លោក សម រង្ស៊ី ស្នើ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន

ដោយ អាស៊ីសេរី
2017-09-16

អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy’s Facebook Page


អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ទណ្ឌកម្ម​ចំពោះ​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ឲ្យ​ដាក់​ទណ្ឌកម្ម​នេះ ក្នុង​ពេល​ដែល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ខណៈ​ដែល​ស្ថាប័ន​ប្រជាធិបតេយ្យ និង​បណ្ដាញ​ផ្សព្វផ្សាយ​មួយ​ចំនួន​ត្រូវ​បាន​រដ្ឋាភិបាល​ផ្អាក​ធ្វើ​អាជីវកម្ម និង​បង្ខំ​ចិត្ត​បិទ​ទ្វារ​ដោយសារ​រង​គំនាប​នានា។

ថ្លែង​ទៅ​កាន់​សារព័ត៌មាន​អូស្ត្រាលី អេ.ប៊ី.ស៊ី ញូវ (ABC News) កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា លោក សម រង្ស៊ី ថា ទណ្ឌកម្ម​ពី​លោក​សេរី​អាច​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើរ​ទៅ​រក​គន្លង​លទ្ធិប្រជាធិបតេយ្យ​វិញ។ លោក​ថា នៅ​ពេល​ផ្ដល់​ជំនួយ​មក​កម្ពុជា សហគមន៍​អន្តរជាតិ​ត្រូវ​ភ្ជាប់​នូវ​លក្ខខណ្ឌ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស ឬ​ដាក់​ទណ្ឌកម្ម​លើ​បុគ្គល​មន្ត្រី​រដ្ឋាភិបាល ដូចជា​មិន​ផ្ដល់​ទិដ្ឋាការ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​លោក​សេរី រួម​មាន​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ប្រទេស​អូស្ត្រាលី និង​ជប៉ុន ជាដើម។

លោក សម រង្ស៊ី ថា នៅ​ពេល​ទណ្ឌកម្ម​ប៉ះពាល់​ដល់​រដ្ឋាភិបាល និង​ប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​មន្រ្តី​ក្នុង​ជួរ​រដ្ឋាភិបាល ពួកគេ​នឹង​ពិចារណា។

បើ​ទោះ​ជា​ពេល​នេះ រដ្ឋាភិបាល​កម្ពុជា ហាក់​កំពុង​មាន​ប្រទេស​ចិន ជា​ខ្នង​បង្អែក​ក៏ដោយ លោក សម រង្ស៊ី ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា នៅ​តែ​ត្រូវ​ការ និង​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​របស់​លោក​សេរី ព្រោះ​ថា ប្រមាណ ៤០​ភាគរយ​នៃ​ថវិកា​ជាតិ​របស់​កម្ពុជា គឺ​ជា​ជំនួយ​របស់​ប្រទេស​ប្រជាធិបតេយ្យ ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​អូស្ត្រាលី​ជាដើម។ បន្ថែម​ពី​លើ​នេះ លោក​ថា ប្រទេស​ប្រជាធិបតេយ្យ​ទាំង​អស់​នេះ គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទំនិញ​ឧស្សាហកម្ម​របស់​កម្ពុជា។

ក្រៅ​ពី​នេះ លោក សម រង្ស៊ី ក៏​អំពាវនាវ​ឲ្យ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​នូវ​គោលការណ៍​ប្រជាធិបតេយ្យ​ស្រប​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​នេះ។

ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ឲ្យ​ប្រទេស​លោក​សេរី​ដាក់​ទណ្ឌកម្ម​ចំពោះ​រដ្ឋាភិបាល​កម្ពុជា នេះ ក៏​ក្រោយ​ពី​សហរដ្ឋអាមេរិក បាន​សម្រេច​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​នៃ​ក្រសួង​ការបរទេស​កម្ពុជា។ ជា​ការ​ឆ្លើយ​តប លោក​ ហ៊ុន សែន ក៏​ផ្អាក​កិច្ច​សហការ​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​រុក​រក​អដ្ឋិធាតុ​ទាហាន​អាមេរិក​ជិត ៥០​នាក់​ទៀត​នៅ​កម្ពុជា ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី ស្នើ​សហគមន៍​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន"

  1. Anonymous says:

    Cambodian people all always support the Our good Cambodian leader sincerest Sam Rainsy for Cambodian democracy, nation, and people.

    Cambodian people to the movement of association of democracy. It is all right to bring the harmony of nation, healthy, and peaceful and real democracy in the Our nation. Cambodian people believe our good Cambodian leader Sam Rainsy.
    Thank you.