ដោយ វ៉ា សំណព្វ
23/10/2017
RFI

លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សសង្គ្រោះជាតិ (©Channa/rfi)
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មិនបានបង្ហាញពីការភ្ញាក់ផ្អើលទេ ចំពោះការសម្រេចចិត្តចាកចេញនៃសមាជិកជាន់ខ្ពស់ម្នាក់ ដែលបានប្រកាសទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២២ តុលា។ សូមបញ្ជាក់ថា លោក ឡុង ប៊ុន្នី គឺជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទីមួយ ដែលបានប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិ ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អតីតប្រធានគណបក្សសម រង្ស៊ី គឺលោក គង់ គាំ បានចំអកឲ្យសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិម្នាក់ ដែលបានសម្រេចចិត្តទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី ២២ តុលាថា គឺជាការសម្រេចចិត្តទៅតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក គង់ គាំ ដែលគេស្គាល់ថា គឺជាអ្នកនយោបាយជើងចាស់ និងធ្លាប់ជាសមាជិកជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ហើយបច្ចុប្បន្ន គឺជាទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានជូនពរឲ្យតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់ ដែលបានសម្រេចចិត្តចាកចេញពីគណបក្សសង្គ្រោះជាតិ “ទៅភ្លក់រសជាតិថ្មី” ដែលលោកបានសំដៅទៅដល់គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការលើកឡើងរបស់ លោក គង់ គាំ បានធ្វើឡើងនៅក្នុងពេលដែលគណបក្សសង្គ្រោះជាតិ បានធ្វើពិធីរំលឹកខួបលើកទី២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលរៀបចំធ្វើឡើងនៅឯទីស្នាក់ការគណបក្សសង្គ្រោះជាតិ កាលពីព្រឹកមិញនេះ។
គួរជំរាបជូនថា លោក ឡុង ប៊ុន្នី គឺជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទីមួយ ដែលគេពុំសូវឮឈ្មោះនោះ បានប្រកាសទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២២ តុលា។ នៅក្នុងលិខិតរបស់ខ្លួន លោក ឡុង ប៊ុន្នី តំណាងរាស្ត្រមណ្ឌលព្រៃវែង បានលើកឡើងថា ការសម្រេចចិត្តចាកចេញពីគណបក្សសង្គ្រោះជាតិ ហើយទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺធ្វើឡើងបន្ទាប់ពីបានដឹងថា លោក កឹម សុខា ដែលជាប្រធានរបស់ខ្លួន គឺជាជនក្បត់ជាតិ។ យ៉ាងណាក៏ដោយ លោក គង់ គាំ មិនរំពឹងថា នឹងមានសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបន្ថែមទៀត (តំណាងរាស្ត្រទាំង៥៥រូប) ចាកចេញពីគណបក្សប្រឆាំងមួយនេះទេ ហើយបានអំពាវនាវដល់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ឲ្យពិចារណាឡើងវិញ ចំពោះវិធានការរបស់ខ្លួន ទៅលើគណបក្សប្រឆាំងនៅពេលនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២២ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់គណបក្សសង្គ្រោះជាតិជាង៥ពាន់នាក់ រួមទាំងមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះ ឲ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកដោយធានាថា តួនាទីរបស់ពួកគេនឹងមិនត្រូវដកហូតនោះឡើយ។ លោកនាយករដ្ឋមន្ត្រី ថែមទាំងបានផ្ញើសារបំភ័យដល់សកម្មជនគណបក្សប្រឆាំងថា ៩៩ភាគរយ គណបក្សសង្គ្រោះជាតិ នឹងត្រូវរំលាយ ហើយសម្ពាធអន្តរជាតិនឹងគ្មានន័យនោះទេ។ ប៉ុន្តែលោក សេង ស៊ាងលី ប្រធានប្រតិបត្តិ ខេត្តត្បូងឃ្មុំរបស់គណបក្សសង្គ្រោះជាតិ បានលើកឡើងថា លោកមិនឃើញមានសញ្ញាចង់ចាកចេញនៃមន្ត្រីនៅថ្នាក់មូលដ្ឋានរបស់លោកនោះទេ៕
ទៅចុះទោអោយបានសុខតាមចិត្តចង់និងគិត ។ សូមកុំសោកស្តាយនៅពេលក្រោយ។ សូមអនុមោទនា ទៅហោង!!