ដោយ លោក ណាត សុភាព | ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧ | ម៉ោង 5:22 PM
http://vodhotnews.com

ក្រសួងមហាផ្ទៃបានច្រានចោលសំដីរបស់លោក គឹម សុខ ដែលថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្ត្រីជាអ្នកបញ្ជូនមនុស្សឲ្យទៅលួងលោមនិងគំរាមដាក់គុកងងឹត បើបុគ្គលនោះមិនធ្វើលិខិតសុំទោសជាថ្នូរបាននៅក្រៅឃុំ ដោយថាការអះអាងនេះមិនមានមូលដ្ឋានច្បាស់លាស់។
កាលពីថ្ងៃទី៦ មីនា ឆ្នាំ២០១៧កន្លងទៅ លោក គឹម សុខ បានអះអាងបែបនេះនៅសាលាឧទ្ធរណ៍ បន្ទាប់ពីបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំ ដែលតុលាការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
លិខិតបំភ្លឺរបស់អគ្គនាយដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចុះថ្ងៃទី២០ មីនា ឆ្នាំ២០១៧នេះ មានខ្លឹមសារថា អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់ទុកការលើកឡើងរបស់លោក គឹម សុខ ដែល ថា «សម្តេចតេជោ ហ៊ុន សែន ចាត់មនុស្សទៅលួងលោម និងបញ្ចុះបញ្ចូលរូបគេ ឬគំរាមរូបគេដាក់គុកងងឹត» នោះ គឺជាចេតនាវាយប្រហារលើរដ្ឋាភិបាល ដោយគ្មានមូលដ្ឋាន ខុសពីការពិតទាំងស្រុង ខណៈកម្ពុជាមិនមានគុកងងឹតនោះទេ។ លិខិតមានខ្លឹមសារថា «ក្នុងករណី មានការគំរាមណាមួយ ពីសំណាក់ជនជាប់ឃុំដូចគ្នា ឬជនណាម្នាក់ដែលប្រព្រឹត្តក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់មណ្ឌលអប់រំកែប្រែ ឈ្មោះ គឹម សុខ គួរតែរាយការណ៍ផ្ទាល់ ឬតាមរយៈមេធាវី ឬក្រុមគ្រួសារឲ្យអ្នកគ្រប់គ្រងនិងមន្ត្រីបានដឹង ដើម្បីរួមគ្នាដោះស្រាយ ផ្ទុយទៅវិញលោក គឹម សុខ បែរជាឆ្លៀតបង្កើតជាវេទិកាវាយប្រហារប្រមុខរដ្ឋាភិបាល ដោយគ្មានមូលដ្ឋានទៅវិញ»។
លិខិតបំភ្លឺដដែលបានបញ្ជាក់ថា ការប្រើគុកងងឹតដើម្បីដាក់ ទណ្ឌកម្មជាទង្វើបំពានច្បាប់ និងគោលការណ៍សិទ្ធិមនុស្សទាំងស្រុង។ លិខិតបន្តថា កន្លងទៅ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ រួមមានលោកស្រី រ៉ូណាស្មីត លោក ផ្លាវីយែរ ប៉ានស៊ីរី និងអ្នកជំនាញសិទ្ធិមនុស្សជាច្រើន ធ្លាប់បានចុះទៅដល់មណ្ឌលអប់រំកែប្រែទី១ ឬហៅថាព្រៃស ដើម្បីពិនិត្យផ្ទាល់នៅទីនោះដែរ តែពុំមានគុកងងឹតឡើយ។
លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោក គឹម សុខ បានឲ្យដឹងថា លោកមិនបានដឹងពីព័ត៌មាននេះទេ ដោយលោកថានៅថ្ងៃនេះលោក ជួប លោក គឹម សុខ នៅពន្ធនាគារដែរ ប៉ុន្តែកូនក្តីលោកមិនបានលើកឡើងពីបញ្ហានេះទេ៖ «ខ្ញុំអត់ដឹងរឿងហ្នឹងច្បាស់ទេ ខ្ញុំគ្មានយោបល់យ៉ាងណានោះទេពាក់ព័ន្ធរឿងហ្នឹង ខ្ញុំព្រឹកមិញ ខ្ញុំបានទៅជួបគាត់ ប៉ុន្តែគាត់អត់បានប្រាប់ខ្ញុំពីករណីហ្នឹងទេ»។
កាលពីពេលថ្មីៗនេះ មេធាវីការពារក្តីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹងលោក គឹម សុខ ពីរសំណុំរឿង។ សំណុំរឿងទីមួយ ប្តឹងលោក គឹម សុខ ថាបានអត្ថាធិប្បាយចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ដោយមិនមានមូលដ្ឋាន និងទាមទារសំណងជំងឺចិត្ត៥០ម៉ឺនដុល្លារ។ បណ្តឹងមួយករណីទៀតប្តឹងថា លោក គឹម សុខ បាន ចោទ រដ្ឋាភិបាលកម្ពុជាថាជាអ្នករៀបចំប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្ស ហើយរកមុខឃាតកមិនឃើញ និងទារប្រាក់សំណង១០លានរៀលផងដែរ៕
Communist state ‘ leaded by former K-R veitcong never have justice for ordinary people’.GOD will punish bad people one by one ‘what go around will come a round ‘ GOD bless all cambodian people’
Libérez Kim Sok !