ក្រសួងមហាផ្ទៃថា មិនមានសមត្ថកិច្ចចាត់ការលើ Page ដែលប្រមាថព្រះ​មហាក្សត្រ

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 4:15 PM
http://vodhotnews.com

អភិបាលកិច្ចល្អ

ទំព័រហ្វេសប៊ុក «Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា»​


ក្រសួងមហាផ្ទៃ បាន​អះ​អាង​ថា ខ្លួន​មិនមានសមត្ថកិច្ចឯណា​ទៅ​ចាត់ការលើទំព័រហ្វេសប៊ុកឈ្មោះថា «សមាគម​វៀតណាម​នៅកម្ពុជា» ​ដែល​បង្ហោះប្រមាថដល់ព្រះមហាក្សត្រទេ ដោយ​ថា អ្នក​ប្រើ​ប្រាស់​ទំព័រ​ហ្វេសប៊ុក​នេះ​មិន​ស្ថិត​នៅ​ក្នុង​ប្រទេសកម្ពុជា។

ទំព័រហ្វេសប៊ុក «Hội Người Việt Nam Tại Campuchia សមាគមវៀតណាមនៅកម្ពុជា»​ កាលពីថ្ងៃទី២១ ខែតុលា បានបង្ហោះ​សារ​ថា៖ «លឺ​ថា ស្ដេច សីហមុនី មិន​ចង់​សញ្ញេ[ស៊ីញ៉េ]​រំលាយ​គណបក្ស​ក្បត់​ជាតិ​របស់​ជន​ក្បត់​ជាតិ សម រង្ស៊ី និង កឹម សុខា»។

ដោយ​ភ្ជាប់​មក​ជាមួយ​នូវ​រូបថត​នៃ​ជំនួប​ព្រះ​មហាក្សត្រ​ នរោត្ដម សីហមុនី និង​មេដឹកនាំ​វៀតណាម​ផង​នោះ ទំព័រ​ហ្វេសប៊ុក​ដដែលនេះ បាន​រៀប​រាប់​បន្ត​ថា៖ «បើមិនដូច្នុះទេ យើងទាមទារឲ្យស្តេច សីហមុនី ចុះចេញពីរាជបល្ល័ង្គ ហើយ​មកនៅ​ក្រោម​ឪវាទរបស់សម្តេច ហ៊ុន សែន ដូចស្តេច នរោត្ដម រណរីទ្ធិ [រណឫទ្ធិ]វិញ ដើម្បី​ឲ្យ​ប្រទេស​មាន​សន្តិភាព និង​ការ​អភិវឌ្ឍន៍​»។

ក្រុម​អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បានចែកចាយ​​នូវ​សារ​នោះ ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​ការ​តាម​ផ្លូវច្បាប់ចំពោះសមាគមវៀតណាមមួយនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់វីអូឌី​នៅ​ថ្ងៃ​នេះថា ការផ្សព្វផ្សាយបែបនោះ គឺ​ជា​ការ​ប្រមាថ​ដល់ចេស្ដា​ព្រះមហាក្សត្រដែលមិនអាចអត់អន់ទោសបាន។

ប៉ុន្តែ លោកថា ហ្វេសប៊ុកនោះ មិនមែនជាឈ្មោះផ្លូវការ មិនមានការ​ចុះបញ្ជីសមាគមន៍នៅក្នុងក្រសួង ហើយ​មូលដ្ឋាន​នៃ​អ្នកប្រើប្រាស់មិនមែននៅស្រុកខ្មែរដែលពិបាកក្នុងការអនុវត្ត​ច្បាប់។

ទោះបីជាយ៉ាងណា លោក ខៀវ សុភ័គ បាន​ដឹង​បន្តថា ក្រសួងដឹងទាំងអស់រាល់ទំព័រហ្វេសប៊ុក ដែល​មាន​មូលដ្ឋាន​ប្រើ​​ប្រាស់ស្រុកខ្មែរ ដែលមិនរួចផុតពីសំណាញច្បាប់នោះទេ៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

One Response to "ក្រសួងមហាផ្ទៃថា មិនមានសមត្ថកិច្ចចាត់ការលើ Page ដែលប្រមាថព្រះ​មហាក្សត្រ"

  1. people says:

    Cambodian people knew that’ this government is the puppet of Youn-hanoi ‘that why they scaring of youn-hanoi’ but all khmer will be very fast ‘What a hanoi dogs’. GOD bless all cambodian people’