អាស៊ីសេរី
2017-09-17

ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នាទីស្នាក់ការសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។ Photo: RFA
មន្ត្រីបក្សកាន់អំណាច គាំទ្រឲ្យខាងពន្ធនាគារ បន្តដាក់កាមេរ៉ាសុវត្ថិភាព ក្នុងបន្ទប់ឃុំ ខ្លួនលោក កឹម សុខា ដោយសម្អាងថា ដើម្បីការពារអាយុជីវិតគាត់។ ប៉ុន្តែ អ្នកច្បាប់យល់ ថាការអនុវត្តបែបនេះ វាផ្ទុយនឹងច្បាប់ និង ប៉ះពាល់យ៉ាងធ្ងន់ដល់សិទ្ធិឯកជនរបស់លោក កឹម សុខា។
មន្ត្រីជាន់ខ្ពស់ និង ជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថ្លែងសារការពារជំនួសតុលាការ ថាការដាក់កាមេរ៉ាសុវត្ថិភាព នៅក្នុងបន្ទប់ឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា គឺជាការត្រឹមត្រូវ ដើម្បីការពារអាយុជីវិតលោក កឹម សុខា។ សារដែលត្រូវបានចុះផ្សាយបន្តដោយកាសែតក្នុងស្រុក ដែលស្និទ្ធនឹងរដ្ឋាភិបាល កាលពីថ្ងៃអាទិត្យម្សិលមិញ លោក សុខ ឥសាន ហៅលោក កឹម សុខា ថាជាតួឯកក្នុងការអនុវត្តឧបាយកល ដាក់ចេញដោយមហាយក្ស។ លោកបន្តថាដូច្នេះលោក កឹម សុខា ផុយស្រួយណាស់ បើសិនជាមហាយក្ស ចង់បំបាត់ដានឧបាយកលរបស់ខ្លួន ដោយសារលោក កឹម សុខា បានក្លាយជាក្រូចអស់ទឹកហើយ មិនចាំបាច់ទុកសំបកជាសាក្សី បានប្រយោជន៍អីទៀតទេ។ លោក សុខ ឥសាន បានចោទជាសំណួរ ទៅខាងមេធាវីការពារក្តីលោក កឹម សុខា ដែលចង់ឲ្យដកកាមេរ៉ាចេញពីបន្ទប់នោះ ថាតើមេធាវី ហ៊ានធានា និង ទទួលខុសត្រូវ ចំពោះសុវត្ថិភាពអាយុជីវិតលោក កឹម សុខា ឬទេ? សូមឆ្លើយប្រាប់គាត់។
ជាការឆ្លើយតបមេធាវីមួយរូប ក្នុងចំណោមមេធាវីទាំងប្រាំរូប ដែលការពារក្តីលោក កឹម សុខា គឺលោក សំ សុខគង់ បានប្រាប់អាស៊ីសេរី កាលពីថ្ងៃទី ១៧ ខែ កញ្ញា ម្សិលមិញ ថាការធានាសុវត្ថិភាពជនជាប់ឃុំ ជាការសំខាន់ក៏ពិតមែន ប៉ុន្តែភារកិច្ចធានាសុវត្ថិភាពជនជាប់ឃុំ គឺជាបន្ទុករបស់មន្រ្តីពន្ធនាគារ ដែលមាន កម្លាំង និង បំពាក់អាវុធ ដើម្បីថែរក្សាសន្តិសុខអ្នកជាប់ឃុំទូទៅ។ លោក សំ សុគង់ បន្តថា ក្រុមមេធាវីពួកគាត់ ចាត់ទុក ថាការដាក់កាមេរ៉ាសុវត្ថិភាព រហូតចូលដល់ក្នុងបន្ទប់ ដែលលោក កឹម សុខា កំពុងជាប់ឃុំដូច្នេះ គឺជាការអនុវត្ត នាំឲ្យរំលោភលើសិទ្ធិឯកជនរបស់លោក កឹម សុខា យ៉ាងធ្ងន់ធ្ងរ៖ “យើងឃើញហើយថា នៅក្នុងបន្ទប់ តាមធម្មតាគាត់ផ្លាស់ប្តូរសម្លៀកបំពាក់ អ៊ីចឹងនឹងឃើញសកម្មភាពគាត់ទាំងអស់ វាប៉ះពាល់ដល់សិទ្ធិឯកជនរបស់គាត់។ ដើម្បីការពារសុវត្ថិភាពឲ្យគាត់ គេអាចដាក់កាមេរ៉ាសុវត្ថិភាពនៅក្រៅបន្ទប់ ឬ តាមរបងដែលនៅព័ទ្ធជុំវិញបន្ទប់ហ្នឹង អាហ្នឹងជារឿងមួយយើងអាចទទួលយកបាន។ ប៉ុន្តែ បើដាក់ក្នុងបន្ទប់ វាប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិបុគ្គលឯកជន។ ដូច្នេះហើយបានជាក្រុមមេធាវី ស្នើឲ្យមានការដកចេញ”។
ទោះជាយ៉ាងនេះក្តី លោក សុខ ឥសាន នៅតែយល់ថា ការដាក់កាម៉េរាសុវត្ថិភាពនេះ គឺនៅតែចាំបាច់ ដោយលោកលើកយកករណីអតីតកាល មកធ្វើជាសម្អាងការពារជំហររបស់គាត់ ទោះជាគ្មានច្បាប់ចែងក ដើម្បីកុំឲ្យមានបញ្ហាដូចឧទាហរណ៏ ក្នុងករណីសម្លាប់លោកថាច់ ជា និង លោក កែវ សង់គីម កាល់ជំនាន់សាធារណរដ្ឋខ្មែរ និង ករណី លោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់ នៅមុខតូបលក់កាសែត ក្បែររបងវត្តលង្ការ កាលពីខែ មករា ឆ្នាំ ២០០៤ និង មនុស្សដទៃទៀត ដែលលោក សុខ ឥសាន ចាត់ទុក ថាជាអ្នកបម្រើយោបាយប្រឆាំង។
ចំណែកឯអ្នកច្បាប់មួយរូប ដែលតំណាងជនរងគ្រោះ នៅសាលាក្តីខ្មែរក្រហម ដែលជាតុលាការ អន្តរជាតិ ក៏មិនយល់ស្រប ចំពោះការអនុវត្តរបស់មន្រ្តីពន្ធនាគារ ដែលថតរូបសកម្មភាពរបស់ជនជាប់ឃុំ នៅក្នុងបន្ទប់ឯកជនដូច្នេះនោះដែរ។ លោកមេធាវី ហុង គឹម សួន លើកឡើង ថានេះការអនុវត្តបំពានទាំងសិទ្ធិ ទាំងច្បាប់៖ “អាហ្នឹងវាចូលលក្ខណៈបំពានសិទ្ធិបុគ្គលហើយ បំពានទាំងច្បាប់ទៅទៀត ព្រោះច្បាប់គេហាមឃាត់ការថតរូបភាពបុគ្គលហ្នឹងផង ការស្តាប់សម្លេងរូបភាពបុគ្គលហ្នឹង គឺចំហ្មងរឿងច្បាប់ព្រហ្មទណ្ឌ ព្រោះអីចោទប្រកាន់ហ្នឹងមើល៍ទើបតែចាប់ពួកសកម្មជនមាតាធម្មជាតិ ទាក់ទងនឹងថតរូបពីចម្ងាយផង នៅតែចោទប្រកាន់ចាប់គេឃុំខ្លួន ចុះទម្រាំនឹងរឿងសិទ្ធិបុគ្គលរបស់គេហ្នឹង ទោះបីថាស្ថិតក្នុងមន្ទីរឃុំឃាំង ក៏គ្មានច្បាប់ណាមួយ ដែលតម្រូវឲ្យដាក់កាមេរ៉ាថតសកម្មភាព រូបភាព និង ថតសំឡេងគេនោះទេ ”។
កាលដើមសប្ដាហ៍កន្លងទៅនេះ សកម្មជនមាតាធម្មជាតិពីរនាក់ ត្រូវតុលាការខេត្តកោះកុង សម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ក្រោយពីអ្នកទាំងពីរត្រូវក្រុមហ៊ុនរបស់លោក ឧកញ៉ា លី យ៉ុងផាត់ ប្ដឹងឲ្យអាជ្ញាធរឃាត់ខ្លួននៅពេលជិះទូកថតរូប និងវីដេអូកប៉ាល់ដឹកខ្សាច់ស៊ីលីកាពីរគ្រឿង ក្នុងលំហសមុទ្រ នៅស្រុកគីរីសាគរ ខេត្តកោះកុង ទាក់ទិននឹងភាពមិនប្រក្រតី នៃការនាំចេញខ្សាច់ស៊ីលីកា ឬខ្សាច់សទៅកោះតៃវ៉ាន់ ចំនួនជាង ១លានតោន ដែលគិតជាទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក។
ក្រុមមេធាវីការពារក្ដីឱ្យលោក កឹម សុខា នៅថ្ងៃទី១៥ ខែកញ្ញាកន្លងទៅនេះ បានដាក់ពាក្យស្នើសុំ ទៅចៅក្រមស៊ើបសួរតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី ឱ្យដកកាមេរ៉ាសុវត្ថិភាព និងឧបករណ៍ស្រូបសំឡេងចេញ ពីបន្ទប់ឃុំឃាំង ដោយមេធាវីអះអាង ថាការអនុវត្តបែបនេះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញផង ផ្ទុយច្បាប់ស្ដីពីពន្ធនាគារ និងផ្ទុយទៅនឹងក្រមនីតិវិធីព្រហ្មទណ្ឌផង។ ពួកគាត់ក៏បានស្នើសុំឲ្យលោក កឹម សុខា បានស្ដាប់វិទ្យុ ព្រមទាំងស្នើអនុញ្ញាតឱ្យក្រុមមេធាវី យកឯកសារច្បាប់ និងសំណុំរឿង ចូលជួបពិគ្រោះយោបល់រវាងមេធាវី និងកូនក្ដីផងដែរ។ កាលពីថ្ងៃទី ១១ ខែ កញ្ញា កន្លងទៅនេះ ក្រុមមេធាវីរបស់លោក កឹម សុខា ក៏បានប្ដឹងសុំតុលាការសម្រេចឱ្យលោក កឹម សុខា នៅក្រៅឃុំជាបណ្ដោះអាសន្ន។
សភាស៊ើបសួរសាលាឧទ្ធរណ៍ នឹងបើកសវនាការថ្ងៃទី ២៦ ខែ កញ្ញា ខាងមុខនេះ ជុំវិញបណ្ដឹងប្រឆាំងដីកាឃុំខ្លួនលោក កឹម សុខា៕
yes KIM SOHKA is so lucky because this evil did not murder him . if they did it you will never found out who the killer is. at this moment EU giving HUN SEN a good lesson I’m waiting to see what this dumb guy is going to do. your end time is coming Mr evil be preparing yourself get your $$$$$ that you stilling from your nation go hell whit you. GOD bless Canbodia
មានន័យថារដ្ធាភិបាលក្រុងភ្នំពេញមិនបានសម្លាប់ កឹម សុខា ដូច កែម ឡី និង ជនរង្គ្រោះដែលគេបានសម្លាប់កន្លងមក។
This beast regime is very good at jail khmer nationalists and killed khmer nationalists then twist story .This veitcong communist style been used for hundred years to killed khmer ‘and they used their dogs as khmer but the real they are the veitcong germs and veitcong mafia dictator scaring of losing the power and used this tactic as the big deal’ .This commi government wearing democracy shirt cheating international and cambodian people to hold power ,to stay suck blood from cambodian people ‘they betray cambodian people and the nation GOD will punish this mafia dictator and his cronies groups soon. GOD bless all cambodian people’
SOK EA SAN will be the one to be in jail. What goes around, will come around. His brain is in seriously damaged. What a senseless person!!! A VORNG!!! Ah have mouth, No brain??
នេះជាសម្តីគ្មានន័យបោកប្រាស់ប្រជាជនរបស់ពួកកុម្មុយនីស្តផ្តាច់ការសែនកំហូច សែនពុតត្បុត សែនរំលោភច្បាប់។ នេះជាសម័យកាល ពួកជនអន្ធពាលដឹកនាំប្រទេស ពួកនេះចេះតែប្រើច្បាប់ព្រៃរបស់ពួកខ្មែរក្រហម ប៉ុល ពត ប៉ុណ្ណោះ។ របៀបចោទប្រកាន់និងឃុំឃាំងមនុស្សគឺដូចគ្នាសុទ្ធសាធទៅនឹងរបបខ្មែរក្រហមដែរ។ បើពួកអាជនអន្ធពាលឯងយល់ថាដេកគុកគឺជាការការពារអាយុជីវិត និងមានសុខសុវត្ថិភាព ហេតុអីក៏ពួកអាឯងមិននាំកូនចៅប្តីប្រពន្ធជីដូនជីតា មួយពូជទៅរស់នៅដេកក្នុងគុកទៅ?
លោកមន្ត្រីពុករលួយដែលលើកខ្លួនស្រឡាញ់ជាតិណាស់ មហាល្បីមាត់ដាចលើសគេ ដូច សុកឱសាន ឈៀងវុន ផៃសីុផាន
………..;សូមអញ្ជើញអោយដៃមកអោយពួកអាម៉ាតដាក់ខ្នោះបញ្ចូលគុកម្ដងមើល!!!!!!បើច្រណែននឹងលោក កឹមសុខា។