ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ​ចាត់​ទុក​ការ​ចោទ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌

ដោយ រាជ វិញ្ញូ
2017-08-14
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្បែរ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៧។ Photo: RFA
ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ថ្លែង​ប្រាប់​អ្នក​កាសែត​នៅ​ក្បែរ​ទីស្នាក់ការ​កណ្ដាល​គណបក្ស ស្ថិត​នៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៥ សីហា ឆ្នាំ​២០១៧។ Photo: RFA



ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ ចាត់​ទុក​វិធានការ​ជា​បន្តបន្ទាប់​របស់​តុលាការ​ក្រុង​ភ្នំពេញ មក​លើ​អតីត​ប្រធាន​គណបក្ស គឺ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌​ដោយសារ​រឿង​នយោបាយ។ ការ​ចាត់​ទុក​នេះ ធ្វើ​ឡើង​ស្រប​ពេល​តុលាការ បាន​ចេញ​ដីកា​ឱ្យ​កងកម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ទៅ​ឆែកឆេរ​ផ្ទាល់​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​អំណាច​ខ្មែរ នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា បន្ទាប់​ពី​សង្ស័យ​ថា លោក សួន សេរីរដ្ឋា មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ ដែល​ជា​ក្រុម​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក ហ៊ុន សែន។

ស្រប​ពេល​តុលាការ​សម្រេច​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​ស ពី​បទ​ចោទប្រកាន់​មួយ​ចំនួន​ដោយសារ​ធ្វើ​ឱ្យ​ប៉ះពាល់​កងទ័ព អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា ក៏​ត្រូវ​បាន​តុលាការ​បន្ត​ស៊ើបអង្កេត​ពី​បទ​សង្ស័យ​មួយ​ករណី​ទៀត ថា​មាន​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​លោក សម សេរី នៅ​ក្រៅ​ប្រទេស ដែល​ជា​ក្រុម​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ បាន​ដឹក​នាំ​កម្លាំង​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​កងកម្លាំង​ចម្រុះ​ព្រោងព្រាត​មួយ​ចំនួន​ទៀត​ដែល​មាន​គ្នា​ពី ៥០ ទៅ ៦០​នាក់ ដោយ​ខ្លះ​ប្រដាប់​ដោយ​អាវុធ​វែង​ខ្លី​ផង ចុះ​ទៅ​ឆែកឆេរ​ផ្ទាល់​នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​គណបក្ស​អំណាច​ខ្មែរ ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​ភស្ដុតាង​ខ្លះៗ។ ការ​ប្រើប្រាស់​ពេល​វេលា​ចុះ​ឆែកឆេរ​អស់​រយៈពេល​ប្រហែល ៥​ម៉ោង​នេះ ធ្វើ​ឡើង​ស្រប​ពេល​គណបក្ស​អំណាច​ខ្មែរ កំពុង​រៀបចំ​ធ្វើ​សន្និសីទ​កាសែត​ជាមួយ​អ្នក​សារព័ត៌មាន ដើម្បី​បកស្រាយ​ទៅ​នឹង​ចំណាត់​ការ​តុលាការ​មក​លើ​អតីត​ប្រធាន​គណបក្ស​របស់​ខ្លួន។

​ថ្វីត្បិត​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ធ្វើ​ឡើង​ដោយ​សេរី​នៅ​ខាង​ក្នុង​ទីស្នាក់ការ​គណបក្ស រី​ឯ​សន្និសីទ​កាសែត​ប្ដូរ​មក​ធ្វើ​នៅ​ខាង​ក្រៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស ក៏​មន្ត្រី​សមត្ថកិច្ច​ខ្លះ​បាន​រំខាន និង​បណ្ដេញ​ឱ្យ​ទៅ​ធ្វើ​នៅ​លើ​ទីតាំង​មួយ ដែល​ស្ថិត​ឆ្ងាយ​ពី​ទីស្នាក់ការ​បក្ស​ប្រហែល​ជិត ១០០​ម៉ែត្រ ដោយ​លើក​ហេតុផល​ថា ទុក​ពេល​ឱ្យ​ព្រះរាជអាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ បើក​ប្រតិបត្តិការ​ឆែកឆេរ​នៅ​ខាង​ក្នុង។

​ថ្លែង​ទាំង​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រារាំង​មិន​ឱ្យ​ធ្វើ​សន្និសីទ​កាសែត​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​ដោយ​ស្រួល​នោះ ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ លោក សួង សុភ័ណ្ឌ បាន​អះអាង​ថា លោក សួន សេរីរដ្ឋា ពុំ​បាន​សហការ ឬ​ចាប់ដៃ​ជាមួយ​លោក សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ និង​ជា​នាយករដ្ឋមន្ត្រី​និរទេស​ឡើយ។ លោក​ក៏​ស្នើ​ឱ្យ​តុលាការ​ត្រូវ​ស្វែង​រក​អំណះអំណាង​ឱ្យ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​សំអាង​តែ​លិខិត​មួយ​ច្បាប់​របស់​លោក សម សេរី នោះ​ទេ។

ទោះ​ជា​យ៉ាង​ណា លោក សួង សុភ័ណ្ឌ ចាត់​ទុក​រឿងរ៉ាវ​ដែល​កើត​លើ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌៖ «ប៉ុន្តែ​គ្រាន់​តែ​កិច្ច​សហប្រតិបត្តិការ ពាក់ព័ន្ធ​នឹង​នយោបាយ​ក្ដី និង​ការងារ​អី​ក្ដី វា​មិន​មាន​ជាមួយ​គ្នា ប៉ុន្តែ​អស់​លោក​មាន​ឈាម​ជ័រ​ជា​ខ្មែរ។ ខ្ញុំ​ក៏​ធ្លាប់​និយាយ​ជាមួយ​លោក សម សេរី អ៊ីចឹង​នរណា​ក៏ដោយ ឱ្យ​តែ​ទៅ​ការពារ​ក្ដី​ឱ្យ ឌុច (កាំង ហ្កេកអ៊ាវ ហៅ ឌុជ) សុទ្ធ​តែ​ក្បត់​ជាតិ»

ឆែក​ស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ ១៤៤០
ក្រុម​សមត្ថកិច្ច​ចុះ​ឆែកឆេរ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ របស់​លោក សួន សេរីរដ្ឋា នា​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៧។ RFA/Rann Samnang

នៅ​ក្រោយ​ការ​ឆែកឆេរ​បញ្ចប់​ទៅ គេ​ឃើញ​កម្លាំង​សមត្ថកិច្ច​បាន​ប្រមូល​ឯកសារ កុំព្យូទ័រ​មួយ​ចំនួន​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ ដាក់​ចូល​ទៅ​ក្នុង​រថយន្ត ដោយ​មិន​បាន​បញ្ជាក់​ថា ទទួល​បាន​លទ្ធផល​ពី​ការ​ឆែកឆេរ​នោះ​ឡើយ។ ចំណែក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ ក៏​បាន​ព្យាយាម​ដើរ​សម្រុក​ទៅ​កាន់​រថយន្ត​យ៉ាង​លឿន និង​មិន​ខ្ចី​ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត ដោយ​បញ្ជាក់​យ៉ាងខ្លី​ថា ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើការ។

​ជុំវិញ​ករណី​សង្ស័យ​ថ្មី​មក​លើ​លោក សួន សេរីរដ្ឋា នេះ បាន​កើត​ឡើង​បន្ទាប់​ពី​តុលាការ​ទើប​សម្រេច​ចោទ​ប្រកាន់​លោក​ចំនួន ៣​បទ​ល្មើស​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​សីហា ដូចជា​បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់​បង្គាប់ បទ​ធ្វើ​ឱ្យ​ខូច​ទឹក​ចិត្ត និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់​ពី​លោក សួន សេរីរដ្ឋា បញ្ចេញ​មតិ​តាម​ហ្វេកប៊ុក (Facebook) របស់​លោក​ថា “មេទ័ព​ចោរ​ត្រូវ​ឡើង​បុណ្យ​សក្ដិ ប្រមូល​លុយ​កាក់​សប្បាយ​ជាមួយ​ស្រីញី រី​ឯ​កងទ័ព​ត្រូវ​ស្លាប់​យ៉ាង​វេទនា ប្រសិន​បើ​កម្ពុជា ត្រូវ​ផ្ទុះ​សង្គ្រាម​ជាមួយ​ប្រទេស​ឡាវ មែន​នោះ”។ រដ្ឋាភិបាល​ចាត់​ទុក​ការ​លើក​ឡើង​នេះ​ថា មិន​មែន​ជា​សិទ្ធិ​បញ្ចេញ​មតិ​ឡើយ តែ​គឺ​ជា​ការ​ប្រមាថ និង​ញុះញង់​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​ក្នុង​ជួរ​កងទ័ព។

ប៉ុន្តែ​លោក សួង សុភ័ណ្ឌ បាន​បកស្រាយ​ថា បន្ទាប់​ពី​មាន​ការ​លើក​ឡើង​របស់​លោក សួន សេរីរដ្ឋា នេះ​មក គឺ​ពុំ​បាន​ឃើញ​ថា ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​កងទ័ព​ឡើយ។ ផ្ទុយទៅវិញ ប្រសិនបើ​នៅ​តែ​ចោទ​ប្រកាន់​មក​លើ​លោក សួន សេរីរដ្ឋា លោក សួង សុភ័ណ្ឌ ក៏​ស្នើ​ឱ្យ​តុលាការ​ត្រូវ​ចាត់​ការ​លើ​ការ​ប្រមាថ​របស់​លោក ហ៊ុន សែន ដែល​ព្រមាន​ផ្ទុះ​សង្គ្រាម​បើ​ចាញ់​ឆ្នោត ការ​ប្រមាថ​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ព្រមាន​វាយ​បំបែក​ធ្មេញ និង​ការ​ប្រមាថ​របស់​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក វង សូត ព្រមាន​ប្រើ​គល់​ឫស្សី​វាយ​ជន​ណា​តវ៉ា​លទ្ធផល​ឆ្នោត ព្រោះ​លោក​ថា ករណី​ទាំង​នេះ​មិន​ខុស​គ្នា​នឹង​ករណី​របស់​លោក សួន សេរីរដ្ឋា ឡើយ។

ក្រៅ​ពី​ការ​ចុះ​ឆែកឆេរ​ឯ​ទីស្នាក់ការ​គណបក្ស​អំណាច​ខ្មែរ ដោយ​ឡែក អង្គរក្ស​របស់​លោក សួន សេរីរដ្ឋា មួយ​រូប ឈ្មោះ ម៉ុម សួង ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បញ្ជូន​ខ្លួន​មក​តុលាការ​ដើម្បី​សាកសួរ​ករណី​រក្សា​អាវុធ​ខុស​ច្បាប់ ព្រម​ទាំង​មាន​ការ​ធ្វើ​តេស្ដ​ទឹក​នោម​រក​សារធាតុ​គ្រឿងញៀន​ផង​ដែរ។

​បើទោះជា​ប្រឈម​នឹង​ការ​ព្រមាន​ពី​ថ្នាក់​ដឹក​កំពូល​ក្ដី លោក សួង សុភ័ណ្ឌ ដែល​ទើប​ចុះ​ចូល​ជាមួយ​គណបក្ស​របស់​លោក សួន សេរីរដ្ឋា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ បាន​អះអាង​ថា នឹង​មិន​មាន​ផ្លូវ​ច្បាប់​ណា​មួយ​អាច​រំលាយ​គណបក្ស​នេះ​បាន​ឡើយ ព្រោះ​លោក សួន សេរីរដ្ឋា បាន​លាលែង និង​បាន​ផ្ទេរ​សិទ្ធិ​ឱ្យ​លោក​ធ្វើ​ជា​ប្រធាន​ស្ដីទី​គណបក្ស​ជំនួស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


អត្ថបទ​ដែល​ទាក់ទង

What Next?

Recent Articles

One Response to "ប្រធាន​ស្ដីទី​គណបក្ស​អំណាច​ខ្មែរ​ចាត់​ទុក​ការ​ចោទ​លោក សួន សេរីរដ្ឋា ថា​ជា​ការ​លាប​ពណ៌"

  1. people says:

    this country is under control of veitcong mafia dictator’ so when mafia groups or dictator say or threat to killed anybody no problem but other parties or ordinary people criticise them will be jail or kill’ .Cambodia is the dark world no freedom of speech ‘ but freedom only for veitcong mafia dictator and his veitcong mafia groups. people must vote to change for the good leader and must stay only two term only ‘.GOD bless all cambodian people’