយនៃការជូនដំណើរលោក សុខ អាន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ជាមួយនឹងសមាជិកដទៃទៀតរបស់បក្សកាន់អំណាចដែរ។ អ្នកស្រីបន្តថា ដោយឡែកប្រធានគណបក្សប្រឆាំង គឺលោក កឹម សុខា មានភារកិច្ចដែលពុំអាចចូលរួមបាន៖ «នៅថ្ងៃស្អែកយើងខ្ញុំជាតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិ នឹងចូលរួមនៅក្នុងពិធីបុណ្យសពនៃឯកឧត្ដម សុខ អាន»។
រដ្ឋាភិបាលបានប្រកាសថា លោក សុខ អាន បានទទួលមរណភាពក្រោយពីព្រះមហាក្សត្រ ប្រោសព្រះរាជទានគោរមងារលោកជា “សម្ដេចវិបុលបញ្ញា សុខ អាន” កាលពីថ្ងៃទី១៥ ខែមីនា នៅទីក្រុងប៉េកាំង ប្រទេសចិន។ នៅថ្ងៃទី១៩ ខែមីនា គឺជាថ្ងៃចុងក្រោយហើយនៃពិធីបុណ្យសព ដែលត្រូវរំកិលចេញពីគេហដ្ឋានទៅបូជានៅមុខវត្តបទុមវតី។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច សាទរចំពោះវត្តមានគណបក្សប្រឆាំងចូលរួមគោរព និងដង្ហែសពលោក សុខ អាន ទៅទីបច្ឆា។ លោកបន្តថា អ្នកនយោបាយគួរធ្វើបែបនេះដើម្បីបង្ហាញពីកម្លាំងសាមគ្គីភាព បើទោះជាឈ្លោះ គួរឈ្លោះគ្នាត្រឹមកម្មវិធីនយោបាយបានហើយ។ ដោយឡែកទំនាក់ទំនងរវាងបុគ្គល និងបុគ្គលវាគឺជារឿងមួយផ្សេង ទើបធ្វើឲ្យជាតិរុងរឿង និងជឿនលឿនទៅមុខបាន៖ «ខ្ញុំយល់ថា នេះជាបរិយាកាសល្អមួយដែលឆ្លងតាមរយៈកាយវិការនៃមនុស្សធម៌ និងសីលធម៌នៃភាគីរបស់គណបក្សសង្គ្រោះជាតិ។ យើងយល់ថា វាបង្កលក្ខណៈឲ្យយើងទាំងអស់គ្នា ហើយវាមិនមានការចម្លែកអីប៉ុន្មានទេ ដែលយើងកំពុងតែប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស»។
ជុំវិញពិធីបុណ្យសពនេះ រដ្ឋាភិបាលក៏រងការរិះគន់ពីការស្នើលុយជិត ១លានដុល្លារ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចំណាយនៅក្នុងកម្មវិធីបុណ្យសពនេះដែរ។ ក្រុមអ្នករិះគន់នៅតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ចោទប្រកាន់ថា នេះជាការចំណាយថវិកាជាតិដ៏ច្រើនលើសលប់។ យ៉ាងណាមន្ត្រីរដ្ឋាភិបាលធ្លាប់ថ្លែងការពារថា ការស្នើសុំថវិកាដ៏ច្រើននេះ ដើម្បីយកមករៀបចំកម្មវិធីបុណ្យ ក្រៅពីដើម្បីធ្វើឲ្យសក្ដិសមទៅនឹងកិត្តិយសរបស់លោក សុខ អាន ហើយសេសសល់ពីនេះ បើថវិកាចាយមិនអស់ទេនឹងត្រូវបង្វិលចូលទៅក្នុងថវិការដ្ឋវិញទេ។
ដោយឡែក លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យយល់ឃើញថា ការបន្ទន់ឥរិយាបថមួយជំហានបន្ថែមទៀតរបស់បក្សប្រឆាំងនៅពេលនេះ គឺជាជម្រើសដ៏ល្អបំផុត។ លោកបន្តថា នេះពុំមែនជាការបង្ហាញភាពទន់ជ្រាយរបស់បក្សប្រឆាំងទេ ក៏ប៉ុន្តែវាជាការបង្ហាញសីលធម៌សមរម្យ ចេះអធ្យាស្រ័យ និងជាការឆ្លុះបញ្ចាំងពីភាពចាស់ទុំផ្នែកនយោបាយទៅវិញថែមទៀតផង៖ «ធ្វើឲ្យមានការសម្របសម្រួលគ្នាបាន នេះជាបរិយាកាសមួយ ឬជាកាយវិការវាអាចជួយនាំទៅដែលអាចឈោងដៃចាប់គ្នាទៅវិញទៅមក»។
ថ្វីបើពេលនេះមើលទៅបរិយាកាសនយោបាយ ហាក់វិលទៅរកភាពប្រក្រតីឡើងវិញបន្តិច ទន្ទឹមនឹងនេះសម្ពាធនយោបាយមួយថ្មីទៀត បានផ្ទុះឡើងភ្លាមដែរ។ ក្រោយពីមានសារឆ្លើយឆ្លងរវាងលោក លឹម គឹមយ៉ា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក ហ៊ី យឿន អគ្គលេខាធិការរងព្រឹទ្ធសភាពីខាងបក្សប្រឆាំងសន្ទនាតាមទូរស័ព្ទ រិះគន់សពលោក សុខ អាន ហើយត្រូវបានហ្វេសប៊ុកឈ្មោះ សីហា ទម្លាយចេញ។ អ្នកគាំទ្របក្សកាន់អំណាចបញ្ចេញប្រតិកម្មជាបន្តបន្ទាប់។
ទាក់ទិនរឿងនេះ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ព្រមាននៅថ្ងៃទី១៨ ខែមីនា ថានឹងប្ដឹងរឿងនេះទៅតុលាការ ប្រសិនបើអ្នកទាំងពីរមិនចេញមុខសូមទោសជាសាធារណៈទេ។
អាស៊ីសេរី ពុំអាចសុំប្រតិកម្មបានទេពីលោក លឹម គឹមយ៉ា និងលោក ហ៊ី យឿន នៅថ្ងៃទី១៨ ខែមីនា។ យ៉ាងណា ក្រុមដែលគាំទ្របក្សកាន់អំណាចចាត់ទុកសារឆ្លើយឆ្លងនេះថា ជារឿងអសីលធម៌ និងថ្កោលទោស ដែលត្រូវទាមទារដោះស្រាយតាមច្បាប់។
ជុំវិញការបញ្ចេញសំឡេងឆ្លើយឆ្លងតាមទូរស័ព្ទទាក់ទិននឹងមរណភាពលោក សុខ អាន នេះ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា ជំហរថា គណបក្សប្រឆាំងគឺមិនអនុញ្ញាតឲ្យសមាជិកបក្សប្រើប្រាស់ភាសាមិនសមរម្យឡើយ។ ផ្ទុយទៅវិញ ការប្រមាថដោយសម្ដី ឬមើលងាយអ្នកដទៃ នោះជាការទទួលខុសត្រូវរបស់បុគ្គលផ្ទាល់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
បក្សប្រឆាំងសម្រេចលុបពាក្យស្លោក “ដកមេឃុំបម្រើបក្សដាក់មេឃុំបម្រើរាស្ត្រ”
-
មន្ត្រីថ្នាក់ដឹកនាំកំពូលៗចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលចូលរួមគោរពវិញ្ញាណក្ខន្ធលោក សុខ អាន
-
រដ្ឋាភិបាលប្រគល់តួនាទីស្ដីទីឲ្យលោក ប៊ិន ឈិន ជំនួសលោក សុខ អាន
-
សពលោក សុខ អាន ត្រូវបានដឹកមកដល់កម្ពុជាហើយនៅម៉ោង៥ព្រឹកព្រលឹម
-
សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់បក្សប្រឆាំងពីរអាចនឹងបញ្ចប់ការងារមុនផុតអាណត្តិ
Sok An was very corrupted person, and one of the very bad men among Hun Sen’s nepotism; he will become hell; next will be Ah Hun Sen and his nepotism to die and go to hell, eat shit, blood, mucus, and urine
it is a good thing for the opposition to joint the funeral of SOK AN . it showing this nation remain together even the deference of the political matter. please do not take it seriously on personal matter. nation stability and rebuilding this nation is the main focus of the leader. simple thing for me to say to you is please do not trying to kill each other . peace to all Cambodian