មន្ត្រី​យោធា​ថ្លែង​ថា​ សមាគម​ធាងត្នោត​ បម្រើ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក

ក្រុម​អ្នក​តវ៉ា​ក្នុង​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌ខ្មៅ កាល​ពី​ឆ្នាំ​មុន ដែល​ពេល​នោះ​នាយក​អង្គការ​សមាគម​ធាង​ត្នោត លោក អេម សារុំ​ ត្រូវ​ចាប់​ឃុំ​ខ្លួន​មួយ​រយៈ។



and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​សមាគម​ធាងត្នោត​បាន​ទទួល​មូលនិធិ​ពី ៤០ ម៉ឺន​ទៅ ៥០ ម៉ឺន​ដុល្លារ​ពី​អាមេរិក​ដើម្បី​បម្រើ​យុទ្ធសាស្ត្រ​របស់​អាមេរិក ប៉ុន្តែ​សមាគម​នេះ​បាន​បដិសេធ​។

លោក​ នាង ផាត បាន​ថ្លែង​ដូច្នេះ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្ថានភាព​នយោបាយ​ដល់​កងទ័ព​នៅ​សាល​ប្រជុំ​ក្រសួង​ការពារ​ជាតិ​។

តាមរយៈ​សារព័ត៌មាន​ដើម​អំពិល​លោក​ នាង ផាត បាន​ថ្លែង​ថា​ សមាគម​ធាង​ធ្នោត​បាន​ធ្វើ​សកម្មភាព​ញុះញង់​សហគមន៍​នានា​ឲ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​តាមរយៈ​ការ​តវ៉ា​ទាមទារ​ផ្សេងៗ​។

លោក​ថ្លែង​ថា ​មាន​ការ​បង្កើត​សហគមន៍​ប្រមាណ ៣ ​ពាន់​សហគមន៍​នៅ​តាម​ខេត្ត​ហើយ​នៅ​ភ្នំពេញ​មាន​ចំនួន​ ៣០០ ​សហគមន៍​ដែល​សហគមន៍​ទាំង​នេះ​សុទ្ធ​តែ​ប្រឆាំង​នឹង​រដ្ឋាភិបាល​។

លោក​បញ្ជាក់​ថា​៖ «​មាន​កន្លែង​ខ្លះ​សមាគម​នេះ​បង្កើត​ជា​ក្រុម​ធ្វើ​បាតុកម្ម​។ បើ​អ៊ីចឹង​ទេ យើង​ងាក​មក​ឃើញ​ថា​ក្រុម​នេះ​ជ្រក​ក្រោម​អង្គការ​ផ្សេងៗ​លើ​ផែនការ​ដែល​ធ្វើ​បដិវត្តន៍​មួយ​ទៀត​ដែល​យើង​ឃើញ​កន្លង​មក​ហៅ​បដិវត្តន៍​មួយ​ទៀត​គឺ​ថ្ងៃ​ចន្ទ​អាវខ្មៅ​របស់ អ៊ី សារុំ ​ក៏​យើង​បាន​ឃាត់​សាកសួរ​អប់រំ​តាមរយៈ​នេះ​គាត់​ក៏​បាន​សារភាព​ដែរ​ថា​ពួកគាត់​បាន​ទទួល​មូលនិធិ​ប្រចាំ​ឆ្នាំ​ពី​ ៤០ ​ទៅ​ ៥០ ​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​វា​មាន​លុយ​បង្កើត​ឲ្យ​មាន​ចលនា​ទាំងអស់​នេះ​ដើម្បី​បម្រើ​យុទ្ធសាស្ត្រ​របស់​ពួក​អាមេរិក​»​។

ភ្នំពេញ​ប៉ុស្តិ៍ បាន​ទាក់ទង​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​នាយ​ឧត្តមសេនីយ៍ នាង ផាត ប៉ុន្តែ​លោក​ថ្លែង​ថា ​អ្វី​ដែល​លោក​បាន​ថ្លែង​កាលពី​ម្សិលមិញ​នោះ​គឺ​យោង​តាម​របាយការណ៍​របស់​នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរង​នគរបាល​ជាតិ​។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាលពី​ម្សិលមិញ​។

លោក សុង សារ៉ាន់ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​ថ្លែង​ថា​ សមាគម​របស់​លោក​បង្កើត​កម្មវិធី​ដើម្បី​ផ្តល់​ជំនួយ​បច្ចេកទេស​សម្រាប់​ពលរដ្ឋ​ក្រីក្រ ពាក់ព័ន្ធ​នឹង​សិទ្ធិ​លំនៅឋាន​ឲ្យ​ពួកគាត់​យល់​ពី​សិទ្ធិ​លំនៅឋាន និង​ច្បាប់​ដែល​ពាក់ព័ន្ធ​នឹង​ពួកគេ​។ «​សមាគម​ធាងត្នោត​មិន​ដែល​បាន​ទទួល​មូលនិធិ​ពី​អង្គការ USAID ឬ​ពី​ក្រសួង​ការបរទេស​អាមេរិក​ទេ ហើយ​សមាគម​ក៏​មិន​បម្រើ​ឲ្យ​យុទ្ធសាស្ត្រ​របស់​អាមេរិក ឬ​បរទេស​ណា​មួយ​ដែរ​»​។

អ្នកស្រី​ ច្រាយ នី ពី​សហគមន៍​ថ្មគោល​ដែល​រងគ្រោះ​រឿង​ដីធ្លី​បាន​ថ្លែង​ថា សហគមន៍​អ្នកស្រី​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ផ្នែក​ច្បាប់​ដីធ្លី និង​សិទ្ធិមនុស្ស​ពី​សមាគម​ធាង​ត្នោត​។

អ្នកស្រី​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​គួរ​បញ្ឈប់​ការ​លាប​ពណ៌​ដល់​អង្គការ​សមាគម អង្គការ​ដៃគូ​ដែល​គាត់​ធ្លាប់​ជួយ​ផ្នែក​ច្បាប់ និង​ផ្នែក​ផ្សេងៗ​បំពេញ​ជំនួស​រាជរដ្ឋាភិបាល​ដែល​មាន​កង្វះខាត​នៅ​ពេល​គាត់​អភិវឌ្ឍ​កន្លែង​ណា​ប្រជាពលរដ្ឋ​ទឹកភ្នែក​កន្លែង​ហ្នឹង​»​។

លោក ចាន់ ពុទ្ធិសាក់ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់​បាន​ប្រតិកម្ម​ថា​ការ​តវ៉ា​របស់​ពលរដ្ឋ​រងគ្រោះ​មិនមែន​ដោយសារ​ការ​ញុះញង់​របស់​សមាគម ឬ​អង្គការ​សង្គម​ស៊ីវិល​ណា​មួយ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ជនរងគ្រោះ​មិន​អាច​សុំ​អន្តរាគមន៍​ពី​រដ្ឋាភិបាល​បាន​។

លោក​ថា ​ការ​ចោទប្រកាន់​នេះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​។

ស្ថានទូត​អាមេរិក​បាន​ថ្លែង​ប្រាប់​តាម​សារ​អេឡិចត្រូនិក​យ៉ាង​ខ្លី​ថា​អាមេរិក​គាំទ្រ​ដល់​ការ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ជម្លោះ​ដីធ្លី​នានា ប៉ុន្តែ​ថា​ខ្លួន​ហាក់​ដូចជា​មិន​មាន​ទំនាក់ទំនង​ជាមួយ​សមាគម​ធាង​ត្នោត​ទេ​៕


Contact authors: នៀម ឆេង and Ananth Baliga

What Next?

Recent Articles

One Response to "មន្ត្រី​យោធា​ថ្លែង​ថា​ សមាគម​ធាងត្នោត​ បម្រើ​យុទ្ធសាស្ត្រ​របស់​សហរដ្ឋ​អាមេរិក"

  1. xxx says:

    ជាក់ស្ដែងគេមិនចង់ឲ្យមានអ្នកណាមកបង្រៀនប្រជាពលរដ្ឋខ្មែរយើងឲ្យចេះដឹងអំពីច្បាប់និងសិទ្ធិរបស់ខ្លួនទេ
    នៅពេលប្រជាពលរដ្ឋបានយល់ដឹង ពួកគេពិបាកជិះជាន់