20/10/2017
RFI

គ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក នៅខេត្តស្វាយរៀង (@Fresh news)
អាជ្ញាធរកម្ចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានបដិសេធការអះអាងរបស់ស្ថានទូតអាមេរិកដែលហៅគ្រាប់បែកនៅខេត្តស្វាយរៀងថា ជាគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក ដែលមិនមែនជាគ្រាប់បែកគីមីនោះ។ ហើយអាជ្ញាធរស៊ីម៉ាក់កម្ពុជា នៅតែទទួចឲ្យសហអាមេរិកបន្តសហការបោសសំអាតគ្រាប់បែកគីមីនៅទីនោះ និងគ្រាប់បែកគីមីនៅកន្លែងដទៃទៀត។
ក្នុងសារតាមទំព័រហ្វេសប៊ុក ម្សិលមិញ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចាត់ទុក គ្រាប់បែកដែលរកឃើញដោយអាជ្ញាធរស៊ីម៉ាក់កម្ពុជានៅខេត្តស្វាយរៀងនោះថាជាឧស្ម័នបង្ហូរទឹកភ្នែក។បើតាមស្ថានទូតអាមេរិកការប្រើឧស្ម័នបង្ហូរទឹកភ្នែកជាញឹកញាប់មានភាពចម្រូងចម្រាស់និងមាននីតិវិធីច្បាស់លាស់ដើម្បីលប់ចោលវា ហើយថាមិនមានភស្តុតាងទាក់ទងទៅនឹងបញ្ហាសុខភាពរយៈពេលយូរឬពិការភាពពីកំណើត ដោយសារឧស្ម័នេះទេ។
ស្ថានទូតអាមេរិកបន្តថា ជាការពិតណាស់ ប្រសិនបើមានបញ្ហាបែបនេះមែននោះ អាជ្ញាធរនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ នឹងមិនប្រើប្រាស់គ្រាប់បែកឧស្ម័នប្រភេទនេះឡើយ។
ភ្លាមៗនោះ អាជ្ញាធរកម្ចាត់មីនកម្ពុជាហៅកាត់ថា ស៊ីម៉ាក់ បានចេញសេចក្តីថ្លែងការណ៍មួយដែលបានបដិសេធការលើករបស់ស្ថានទូតអាមេរិក ដោយអះអាងថា អាជ្ញាធរមីន បានដឹងជាច្រើនឆ្នាំមកហើយនូវគ្រាប់បែកគីមីដែលទម្លាក់ដោយអាមេរិកនៅខេត្តស្វាយរៀង។ តែស៊ីម៉ាក់ថាខ្លួនទើបតែទទួលបានព័ត៌មាននេះ កាលពីអំឡុងឆ្នាំ២០១៧ ដែលរាយការណ៍ដោយពលរដ្ឋនៅទីនោះ។
ក្នុងសេចក្តីថ្លែងការណ៏ នៅថ្ងៃដដែលនោះ អាជ្ញាធរស៊ីម៉ាក់កម្ពុជា នៅតែទទួចឲ្យសហអាមេរិកបន្តសហការបោសសំអាតគ្រាប់បែកគីមីនៅទីនោះ និងគ្រាប់បែកនៅកន្លែងដទៃទៀត។
តាមរយៈសេចក្តីថ្លែងការណ៍ ស្ថានទូតអាមេរិក បានបញ្ជាក់ថា មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានដឹងពីវត្តមាននៃគ្រាប់បែកបែបនេះ នៅខេត្តស្វាយរៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានទទួលការបង្រៀនជាលំអិតលើរឿងនេះ ចំនួន ២ លើក នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ពីអ្នកឯកទេសយោធាសហរដ្ឋអាមេរិកនិងនាំទៅអនុវត្តជាក់ស្តែង នៅខេត្តមណ្ឌលគីរី ផងដែរ។
បើតាមអាជ្ញាធរស៊ីម៉ាកកម្ពុជា ចាប់តាំងពីថ្ងៃទី១ខែតុលានេះមក ខ្លួនបានរកឃើញទីតាំងជាច្រើនដែលមានគ្រាប់បែកគីមីរបស់អាមេរិក ហើយថាមានប្រជាពលរដ្ឋ១៩នាក់ដែលរងផលប៉ះពាល់ពីសារធាតុគីមីទាំងនោះ៕
ស៊ីម៉ាក់ខំប្រឹងរកលេសទំលាក់កំហុសដាក់អាមេរិចតាមសេណារីយោនយោបាយរបស់រដ្ឋាភិបាលយកអាមេរិចជាសត្រូវ។ តើស៊ីម៉ាក់ចេះជាងអាមេរិចដែលជាម្ចាស់ផលិតគ្រាប់បែកឬ?