តំណាង​សិទ្ធិ​មនុស្ស UN សួរ​ គជប ​រឿង​បន្ទប់​ស្ថានការណ៍​ និង​ឱកាស​បោះឆ្នោត​ខ្មែរ​ចំណាកស្រុក

អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្មីត (Rhona Smith) ​បាន​ជួប​ប្រជុំ​ជាមួយ​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប​)​ កាលពី​ម្សិលមិញ​។ ហេង ជីវ័ន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោកស្រី រ៉ូណា ស្មីត (Rhona Smith) ​បាន​ជួប​ប្រជុំ​កាលពី​ម្សិលមិញ​ជាមួយ​លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (​គ.ជ.ប​) ​បាន​ពិភាក្សា​លើ​បញ្ហា​ចម្រូងចម្រាស​អំពី​បន្ទប់​ស្ថានការណ៍​នៃ​ក្រុម​ឃ្លាំ​មើល​ការ​បោះឆ្នោត​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ឱកាស​បាន​បោះឆ្នោត​របស់​ពលករ​ខ្មែរ​ចំណាក​ស្រុក​។

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ គ.ជ.ប បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​នេះ​ដោយ​អះអាង​ចំពោះ​លោកស្រី ស្មីត ថា​បន្ទប់​ស្ថានការណ៍​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ត្រឹមត្រូវ​ទេ​ដោយ​បាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ក្នុង​អំឡុង​ពេល​បោះឆ្នោត ហើយ​ផ្អែក​លើ​សកម្មភាព​ស្រប​ច្បាប់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​នីមួយៗ​។

បន្ទប់​ស្ថានការណ៍​គឺជា​បណ្ដុំ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ប្រមាណ​ជាង​ ៣០ ​អង្គការ​ធ្វើ​សកម្មភាព​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​មុន​ និង​ក្រោយ​បោះឆ្នោត​ដែល​រដ្ឋាភិបាល​បាន​រិះគន់​ថា​មាន​និន្នាការ​គាំទ្រ​គណបក្ស​ប្រឆាំង​ហើយ​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ទាមទារ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ពី​សកម្មភាព​ស្រប​ច្បាប់​របស់​ក្រុម​នេះ​។

លោក ហង្ស ពុទ្ធា ថ្លែង​ថា​៖ «​ការ​ធ្វើ​សកម្មភាព​របស់​បន្ទប់​ស្ថានការណ៍​កន្លង​មក​មិន​បាន​សុំ​ច្បាប់ ឬ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ទេ​។ ដូច្នេះ​បើ​ចង់​ធ្វើ​សកម្មភាព​បន្ត​ទៀត​នៅ​ឆ្នាំ ២០១៨ ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​បាន​សិទ្ធិ​ពេញលេញ​»​។

លោកស្រី ស្មីត ក៏​បាន​សួរ​ទៅ គជប ផង​ដែរ​អំពី​ឱកាស​របស់​ពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដែល​បាត់​សិទ្ធិ​ក្នុង​ការ​ចូលរួម​បោះឆ្នោត​។ តែ គជប នៅ​តែ​បន្ត​អះអាង​ថា​ពួកគាត់​អាច​អញ្ជើញ​មក​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​កម្ពុជា​ព្រោះ​ច្បាប់​មិន​តម្រូវ​ឲ្យ គ.ជ.ប ធ្វើ​ការិយាល័យ​នៅ​ជាយដែន​ ឬ​នៅ​ស្ថានទូត​នោះ​ទេ​។

លោក មឿន តុលា នាយកប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​ និង​សិទ្ធិមនុស្ស និង​ជា​សមាជិក​បន្ទប់​ស្ថានការណ៍​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​លោក​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់ គ.ជ.ប ព្រោះ​បន្ទប់​ស្ថានការណ៍​គ្រាន់តែ​ជា​គម្រោង​ខ្លី​មួយ​ដើម្បី​សង្កេតការណ៍​ក្នុង​អំឡុង​ពេល​បោះឆ្នោត​តែ​ប៉ុណ្ណោះ​៕


Contact author: សុទ្ធ គឹមសឿន

What Next?

Recent Articles

One Response to "តំណាង​សិទ្ធិ​មនុស្ស UN សួរ​ គជប ​រឿង​បន្ទប់​ស្ថានការណ៍​ និង​ឱកាស​បោះឆ្នោត​ខ្មែរ​ចំណាកស្រុក"

  1. ?? says:

    I took some investigation between Cambodian election and Thailand election for many time . I found out Thai people are concern about their nation leader even they working abroad they flew to their country and voted for the leader that they find out is good for their nation. and their elect comity was more open for their people. unlike Cambodia there was limited by those who leaded the nation. no law that permitted their citizen from their national election. remember the word US president said no one is about the law even him have to obey the law as the other . law , constitution is very important for every nation in the whole world communist or democracy have their own interest in deference way of policy but all of them have to obey the law& constitution. please be aware of being a while nation in the world. peace for Cambodian