ក្រសួង​ការ​បរទេស ដាស់​តឿន​បក្ស​ប្រឆាំង​ថា ការ​យក​បញ្ហា​វៀតណាម​មក​ប្រឡែង​លេង គឺ​ជា​រឿង​ដ៏​សែន​គ្រោះ​ថ្នាក់!​

ដោយ ហេង ឧត្តម
11/04/2017
RFI

media
លោក កឹម សុខា និងលោក សម រង្ស៊ី ពេល​កំពុង​បាតុកម្ម​ ក្រោយ​ការ​បោះឆ្នោត២០១៣ (@Sam rainsy page)

នៅ​ថ្ងៃ​អង្គារ៍​នេះ ក្រសួង​ការ​បទេស ក្នុង​នាម​រដ្ឋាភិបាល បាន​ចេញ​សេចក្តី​បំភ្លឺ​ កម្រាស់​ ១៧ទំព័រ​ ដើម្បី​បក​ស្រាយ ប្រាប់​ការ​ពិត ចំពោះ​បញ្ហា​រសើប ៨​ចំណុច​។ បញ្ហា​រសើប​ទាំង​នោះ រួម​មាន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​គណបក្ស​នយោបាយ, បញ្ហា​ដី​ធ្លី, បញ្ហា​ប្រព័ន្ធ​តុលាការ​ដែល​គេ​ចោទ​ថា​ជា​ឧបករណ៍​នយោបាយ, អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ, ច្បាប់​ស្តី​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល, បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ព្រម​ទាំង​បញ្ហា​គណបក្ស​ប្រឆាំង​។ ​ក្រសួង​ការ​បរទេស យល់​ថា សំណុំ​រឿង​ទាំង​អស់​នេះ ត្រូវ​តែ​ស្រាយ​បំភ្លឺ​ និង​បញ្ជាក់​ការ​ពិត​ឲ្យ​បាន​ដាច់​ស្រឡះ​តែ​ម្តង​ ព្រោះ​បញ្ហា​ទាំង​នេះ វា​បាន​នឹង​កំពុង​បន្ត​មួល​បង្កាច់​ ដាក់​កំហុស​មក​លើ​រដ្ឋាភិបាល ហើយ​និង​ស្តែង​ពី​រូបភាព​អវិជ្ជមាន​អំពី​កម្ពុជា។ ក្នុង​ចំណោម​រឿង​រសើប​ទាំង​អស់​នេះ​ ក្រសួង​ការ​បរទេស បញ្ជាក់​ប្រាប់​អ្នក​នយោបាយ​និង​មហាជន​ថា ការ​ប្រឡែង​លេង​ជាមួយ​នឹង​បញ្ហា​វៀតណាម ពី​សំណាក់​បក្ស​ប្រឆាំង គឺ​ជា​រឿង​ដ៏​សែន​គ្រោះ​ថ្នាក់ និង​មិន​ត្រូវ​អត់​ឱន​ឲ្យ​បាន​ឡើយ​។ 

បន្ទាប់​ពី​អង្កេត​ដំណើរ​ជីវិត​នយោបាយ​ដ៏​យូរ​អង្វែង​របស់​លោក សម រង្ស៊ី, ក្រសួង​ការ​បទេស បាន​ចេញ​មុខ​វាយ​តម្លៃ​ថា លោក សម រង្ស៊ី គឺ​ជា​អ្នក​នយោបាយ​ដែល​ស្ទាត់​ជំនាញ​ភាសា​អង់គ្លេស និង​បារាំង និយាយ​បាន​យ៉ាង​ល្អ​អំពី​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ ទៅកាន់​ទស្សនិកជន​បស្ចិម​ប្រទេស។ ក៏​ប៉ុន្តែ លោក​មិន​បាន​និយាយ​បែប​នេះ​ទេ នៅ​ពេល​ដែល​គាត់​ថ្លែង​សារ​នយោបាយ​ជា​ភាសា​ខ្មែរ។ គាត់​ប្រើ​ប្រាប់​វាក្យ​សព្ទ​ផ្សេង​ពី​គ្នា​សម្រាប់​ក្រុម​មនុស្ស​ខុស​គ្នា។

ចំពោះ​ក្រសួង​ការ​បរទេស​ខ្មែរ, លោក សម រង្ស៊ី គឺ​ជា​អ្នក​ប្រជាភិថុត​នៅ​បស្ចិម​ប្រទេស។ គាត់​ជា​បេក្ខជន​តែ​ម្នាក់​គត់ ដែល​ត្រូវ​បាន ​UNTAC ស្តី​បន្ទោស ពី​ការ​រើស​អើង​ជា​តិ​សាសន៍​ កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ ១៩៩៣។ ហើយ​ គាត់​បាន​បញ្ឆេះ​កំហឹង​រើស​អើង​ជាតិ​សាសន៍ ប្រឆាំង​វៀតណាម នៅ​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ឆ្នាំ​ ១៩៩៨ ដែល​បង្កើត​ជា​កំហឹង រហូតវាយ​ប្រហារ​ សម្លាប់​វៀតណាម​យ៉ាង​ហោច៤​នាក់​ ​និង​ដុត​ស្តូប​មិត្ត​ភាព​កម្ពុជា – វៀតណាម ថែមទៀត​។ លើស​ពី​នេះ លោក សម រង្ស៊ី ​ធ្លាប់​ញុះញង់ ​នាំ​ប្រជាជន​សាមញ្ញ ទៅ​ដក​បង្គោល​ព្រំដែន​អន្តរជាតិ​។
 
ក្រសួង​ការ​បរទេស​ពន្យល់​ថា ទង្វើ​ទាំង​នេះ គឺ​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ ទោះ​បី​រដ្ឋាភិបាល​បស្ចិម​ប្រទេស​ក៏​ដោយ​។ ព្រោះ​ជា​បញ្ហា​ដ៏​រសើប​ណាស់ ដែល​ជានិច្ចកាល​នាំ​ទៅ​រក​ភាព​តាន​តឹង និង​អសណ្ដាប់​ធ្នាប់​សាធារណៈ ហើយ​ការ​ប្រឡែង​លេង​ជាមួយ​នឹង​បញ្ហា​វៀតណាម​ ដើម្បី​តែ​ចំណេញ​សំឡេង​ឆ្នោត​ គឺ​ជា​កង្វះ​ការ​ទទួល​ខុស​ត្រូវ​ដ៏​សែន​គ្រោះ​ថ្នាក់។
បុគ្គល​ទី ២ គឺ​លោក កឹម សុខា ​ក៏​ត្រូវ ក្រសួង​ការ​បរទេស កត់​សម្គាល់​ថា បាន​ប្រើ​វាក្យសព្ទ​ស្រដៀង​នឹង​លោក សម រង្ស៊ី ដែរ គឺ​ពោរ​ពេញ​ដោយ​ការ​ស្អប់​ខ្ពើម​ នៅ​ពេល​និយាយ​ទាក់​ទង​នឹង​ប្រជាជន និងប្រទេស​វៀតណាម។ ថែម​ពី​នេះ លោក កឹម សុខា ធ្លាប់​ថ្លែង​យ៉ាង​អង់​អាច ថា​ គុកទួល​ស្លែង ជា​ការ​ប្រឌិត ជា​ការ​បង្កើត​ឡើង​ដោយ​វៀតណាម។ សម្តី​ដូច្នេះ គឺ​អាច​ត្រូវ​ចាត់​ទុក​ជា​បទ​ល្មើស​ឧក្រិដ្ឋ នៅ​បណ្តា​បស្ចិម​ប្រទេស​បាន​ធ្វើ ចំពោះ​អ្នក​ដែល​បដិសេធ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ស្រដៀង​គ្នា​ដូច្នេះ​ដែរ។
 
ចំណែក ករណី​សមាជិក​បក្ស​ប្រឆាំង​ពីរ​នាក់​ទៀត គឺ​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខហួរ និង​សមាជិក​សភា​លោក អ៊ុំ សំអាន ក៏​ត្រូវ​ក្រសួង​ការ​បរទេស​បំភ្លឺ​ ដោយ​គូស​បញ្ជាក់​ដែរ​ថា ការ​បំផ្លិច​បំផ្លាញ​ និង​ផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ​ពាក់​ព័ន្ធ​នឹង​សន្តិសុខ​ជាតិ គឺ​ជា​ការ​ប៉ុន​ប៉ង​ដោយ​ចេតនា​បង្ក​អស្ថិរភាព​ប្រទេស​ និង​ចាត់​ទុក​ជា​ទង្វើ​អំពើ​ក្បត់​ជាតិ​ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌ​នៃ​បណ្តា​រដ្ឋ​ប្រជាធិតេយ្យ​ជា​ច្រើន​ផង​។
 
ដូច​លោក សម រង្ស៊ី និង លោក កឹម សុខា ដែរ ​ក្រសួង​ការ​បរទេស បញ្ជាក់​ថា ពាក្យ​ពេចន៍​អរិភាព​របស់​លោក អ៊ុំ សំអាន គឺ​ជា​ការ​បំពាន​ព្រហ្មទណ្ឌ​លើ​សេរីភាព​នៃការ​បញ្ចេញ​មតិ និង​ជា​ការ​ញុះញង់​ឲ្យ​ស្អប់​ខ្ពើម​ជាតិ​សាសន៍​ ដើម្បី​គោល​បំណង​នៃ​ការ​បោះ​ឆ្នោត​និង​ការ​ចំណេញ​នយោបាយ។
 
មុន​នឹង​បញ្ចប់​សេចក្តី​ស្រាយ​បំភ្លឺ​របស់​ខ្លួន ក្រសួង​ការ​បរទេស បាន​រម្លឹក​ច្បាស់ៗ​ថា ការ​ដាក់​កំហុស​លើ​រដ្ឋាភិបាល​ខ្មែរ ការ​រិះគន់ ការ​ដាក់​ឲ្យ​នៅ​ឯកា ការ​គំរាម​បិទ​ទីផ្សារ​និង​ដាក់​ទណ្ឌ​សេដ្ឋកិច្ច​​ឥត​ឈប់​ឈរ​មក​លើ​រដ្ឋាភិបាល​កម្ពុជា​ គឺ​មិន​អំណោយ​ផល​ ដល់​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​នោះ​ទេ។ ក្រសួង​ការ​បរទេស ថែម​ទាំង​ដាស់​តឿន​ឲ្យ​ស្ថាប័ន​ទាំង​ឡាយ គួរ​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ គណ​បក្ស​ប្រឆាំង ប្រកាន់​ឥរិយាបថ​នយោបាយ​ស៊ីវិល័យ​  គោរព​​ច្បាប់ និង​គោលការណ៍​ប្រជាធិបតេយ្យ ជា​ជាង​បន្ត​ធ្វើ​នយោបាយ​ប្រជាភិថុត​ ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ ស្អប់​ខ្ពើម​ជាតិ​សាសន៍ និង​ញុះញង់​ឲ្យ​មាន​ភាព​ចលាចល នៅ​​ក្នុង​សង្គម​៕

What Next?

Recent Articles

One Response to "ក្រសួង​ការ​បរទេស ដាស់​តឿន​បក្ស​ប្រឆាំង​ថា ការ​យក​បញ្ហា​វៀតណាម​មក​ប្រឡែង​លេង គឺ​ជា​រឿង​ដ៏​សែន​គ្រោះ​ថ្នាក់!​"

  1. people says:

    This veitcong puppet gevernment are serve youn-veitcong only ‘ .this ministry of veitcong puppet never protected the country or serve the nation because they are veitcong dogs since 1970 ‘.This puppet veitcong government scaring of the truth and turn white to black turn black to white ‘ and what ever they do alway right but when peopl or opposition said the truth they killed or jail them ‘so this is law of veitcong puppet government and leaded by veitcong mafia dictator and his groups.We been through many generation and all hkhmer leaders protected land,sea,island but this puppet veitcong government gave everything to youn-hanoi ‘and bury parish accord so this government betray the nation.this beast regime is the dog of youn .GOD bless all cambodian people’