សមាជិក​ព្រឹទ្ធសភា​អាមេរិក ​ដាក់​ឱសាន​វាទ​ឲ្យ​​កម្ពុជា​ដោះលែង​លោក​ កឹម សុខា ​ត្រឹម​ថ្ងៃទី ​០៩ ​វិច្ឆិកា​

ដោយ វ៉ា សំណព្វ
24/10/2017
RFI

media
លោក ថេត ហ្គ្រូស​ (TED CRUZ) ​សមាជិក​ព្រឹទ្ធសភា​អាមេរិក ​មក​ពី​គណបក្សសាធារណៈរដ្ឋ​។ @សហការី​


សមាជិក​​ព្រឹទ្ធសភា​​អាមេរិក​​ដ៏​​មាន​​ឥទ្ធិពល​​ម្នាក់ ​បាន​ដាក់​​ឱសានវាទ​​ឲ្យ​​រដ្ឋាភិបាល​​ទីក្រុង​​ភ្នំពេញ ​ដោះលែង​​លោក ​កឹម សុខា ​ប្រធាន​​គណបក្ស​ប្រឆាំង ​ត្រឹម​​ថ្ងៃទី ​០៩ ​វិច្ឆិកា ​ខាង​​មុខ​​នេះ ​បើ​​មិន​​ដូច្នោះ​​ទេ ​សភា​​អាមេរិក​​នឹង​​ស្នើ​​ឲ្យ​​មាន​ការ​​ចាត់​វិធានការ​ជាក់​លាក់​​លើ​​មន្ត្រី​​រដ្ឋាភិ​បាល​​​​កម្ពុ​ជា​មួយ​​ចំនួន ​ដោយ​ហាម​​មិន​​ឲ្យ​​ចូល​​ទឹកដី​​អាមេរិក​​នោះ​ទេ​។ ​នេះ​​បើ​​យោង​តាម​​លិខិត ​​ចុះ​​ថ្ងៃទី ​២៣ ​តុលា ​របស់ ​លោក ​ថេត ហ្គ្រូ​ស ​(TED CRUZ) ​សមាជិក​​ព្រឹទ្ធសភា​​អាមេរិក ​​មក​​ពី​​គណបក្ស​​សាធារណៈរដ្ឋ​​របស់​លោក ​ដូ​ណា​ល់ ត្រាំ​។ ​ប៉ុន្តែ​​មន្ត្រី​​រដ្ឋាភិបាល​​កម្ពុជា​​ បាន​​ចាត់ទុក​​លិខិត​​នេះ​​ថា ​គ្រាន់​តែ​​ជាការ​​ស្រមើ​​ស្រ​ម៉ៃ​​ប៉ុណ្ណោះ​។   

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី ២៣ តុលា លោក ថេត ហ្គ្រូ​ស (TED CRUZ) សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​សាធារណៈរដ្ឋ បាន​សំដែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្រោយពី​មានការ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា រួមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្សប្រឆាំង​នា​រយៈពេល​ចុងក្រោយ​នេះ។

នៅក្នុង​លិខិត​ផ្ញើ​ទៅកាន់​លោក ជុំ ប៊ុន​រ៉ុង ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​សហរដ្ឋអាមេរិក​និង​ម៉ិចស៊ិក​នេះ លោក ថេត ហ្គ្រូ​ស (TED CRUZ) អតីត​បេក្ខជន​ប្រធានាធិបតី និង​ជា​គណៈកម្មការ​សេវាកម្ម​កងទ័ព ប​ញ្ញ​តិ រដ្ឋបាល និង​គណៈកម្មការ​ចម្រុះ​សេដ្ឋកិច្ច​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅត្រឹម​ថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ។ បើ​ក្នុងករណី​មិន​ដោះលែង​ទេនោះ នោះ​លោក​រួមជាមួយ​សហការី​របស់ខ្លួន​ទាំង​នៅក្នុង​រដ្ឋសភា និង​រដ្ឋបាល​របស់លោក Trum និង​ពិនិត្យមើល​មន្ត្រីជាន់ខ្ពស់​កម្ពុជា​ជាក់លាក់​មួយចំនួន ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​ទាំងនេះ ដោយ​មិន​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​​នោះទេ។

លិខិត​របស់លោក ថេត ហ្គ្រូ​ស (TED CRUZ) បានធ្វើ​ឡើង ខណៈពេលដែល​មានការ​រំលឹក​ឡើងវិញ​នូវ​ខួប​លើក​ទី២៦ឆ្នាំ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី ២៣ តុលា ដោយ​លោក ថេត ហ្គ្រួ​ស បាន​ហៅ​ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង លោក កឹម សុខា នេះ​ថា មិន​ត្រឹមតែ​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ទំនាក់ទំនង​រវាង​សហរដ្ឋ​អាមេរិក​​និង​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹងធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ។ ហើយ​ថា ការមិន​ព្រម​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃទី ០៩ វិច្ឆិកា ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ការបោះឆ្នោត​នៅ​ខែកក្កដា វា​នឹងមិន​អាចធ្វើ​ឲ្យ​អ្នកសង្កេតការ​មិន​លំអៀង​ណាមួយ ឬ​ប្រទេស​ណាមួយ បញ្ជាក់ថា ការបោះឆ្នោត​នៅ​កម្ពុជា​នាពេល​ខាងមុខនេះ មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះឡើយ។

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុក​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក ថេត ហ្គ្រួ​ស ថា គ្រាន់តែ​ជាការ​ស្រមើ​ស្រ​ម៉ៃ​ប៉ុណ្ណោះ។ លោក​បាន​បន្ថែមថា កម្ពុជា​ក៏​មិន​ព្រួយបារម្ភ ចំពោះ​ការព្រមាន​ដាក់ទណ្ឌកម្ម​មកលើ​មន្ត្រី​រដ្ឋាភិបាល​ក​កម្ពុជា ដូច​ការលើកឡើង​នៅក្នុង​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​រូបនេះ​ឡើយ។

សូមបញ្ជាក់ថា នេះ​មិនមែនជា​ប្រតិកម្ម​លើកទីមួយ ប្រឆាំងនឹង​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ ក្រោយពី​ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​លោក កឹម សុខា នោះទេ ខណៈដែល​រដ្ឋាភិបាល​ក​ម្ពុ​ជា នៅតែ​អះអាងថា វិធានការ​របស់ខ្លួន​គឺ​ចាំបាច់ ក្នុងការ​រក្សា​សន្តិភាព​នៅ​កម្ពុជា៕

What Next?

Recent Articles

2 Responses to "សមាជិក​ព្រឹទ្ធសភា​អាមេរិក ​ដាក់​ឱសាន​វាទ​ឲ្យ​​កម្ពុជា​ដោះលែង​លោក​ កឹម សុខា ​ត្រឹម​ថ្ងៃទី ​០៩ ​វិច្ឆិកា​"

  1. Serey says:

    On Tue 24/Oct/2017

    Dear Ted,

    U do like gangster.
    Please stop your action like gangster !.
    Cambodia never bow in front of gangster although once.
    Maybe U are confusing on this mater.
    U do like a kid who want to eat CANDY and trap their body to the ground with CRYING .
    Please stop do that !.
    This is a status of LAW PROCESSING only.
    Do not put your hand in to this mater !.
    If not, you just get as a shame politician on international context only.
    Back ward is a good and smarter.
    God bless all Cambodia to overcome.
    Cheer!!!.

    Thank a lots.

  2. Phanna says:

    Freezes his families and his allies assets and have him beg his Chinese master to supply then the Chinese Yuan!