ដោយ ស្រី សុភ័ក្រ្ត
09/05/2017
RFI

កសិករខ្មែរ ប្រមូលផលស្រូវ (រូបភាព ៖ ធនាគារពិភពលោក) @WorldBank
នៅថ្ងៃទី០៩ ខែឧសភានេះ វេទិកាអនាគត បានចេញផ្សាយ អត្ថបទវិភាគមួយ ទាក់ទងនឹង ការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ម្ចាស់ឆ្នោត។ មាននិន្នាការ បីសំខាន់ ដែលអាចនឹងជះឥទ្ធិពលទៅលើឥរិយាបទរបស់អ្នកបោះឆ្នោត គឺ (១).ការផ្លាស់ប្តូរកម្លាំងពលកម្ម ពីវិស័យកសិកម្ម ទៅរកការងារដែលផ្តល់ប្រាក់ខែ ក្នុងវិស័យឧស្សាហ៍កម្ម និងសេវាកម្ម (២). ការកើនឡើងនៃប្រាក់ចំណូលក្នុងគ្រួសារ និង (៣).ការងាកទៅពឹងផ្អែកលើប្រព័ន្ធផ្តល់ប្រាក់កម្ចីផ្លូវការ ដូចជា ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កាន់តែច្រើនឡើង។ លោក អ៊ូ វីរៈ ប្រធាន វេទិកាអនាគត បានព្យាករណ៍ថា នៅពេលបោះឆ្នោតមូលដ្ឋានខាងមុខនេះ អ្នកបោះឆ្នោត នឹងចាប់អារម្មណ៍តែលើគោលនយោបាយណា ដែលមានឥទ្ធិពលមកលើសេដ្ឋកិច្ចឯកជន។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បានកត់សម្គាល់ឃើញថា បច្ចុប្បន្ន ពលរដ្ឋកម្ពុជាទូទាំងប្រទេសភាគច្រើន លែងជា កសិករ ដែលរស់ពឹងលើរបរកសិកម្មទៀតហើយ តែបានប្រែក្លាយខ្លួនជា កម្មករ-និយោជិត ដែលរស់ពឹងពាក់លើ ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល ក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មទៅវិញ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៥ អត្រាការងារក្នុងវិស័យកសិកម្ម ធ្លាក់ចុះមកនៅសល់ត្រឹម ៤១.៥% តែកើនឡើងអត្រានៃអ្នកមានការងារធ្វើវិស័យឧស្សាហ៍កម្ម និងសេវាកម្មទៅវិញ។ លោកបន្ថែមថា នៅក្នុងការបោះឆ្នោតឃុំសង្កាត់ នាពេលខាងមុខនេះ ពលរដ្ឋនឹងចាប់អារម្មណ៍លើបញ្ហានៃការរស់នៅប្រចាំថ្ងៃ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ច្រើនជាង បញ្ហាកាប់ព្រៃឈើ អន្តោប្រវេសន៍ ឬព្រំដែន។ ដូច្នេះ អ្នកនយោបាយគួរតែពិចារណាចំពោះការផ្លាស់ប្តូរសកម្មភាពសេដ្ឋកិច្ចសង្គមរបស់ម្ចាស់ឆ្នោត ដោយងាកមកតាក់តែងគោលនយោបាយប្រាកដនិយម ឆ្លុះបញ្ចាំងពីតម្រូវការពលរដ្ឋ។
បើតាមការវិភាគរបស់ វេទិកាអនាគត ទៅលើ ការផ្លាស់ប្តូរនៃស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ម្ចាស់ឆ្នោត ដែលជាការសិក្សាផ្អែកលើរបាយការណ៍អន្តរជាតិធំៗ បានបង្ហាញថា បន្ថែមលើ កំនើននៃប្រាក់ចំណូលក្នុងគ្រួសារ ពលរដ្ឋកម្ពុជាភាគច្រើនកំពុងតែ ប្រាថ្នារស់នៅក្នុងជីវិតសម្ភារៈនិយម ដោយពឹងផ្អែកលើស្ថាប័នធនាគារ លែងពឹងលើប្រាក់កម្ចីពីសមាជិកគ្រួសារ ឬសាច់ញាតិដូចពីមុនទៀតឡើយ។ បច្ចុប្បន្ន ពលរដ្ឋកម្ពុជាជាង ២លាននាក់ ក្លាយជាកូនបំណុល របស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលភាគច្រើនជាកម្ចីប្រើប្រាស់ ទិញទូរស័ព្ទដៃ ទូរទស្សន៍ ម៉ូតូ តែមិនមែនជាកម្ចីយកទៅវិនិយោគឡើយ។ និន្នាការនេះ នឹងនាំ ឲ្យម្ចាស់ឆ្នោត ចាប់អារម្មណ៍កាន់តែច្រើនឡើង លើគោលនយោបាយ របស់គណបក្សណាមួយ ដែលមានឥទ្ធិពលលើសេដ្ឋកិច្ចឯកជន ហើយការចែកអំណោយដែលធ្លាប់អនុវត្តកន្លងមក នឹងក្លាយជា វិធីសាស្រ្តមិនបានផល ព្រោះពលរដ្ឋ វាយតម្លៃគណបក្សនយោបាយណាមួយ តាមស្ថានភាពសេដ្ឋកិច្ចគ្រួសារពលរដ្ឋ។ ក្នុងន័យនេះ អ្នកបោះឆ្នោតមូលដ្ឋាន នឹងសម្លឹងមើលទៅលើលក្ខណៈសម្បត្តិរបស់បេក្ខជន រួមទាំងទំនាក់ទំនងរវាងបេក្ខជន និងម្ចាស់ឆ្នោត សំខាន់ជាងគោលនយោបាយថ្នាក់ជាតិ។
គួរជម្រាបថា វេទិកាអនាគត គឺជា បណ្តុំក្រុមអ្នកសិក្សាស្រាវជ្រាវ ដែលផ្តោតលើការងារ វិភាគគោលនយោបាយសាធារណៈ ដើម្បីឆ្លើយតបនឹងគម្លាតគោលនយោបាយនៅកម្ពុជា។ វេទិកាអនាគត បង្កើតឡើងនៅចុងឆ្នាំ២០១៥ ដែលមាន លោក អ៊ូ វីវៈ ជាស្ថាបនិក និងជាប្រធាន៕
ឲ្យតែបានស្មាតភូនមួយ គាត់សុខចិត្តអត់ស៊ីបាយ?????
Do you want to be farmer when working hard with cheap produce, not even able to pay for more than 20% rate bank loan??..? Why farmers in Korea or other democratic countrie are still farmers???????
Your sterotype does not fit !!!