ដោយ កញ្ញា ខាន់ លក្ខិណា | ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០១៧
http://vodhotnews.com

អ្នកស្រី ទេព វន្នី កាលពីពេលកន្លងទៅ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោកស្រី រ៉ូណា ស្មីត ថ្លែងថា លោកស្រីនឹងលើកយកករណីអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ពន្ធនាគារ ទៅប្រាប់កិច្ចប្រជុំអង្គការសហប្រជាជាតិ។
ការថ្លែងបែបនេះគឺនៅពេល លោកស្រី រ៉ូណា ស្មីត ទៅចូលរួមក្នុងពិធីរំលឹកខួប១ឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី នៅតំបន់បឹងកក់កាលពីល្ងាចម្សិលមិញ។
លោកស្រី រ៉ូណា ស្មីត ថ្លែងថា វត្តមានរបស់លោកស្រីក្នុងពិធីនេះ គឺជាការរំលឹកដល់ការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី និង «មន្ត្រីសិទ្ធិមនុស្សផ្សេងៗទៀត» ដែលទទួលរងការរំលោភសិទ្ធិមនុស្ស។ លោកស្រីបន្តថា ករណីអ្នកស្រី ទេព វន្នី លោកស្រីនៅតែតាមដានយ៉ាងដិតដល់ ហើយក៏បានធ្វើការងារជាមួយរដ្ឋាភិបាលកម្ពុជាទៅលើករណីនេះផងដែរ។
លោកស្រីថ្លែងតាមរយៈអ្នកបកប្រែថា «ជាកាពិតណាស់ គាត់ធ្លាប់លើកករណីរបស់ ទេព វន្នី ហើយករណីរឿងបឹងកក់ជាច្រើនដងមកជាមួយខាង UN ពិសេសខាងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិផងដែរ អំពីរឿងហ្នឹង ហើយតាមដាននៅស្ថានការណ៍ ជាពិសេសករណី ទេព វន្នី យ៉ាងដិតដល់នៅខាងអង្គការសហប្រជាជាតិហ្នឹង»។
លោកស្រីបញ្ជាក់ថា នៅថ្ងៃទី១៥ ខែសីហា លោកស្រីក៏បានទៅជួបអ្នកស្រី ទេព វន្នី នៅពន្ធនាគារដែរ ដោយអ្នកស្រី ទេព វន្នី បានប្រាប់គាត់ថា គាត់នឹកកូនដែលគ្មានអ្នកណាមើលថែ។
តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា លើកឡើងថា ពួកគេចង់ឲ្យរដ្ឋាភិបាលដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ដោយថា អ្នកស្រី ទេព វន្នី មិនបានប្រព្រឹត្តខុសដូចតុលាការចោទប្រកាន់ឡើយ។ អ្នកស្រីបន្តថា ការចូលរួមរបស់លោកស្រី រ៉ូណា ស្មីត គឺជាការផ្ដល់ភាពកក់ក្ដៅ និងជាការលើកទឹកចិត្តដល់អ្នកស្រី ទេព វន្នី រួមទាំងពួកគាត់ដែលជាអ្នករងគ្រោះ ដោយសារបញ្ហាដីធ្លីផងដែរ។
អ្នកស្រីថា «គាត់ផ្ដល់វត្តមានមកទីនេះ គឺគាត់ផ្ដល់កិត្តិយសមកដល់ពួកយើង ផ្ដល់ភាពកក់ក្ដៅមកដល់យើងទាំងអស់គ្នា ដែលពួកយើងអត់ដែលបានទទួលភាពកក់ក្ដៅនេះពីរាជរដ្ឋាភិបាលឡើយ មានតែទទួលបានអំពើហិង្សានិងការចោទប្រកាន់ជាលក្ខណៈប្រព័ន្ធតុលាការ ឬមួយគេហៅថា អនុវត្តច្បាប់ស្ដង់ដារពីរ»។
ប្រធានគ្រប់គ្រងផ្នែកអង្កេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចូលរួមរបស់លោកស្រី រ៉ូណា ស្មីត នៅក្នុងសហគមន៍បឹងកក់នេះជាការល្អ ដែលអាចនឹងធ្វើឲ្យរដ្ឋាភិបាលពិចារណាឡើងវិញ ក្នុងការដោះលែងសកម្មជនដីធ្លី និងអ្នកទោសមនសិកាផ្សេងទៀត។ លោកបន្តថា ប្រសិនបើលោកស្រី រ៉ូណា ស្មីត យកករណីអ្នកស្រី ទេព វន្នី ទៅប្រាប់អង្គការសហប្រជាជាតិនោះ លោកថារឿងល្អ។ លោកថា «ការជាប់ពន្ធនាគាររបស់គាត់នេះ គឺកើតចេញអំពីបញ្ហានៃកិច្ចការពារឬក៏ទាមទារបញ្ហាដីធ្លីនៅក្នុងតំបន់បឹងកក់នេះ»។
អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហាឆ្នាំ២០១៦ ខណៈអ្នកស្រីចូលរួមធ្វើយុទ្ធនាកាថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្សអាដហុកនិងរកយុត្តិធម៌ជូន លោក កែម ឡី។
សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រី ទេព វន្នី ដាក់ពន្ធនាគារ៦ខែ ដោយចោទប្រកាន់ពីបទជេរប្រមាថនិងប្រឆាំងអាជ្ញាធរសាលារាជធានីភ្នំពេញកាលពីចុងឆ្នាំ២០១១ ប៉ុន្តែតុលាការបានកាត់ទោសសកម្មជនដីធ្លីរូបនេះបន្ថែមមួយករណីទៀត ដាក់ពន្ធនាគារ២ឆ្នាំកន្លះ ដោយចោទថាប្រើហិង្សាលើក្រុមសន្តិសុខខណ្ឌដូនពេញកាលពីឆ្នាំ២០១៣៕
នេះជាជម្រើល្អ ជនផ្តាច់ការនឹងខ្លាច។