លោក មួង ណារ៉េត
2017-09-18
RFA

ពលរដ្ឋខ្មែរមកពីបណ្ដារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក នាំគ្នាធ្វើបាតុកម្មនៅមុខក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ កញ្ញា ឆ្នាំ២០១៧។ RFA
![]()
រដ្ឋាភិបាលអាមេរិកទទួលយកញាតិពលរដ្ឋខ្មែរដែលស្នើឲ្យដោះលែងមេបក្សប្រឆាំង
ពលរដ្ឋខ្មែរ-អាមេរិកាំង និងខ្មែរនៅក្រៅប្រទេសមានបំណងរួមតែមួយ គឺទាមទារឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើគណបក្សប្រឆាំង និងស្តារលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពក្នុងបញ្ចេញមតិឡើងវិញ ដើម្បីឲ្យការបោះឆ្នោតជាតិខាងមុខប្រព្រឹត្តទៅមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ពួកគាត់ទាមទារឲ្យអន្តរជាតិដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងការទូតដើម្បីស្តារស្ថានការណ៍ទាំងនេះ។
ការស្វះស្វែងរកកិច្ចអន្តរាគមន៍ពីសហរដ្ឋអាមេរិកនេះ ធ្វើឡើងបន្ទាប់ពីក្រុមពលរដ្ឋមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែដឹកនាំប្រទេសឆ្ពោះទៅកាន់របបផ្ដាច់ការដោយបិទនូវសិទ្ធិសេរីភាពធំៗរបស់ពលរដ្ឋខ្លួន។ តាមរយៈញត្តិដែលក្រុមពលរដ្ឋខ្មែរអាមេរិកាំង ជាង ៤០០នាក់ បានដាក់ទៅឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៥ ខែកញ្ញា កន្លងទៅនេះ ពលរដ្ឋចង់អោយសហរដ្ឋអាមេរិក ដាក់សម្ពាធទាំងផ្នែកសេដ្ឋកិច្ច និងការទូតចំពោះរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារស្ថានការណ៍ដែលកំពុងកើតឡើងនៅពេលនេះ។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ដែលតំណាងក្រុមអ្នកតវ៉ា ហើយបានប្រគល់ញត្តិជូនមន្ត្រីក្រសួងការបរទេសអាមេរិក បញ្ជាក់ថា មន្រ្តីជាន់ខ្ពស់អាមេរិក ទទួលបន្ទុកកិច្ចការកម្ពុជា បានប្រាប់លោកថា គេបានថតរូបនៃហ្វូងបាតុករ និងបញ្ជូនទៅឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ដើម្បីបានជ្រាបអំពីការតវ៉ារបស់ពលរដ្ឋខ្មែរ-អាមេរិក ដែលសំដែងការមិនពេញចិត្តចំពោះរដ្ឋាភិបាលលោក ហ៊ុន សែន។
តំណាងបាតុករដដែលដែលបានទៅចូលជួបមន្ត្រីអាមេរិក បានបញ្ជាក់បន្ថែមថា មន្រ្តីអាមេរិក ថ្លែងអំណរគុណពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលក្រោកឈរឡើងបង្ហាញនូវឆន្ទៈរបស់ខ្លួនប្រឆាំងនឹងការរំលោភច្បាប់ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោកបន្តថា តាមមន្រ្តីជាន់ខ្ពស់នៅក្នុងក្រសួងការបរទេស ប្រហែលជានៅចុងខែនេះ នឹងមានច្បាប់មួយចេញពីសភាសហរដ្ឋអាមេរិក ដែលមានការគាំទ្រដោយក្រសួងការបរទេស មានចំណាត់ការទៅលើរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ផងដែរ។
លោក ទូច វិបុល បានឡើងធ្វើសេចក្តីថ្លែងការណ៍រួម តំណាងឲ្យសំឡេងពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ដែលប្ដេជ្ញាថា នឹងមិនឲ្យកម្ពុជា វិលទៅរកឆ្នាំសូន្យ និងក្រើនរំលឹកឲ្យអន្តរជាតិកុំភ្លេចកាតព្វកិច្ចរបស់ខ្លួន៖ «ក្នុងខណៈនេះ សហគមន៍អន្តរជាតិ មិនអាចគេចវេះពីការទទួលខុសត្រូវរបស់ខ្លួនម្តងហើយម្តងទៀតបានទេ នៅចំពោះមុខកម្ពុជា កំពុងធ្លាក់ក្នុងរណ្តៅនៃរបបផ្តាច់ការ។ លទ្ធិប្រជាធិបតេយ្យក្រោមរបប ហ៊ុន សែន ទៅមុខមួយជំហាន ថយក្រោយពីរជំហាន ចាប់តាំងពីការបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់ ក្នុងឆ្នាំ១៩៩៣»។
ពលរដ្ឋខ្មែរមកពីរដ្ឋមីនីសូតា (Minnesota) មកតវ៉ាប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ដែលលោកស្រីចាត់ទុកថា ជារដ្ឋាភិបាលផ្តាច់ការ មិនគោរពតាមឆន្ទៈប្រជារាស្រ្ត ព្រោះរំលោភគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ លោកស្រី វង្ស សុធី បន្តថា រដ្ឋាភិបាលមិនគោរពតាមមាគ៌ាច្បាប់ឲ្យបានត្រឹមត្រូវ ទើបធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពលរដ្ឋ និងការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកស្រីទាមទារឲ្យផ្តល់សេរីភាពដល់បក្សម្ខាងទៀត ដើម្បីធ្វើឲ្យលំហប្រជាធិបតេយ្យមានភាពប្រសើរឡើងវិញ៖ «គាត់មិនអាចមានតែម្នាក់គាត់ទេ។ បើសិនគាត់មានតែម្នាក់គាត់ អំណាចផ្ដាច់ការហើយ។ យើងចង់ឲ្យដោះលែងលោក កឹម សុខា ដោយសារការចោទប្រកាន់លើគាត់ អត់មានលក្ខណៈ ដែលយើងអាចទទួលយកបានទេ។ ខ្ញុំបានមើលវីដេអូគាត់ដែលគាត់និយាយ។ គាត់និយាយជាលក្ខណៈទូទៅ បើកចំហ នរណាក៏អាចមើលបាន អត់មែនសម្ងាត់ទេ អត់និយាយពីចង់ផ្តួលរំលំរដ្ឋាភិបាលនោះទេ។ គាត់និយាយអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ»។
ចំណែកពលរដ្ឋខ្មែរដែលមកពីទីក្រុងឡូវែល (Lowell) ឯណោះវិញ ប្រឆាំងដាច់ខាត ការណ៍ដែល រដ្ឋាភិបាលរឹតត្បិតសិទ្ធិសេរីភាពបណ្ដាញផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល។ លោកថា មានតែសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកប៉ុណ្ណោះ ដែលអាចដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ដើម្បីស្ដារស្ថានការណ៍ដុនដាប់នេះបាន៖ «បងប្អូនស្នើឲ្យក្រសួងការបរទេស និងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសកលលោកចាប់អារម្មណ៍រឿងនេះ គឺធ្វើយ៉ាងណាឲ្យកម្ពុជា ឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងស្នើឲ្យមានការបោះឆ្នោតសេរី និង យុត្តិធម៌នៅកម្ពុជាឆាប់ៗ»។
អ្នកតវ៉ាម្នាក់ទៀតពីទីក្រុងឡូវែលដែរ អ្នកស្រី ស៊ូស៊ី ឈួន មិនត្រឹមតែចង់ឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែ លោកស្រីទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែងឥឡូវនេះ «ពួកខ្ញុំធ្វើដំណើររាប់រយគីឡូ ដើម្បីមកទីនេះ រួមគ្នាទាមទាររកយុត្តិធម៌ជូនប្រទេសកម្ពុជា។ លោក ហ៊ុន សែន យកអាមេរិកជាខ្មាំង ដោយចោទអាមេរិក ថាជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ក្នុងករណីចោទប្រកាន់លោក កឹម សុខា។ ពួកយើងខ្ញុំទាមទារឲ្យលោក ហ៊ុន សែន បញ្ឈប់ការចោទបែបនេះ និងទាមទារឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាចជាបន្ទាន់។ អាមេរិកាំងជួយលុយទៅស្រុកខ្មែរ ដើម្បីជួយពលរដ្ឋខ្មែរ ប៉ុន្តែលោក ហ៊ុន សែន និងបក្សពួកនាំគ្នាកេងប្រវ័ញ្ចលុយទាំងនោះ។ យើងខ្ញុំសុំស្នើឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្ម កុំឲ្យលោក ហ៊ុន សែន និងមន្ត្រីរបស់គាត់ ជាន់ទឹកដីអាមេរិកឲ្យសោះ»។
ពលរដ្ឋខ្មែរនៅឯទីក្រុងឡុងប៊ិចវិញ ក៏បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាលើកទីពីរ កាលពីថ្ងៃទី១៦ ខែកញ្ញា នៅមុខសាលាក្រុងឡុងប៊ិច ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា និងសកម្មជននយោបាយដទៃទៀត។ ពួកគាត់ទាមទាររកសេរីភាពជូនពលរដ្ឋខ្មែរនៅកម្ពុជា៕
សុទ្ឆតែពួករត់ចោលស្រុកគ្មានបានការអ្វីទេលឺសូតែពត៏មានខ្យល់ក៌នាំគ្នាឆោលោតាមការបោកប្រាស់របស់បក្សប្រឆាំងនិង វិទ្យុមួយចំនួនដែលនិយាយតែ
ពីអាក្រក់បន្តិចបន្តួចរបស់រដ្ឆាភិបាលឯរឿងល្អៗរាប់មិនអស់មិននិយាយ
You can run, but you cannot hide. Democracy is the power of people, not for small dictator groups
Whoever plays with fire, certainly get burn. In This case the fire are the people.
ជនដែលរស់នៅរកស៊ីមានបាននឹងអំពើពុករលួយ តែងមានគំនិតគាំទ្រសង្គមផ្តាច់ការ ជិះជាន់និងពុករលួយ។ ជនប្រភេទនេះដូចសត្វកង្កែបរស់នៅក្នុងអណ្តូង។នៅពេលប្រជាជនជួបវិបត្តិ ជួបទុក្ខវេទនា បាត់បង់សេរីភាព ទទួលភាពអយុត្តិធម៏ ជនប្រភេទនេះធ្វើដូចជាខ្វាក់ មិនដឹងមិនលឺ ពីព្រោះគេគិតថាវាជារឿងរបស់អ្នកដទៃ មិនមែនជាបញ្ហារបស់ខ្លួនគេទេ។ ប៉ុន្តែគង់ មានថ្ងៃណាមួួយបញ្ហាទាំងនោះវាធ្លាក់ប៉ះចំខ្លួនគេវិញម្តង ឬ ប៉ះចំសាច់ញាតិរបស់គេវិញម្តង តើពេលនោះជនប្រភេទគិតតែប្រយោជខ្លួនឯង រស់ដូចសត្វកង្កែប នឹងដឹងរស់ជាតិនៃការឈឺចាប់និងអយុត្តិធម៏វិញយ៉ាងដូចម្តេចដែរ? គង់តែជួបទេ! ពេលនោះសត្វកង្កែបច្បាស់ជាហក់លោតចេញពីអណ្តូង មករស់នៅពិភពខាងក្រៅដើម្បីស្វែងរកសេរីភាពនិងយុត្តិធម៏ក្នុងការរស់នៅវិញម្តង។
គួរឲ្យសោកស្តាយមានមនុស្សមួយចំនួនភ្នែកនៅល្អ ប៉ុន្តែធ្វើជាខ្វាក់ ត្រចៀកនៅល្អប៉ុន្តែធ្វើជាថ្លង់ មានបេះដូងមានខួរក្បាល ប៉ុន្តែធ្វើជាគ្មានទឹកចិត្តចំពោះជាតិរបស់ខ្លួននិងគ្មានមនសិការភ្ញាក់រលឹកអីបន្តិចសោះ។ មនុស្សបែបនេះ នៅតែយល់ថា លាមក ជាផ្កា សម្រាប់ជីវិតរបស់ពួកគេ។