ក្រសួង​ការពារ​ជាតិ​រៀបចំ​ប្ដឹង​ សម រង្ស៊ី ​ករណី​ញុះញង់​ទ័ព

រដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ក្រសួង​កាល​ពី​ថ្ងៃ​ចន្ទ។ រូបថត សហការី



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ​ក្រសួង​ការពារ​ជាតិ​ប្រកាស​ថា​ខ្លួន​កំពុង​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ធ្វើ​ពាក្យ​បណ្ដឹង​ប្រឆាំង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក សម រង្ស៊ី ​ដែល​កំពុង​និរទ្ទេស​ខ្លួន​ថា​បាន​ធ្វើ​អត្ថាធិប្បាយ​ញុះញង់​ឲ្យ​កងទ័ព​បះបោរ​ប្រឆាំង​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន​។

ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ខណៈ​​មាន​ការ​ថ្កោលទោស​ជា​បន្តបន្ទាប់​ពី​កងទ័ព​ទាំង​ ៣ ​ប្រភេទ​នៃ​កងយោធពល​ខេមរភូមិន្ទ​ប្រឆាំង​លោក សម រង្ស៊ី និង​បង្ហាញ​ពី​ភាព​ស្មោះស្ម័គ្រ​នៃ​មេបញ្ជាការ​នានា​លើ​រាជរដ្ឋាភិបាល​កម្ពុជា​។

សេចក្ដី​ថ្លែងការណ៍​មួយ​របស់​កងទ័ព​ជើងទឹក​សរសេរ​ថា​៖ «​យើង​ខ្ញុំ​ទាំងអស់​គ្នា​ជា​កងទ័ព​ជើង​ទឹក​សូម​ប្រកាស​ប្រឆាំង​ដាច់​ខាត​រាល់​សកម្មភាព​ញុះញង់​របស់​ពួក​អគតិ​ដែល​ប៉ុនប៉ង​ផ្ដួលរំលំ​រដ្ឋាភិបាល​ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ ក៏​យើង​ខ្ញុំ​ស្មោះត្រង់​ដាច់​ខាត​ចំពោះ​ជាតិ ចំពោះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ ហ៊ុន សែន​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ពុធ​បាន​លើក​ឡើង​ពី​វីដេអូ​ឃ្លីប​មួយ​របស់​លោក សម រង្ស៊ី ដែល​គេ​ជឿ​ថា​បាន​ធ្វើ​ឡើង​តាំងពី​ខែ​មិថុនា​ឆ្នាំ​ ២០១១​។

ក្រោយ​ការ​អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន វីដេអូឃ្លីប​នោះ​ត្រូវ​បាន​គេហទំព័រ​ព័ត៌មាន Fresh News ផ្សព្វផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ពុធ​នោះ​ដែរ​។

ក្នុង​វីដេអូឃ្លីប​រយៈពេល​ ១ ​នាទី​កន្លះ​លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​កងទ័ព​បែរ​ចុង​ការ​ណុង​ផ្តួលរំលំ​របប​ដឹកនាំ​ដោយ​លោក​​ ហ៊ុន សែន ខណៈ​លោក​នៅ​ធ្វើ​ជា​ប្រធាន​គណបក្ស សម រង្ស៊ី​។

លោក​ថ្លែង​ក្នុង​វីដេអូឃ្លីប​ថា​៖ «​អ៊ីចឹង​ដូចជា​វា​ទុំ ផ្លែឈើ​វា​ទុំ វា​ស្ទើរ​តែ​ដង្កូវ​ស៊ី រុញ​តែ​បន្តិច​ទៅ​ធ្លាក់​ហើយ ការ​បះបោរ​ប្រជារាស្ត្រ​ផុសផុល​បន្តិច​។ យើង​ត្រូវការ​ការ​រៀបចំ​…​យើង​ត្រូវការ​ការ​ផ្គត់ផ្គង់ ឧបត្ថម្ភ​ខ្លះ​។ យើង​ត្រូវការ​ផ្ដល់​បង្អែក​ខ្លះ​ដើម្បី​ឲ្យ​ការ​បះបោរ​ផ្ទុះ​ឡើង ហើយ​កងកម្លាំង​ប្រដាប់​អាវុធ​ភាគច្រើន​គឺ​ចេញ​មកពី​ប្រជារាស្ត្រ​ខ្មែរ​ក្រ ប្រាក់ខែ​តិច រស់​អត់​បាន​ទេ បងប្អូន​»​។

លោក​បន្ថែម​ថា​៖ «​មាន​តែ​បែរ​​ចុង​កាណុង​ដើម្បី​ផ្តួលរំលំ​របប​នេះ​ទៅ​។ នេះ​ជា​សេចក្ដី​អំពាវនាវ​របស់​គណបក្ស សម រង្ស៊ី​។ រូប​ខ្ញុំ​ សម រង្ស៊ី សូម​អំពាវនាវ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ កងកម្លាំង​ប្រដាប់​អាវុធ​រួម​គ្នា​ទម្លាក់ ហ៊ុន សែន ចេញ​ពី​តំណែង​របប​ក្បត់​ជាតិ​។​ យើង​ត្រូវ​តែ​បញ្ចប់​នៅ​ពេល​នេះ​»​។

លោក​ថា​៖ «​យើង​ចង់​ឲ្យ ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង​កាន់តែ​ឆាប់​កាន់តែ​ល្អ​…»​។

លោក ឈុំ សុជាតិ អ្នក​នាំពាក្យ​​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​ថា​ក្រុម​អ្នក​ច្បាប់​កំពុង​សិក្សា​លើ​ទិដ្ឋភាព​ច្បាប់​ដើម្បី​ដាក់​បណ្ដឹង​ប្រឆាំង លោក សម រង្ស៊ី​។

លោក​ថ្លែង​ថា​៖ «​ទង្វើ​នេះ​ជា​ទង្វើ​មួយ​ដែល​យើង​មិន​អាច​អត់ឱន​បាន​។ យើង​សិក្សា​បន្ថែម​ពី​ការ​ញុះញង់​បំបែក​បំបាក់​ជាតិ​​ព្រោះ​អាហ្នឹង​ធ្វើ​ឲ្យ​បាត់​សន្តិសុខ​ជាតិ​…​។ គាត់​ញុះញង់​ឲ្យ​កងទ័ព​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប្រឆាំង​នឹង​​ការ​ដឹកនាំ​ជា​អំពើ​មួយ​ដែល​ក្បត់ជាតិ​។ យើង​នឹង​ពិចារណា​តាម​ច្បាប់​ទៀត ហើយ​ឲ្យ​ដាក់​ទោសទណ្ឌ​តាម​ច្បាប់​។ តុលាការ​ជា​អ្នក​សម្រេច​ចិត្ត​»​។

លោក​បន្ថែម​ថា​៖ «​វា​តែង​ឡើង​ពី​ការ​ញុះញង់​ឲ្យ​កងទ័ព​មិន​ស្ដាប់​មេ ស្តាប់​បញ្ជា​កង​អង្គភាព​ ឬ​ក៏​ធ្វើឲ្យ​បាត់​សណ្តាប់ធ្នាប់ អាហ្នឹង​មាន​ចែង​ក្នុង​ច្បាប់​…»​។

លោក​ថ្លែង​ថា​ការ​ចេញ​មុខ​ថ្កោលទោស​លោក សម រង្ស៊ី ​ពី​សំណាក់​មេទ័ព និង​កង​អង្គភាព​ជាច្រើន​គឺជា “​ឆន្ទៈ​” ​របស់​ពួកគេ​ក្នុង​ការ​គាំទ្រ​ប្រសាសន៍ និង​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

លោក​ សុជាតិ ហៅ​សម្ដី​លោក សម រង្ស៊ី ​ក្នុង​វីដេអូឃ្លីប​ថា​ជា​ទង្វើ​ “​ក្បត់ជាតិ​” ​ធ្វើ​ឲ្យ​កងទ័ព​ខឹង​ និង​មិន​អាច​អត់ឱន​ឲ្យ​បាន​។

លោក​ថា​៖ «​កងទ័ព​គេ​ស្រឡាញ់​រដ្ឋាភិបាល​ពិសេស​សម្តេច​តេជោ ហ៊ុន សែន ​…»​។

មេធាវី​តំណាង​រដ្ឋាភិបាល​លោក​ គី តិច ថ្លែង​ថា​លោក​នៅ​​មិន​ទាន់​ទទួល​បាន​ការ​ស្នើសុំ​ពី​ក្រសួង​ការពារ​ជាតិ​នៅ​ឡើយ​ទេ ហើយ​ក៏​មិន​ទាន់​បាន​ពិចារណា​ជាមួយ​ក្រុម​មេធាវី​ថា​តើ​គួរ​យក​ភ័ស្តុតាង​នៃ​ឃ្លីប​វីដេអូ​នេះ​ទៅ​បន្ថែម​លើ​សំណុំ​រឿង​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​។

ចំពោះ​សំណុំ​រឿង​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ ​គី តិច បញ្ជាក់​ថា ក្រុម​មេធាវី​មាន​ភ័ស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់​បន្ទុក​។ ​លោក​ថ្លែង​ថា​៖ «​យើង​មាន​ភ័ស្តុតាង​ច្រើន បើ​និយាយ​ពី​គ្រប់​​គឺ​វា​ចង់​លើស​ទៅ​ទៀត​…»​។

លោក សម រង្ស៊ី មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​ការ​​អត្ថាធិប្បាយ​លើ​ការ​ចោទ​ប្រឆាំង​រូប​លោក​បាន​ទេ​ពី​ម្សិលមិញ​។

ប៉ុន្តែ​លោក Paul Chambers សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​នរ៉េសូរ ប្រទេស​ថៃ​ថ្លែង​​ថា​៖ «​លោក​ ហ៊ុន សែន អាច​មាន​មោទនភាព​ដែល​គាត់​គ្រប់គ្រង​ត្រួតត្រា​លើ​មន្ត្រី​យោធា​កម្ពុជា​។ ​បញ្ហា​តែ​មួយ​គត់​គឺ​ថា​ក្នុង​ករណី​កម្ពុជា មិន​មាន​ការ​គ្រប់គ្រង​ជា​លក្ខណៈ​ស៊ីវិល​ទេ តែ​ជំនួស​វិញ​នូវ​ការ​គ្រប់គ្រង​ផ្ទាល់​ខ្លួន​។ នេះ​បង្ហាញ​ពី​កង្វះខាត​ក្នុង​លទ្ធិប្រជាធិបតេយ្យ យោធា​មិន​បាន​ស្មោះត្រង់​នឹង​រដ្ឋធម្មនុញ្ញ តែ​ផ្ទុយ​ទៅ​វិញ​គឺ​គាំទ្រ​ខ្លាំងក្លា​ចំពោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​»៕

រាយការណ៍​បន្ថែម​ដោយ Erin Handley


Contact author: បែន សុខហ៊ាន

What Next?

Recent Articles

2 Responses to "ក្រសួង​ការពារ​ជាតិ​រៀបចំ​ប្ដឹង​ សម រង្ស៊ី ​ករណី​ញុះញង់​ទ័ព"

  1. Anonymous says:

    Totally wrong performance of hun Sen and Hun Sen group because of they are killers.

  2. Anonymous says:

    Samdach duck ?????. speak Khmer like Viet. Where were you born???? Your eyes look like neighbors at eastern part of Cambodia (viet). Cannot hide the truth. Cambodians children are smart like smart phone.