
ឃាតករ ជួប សម្លាប់ ពេលនាំមកសាលាដំបូងកន្លងមក។ រូបថត FB
Fri, 21 April 2017
នៀម ឆេង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ មេធាវីការពារក្តីឲ្យ ជួប សម្លាប់ បានប្ដឹងឧទ្ធរណ៍កាលពីម្សិលមិញដើម្បីសុំឲ្យមានការបន្ធូរបន្ថយទោសដល់កូនក្តីលោក ខណៈសំណុំរឿងលក់អាវុធនៅតែមិនទាន់មានពន្លឺនៅឡើយ។
លោកមេធាវី យុង ផានិត បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍នៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសុំឲ្យបន្ធូរបន្ថយទោសដល់កូនក្តីលោក។
លោកថា៖ «ព្រឹកមិញខ្ញុំដាក់ពាក្យប្តឹងឧទ្ធរណ៍រួចហើយនៅសាលាដំបូង។ ខ្ញុំពិភាក្សាជាមួយកូនក្តីខ្ញុំទៅ គាត់ចង់បានស្ថានសម្រាលទោស។
គាត់ (ជួប សម្លាប់) សួរថាតើធ្វើម៉េចសុំឲ្យបានចុះទណ្ឌកម្មទៀតបានអត់។ ខ្ញុំបានប្រាប់ថាតាមនីតិវិធី យើងអាចសុំស្ថានសម្រាលបាន»។
លោកថ្លែងថាលោកបានជួបកូនក្តី ជួប សម្លាប់ ២ ដងដើម្បីពិគ្រោះយោបល់ ក្រោយតុលាការផ្ដន្ទាទោសអស់មួយជីវិត។
បើតាមលោកមេធាវីការសុំស្ថានសម្រាលនេះគឺ ជួប សម្លាប់ ថាគាត់អត់មានបងប្អូនមកសួរសុខទុក្ខ ហើយគ្មានប្រាក់ទិញអាហារគ្រប់គ្រាន់។
លោកមេធាវីបញ្ជាក់ថា៖ «គាត់ថាគាត់អត់មានបងប្អូនមកសួរសុខទុក្ខគាត់ អ៊ីចឹងគាត់មានការលំបាកក្នុងការហូបចុក និងស្នាក់នៅ។ ការហូបចុកវាអត់គ្រប់គ្រាន់នៅក្នុងពន្ធនាគារ។ បើគេមានបងប្អូន បងប្អូនទៅសួរសុខទុក្ខគេយកអីទៅផ្ញើ»។
លោកមេធាវីក៏បានឲ្យដឹងដែរថាកូនក្តីលោកនិយាយថាសោកស្តាយពីរឿងសម្លាប់លោកបណ្ឌិត កែម ឡី និងថាមិនដឹងគាត់ជាមនុស្សល្បី។
លោកមេធាវីថ្លែងថា៖ «គាត់សោកស្តាយទៅលើបញ្ហាធំ ២ ទី មួយ គាត់អត់ដឹងថាបណ្ឌិត កែម ឡី ជាបណ្ឌិត ឬជាអ្នកដែលមានប្រជាប្រិយភាពអ៊ីចឹងទេ គាត់និយាយអ៊ីចឹងថាគាត់អត់ដឹងទេ ហើយគាត់គ្រាន់តែដឹងថាគាត់ស្គាល់តាម ពូលីស គាត់ជួយរកផ្ទះរកអី យកលុយយកអីពីគាត់អ៊ីចឹងគឺដូចគាត់រៀបរាប់នៅក្នុងសវនាការដែរ»។
លោកបណ្ឌិត កែម ឡី អ្នកវិភាគសង្គមត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងហាងមួយក្បែរស្ថានីយប្រេងកាល់តិចស្តុបបូកគោកាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំមុន។
កាលពីថ្ងៃទី ២៣ ខែមីនាឆ្នាំនេះសាលាដំបូងរាជធានីភ្នំពេញបានកាត់ទោសជនដៃដល់ អឿត អាង ហៅ ជួប សម្លាប់ ដោយដាក់ពន្ធនាគារអស់មួយជីវិត។ ប៉ុន្តែមជ្ឈដ្ឋាននានាយល់ថាសាលក្រមនេះបន្សល់ទុកនូវចម្ងល់ដោយសារគេជឿថាមានអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ ហើយហៅសាលក្រមនេះថាធ្វើឡើងដើម្បីបិទសំណុំរឿង។
សំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី ត្រូវបានបំបែកជា ២ ដោយពេលនេះតុលាការកំពុងស៊ើបអង្កេតលើមនុស្ស ២ នាក់ទៀតគឺឈ្មោះ ចក់ ដែល ជួប សម្លាប់ ថាជាអ្នកលក់អាវុធឲ្យខ្លួន និងឈ្មោះ ពូលីស ដែលជាអ្នកនាំ ជួប សម្លាប់ ឲ្យមកស្គាល់បណ្ឌិត កែម ឡី។
ទោះយ៉ាងណាសំណុំរឿងបំបែកនេះហាក់នៅជាអាថ៌កំបាំងនៅឡើយ។
លោក សេង លាង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដែលកាន់សំណុំរឿងនេះបានថ្លែងថាសំណុំរឿងនេះកំពុងដំណើរការដោយលោកថ្លែងយ៉ាងខ្លីថា៖ «យើងចាត់ចែងហើយយើងចាត់ចែងដំណើរការហើយ ហើយព័ត៌មានអីបន្ថែមសូមទាក់ទងអ្នកនាំពាក្យទៅណា»។
កាលពីថ្ងៃចន្ទមន្ត្រីប៉ូលិសរាជធានីភ្នំពេញលោក លី សុង ថ្លែងថាលោកមិនច្បាស់ទេថា ដីកាបញ្ជូនរឿងឲ្យស៊ើបអង្កេតលើជនពាក់ព័ន្ធក្នុងរឿងលក់អាវុធនេះត្រូវតុលាការបញ្ជូនមកហើយឬនៅទេ ដោយលោកស្នើឲ្យទាក់ទងលោក លី សុផាណា ដែលជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញវិញ។
ប៉ុន្តែលោក លី សុផាណា មិនឆ្លើយតបសំណួរពាក់ព័ន្ធទៅនឹងសំណុំរឿងនេះទេកាលពីថ្ងៃម្សិលមិញ៕
Contact author: នៀម ឆេង
Look at the photo it was like they had arrested an ISIS guy in Siria!!!