លោក ហ៊ុន សែន ស្ដី​បន្ទោស​​លោក ផៃ ស៊ីផាន ធ្ងន់ៗ​​ទាក់ទង​នឹង​មុខងារ​របស់​លោក សុខ អាន

ដោយ អ៊ុង សេរីវុទ្ធ
2017-03-21
RFA

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Morm Moniroth
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្វើ​សន្និសីទ​កាសែត​នា​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Morm Moniroth


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី២២ មីនា ដោយ​ស្ដី​បន្ទោស​ធ្ងន់ៗ ដល់​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែល​អធិប្បាយ​ជុំវិញ​តួនាទី​មួយ​ចំនួន​លោក​លោក សុខ អាន។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក ផៃ ស៊ីផាន ជា​ការ​ផ្ដល់​ព័ត៌មាន​ខុស ដែល​ថា​តួនាទី​ទាំង​ប៉ុន្មាន​របស់​អតីត​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន នឹង​ត្រូវ​ផ្ដល់​ជូន​លោក ប៊ិន ឈិន ដែល​ទើប​ទទួល​តួនាទី​ស្ដីទី​ពី​លោក សុខ អាន ក្រោយ​លោក​ទទួល​មរណភាព។

លោក ហ៊ុន សែន៖ «ពេល​ខ្លះ​មិនមែន​អ្នកសារព័ត៌មាន​ខុស​ទេ ប៉ុន្តែ​យើង(អ្នកនាំពាក្យ) ​អ្នក​ផ្ដល់​ព័ត៌មាន​ឲ្យ​គេ​ខុស។ រួច​អ្នក​មាន​ចេតនា​អាក្រក់​ក៏​ពង្រីក​ថែម​ទៅ! អត់​មាន​ដូរ​អ្វី​ទាំង​អស់ វា​ទៅ​ជា​ឆ្កួត​អស់​ចឹង​ទៅ! ឥឡូវ​ដើម្បី​កែ ចាក់​មួយ​ម្ជុល​បាត់​ឆ្កួត»

លោក ហ៊ុន សែន បញ្ជាក់​ថា សម្រាប់​លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​កំពុង​ទទួល​តួនាទី​រដ្ឋមន្ត្រី​ស្ដីទី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី នឹង​មិន​គ្រប់​ការងារ​របស់​លោក សុខ អាន ទាំង​អស់​ឡើយ ដោយ​គ្រប់គ្រង​តែ​សាលាក្ដី​ខ្មែរ​ក្រហម​តែ​មួយ​ប៉ុណ្ណោះ។ ចំណែក​ការងារ​ដទៃ​ទៀត​ដែលស្ថិតក្រោម​​ស្ថាប័ន​ណា នឹង​ត្រូវ​ផ្ដល់​ទៅ​ស្ថាប័ន​នោះ។

លោក​ថា អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អ្នក​គ្រប់គ្រង។ ប្រធាន​កាយរិទ្ធិ ត្រូវ​ផ្ដល់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ហើយ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នឹង​ត្រូវ​គ្រប់គ្រង​គណៈកម្មការ​ផ្លូវ​ដែក។ ដោយ​ឡែក​ក្រុមប្រឹក្សា​គណៈវិស្វកម្ម នឹង​ត្រូវ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ជា​អ្នក​ទទួល​ខុសត្រូវ។ រីឯសាលា​ភូមិន្ទរដ្ឋបាល នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងរបស់​ក្រសួង​មុខងារ​សាធារណៈ ខណៈសាលាវិជ្ជាជីវៈ​តុលាការ និង​ត្រូវ​ប្រគល់​ឲ្យ​ក្រសួង​យុត្តិធម៌។ នៅ​សល់​ពី​នេះ មាន​តែ​ស្ថាប័ន​បី​ប៉ុណ្ណោះ នឹង​ត្រូវ​ស្ថិត​ក្រោម​ចំណុះ​របស់​ទីស្ដី​គណៈរដ្ឋមន្ត្រី​ដដែល គឺ​អាកាសចរ​ស៊ីវិល ក្រុមប្រឹក្សា​កំណែទម្រង់​រដ្ឋ និង​រាជបណ្ឌិត​សភា។

បន្ថែម​ពីលើនេះ លោក ហ៊ុន សែន ក៏​ស្នើ​ឲ្យ​សារព័ត៌មាន​កែតម្រូវ​ឡើង​វិញ នូវ​អ្វី​ដែលលោក ផៃ ស៊ីផាន បានថ្លែង​នា​ពេល​កន្លង​ទៅ និង​ត្រូវ​រក​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ជាមុនសិន​មុន​នឹង​ផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ លោក ហ៊ុន សែន សុំ​ទោស​លោក ផៃ ស៊ីផាន ចំពោះ​ការ​ស្ដី​បន្ទោស​នេះ ប៉ុន្តែ​លោក​ថា បើ​លោក​មិន​និយាយ គេ​អាច​នឹង​យល់​ច្រឡំ​ចំពោះ​រដ្ឋាភិបាល រួម​នឹង​ការ​ប្រមាថ​រដ្ឋាភិបាល​ផង។

លោក ហ៊ុន សែន អះអាង​ថា លោក​ធ្លាប់​បាន​ជជែក​គ្នា​ពី​ការ​កែទម្រង់​តួនាទី​នេះតាំង​ពី​លោក សុខ អាន មិន​ទាន់​ឈឺ​ម្ល៉េះ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ស្ដី​បន្ទោស​​លោក ផៃ ស៊ីផាន ធ្ងន់ៗ​​ទាក់ទង​នឹង​មុខងារ​របស់​លោក សុខ អាន"

  1. kone Khmer says:

    ធ្វើជាសត្វសេក និងសារិកា គឺតែងតែជួបប្រទះនូវហេតុការណ៏ដូច្នេះហើយ (ទ្រាំៗទៅបុរសធ្មេញមាស) អើយ!

  2. Tor says:

    បន្តិចទៀតដើរទាត់ខ្យល់ហើយ អស់សុខអានហើយ។

  3. Phanna says:

    គាត់ខំ​ kiss ass ចៅហ្វាយថ្មីដើម្បីរក្សាការងារគាត់ទេ​ ព្រោះគាត់មិនអាច
    មករត់ការ​SSI នៅអាមេរិកដូចមុនទៀតបានឡើយ?