ដោយ ទីន ហ្សាការីយ៉ា
2017-10-23
RFA

លោកមេធាវី សេក សុភ័ណ្ឌ ចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ RFA
អ្នកច្បាប់ និងអ្នកវិភាគលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចូលរួមរំលោភច្បាប់ ដោយយកការលួចថតសំឡេងការសន្ទនាជាសម្ងាត់របស់លោក លឺ ឡាយស្រេង ដាក់ពាក្យប្ដឹង ទៅតុលាការនោះ។
អ្នកច្បាប់ពន្យល់ថា លោក ហ៊ុន សែន ទៅវិញទេ ដែលត្រូវធានាឲ្យប្រទេសមានសុវត្ថិភាព ក្នុងការ សន្ទនាគ្នា តាមទូរស័ព្ទ ហើយត្រូវជំរុញឲ្យតុលាការ ចាប់ខ្លួនអ្នកលួចថតសំឡេងគេសន្ទនា ជាសម្ងាត់នោះ យកមកផ្ដន្ទាទោសតាមច្បាប់។
ក្រុមអ្នកវិភាគ និងអ្នកច្បាប់ អះអាងថា កម្ពុជា ជាប្រទេសកំពុងមានអសន្តិសុខ ដែលធ្វើឲ្យពលរដ្ឋរស់នៅ ក្នុងសភាពភ័យខ្លាច នៅពេលមេដឹកនាំខ្លាចស្រមោលខ្លួនឯង ហើយអនុញ្ញាតឲ្យមានប្រព័ន្ធតាមដានជាសម្ងាត់នោះ។
ពួកគេចាត់ទុកសកម្មភាពដែលកើតមាននៅក្នុងប្រទេសបែបនេះ គេលែងហៅជា ប្រទេសប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្សទៀតហើយ គេហៅថាប្រទេសផ្ដាច់ការ ព្រោះថា មេដឹកនាំផ្ដាច់ការតែងភ័យខ្លាច ហើយតែងតែចោទប្រកាន់ និងលាបពណ៌ ក្រុមដែលមានមតិផ្ទុយពីខ្លួន។
ការលើកឡើងរបស់ក្រុមអ្នកច្បាប់ និងអ្នកវិភាគបែបនេះ នៅក្រោយពេលហ្វេសប៊ុក (Facebook) ឈ្មោះ សីហា បានលួចថត និងបញ្ចេញខ្សែអាត់សំឡេងសន្ទនាសម្ងាត់ជាថ្មីទៀត ដែលកន្លងមកហ្វេសប៊ុក ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ប្រកាសគាំទ្រនេះ តែងតែថតសំឡេងសន្ទនារបស់គណបក្សប្រឆាំងយកមកផ្សព្វផ្សាយជាសាធារណៈ។
លោកមេធាវី សេក សោភ័ណ ពន្យល់ថា ពលរដ្ឋគ្រប់រូប ត្រូវបានធានាសិទ្ធិឯកជន ក្នុងការប្រាស្រ័យ ទាក់ទងគ្នា ឬការសន្ទនាជាសម្ងាត់ នៅក្នុងរដ្ឋធម្មនុញ្ញ ទោះបីសន្ទនាតាមទូរស័ព្ទ ឬជាលិខិតក្ដី។
ការលើកឡើងរបស់អ្នកច្បាប់បែបនេះ នៅក្រោយពេល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ តុលា ប្រកាសប្ដឹងលោក លឺ ឡាយស្រេង ទៅតុលាការពីរករណី ទី១ប្ដឹង ពីបទប្រមាថព្រះជេស្ដា ព្រះមហាក្សត្រ នរោត្តម សីហមុនី ទី២ ពីបទបរិហារកេរ្តិ៍ ដែលថា លោក ហ៊ុន សែន ឲ្យលុយមន្ត្រីហ៊្វុនស៊ិនប៉ិច ម្នាក់២ម៉ឺនដុល្លារជាដើម។
ការប្រកាសប្ដឹងប្រឆាំង លោក លឺ ឡាយ ស្រេង រឿងប្រមាថព្រះមហាក្សត្រនេះ ជាបណ្ដឹងទីពីរហើយ បន្ទាប់ពីការប្រកាសរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្ដឹងលោក លឺ ឡាយស្រេង ពីរឿងប្រមាថព្រះមហាក្សត្រដូចគ្នា។
ទាំងបណ្ដឹងរបស់លោក ហ៊ុន សែន និងបណ្ដឹងរបស់គណបក្សហ៊្វុនស៊ិនប៉ិច គឺធ្វើឡើងសំអាងទៅលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សីហា បានទម្លាយការខ្សែអាត់សំឡេងរបស់ លោក លឺ ឡាយស្រេង សន្ទនា ជាលក្ខណៈឯកជនជាមួយអតីតសហការីរបស់ខ្លួន គឺអ្នកស្រី គី លំអង ធ្វើជាភស្តុតាង។
ការសន្ទនារវាងអតីតមន្ត្រីហ៊្វុនស៊ិនប៉ិចទាំងពីររូបនេះ ត្រូវទម្លាយ ហ្វេសប៊ុក សីហា ទម្លាយខ្សែអាត់សំឡេងម្ដងជាពីរដង កាលពីថ្ងៃទី២១ តុលា។ មកទល់ពេលនេះ គ្មានសមត្ថកិច្ចរដ្ឋាភិបាលណាម្នាក់ចាត់ការ ឬស្វែងរកមុខពិតអ្នកដែលលួចថតសំឡេង ជាសម្ងាត់នេះទៀតផង។
លើសពីនេះទៀត មន្ត្រីបក្សប្រឆាំងជាច្រើនរូបទៀត ក៏ត្រូវបានគណនីហ្វេសប៊ុក សីហា នេះ ក៏ធ្លាប់បានលួចថតសំឡេង ការសន្ទនាជាលក្ខណៈឯកជន និងត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់ដែរ។ ហើយលោក ហ៊ុន សែន ក៏ធ្លាប់បានប្រកាសសរសើរម្ចាស់ហ្វេសប៊ុក សីហា ពីបច្ចេកទេសលួចថតសំឡេងនេះទៀតផង។
លោក លឺ ឡាយស្រេង ក្រោយពីដឹងពីការសន្ទនាសម្ងាត់របស់ខ្លួនបែកធ្លាយនោះ ក៏បានថតជាវីដេអូ បកស្រាយថា លោកពុំមានចេតនា ប្រមាថព្រះមហាក្សត្រអ្វីឡើយ។ អ្វីដែលលោកនិយាយ គឺមិនចង់ឲ្យព្រះអង្គគាំទ្រ និងឡាយព្រះហត្ថលេខាលើច្បាប់ ចំនួន៤ ដែលសភាឯកបក្សទើបបានអនុម័ត ដែលជាច្បាប់សហគមន៍អន្តរជាតិ មិនទទួលស្គាល់នេះទេ។ លោក លឺ ឡាយស្រេង ក៏សុំទោសចំពោះការសន្ទនាជ្រុល ជ្រួសសម្ដីនេះ។
ចំពោះអ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ ដែលជាអ្នកគ្រោងធ្វើញត្តិ ថ្វាយព្រះមហាក្សត្រជាមួយលោក លឺ ឡាយស្រេង សុំកុំឲ្យព្រះឡាយព្រះហត្ថលេខាលើច្បាប់ទាំង ៤នេះ មានប្រសាសន៍ថា រដ្ឋាភិបាលលែងទុកចិត្តអ្នកណាទាំងអស់ហើយ ក៏អនុញ្ញាតឲ្យមានប្រព័ន្ធតាមដានដូច្នេះ ទោះបីជាខុសច្បាប់ក្ដី។
មាត្រា៣១៨ នៃក្រមព្រហ្មទណ្ឌ បទ ប៉ះពាល់ដល់ការសម្ងាត់នៃការសន្ទនាតាមទូរស័ព្ទ អំពើប្រព្រឹត្តដោយគំនិតទុច្ចរិត ស្ដាប់ ឬធ្វើឲ្យធ្វើច្របូកច្របល់ការសន្ទនាតាមទូរស័ព្ទ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនរៀល ទៅ២លានរៀល។
លោក មេធាវី សេក សោភ័ណ ពន្យល់ថា នៅក្នុងប្រទេសដែលគ្មានការទប់ស្កាត់អំពើ លួចថតសំឡេងការសន្ទនាសម្ងាត់បែបនេះ បញ្ជាក់ថា ប្រទេសកំពុងមានភាពអសន្តិសុខ។ លោកបញ្ជាក់ថា អសន្តិសុខ ពុំមែនមានន័យថា ប្រទេសមានសង្គ្រាមនោះទេ។
អ្នកវិភាគ និងអ្នកច្បាប់ លើកឡើងថា ប្រទេសដែលមានអសន្តិសុខបែបនេះ មិនមែនធ្វើឲ្យប្រជាពលរដ្ឋ រងនូវការភ័យខ្លាចប៉ុណ្ណោះទេ ចំពោះអ្នកវិនិយោគវិញ ក៏មិនចង់មក វិនិយោគនៅកម្ពុជាដែរ ព្រោះវិនិយោគិន ត្រូវការប្រទេសដែលធានាដោយច្បាប់ និងមានសុវត្ថិភាព ក្នុងការរស់នៅ និងសុវត្ថិភាពក្នុងការទំនាក់ទំនងគ្នាទោះជាសម្ងាត់ និងមិនស្ងាត់ជាដើម៕
Cambodia is the king dom of veitcong mafia dictator’ and his evil groups’.Veitcong mafia dictator own this tiny country ‘he and his groups can do anything to people’ even they kill or jail or rob what so ever no a problem because they own this country’ so poor cambodian people’ .GOD bless all cambodian people’