ដោយ សូត សុខប្រាថ្នា
2017-04-11
RFA

ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាំគ្នាលើកបដាដែលមានរូបមន្ត្រីអាដហុក (ADHOC) មន្ត្រី គ.ជ.ប និងអ្នកស្រី ទេព វន្នី ដើម្បីស្នើឲ្យដោះលែងកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo ADHOC
![]()
ប្រជាសហគមន៍ជាច្រើននៅតាមស្រុកមួយចំនួន ដូចជាស្រុកមេមត់ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាំគ្នាលើកបដាដែលមានរូបមន្ត្រីសមាគមអាដហុក (ADHOC) ៤រូប មន្ត្រីអគ្គលេខាធិការរង គ.ជ.ប ១រូប និងសកម្មជនដីធ្លីតំបន់បឹងកក់ ដើម្បីស្នើឲ្យតុលាការ ព្រមទាំងព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល ដោះលែងអ្នកទាំងនោះឲ្យមានសេរីភាពឡើងវិញ។ ការស្នើរបស់ប្រជាសហគមន៍ពេលនេះ ដោយសារពួកគាត់យល់ឃើញថា ការបន្តឃុំខ្លួនមនុស្សមិនមានកំហុស គឺជារឿងអយុត្តិធម៌។
ប្រជាសហគមន៍មួយចំនួននៅខេត្តត្បូងឃ្មុំ ចង់ឲ្យរាជរដ្ឋាភិបាល និងតុលាការ ពិចារណាដោះលែងអ្នកជាប់ឃុំទាំង ៦នាក់ឲ្យមានសេរីភាព ដើម្បីបានទៅជួបជុំក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្ដិនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីព្រោះជាពេលដែលពលរដ្ឋគ្រប់រូបតែងស្រមៃថានឹងបានជួបជុំមនុស្សជាទីស្រឡាញ់របស់ខ្លួន។
ប្រជាសហគមន៍យល់ថា ការបន្តឃុំខ្លួនអ្នកទាំងនោះ ពុំមានអ្វីចំណេញដល់រាជរដ្ឋាភិបាលឡើយ ប៉ុន្តែមានតែធ្វើឲ្យរាជរដ្ឋាភិបាលខូចកេរ្តិ៍ឈ្មោះនៅលើឆាកជាតិ និងអន្តរជាតិ ហើយកាន់តែធ្វើឲ្យពលរដ្ឋស្អប់ការដឹកនាំបច្ចុប្បន្នថែមទៀតផង។
តំណាងប្រជាសហគមន៍នៅភូមិចំបក់ ឃុំត្រពាំងព្រីង លោក យ៉ាំ វេង មានប្រសាសន៍ថា ពួកគាត់នាំគ្នាលើកបដាដែលមានរូបមន្ត្រីអាដហុកទាំងបួននាក់ និងអគ្គលេខាធិការរង គ.ជ.ប ម្នាក់ ព្រមទាំងសកម្មជនដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដើម្បីស្នើដល់ព្រះមហាក្សត្រ ព្រះរាជទានលើកលែងទោសដល់ពួកគេ។ មិនតែប៉ុណ្ណោះ ស្នើឲ្យរាជរដ្ឋាភិបាលដោះលែងមនុស្សដែលគ្មានកំហុសទាំងនេះឲ្យមានសេរីភាពឡើងវិញ៖ «សំណូមពរឲ្យគាត់ រាជរដ្ឋាភិបាល សម្ដេច ហ៊ុន សែន និងសម្ដេច សីហមុនី សូមឲ្យលោកមានមេត្តាធម៌ដោះលែងសកម្មជនអ្នកទាំងអស់នោះផង»។
មន្ត្រីសមាគមអាដហុកចំនួន ៤រូបរួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងអ្នកស្រី លឹម មុន្នី ព្រមទាំងអគ្គលេខាធិការរង គ.ជ.ប គឺលោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីលើសំណុំរឿងដែលគេសង្ស័យថា ជារឿងអាស្រូវស្នេហារបស់ប្រធានគណបក្សសង្គ្រោះជាតិ បច្ចុប្បន្ន គឺលោក កឹម សុខា និងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ គិតមកត្រឹមថ្ងៃទី១១ មេសា ពួកគាត់ទាំង ៥នាក់ ត្រូវបានតុលាការឃុំខ្លួនចំនួន ៣៤៧ថ្ងៃ ឬជិតមួយឆ្នាំ រីឯអ្នកស្រី ទេព វន្នី សកម្មជនដីធ្លីតំបន់បឹងកក់ ត្រូវបានជាប់ឃុំចំនួន ២៣៨ថ្ងៃពីបទប្រើហិង្សាដោយចេតនាលើសន្តិសុខសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ហើយត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសឲ្យជាប់គុកចំនួន ២ឆ្នាំកន្លះ។
ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង មួយរូបទៀត លោក ផេង សំអឿន រៀបរាប់ថា ប្រជាពលរដ្ឋភាគច្រើនសុទ្ធតែបានដឹងថា នរណាល្អ នរណាអាក្រក់ នរណាតួយក្ស និងនរណាជាតួទេវតា។ លោកបន្តថា ប្រសិនបើតុលាការនៅតែបន្តឃុំខ្លួនមនុស្សដែលគ្មានកំហុសទៀត វាមិនត្រឹមតែធ្វើឲ្យតុលាការរងការរិះគន់ប៉ុណ្ណោះទេ ប៉ុន្តែប្រជាពលរដ្ឋនឹងបាត់បង់ជំនឿទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសធ្វើឲ្យប៉ះពាល់ដល់សំឡេងឆ្នោតតែម្តង។ លោកយល់ថា បើទោះបីជាយុទ្ធនាការស្នើឲ្យព្រះមហាក្សត្រ និងប្រមុខរាជរដ្ឋាភិបាលអន្តរាគមន៍ដោះលែងអ្នកជាប់ឃុំពេលនេះ មិនមានសង្ឃឹមក្តី ប៉ុន្តែជាការបង្ហាញពីទឹកចិត្តគាំទ្រដល់មនុស្សដែលគ្មានកំហុស និងតែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រ និងទន់ខ្សោយ៖ «គេមិនចូលឯកភាពជាមួយទេ សូម្បីប្រជាពលរដ្ឋក៏គេបានយល់ឃើញទាំងអស់ដែរ ហើយគាត់លាក់លៀមដល់ណាទៀត?»។
សំណុំរឿងអាស្រូវរបស់លោក កឹម សុខា និងនាង ស្រីមុំ កើតឡើងកាលពីខែមេសា ឆ្នាំ២០១៦ បានធ្វើឲ្យមនុស្សជាច្រើននាក់ត្រូវជាប់ពន្ធនាគារ ក្នុងនោះមានមេឃុំស្រក មកពីគណបក្ស សម រង្ស៊ី គឺលោក ស៊ាង ចែត ប៉ុន្តែត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសកាលពីដើមខែធ្នូ ឆ្នាំ២០១៦ ដំណាលគ្នាទៅនឹងលោក កឹម សុខា ដែរ បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយពេលមន្ត្រីសមាគមអាដហុក និងមន្ត្រី គ.ជ.ប ជាប់ឃុំ នៅខាងក្រៅពន្ធនាគារវិញ ទាំងសង្គមស៊ីវិល និងសកម្មជនដីធ្លី បានបង្កើតយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីទាមទារឲ្យតុលាការដោះលែងអ្នកជាប់ឃុំទាំងនោះ។ យុទ្ធនាការនេះជាដើមហេតុធ្វើឲ្យអាជ្ញាធរចាប់ខ្លួនអ្នកស្រី ទេព វន្នី ហើយតុលាការក៏បានសើរើរឿងក្តីចាស់របស់អ្នកស្រី យកមកជំនុំជម្រះ និងផ្ដន្ទាទោស។
កន្លងទៅ មេធាវីការពារក្តីឲ្យមន្ត្រីសមាគមអាដហុក និងអគ្គលេខាធិការរង គ.ជ.ប បានដាក់លិខិតស្នើសុំទៅសាលាដំបូងរាជធានីភ្នំពេញ និងតុលាការកំពូល ដើម្បីឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំ ប៉ុន្តែត្រូវបរាជ័យរហូត។
មេធាវីការពារក្តីឲ្យលោក នី ចរិយា គឺលោក សំ សុគង់ មានប្រសាសន៍ថា កូនក្តីរបស់លោកដែលកំពុងរស់នៅក្នុងពន្ធនាគារក្រុងភ្នំពេញ គឺមានការលំបាកទាំងផ្លូវកាយ និងផ្លូវចិត្ត ពិសេសលោក នី ចរិយា មានជំងឺប្រចាំកាយផង។ លោកថា ការបន្តឃុំខ្លួនលោក នី ចរិយា វាមិនត្រឹមតែប៉ះពាល់ដល់ជីវភាពក្រុមគ្រួសារកូនក្តីរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែធ្វើឲ្យប៉ះពាល់ដល់ការងាររបស់គាត់ក្នុងតំណែងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះត្រូវបំពេញការងារបោះឆ្នោតដែលនឹងចូលមកដល់នៅខែមិថុនា។ លោកបន្តថា ការស្នើសុំរបស់ពលរដ្ឋឲ្យដោះលែងអ្នកជាប់ឃុំទាំងនោះមុនថ្ងៃចូលឆ្នាំ តាមនីតិវិធីគឺមិនអាចទៅរួចទេ ព្រោះកៀកថ្ងៃចូលឆ្នាំទៅហើយ៖ «ដោយសារយើងមានបែបបទច្រើនក្នុងការដោះលែងហ្នឹង ប៉ុន្តែមេធាវីការពារសង្ឃឹមថាប្រសិនបើខាងតុលាការ ក៏ដូចជាខាងតុលាការមានបំណងដោះលែង គួរតែធ្វើនៅក្រោយចូលឆ្នាំនៅពេលថ្ងៃទី១៨ មេសា»។
លោក សំ សុគង់ បញ្ជាក់ថា ទាំងមេធាវីការពារក្តីឲ្យលោក នី ចរិយា ទាំងមេធាវីការពារក្តីឲ្យមន្ត្រីសមាគមអាដហុក បានបំពេញការងាររបស់ខ្លួនស្ទើរតែគ្រប់នីតិវិធី ធ្វើយ៉ាងណាឲ្យកូនក្តីរបស់ខ្លួនរួចផុតពីការចោទប្រកាន់ និងបាននៅក្រៅឃុំ ប៉ុន្តែការឆ្លើយតបពីខាងតុលាការវិញ មិនមានអ្វីគួរឲ្យកត់សម្គាល់ឡើយ។
ចំណែកមេធាវីការពារក្តីឲ្យមន្ត្រីសមាគមអាដហុក អះអាងថា ពួកគេនឹងបន្តនីតិវិធីស្នើសុំឲ្យកូនក្តីរបស់ខ្លួនបាននៅក្រៅឃុំក្រោយពេលចូលឆ្នាំប្រពៃណីខ្មែររួច។
ប្រជាសហគមន៍នៅខេត្តត្បូងឃ្មុំ នាំគ្នាធ្វើយុទ្ធនាការស្នើឲ្យដោះលែងអ្នកជាប់ឃុំទាំង ៦នាក់តាំងពីខែកុម្ភៈ មក ដោយអះអាងថា ធ្វើឡើងតាមការស្ម័គ្រចិត្ត និងការស្រឡាញ់យុត្តិធម៌ប៉ុណ្ណោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ដោយសារសំណុំរឿងនេះអយុត្តិធម៌ពេក ទើបជំរុញឲ្យប្រជាពលរដ្ឋធ្វើយុទ្ធនាការនេះឡើង៖ «សគឺស ខ្មៅគឺខ្មៅ នៅលើលោកនេះគ្មានអ្វីអាថ៌កំបាំងទេ។ វាបានតែមួយភ្លែតៗទេ ប៉ុន្តែថ្ងៃក្រោយ គង់តែនឹងដឹងទេ»។
លោកយល់ថា ប្រសិនបើតុលាការបន្តឃុំខ្លួនមនុស្សដែលគ្មានកំហុស គឺធ្វើឲ្យប្រជាពលរដ្ឋកាន់តែបាត់បង់ជំនឿលើប្រព័ន្ធយុត្តិធម៌ ពិសេសបាត់បង់ជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាលតែម្តង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
-
សហគមន៍បុរីកីឡានិងបឹងកក់ផ្អាកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមួយរយៈពេល
-
សហគមន៍បុរីកីឡានិងបឹងកក់សម្រេចផ្អាកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៨
-
សមត្ថកិច្ចចាប់ខ្លួនស្ត្រីពីរនាក់ដែលធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅក្នុងសហគមន៍បុរីកីឡា
-
សហគមន៍បុរីកីឡាប្ដេជ្ញាបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្ស
-
តុលាការកំពូលនឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់លោក នី ចរិយា នៅចុងខែមីនា
-
សហគមន៍បុរីកីឡាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៤៦យ៉ាងស្ងប់ស្ងាត់
-
សហគមន៍ដីធ្លីនៅបឹងកក់ផ្អាកយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅមួយរយៈ
-
បក្សប្រឆាំងស្នើឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនៅឱកាសបុណ្យចូលឆ្នាំថ្មី
-
អង្គការការពារសិទ្ធិមនុស្សអន្តរជាតិអំពាវនាវឲ្យដោះលែងមន្ត្រីអាដហុកនិងគ.ជ.បជាបន្ទាន់
-
បទសម្ភាសន៍៖ ប្រធានអាដហុកអំពាវនាវឲ្យបក្សកាន់អំណាចបន្ធូរបន្ថយនយោបាយតឹងរ៉ឹង

Ask this beast regime to release the NGO people?? no way’ this veitcong beast regime and leaded by former veitcong K-R never feel pity to anybody ‘because they are the killers and they listen only Angka lour youn-hanoi and killed khmer people with no mercy.Veitcong mafia dictator and his groups will be topple by people vote and kick them out .GOD bless all cambodian people’