១​ថ្ងៃ​ក្រោយ​កងទ័ព ​ស្ថាប័ន​ស៊ីវិល​ចេញ​ញត្តិ​គាំទ្រ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​លោក សម រង្សី

ដោយ ញឹម សុផល
20/10/2017
RFI

media
លោក ​សម ​រង្ស៊ី​ អតីតប្រធានគណបក្សសង្គ្រោះជាតិ​។ RFI/Siv Channa​


បន្ទាប់​ពី​កងទ័ព ​ស្ថាប័ន ​អង្គភាព​ស៊ីវិល​នានា​របស់​រដ្ឋ​នៅ​ថ្ងៃ​នេះ ​បាន​ធ្លា​ក់​មក​ព្រោងព្រាធ​នូវ​ប្រតិកម្ម​លើ​ការ​លើកឡើង​របស់​លោក​សម រង្សី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ ​ជា​ប្រតិកម្ម​ដែល​ធ្វើឡើង​តាម​ក្រសួង​នីមួយ​ៗ ​តាម​ខេត្ត​នានា ​ថ្កោលទោស ​លោក ​សម រង្សី ដែល​បាន​ថ្លែង​នៅ​ក្នុង​ឃ្លី​ប​វីដេអូ​កាលពី​ឆ្នាំ​២០១១ ​ឲ្យ​កងទ័ព​និង​ប្រជាជន​ខ្មែរ​ងើបឈរ​ឡើង ​ទំលាក់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​ពី​តំណែង​។

ក្រសួង​សុខាភិបាល ​ក្រសួង​ទេសចរណ៍ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​ក្រសួង​ផែនការ ​សាលា​រាជធានី​ភ្នំពេញ ​សាលា​ខេត្ត​សៀមរាប ​ខេត្ត​បាត់ដំបង ​។​ល​។​និង​។​ល​។ ​សុទ្ធតែ​បានចេញ​ញត្តិ​ដូច​ៗ​គ្នា ​សម្តែង​នូវ​ការ​មិន​ពេញចិត្ត ​ចំពោះ​ការ​លើកឡើង​របស់​លោក ​សម រង្សី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​អតីត​ប្រធាន​គណបក្ស ​សម រង្សី ​ដែល​បាន​អំពាវនាវ​កាល​ពី​៧ឆ្នាំ​មុន ​ឲ្យ​កងទ័ព ​បែរ​ចុង​កាណុង ​រួបរួម​គ្នា​ជាមួយ​ប្រជាជន​ងើប​ឈរ​ឡើង​ទំលាក់​លោក​ហ៊ុន សែន ​ចេញពី​ដំណែង​។

ជា​ការ​កត់​សម្គាល់​ខ្លឹមសារ​នៃ​ញត្តិ​ត្រូវបាន​សរសេរ​ដូច​ៗ​គ្នា​ថា​«​បើ​មិន​កម្ចាត់​ជន​ក្បត់ជាតិ​នៅពេលនេះ​ទេ ​សង្គ្រាម​ប្រាកដ​ជា​កើតឡើង​ជាក់​ជា​មិនខាន ​ដល់​ពេលនោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ ប្រាកដ​ជា​នឹង​ស្លាប់​រាប់ពាន់​រាប់ម៉ឺន​នាក់ ​ដោយសារ​ការ​ផ្ទុះ ​សង្គ្រាម​ដែល​កើត​ចេញ​ពី​ទង្វើ​របស់​ក្រុម​ក្បត់ជាតិ​ទាំងនោះ ​ដូច្នេះ​ហើយ​ការ​ចាត់​វិធានការ​ទាន់​ពេល​វេលា​ចំពោះ​អំពី​ក្បត់​របស់​សម រង្ស៊ី ​និង ​កឹម សុខា ​គឺ​ជា​ភាព​ឈ្លាសវៃ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​បំផុត​ចំពោះ​ជាតិ ​និង​ប្រជាជន​របស់​សម្តេច​តេ​ជា​នាយក​រដ្ឋមន្ត្រី​»​។

ក៏​ប៉ុន្តែ​ថ្លែង​ប្រាប់​វិទ្យុ ​RFI ​ជា​ភាសា​ខ្មែរ នៅ​ប្រទេស​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​លោក​សម រង្សី បាន​បញ្ជាក់​ថា ​គេ​អាច​កាត់​ត ​អាច​ច្បិច​ខ្សែរ​អាត់​ណាមួយ ​វីដេអូ​ឃ្លី​ប​ណា​មួយ​យក​មក​បង្ហាញ​ ក្រៅពី​បរិបទ​របស់​វា ​គឺ​ខុស​ពី​ន័យ​ដើម​របស់​វា​។ ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូបនេះ ​បានលើក​ឡើង​ថា​លោក​មិន​បាន​និយាយ​អញ្ចឹង​ទេ ​ដោយ​ចង្អុល​ឲ្យ​មើល​ឧទាហរណ៍​ជា​ប្រវត្តិសាស្ត្រ ​នៅ​ប្រទេស​រ៉ូ​ម៉ា​នី ​និង​នៅ​សហភាព​សូវៀត​កន្លង​ទៅ​។

ទោះ​យ៉ាងណា​ចរន្ត​ប្រឆាំង​លោក​សម រង្សី​ មក​ទល់​ពេលនេះ ​ហាក់ដូច​ជា​បាន​កក្រើក​ឡើង​ និង​មាន​ការ​ចុះផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ជា​បន្តបន្ទាប់ ​ដោយ​ថ្ងៃ​នេះដែរ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ដែល​លោក​សម រង្សី ​បាន​ថ្លែង​នៅ​រដ្ឋ​ម៉ា​ស្សា​ជូ​សែត សហរដ្ឋ​អាម​រិ​ក​កាលពី​ឆ្នាំ​២០១១ ​ព្រមទាំង​បកប្រែ​ជា​ភាសា​អង់គ្លេស​ផងដែរ ​នូវ​អ្វីដែល​លោក​សម រង្សី​បាន​និយាយ​៕

What Next?

Recent Articles

One Response to "១​ថ្ងៃ​ក្រោយ​កងទ័ព ​ស្ថាប័ន​ស៊ីវិល​ចេញ​ញត្តិ​គាំទ្រ​រដ្ឋាភិបាល​ចាត់​វិធានការ​លើ​លោក សម រង្សី"

  1. Anonymous says:

    Cambodian people all love Sam Rainsy. Sam Rsinsy our good leader of Cambodian people bring peace, democracy, and growth. Cambodian people always vote Sam Rainsy Prime minister for people, nation.