ដោយ លោក ណាត សុភាព | ថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០១៧ | ម៉ោង 5:18 PM
http://vodhotnews.com

មន្រ្តីនគរបាលច្រកព្រំដែននៅក្រុងប៉ោយប៉ែត ឈ្មោះ ឈាន ពិសិដ្ឋ កាលពីពេលកន្លងទៅ (រូបភាពពីហ្វេសប៊ុក)
មន្ត្រីនគរបាលព្រំដែននៅខេត្តបន្ទាយមានជ័យ លោក ឈាន ពិសិដ្ឋ ដែលទាញកំាភ្លើងបាញ់មន្ត្រីនគរបាលធ្វើការជាមួយគ្នានោះ មិនបានចូលបំភ្លឺនៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍រាជធានីភ្នំពេញ តាមការសន្យានោះទេ។
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៧ នាយរងប៉ុស្តិ៍អន្តោរប្រវេសន៍លោក ឈាន ពិសិដ្ឋ ដែលធ្លាប់ផ្តួលខ្លួនមុខរថយន្តរបស់មន្រ្តីបក្សប្រឆាំងនោះ បានប្រើអាវុធខ្លី បាញ់ទៅលើលោក សេម មករា នាយផ្នែករដ្ឋបាល ចំស្មារខាងឆ្វេងបណ្តាលអោយដាច់រលាត់ តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ។
ក្នុងលិខិតបំភ្លឺរបស់នាយកដ្ឋានច្រកទ្វារទី១ ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត មានខ្លឹមសារថា លោក ឈាន ពិសិដ្ឋ បានសន្យាចូលបំភ្លឺ នៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ នាព្រឹកថ្ងៃទី១០មេសា ជុំវិញការប្រើកំាភ្លើងបាញ់លើលោក សេម មករា។
ប៉ុន្តែអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ លោក កែវ វណ្ណថន បានប្រាប់ VOD នៅថ្ងៃនេះថា លោក ឈាន ពិសិដ្ឋ មិនបានចូលបំភ្លឺនៅអគ្គនាយកដ្ឋានអន្តោរប្រវេសន៍នោះទេ។ ទោះជាយ៉ាងណាលោក វណ្ណថន បញ្ជាក់ថា ករណីលោក ពិសិដ្ឋ នឹងត្រូវចាត់វិធានការច្បាប់។
លោកនិយាយថា «ឥឡូវនេះអគ្គនាយកដ្ឋានអន្តោរប្រវេសន៍កំពុងធ្វើរបាយការណ៍ជូនក្រសួង ហើយយើងកំពុងអនុវត្តតាមច្បាប់»។
VOD មិនអាចសុំការបំភ្លឺពីលោក ឈាន ពិសិដ្ឋ បានទេនៅថ្ងៃនេះ។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគម អាដហុក លោក ស៊ុំ ចន្ទគា យល់ថា ករណីបាញ់បោះដោយសេរីដែលប្រព្រឹត្តដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ ឈាន ពិសិដ្ឋ នោះព្រះរាជអាជ្ញាតុលាការខេត្តបន្ទាយមានជ័យ ត្រូវស្រាវជ្រាវចាប់បុគ្គលនោះមកផ្តន្ទាទោសតាមច្បាប់ មិនត្រូវនៅស្ងាត់ស្ងៀមបែបនេះនោះទេ។
លោក ស៊ុំ ចន្ទគា បញ្ជាក់ថា បើតុលាការមិនចាត់វិធានការច្បាប់លើលោក ឈាន ពិសិដ្ឋ ទេ ពលរដ្ឋនឹងអស់ជំនឿលើប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
លោកនិយាយថា «រឿងលោក ឈាន ពិសិដ្ឋ គេល្បីទូទំាងប្រទេសហើយ បើគាត់មើលអត់ឃើញទៀត [តុលាការ]ជារឿងមួយសង្គម មជ្ឈដ្ឋានទំាងអស់គេមើលឃើញទៅលើដំណើរទំាងអស់ ធ្វើឲ្យបាត់ជំនឿ មកពីខ្លួនយើង»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានប្រាប់VOD នៅថ្ងៃចន្ទនេះថា ក្រសួងមហាផ្ទៃកំពុងប្រជុំ និងពិនិត្យមើលឯកសារនិងភស្តុតាងមួយចំនួន ដែលលោក ឈាន ពិសិដ្ឋ បានបាញ់លើលោក សេម មករា កាលពីថ្ងៃទី៩មេសា។ លោកបន្តថា ក្រោយពីប្រជុំ លោក ពិសិដ្ឋ នឹងត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ និងស្វែងរកបុគ្គលរូបនោះយកទៅផ្តន្ទាទោសតាមច្បាប់។ លោកនិយាយថា «គ្រាន់តែលើកកំាភ្លើងវាខុសច្បាប់ដែលអាចទទួលទោសព្រហ្មទណ្ឌហើយ ។ បាញ់មេឯងទៀត បាញ់ទំាងឯកសណ្ឋានទៀត សមតែនឹងគុក»។
លោក ខៀវ សុភ័គ បានបង្ហើបថា ក្រុមសមត្ថកិច្ចបានដឹងពីតម្រុយដែលលោក ពិសិដ្ឋ លាក់ខ្លួនខ្លះហើយ។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីទីតំាងនោះទេ ដោយថាទុកឲ្យសមត្ថកិច្ចធ្វើកិច្ចការនេះ។
កាលពីខែធ្នូ ឆ្នាំមុន លោក ឈាន ពិសិដ្ឋ ត្រូវបានគេបង្ហោះវីដេអូ ដែលបង្ហាញថាគាត់បានធ្វើជាដេកដួលនៅមុខរថយន្ត សកម្មជនគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី ដោយចោទថាមន្ត្រីបក្សប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក លោក ឌិន ពុទ្ធី ត្រូវបានអាជ្ញាធរនៅខេត្តនេះចាប់ឃុំខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងវិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕
អាមួយនេះខ្លាំងជាងសម្តេច ព្រោះវាហ៊ានមើលងាយតុលាកាសម្តេច!
មកដល់ពេលដេកមែនទែនក្នុងគុកហើយ ទុកគ្មានឡាននៅពីមុខ ក៍ដួលស្តូកលើការ៉ូដែរ។
Leave a Reply
Perpetrators will never say he is wrong!!!!