សមាជិក​សភា​បក្ស​ប្រឆាំង​ម្នាក់​​ចុះ​ចូល​បក្ស​កាន់​អំណាច ក្រោយ​លោក ហ៊ុន សែន ប្រាប់​ឲ្យ​ចាក​ចេញ

ដោយ លោក លី វេហា​​ | ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧​ | ម៉ោង 5:30 PM
http://vodhotnews.com

នយោបាយ

(FB: លោក ឡុង ប៊ុន្នី)


តំណាង​រាស្ត្រ​មួយ​រូប​របស់​​បក្ស​ប្រឆាំង បាន​សម្រេច​ចិត្ត​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច​នៅ​ថ្ងៃ​នេះ ដែល​ការ​សម្រេច​បែប​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​មាន​ការ​អំពាវ​នាវ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

ក្នុង​លិខិតមួយ​ច្បាប់​ដែល​វីអូឌី​ទើប​តែ​ទទួល​បាន​នៅ​ថ្ងៃ​នេះ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​ខេត្ត​ព្រៃវែង លោក ឡុង ប៊ុន្នី ស្នើ​ទៅ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ ហ៊ុន សែន អនុញ្ញាត​ឲ្យ​រូប​លោក​បាន​ចូល​រួម​ជាមួយ​គណបក្ស​នេះ។

លោក ឡុង ប៊ុន្នី បាន​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា លោក​បាន​ដឹង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា «ក្បត់​ជាតិ»។

វីអូឌី​នៅ​មិន​ទាន់​ស្វែង​រក​ការ​បក​ស្រាយ​ពី​លោក ឡុង ប៊ុន្នី ផ្ទាល់​នៅ​ឡើយ​ទេ​នៅ​ល្ងាច​នេះ ដោយសារ​ទូរសព្ទ​របស់​លោក​មិន​អាច​ទាក់​ទង​បាន។

អ្នក​នាំ​ពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត បាន​ប្រាប់​វីអូឌី​នៅ​ល្ងាច​នេះ​ថា បក្ស​កាន់​អំណាច​ស្វាគមន៍​ការ​ចុះ​ចូល​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ ហើយ​ថា បក្ស​កាន់អំណាច​​នឹង​រក្សា​តំណែង​នៅ​ក្នុង​សភា​របស់​លោក។

ចំណែកតំណែងនៅក្នុងបក្ស អ្នកនាំពាក្យរូបនេះប្រាប់ឲ្យដឹងបន្ថែមថា លោក ឡុង ប៊ុន្នី អាចនឹងត្រូវបានដាក់បញ្ចូលក្នុងក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាច។

លោក សុខ ឥសាន្ត ប្រាប់​វីអូឌី​តាម​ទូរសព្ទ​ថា​៖ «គាត់​តំណាង​រាស្ត្រ​នៅ​តែ​ជា​តំណាង​រាស្ត្រ​ដដែល ដល់​ពេល​ចប់​អាណត្តិ​ យើង​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​កន្លែង​ណា​ទៀត​ទៅ​មាន​អី។ មិន​បញ្ហា​ទេ ឲ្យ​តែ​គាត់​អញ្ចើញ​មក គណបក្ស​ប្រជាជន​នឹង​រៀបចំ​ចាត់​ចែង​ទៅ​តាម​គោល​នយោបាយ»។

ទោះ​ជាយ៉ាងណា ការ​​សម្រេច​ចិត្ត​ចូល​រួម​ជាមួយ​បក្ស​កាន់​អំណាច​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​លោក ហ៊ុន សែន បាន​ផ្ដាំ​ផ្ញើ​ទៅ​មេដឹកនាំ​បក្ស​ប្រឆាំង​នៅ​តាម​មូលដ្ឋាន ឲ្យ​ចុះ​ចូល​ជាមួយ​បក្ស​កាន់​អំណាច ប្រសិន​បើ​ពួកគេ​ចង់​រក្សា​តំណែង​ជាប់​ឆ្នោត​របស់​ពួកគេ។

ក្នុង​កិច្ច​សន្ទនា​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទូរទស្សន៍ BTV លោក​ ហ៊ុន សែន ថ្លែង​ថា​៖ «ឥឡូវ​ ខ្ញុំ​សូម​ផ្ដាំ​ទៅ​មេឃុំ-ចៅ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជំទប់ ឬ​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ បើ​អ្នក​ចង់​រក្សា​តំណែង​ជា​ចៅ​សង្កាត់ ជា​មេ​ឃុំ​ត​ទៅ​ទៀត អ្នកប្ដូរ​ជីវភាព​មក​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ បន្ត​ទៅ។ គណបក្ស​របស់​អ្នក​រលាយ​ហើយ អ្នក​មិន​អាច​នៅ​ធ្វើ​ជា​មេឃុំ ចៅ​សង្កាត់ ឬ​ជំទប់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​បាន​ទៀត​ទេ ក៏​ប៉ុន្តែ នៅ​ពេល​បក្ស​អ្នក​រលាយ អ្នក​ចង់​ទៅ​តាម​បក្ស​ក៏​ទៅ ប៉ុន្តែ បើ​អ្នក​ចង់​នៅ​ធ្វើ​មេ​ឃុំ អ្នក​ប្រកាស​ចាក​ចេញ​ពី​គណបក្ស​ហ្នុង ដែល​គេ​រំលាយ​ហើយ ទើ​មិន​ប្រកាស ក៏​វា​អស់​ដែរ ហើយ​គ្រាន់​តែ​ប្រកាស​ថា ខ្ញុំ​សុំ​ចុះ​ចូល​គណបក្ស​ប្រជាជន​»។

លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សំណើ​កែ​ប្រែ​ច្បាប់ ៤ ពាក់​ព័ន្ធ​នឹង​ការ​បោះ​ឆ្នោត ត្រូវ​បាន​ក្រុម​តំណាង​រាស្ត្រ​បក្ស​កាន់​អំណាច អនុម័ត ហើយ​សំណើ​ច្បាប់​ទាំង ៤​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ព្រឹទ្ធ​សភា។

សំណើ​វិសោធន​កម្ម​ច្បាប់​ទាំង ៤​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ប៉ុន​ប៉ង​ឈាន​ទៅ​រំលាយ​គណបក្ស​ប្រឆាំង និង​បែង​ចែក​អាសនៈ​របស់​គណបក្ស​នេះ​ទាំង​នៅ​ស្ថាប័ន​កំពូលៗ រហូត​ដល់​ថ្នាក់​មូលដ្ឋាន ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ដោយ​ប្រជា​ពលរដ្ឋ។

សំណើ​វិសោធនកម្ម​ច្បាប់​ទាំង​ ៤​នេះ បាន​ជំរុញ​ឲ្យ​មាន​ប្រតិកម្ម​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ ខណៈ​ដែល​ស្ថានភាព​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះបន្ថែម​ទៀត ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​០៣ ខែ​កញ្ញា​កន្លង​មក​នេះ។

អគ្គ​រាជ​ទូត​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ស៊ុយអែត អ្នកស្រី អេននីកា ប៊ិន ដេវីត (Annika Ben David) បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​ស្រី​នៅ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​តុលា​ថា អ្នក​ស្រី​ព្រួយ​​បារម្ភ​ថា ស្ថានការណ៍​វិវត្ត​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ នៅ​លើ​ឆាក​អន្តរជាតិ។

អ្នកស្រី អេននីកា បាន​​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «នៅ​ពេល​ណា​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ ស៊ុយអែត​នឹង​ពិចារណា​ឡើង​វិញ​អំពី​ទំនាក់​ទំនង​ជាមួយ​កម្ពុជា»។

ជុំ​វិញ​ដំណើរ​វិវត្តន៍​នៃ​ស្ថានការណ៍​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ​ដែរ សហភាព​អន្តរ​សភា ហៅ​កាត់​ថា IPU ដែល​មាន​សមាជិក​មក​ពី​ប្រទេស​ចំនួន ១៧៣ នៅ​ទូទាំង​ពិភព​លោក កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក​នេះ ក៏​បាន​ជជែក​ដេញ​អំពី​ស្ថានភាព​នយោបាយ ការ​អនុវត្ត​ច្បាប់ និង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ផងដែរ។

ប្រធាន​សហភាព​អន្តរ​សភា លោក Saber Hossain Chowdhury ដែល​ជា​សមាជិក​សភា​មក​ពី​ប្រទេស​បង់ក្លាដែស​ផង​នោះ បាន​ថ្លែង​ថា ស្ថាប័ន IPU នឹង​បញ្ជូន​ក្រុម​មន្ត្រី​របស់​ខ្លួន​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់ និង​ស្វែង​រក​ការ​ពិត​ជុំវិញ​បញ្ហា​នេះ។

សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ដែលជា​បណ្ដុំ​នៃ​សមាជិក​ចំនួន ២៨​ប្រទេស​នៅ​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​ចំណាត់ការ​ថ្មីៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​បក្ស​ប្រឆាំង និង​បាន​ទាមទារ​ឲ្យ​ដោះ​លែង​ដោយ​ឥត​លក្ខខណ្ឌ​ និង​ជា​បន្ទាន់​ នូវ​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។

ទោះជាយ៉ាងណា រដ្ឋាភិបាល​កម្ពុជា ច្រាន​ចោល​ការ​ប្រកាន់​ទាំង​នេះ ហើយ​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់ ដោយ​ចោទ​លោក កឹម សុខា ថា «ក្បត់​ជាតិ» និង​ឃុប​ឃិត​ជាមួយ​អាមេរិក​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់៕

សរសេរមកកាន់ លោក លី វេហា តាមរយៈ veha@vodhotnews.com

What Next?

Recent Articles

2 Responses to "សមាជិក​សភា​បក្ស​ប្រឆាំង​ម្នាក់​​ចុះ​ចូល​បក្ស​កាន់​អំណាច ក្រោយ​លោក ហ៊ុន សែន ប្រាប់​ឲ្យ​ចាក​ចេញ"

  1. PHKA says:

    អ្នកនិយោបាយ របៀប”មីសៀ ឡុងបុន្នី” ចាំពេលបោកឆ្នាំង ទៅសំុបបរ”អ្នកសំលាប់ជាតិ កំទេចបក្សរបស់ខ្លួន”សីុ ។មនុស្សនេះមិនត្រឹមតែអស់”ខួរទេ” វាអស់ទាំង”សាច់ផង” ទៅចុះចូលគ្រាន់បាន”ចេកសីុ”។ទុកជាបានបុណ្យសក្ត័ ដោយធ្វើខ្នួនជាស្វាគេហើយ មនុស្សរបៀបនេះ មិនតែរាស្រ្តមិនអោយតំលៃទេ ឯចៅហ្វាយថ្មី ក៍យកមកប្រើដើម្បីផលប្រយោន៍គេតែ ប៉ុណ្ណេាះ។

  2. Anonymous says:

    តំណាងរាស្ត្របែបនេះគេហៅថា តំណាងរាស្ត្រទន្សាយ។ ឲ្យគាត់ទៅចុះចូលជាមួយបក្សគេទៅ ពីព្រោះគាត់មិនសមជាតំណាងរាស្ត្របក្សសង្គ្រោះជាតិទេ។ គាត់គឺជាមនុស្សក្បត់បក្ស ក្បត់ទំនុកចិត្តរាស្ត្រដែលបានបោះឆ្នោតឲ្យ។ គាត់នឹងដឹងខ្លួននៅពេលគាត់អស់តម្លៃត្រូវបានគេទុកប្រើឲ្យបកក្បាលមកប្រឆាំងបក្សដែលបានផ្តល់កំណើតខ្លួនគាត់ជាតំណាងរាស្ត្រ។ រាស្ត្រនឹងវិនិច្ឆ័យអំពីតម្លៃខ្លួនគាត់ តើថោកឬថ្លៃប៉ុណ្ណា??