ដោយ លោក ញឹម សុខន | ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០១៧ | ម៉ោង 4:58 PM
http://vodhotnews.com

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយក្រុមកម្មករ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៧
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកថៅកែរោងចក្រ ឲ្យឈប់រើសអើងសហជីព និងបញ្ឈប់បណ្តេញកម្មករ ចេញពីការងារ ដោយសារតែវិវាទការងារ។
លោក ហ៊ុន សែន មានប្រសាសន៍ក្នុងពិធីចុះជួបកម្មករនៅរាជធានីភ្នំពេញនាថ្ងៃទី៣០ខែសីហានេះថា កន្លងទៅលោកធ្លាប់អន្តរាគមន៍ទៅក្រសួងការងារឲ្យយកកម្មករនិងសមាជិកសហជីពមួយចំនួនដែលថៅកែបណ្តេញចេញពីការងារ ឲ្យចូលធ្វើការវិញ។
លោក ហ៊ុន សែន ថ្លែងទៀតថា ករណីនេះភាគីពាក់ព័ន្ធ គួរតែដោះស្រាយវិវាទការងារ ដោយការយោគយល់គ្នា តាមច្បាប់ស្តីពីការងារ ជាជាងប្រើចំណាត់ការបណ្តេញចេញ។
លោកថា៖ «ការដោះស្រាយដោយវិធីបណ្តេញចេញពីការងារ មិនមែនជាដំណោះស្រាយដោយការយោគយល់ទេ។ ខ្ញុំសូមអំពាវនាវចំពោះបណ្តារោងចក្រសហគ្រាស សុំប្រើប្រាស់វិធីសន្ទនាឲ្យមានការយោគយល់គ្នា ជាជាងការបណ្តេញចេញពីការងារ រឿងនេះជារឿងដែលខ្ញុំបានតាមដានយកចិត្តទុកដាក់ជាមួយក្រសួងការងាររយៈពេលកន្លងទៅ។ មានពេលខ្លះ ខ្ញុំបានស្នើផ្ទាល់ទៅកាន់ម្ចាស់រោងចក្រ ឲ្យទទួលយកមេដឹកនាំសហជីពនោះ ដើម្បីចូលធ្វើការត្រឡប់មកវិញ»។
លោក ហ៊ុន សែន បញ្ជាក់ដូចនេះថា៖ «ក៏ប៉ុន្តែយើងទាំងអស់គ្នា ក៏ត្រូវដឹងដែរថា ទង្វើទាំងឡាយណាដែលខុសនឹងច្បាប់ការងារ វាសុទ្ធតែមានបញ្ហា ហើយទាំងសងខាងគោរពច្បាប់ការងារ វាជាឱកាសល្អ ហើយរាល់ការដោះស្រាយ ដែលបានកើតឡើង ដោះស្រាយការមិនពេញចិត្តលើចំនុចណាមួយបានទាន់ពេលវេលា គឺវាជាការខិតខំមួយ»។
ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា លោក វ៉ាន់ សូអៀង សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកអះអាងថាកំពុងនៅក្រៅប្រទេស។
អនុប្រធានសម្ព័នសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខាវឌូ លោក គង់ អាទិត្យ លើកឡើងថា សារនយោបាយនេះ ជាការទាក់ទាញមួយ ប៉ុន្តែលោកថា បើនាយករដ្ឋមន្ត្រីគ្មានយន្តការតាមដានការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមទេ លោកថា កម្មករនិងសហជីព ដែលជំរុញលក្ខខណ្ឌការងារ នៅតែរងគ្រោះដដែល។
លោកថា៖ «ពួកខ្ញុំជាង១០រោងចក្រឯណោះ អត់ទាន់ឲ្យចូលធ្វើការវិញទេ រោងចក្រខ្លះទោះបីក្រុមប្រឹក្សាអាជ្ញាកណ្តាលកាត់ឲ្យឈ្នះអីក៏ដោយ ក៏អត់ទាន់ឲ្យចូលធ្វើការវិញដែរ។ តឹងតែងខ្លាំងណាស់ ភាគច្រើនឲ្យបង្កើត[សហជីព]ភ្លាម យើងត្រូវទទួលបានការបញ្ឈប់ភ្លាម ហើយចំពោះច្បាប់សហជីពថ្មីនេះទៀត រឹតតែតឹងទៀត»។
ទោះជាយ៉ាងណា លោក ហ៊ុន សែន រំឭកថា កម្មករនិងសហជីព ត្រូវប្រុងប្រយ័ត្ន កុំឲ្យការតវ៉ាទាមទារលក្ខខណ្ឌការងាររបស់ខ្លួន ទៅជាការរំលោភសិទ្ធិកម្មករដទៃទៀត នឹងថាកុំឲ្យធ្វើតាមការញុះញង់ ពីក្រុមអ្នកនយោបាយណាមួយ ដែលលោកថានាំឲ្យការតវ៉ាបែបនោះទៅជាខុសច្បាប់។
បើតាមលោក ហ៊ុន សែន រោងចក្រកាន់ដេរនិងដេរស្បែកជើងនៅកម្ពុជា មានជាង១០០០រោងចក្រ មានកម្មករជាង៧៤ម៉ឺននាក់ កំពុងបម្រើការងារក្នុងវិស័យកាត់ដេរមួយនេះ៕
Don’t chase them out of company, push them out of Cambodia to be slaved any where. Save the space for undocumented immigrants such as YOUN!!!
ដើម្បីការពារប្រយោជន៏ភាគហ៊ុរបស់ខ្លួន កន្លងមកនរណាជាអ្នកបញ្ជាឲ្យក្រុមហ៊ុននិងសមត្ថកិច្ចធ្វើបាបកម្មករយ៉ាងចាស់ដៃ? ហេតុអីឥឡូវចេញមុខធ្វើជាតួចិត្តល្អចង់ការពារកម្មករទៅវិញ? បោកប្រាស់កម្មករយកសន្លឹកឆ្នោតទេឬ?