ព្រះ​មហាក្សត្រ​ប្រទាន​គោរមងារ «សម្ដេច​ពិជ័យ​សេនា» ដល់​លោក ទៀ បាញ់

ដោយ អ៊ឹម រចនា
29/07/20172
RFI

media
លោក ទៀ បាញ់ រដ្ឋ​មន្ដ្រីក្រសួង​ការពារ​ជាតិ​កម្ពុជា (REUTERS)


ព្រះ​មហាក្សត្រ ព្រះ​ករុណា ព្រះ​បាទ នរោត្តម សីហមុនី បាន​ប្រោស​ព្រះ​រាជទាន​គោរម​ងារ «សម្ដេច​ពិជ័យ​សេនា» ដល់​លោក ទៀ បាញ់ រដ្ឋ​មន្ដ្រី​ក្រសួង​ការពារ​ជាតិ​។ នេះ​បើ​យោង​តាម​ព្រះ​រាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​២៩​កក្កដា​នេះ​។

នៅក្នុង​ព្រះ​រាជក្រឹត្យ ព្រះមហាក្សត្រ ទ្រង់​ចាត់​ទុក​លោក ទៀ បាញ់ បច្ចុប្បន្ន​ជា​រដ្ឋ​មន្ដ្រី​ក្រសួង​ការពារ​ជាតិ ថា​ជា​អ្នក​ដឹក​នាំ​ដ៏​ឆ្នើម ដោយ​បាន​ចូល​រួម​ដឹក​នាំ​ប្រជាជាតិ​កម្ពុជា កសាង​ប្រព័ន្ធ​ច្បាប់​សម្រាប់​ប្រើ​ប្រាស់​ជា​ឧត្តម​ប្រយោជន៍​ដល់​សង្គម​ជាតិ ព្រម​ទាំង​រក្សា​បាន​នូវ​ឯករាជ្យ​ជាតិ​និង​បូរណភាព​ទឹក​ដី​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ សម្រាប់​ព្រះ​ករុណា​ព្រះ​មហាក្សត្រ លោក ទៀ បាញ់ គឺ​ជា​បុគ្គល​ដែល​មាន​ស្វាមី​ភក្តិ​ចំពោះ​រាជបល្ល័ង្គ ការពារ និង​គោរព​ព្រះ​ពុទ្ធសាសនា​។

លោក ទៀ បាញ់ ក្រោយ​ពី​បាន​ទទួល​គោរមងារ​​ជា «សម្ដេច​ពិជ័យ​សេនា» លោក​បាន​ថ្លែង​អំណរ​ព្រះ​គុណ​ចំពោះ​ព្រះ​ករុណា​មហាក្សត្រ និង​សន្យា​ថា នឹង​ខិតខំ​យក​អស់​កម្លាំង​កាយចិត្តព្រមទាំង​ប្រាជ្ញាស្មារតី ដើម្បី​ដឹកនាំ​វិស័យ​ការពារ​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​។

ជា​ការ​កត់​សម្គាល់ ក្រោយ​ពី​ព្រះ​មហាក្សត្រ​ប្រោស​ព្រះ​រាជទាន​គោរមងារថ្មី ដល់​លោក ទៀ បាញ់ សារ​ជូន​ពរ​មួយ​ពី​លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន បានធ្លាក់​មក​ភ្លាម​ៗ​​។ នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៩​កក្កដា​នេះ លោក ហ៊ុន សែន បាន​សរសេរ​ថា លោក ទៀ បាញ់ បាន​រួម​ដំណើរ​ជាមួយ​លោក​និង​ថ្នាក់​ដឹក​នាំ​ផ្សេង​ទៀត​អស់​រយៈ​ពេល​ជិត​៤០​ឆ្នាំ​មក​ហើយ ដោយ​សហការ​គ្នា​ដោះ​ស្រាយ​រាល់​ការ​ងារ​លំបាក​នានា​។ ចំពោះ​លោក​នាយករដ្ឋ​មន្ដ្រី លោក ទៀ បាញ់ គឺ​ជា​ប្រតិបត្តិករ​ដ៏​មាន​សមត្ថភាព​និង​ស្មោះ​ត្រង់​ក្នុង​ការ​អនុវត្ត​នយោបាយ ឈ្នះ ឈ្នះ នាំ​មក​នូវ​សន្តិភាព ការ​បង្រួប​បង្រួម​ជាតិ ការ​ឯកភាព​ទឹក​ដី និង​អភិវឌ្ឍ​ប្រទេស​ជាតិ​រហូត​មក​ទល់​សព្វ​ថ្ងៃ​។

គួរ​ជម្រាប​ជូន​ថា គិត​ត្រឹម​ពេល​នេះ លោក ទៀ បាញ់ គឺ​ជា​ឥស្សរជនចុង​ក្រោយ​បង្អស់ ដែល​បាន​ទទួល​គោរមងារ​ជា «សម្ដេច​»។ ក្រៅ​ពី​លោក ទៀ បាញ់ មាន​ឥស្សរជនមួយ​ចំនួន​ទៀត​​នៅ​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច ដែល​ត្រូវ​បាន​ព្រះ​មហាក្សត្រ​សព្វ​ព្រះ​ទ័យ​ប្រោស​ប្រទាន​ងារ​ជា «សម្ដេច»​ ក្នុង​នោះរួម​មាន៖ លោក​នាយរដ្ឋ​មន្ដ្រី ហ៊ុន សែន, លោក​​ស្រី ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា, លោក ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា, លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា, លោក ហេង សំរិន ប្រធាន​រដ្ឋសភា, លោក ស ខេង រដ្ឋ​មន្ដ្រី​ក្រសួង​មហាផ្ទៃ, ​លោក សុខ អាន អតីត​ឧបនាយករដ្ឋ​មន្ដ្រី​, និង​លោក គង់ សំអុល ឧបនាយករដ្ឋ​មន្ដ្រី៕

What Next?

Related Articles

2 Responses to "ព្រះ​មហាក្សត្រ​ប្រទាន​គោរមងារ «សម្ដេច​ពិជ័យ​សេនា» ដល់​លោក ទៀ បាញ់"

  1. tesuor says:

    a real corrupt man in cambodia for deforestation

  2. people says:

    The funny tiny king dom of veitcong slave’ theses communist cpp people are so funny ‘ they are the same buffalo who grove up from wild forest and now Youn-veit cong gave t all theses buffalo to become a king and too many king ,too many stars,too many advisers , too many orkgna ,but people so poor and the country become like dirty pond ‘ .this country really strange under veitcong communist germs control ,they never feel embarrass ‘ .GOD bless all cambodian people’