បក្ស​កាន់​អំណាច​បដិសេធ​រឿង​ឲ្យ​អាជ្ញាធរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នៅ​ឃុំ​ឃ្សឹម

ដោយ ម៉ែន សុធីរ
2017-08-15
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ Photo: RFA


អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ ថា​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​បង្គាប់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើរ​សួរនាំ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ណា កាល​ពី​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី​៤ នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា សមាជិក និង​មេ​ភូមិ ថា​ពួក​គេ​ធ្វើ​តាម​បញ្ជា​របស់​ថ្នាក់​លើ ក្នុង​ការ​ដើរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ សីហា ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​អនុវត្ត​គោលការណ៍​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់​ទេ ហើយ​សិទ្ធិ​សម្រេច​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​របស់​ពលរដ្ឋ ជា​ការ​សម្ងាត់។ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ពុំ​មាន​គោល​នយោបាយ​តម្រូវ​ឲ្យ​សួរ​ដេញដោល​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​មួយ​ទេ។

ចំពោះ​ព័ត៌មាន​ដែល​ឮ​ថា ពលរដ្ឋ​មាន​វិបត្តិ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ប៊ិញ ភឿក ២ (Binh Phouc) របស់​វៀតណាម ជាង ៧០០​គ្រួសារ​នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល អាជ្ញាធរ​នឹង​ប្រគល់​ដី​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់ បើ​ពួក​គាត់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ថា​គឺ​ជា​រឿង​មិន​ពិត។ លោក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ព្រួយ​បារម្ភ​រឿង​នេះ ប្រសិន​បើ​ពលរដ្ឋ​អនុវត្ត​ត្រឹមត្រូវ​តាម​គោលការណ៍​ច្បាប់។

លោក សុខ ឥសាន បន្ត​ថា រដ្ឋាភិបាល​មាន​គោល​នយោបាយ​ដោះស្រាយ​វិវាទ​ដីធ្លី​ដោយ​មិន​រើសអើង​និន្នាការ​នយោបាយ ហើយ​ដី​ណា​គ្មាន​ប្លង់​រឹង ឬ​ប័ណ្ណ​កម្មសិទ្ធិ គេ​ដោះស្រាយ​តាម​រយៈ​គណៈកម្មាធិការ​វិវាទ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការ តែ​បើ​ដី​មាន​ប័ណ្ណ​កម្មសិទ្ធិ ឬ​ប្លង់​រឹង ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ

លោក សុខ ឥសាន ថា​ថ្នាក់​លើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា តាម​ឋានានុក្រម នឹង​ចាត់​វិធានការ​ចំពោះ​អ្នក​ពាក់ព័ន្ធ មក​សួរនាំ​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​រឿង​នេះ ប្រសិន​បើ​អាជ្ញាធរ​ភូមិ​ពិត​ជា​ដើរ​សួរនាំ​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា«គណបក្ស​ប្រជាជន​កម្ពុជា អត់​មាន​គោលការណ៍​អី​ដែល​ធ្វើ​ឲ្យ​ច្បាប់​ទេ កាលណា​សួរ​ចឹង​បាន​ន័យ​ថា យើង​អនុវត្ត​មិន​ត្រឹមត្រូវ​តាម​លទ្ធិប្រជាធិបតេយ្យ​ហើយ ព្រោះ​សិទ្ធិ​សម្រេច​របស់​ពលរដ្ឋ​ឋិត​ក្នុង​លក្ខណៈ​សម្ងាត់»

កាល​ពី​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល បាន​ទៅ​ប្រឹក្សា​ផ្នែក​ច្បាប់​ជាមួយ​មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) រឿង​អាជ្ញាធរ​បាន​ដើរ​ស្រង់​ឈ្មោះ និង​សួរនាំ​ពលរដ្ឋ​ថា បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​នាំ​ឲ្យ​អ្នក​ភូមិ​មាន​មន្ទិល និង​បារម្ភ​ពី​សុវត្ថិភាព និង​រឿង​ផ្ទាល់​ខ្លួន ប្រសិន​បើ​ពួក​គាត់​ឆ្លើយ​មិន​ត្រូវ​គណបក្ស​ណា​មួយ​ដែល​គេ​ចង់​បាន។

ទោះ​ជា​យ៉ាង​ណា សមាជិក​ភូមិ​ត្រពាំងឈូក ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី មួយ​រូប​ដែល​បាន​ដើរ​សួរនាំ​ពលរដ្ឋ លោក ឈុំ សាមុត ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​សួរ​ពលរដ្ឋ​ថា​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើ​ជំរឿន​ងាយស្រួល​គ្រប់គ្រង។ លោក​បញ្ជាក់​ថា កិច្ច​ការងារ​នេះ​គឺ​ជា​បទបញ្ជា​ពី​ថ្នាក់​លើ«គោល​បំណង​ចឹង បើ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន គេ​នឹង​វាស់វែង​ដី​ឲ្យ​ឆាប់ៗ តែ​បើ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ គេ​មិន​គិតគូរ​ឲ្យ​ទេ»

អនុប្រធាន​ភូមិ​ត្រពាំងឈូក ឧបសម្ពន្ធ​ភូមិ​ស្រែថ្មី លោក ឃី ឆាយ ទទួល​ស្គាល់​ដែរ​ថា លោក​ពិត​ជា​បង្គាប់​ឲ្យ​សមាជិក​ភូមិ ស្រង់​ឈ្មោះ​ពលរដ្ឋ​មែន តែ​ការ​ស្រង់​នោះ​ដើម្បី​ធ្វើ​ជំរឿន​សមាជិក​បក្ស​កាន់​អំណាច ពុំ​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​ទេ ហើយ​ទង្វើ​នេះ​ត្រូវ​អនុវត្ត​គ្រប់​ឃុំ​ទាំងអស់​នៅ​ស្រុក​ស្នួល«ការងារ​បក្ស​គេ​ស្រង់​តាម​សមាជិក​បក្ស​គេ​ទេ»

ប៉ុន្តែ​ជំទប់​ទី​១ ឃុំ​ឃ្សឹម មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក សាយ សំអុល បដិសេធ​ថា អាជ្ញាធរ​ពុំ​បាន​បង្គាប់​ឲ្យ​សមាជិក​ភូមិ ដើរ​ស្រង់​ឈ្មោះ​ពលរដ្ឋ​រឿង​បោះឆ្នោត​ឲ្យ​គណបក្ស​ណា​ទេ។ លោក​ថា រឿង​នេះ​គឺ​ជា​រឿង​មិន​ពិត«ខ្ញុំ​អត់​បាន​ដឹង​ដែរ​ទេ»

ចំណែក​ឯ​ជំទប់​ទី​២ ឃុំ​ឃ្សឹម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ីម ជី ទទួល​ស្គាល់​ថា មេ​ឃុំ​ពិត​ជា​បង្គាប់​ឲ្យ​មេ​ភូមិ និង​សមាជិក​ភូមិ ចុះ​ស្រង់​ឈ្មោះ​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ណា ដែល​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ និង​បារម្ភ​ពី​សុវត្ថិភាព។ លោក​ថា ពលរដ្ឋ​មួយ​ចំនួន​បាន​ទៅ​សុំ​ប្រឹក្សា​ផ្នែក​ច្បាប់​នៅ​សមាគម​អាដហុក ហើយ​កិច្ច​ការងារ​នេះ មេ​ឃុំ​ឃ្សឹម បាន​ចាត់​តាំង​ជំទប់​ទី​១ លោក សាយ សំអុល ជា​អ្នក​ចាត់ចែង​បញ្ជី​ឈ្មោះ​ពលរដ្ឋ​ណា​ដែល​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា«តែ​ខ្ញុំ​សួរ​ទៅ​ថ្នាក់​ឃុំ គឺ​តម្រូវ​ពី​ថ្នាក់​ស្រុក​ឲ្យ​ធ្វើ​ចឹង»

មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី វ៉ាន់នី ឲ្យ​ដឹង​ថា សមាគម​អាដហុក​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ ដែល​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ជាង ៧០០​គ្រួសារ​បារម្ភ​ខ្លាចក្រែង​អាជ្ញាធរ​មិន​ដោះស្រាយ​ដីធ្លី​ជូន ប្រសិន​បើ​គាត់​ឆ្លើយ​ថា​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ថា សមាគម​អាដហុក នឹង​ចុះ​ស៊ើប​អង្កេត​រឿង​នេះ​ឆាប់ៗ និង​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ឲ្យ​បញ្ឈប់​ទង្វើ​នេះ​ដែល​លោក​ចាត់​ទុក​ថា​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ផ្ទុយ​ពី​ក្របខ័ណ្ឌ​ច្បាប់«យើង​នឹង​ចុះ​ជួប​ជាមួយ​មេ​ឃុំ ឬ​អាជ្ញាធរ​ដែល​គាត់​បាន​ធ្វើ​កិច្ច​ការងារ​ហ្នឹង តាម​រយៈ​ពលរដ្ឋ​ដែល​បាន​ប្ដឹង​ពួក​យើង»

រដ្ឋធម្មនុញ្ញ​មាត្រា​៣៤ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត។ ចំណែក​មាត្រា​៣៥ ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "បក្ស​កាន់​អំណាច​បដិសេធ​រឿង​ឲ្យ​អាជ្ញាធរ​សួរ​ពលរដ្ឋ​បោះឆ្នោត​ឲ្យ​បក្ស​ណា​នៅ​ឃុំ​ឃ្សឹម"

  1. ?? says:

    are you sure Mr SOK ESAN can you swear in front of ROYAL palace . your ANGKA LEIR has been order to ask people and you never admitted any wrong doing all the time. whit you if I compare to murder case in court I will put you as a second murder because you are the one who was involved in this case. one question are you ever go to temple at all what kind of religion are you???? KOE DAY Vietcong . ???????????????? peace for Cambodian

  2. people says:

    Sok e san will be punished by GOD one day’ .This veitcong germ guy never wrong ‘because his veitcong mafia dictator told him to say like puppet bird ‘