ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គាំទ្រ​ទាំង​ស្រុង​នូវ​ការ​កែ​ច្បាប់​ចំនួន ៤

សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លើក​ដៃ​គាំទ្រ​លើ​ច្បាប់​ចំនួន ៤ ដែល​ទើប​តែ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​។ ហេង ជីវ័ន


and
ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​ជា​ស្ថាប័ន​ជាតិ​កំពូល​រប​ស់​ប្រទេស​កាល​ពី​ម្សិល​មិញ បាន​ប្រកាស​គាំទ្រ​ទាំង​ស្រុង ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចំនួន ៤ ដែល​ច្បាប់​ទាំង​នេះ បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​​ទើប​តែ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា និង​ព្រឹទ្ធសភា​ កាលពី​ពេល​ថ្មីៗ​នេះ។

ការ​ប្រកាស​គាំទ្រ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ទៅ​លើ​​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ គឺ​ស្រប​ពេល​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ជា​ច្រើន បាន​ធ្វើ​ការ​រិះ​គន់​យ៉ាង​ខ្លាំង ចំពោះ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​​ទាំង​នេះ​ក្នុង​គោល​បំណង​ដើម្បី​យក​អាសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់​កណ្តាល​ប្រទេស ​បាន​បោះ​ឆ្នោត​គាំទ្រ​យក​​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ទទួល​ច្បាប់​​ចំនួន ៤​ នេះ​ បន្ទាប់​ពី​សមាជិក​ព្រឹទ្ធសភា​ ដែល​សុទ្ធតែ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​សុក្រ​ បាន​អនុម័ត​ច្បាប់​​ទាំង ៤ នេះ​យ៉ាង​លឿន​ ដោយ​គ្មាន​អ្នក​ជំទាស់ ​ដែល​​ច្បាប់​ទាំង​នេះ នឹង​បើក​ផ្លូវ​ឲ្យ​យក​អាសនៈ​ចំនួន ៥៥ របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋសភា និង​អាសនៈ​ក្រុម​ប្រឹ​ក្សា​ឃុំ សង្កាត់ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៥០០០ នៅ​ទូទាំង​ប្រទេស យក​ទៅ​បែង​ចែក​ឲ្យ​គណបក្ស​ផ្សេង ដែល​ប្រជាពលរដ្ឋ​មិន​បាន​បោះឆ្នោត​គាំទ្រ។

លោក​អ៊ុត ឈន ​អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​ បន្ទាប់​ពី​បញ្ចប់​​កិច្ច​ប្រជុំ​​ពេញ​អង្គ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ កាល​ពី​ម្សិល​មិញ​ថា ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ពិនិត្យ​ធម្មនុញ្ញ​ភាព​ និង​ប្រកាស​យល់​ស្រប លើ​ការ​ធ្វើ​​វិសោធន​កម្ម​ច្បាប់​ទាំង​ ៤ នេះ ដែល​រួម​មាន ​ច្បាប់​ស្តី​ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ច្បាប់​បោះ​​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ច្បាប់​បោះ​ឆ្នោត​ជ្រើសរើស​សមាជិក​ក្រុម​ប្រឹក្សា​ ឃុំ- សង្កាត់ និង​​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​រើស សមាជិក​ក្រុម​ប្រឹក្សា​ ខេត្ត​ រាជធានី​ក្រុង​ ស្រុក ខណ្ឌ។

លោកអ៊ុត ឈន ​បានថ្លែង​ដូច្នេះ​ថា៖ «ក្រុម​ប្រឹក្សា​បាន​ពិនិត្យ​ច្បាប់​ទាំង​នេះ គឺ​ផ្អែក​លើ​រដ្ឋ​ធម្មនុញ្ញ​ថា ​តើ​ច្បាប់​នេះ​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ​ ឬក៏​អត់​ ដូច្នេះ​ខ្លឹម​សារ​គោល ​គឺ​ច្បាប់​ទាំង​អស់​នេះ​ គឺ​ផ្អែកលើ​គោល​ការណ៍​តាម​រដ្ឋ​ធម្មនុញ្ញ​ចែង​ថា ​ព្រះរាជា​ណាច​ក្រក​ម្ពុជា​ អនុវត្ត​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច្នេះ​ក្នុង​ច្បាប់​នោះ​គឺ​មា​ន​ចែង​បែប​នេះ»។

បើ​តាម លោក អ៊ុត ឈន កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បាន​ធ្វើ​ការ​​ពិនិត្យ​មើល ​ថា​​តើ​នរណា​ជា​អ្នក​រៀប​ចំ​ចាត់​ចែង​បោះ​ឆ្នោត​ ជ្រើស​រើស​សមាជិក​រដ្ឋ​សភា​ ព្រឹទ្ធសភា សមាជិក​ក្រុម​ប្រឹក្សា ឃុំ-សង្កាត់ ឬ​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង​ ស្រុក​ ខណ្ឌ​ ហើយ​ភារកិច្ច​អ្នក​ដែល​រៀប​ចំ​ការ​បោះឆ្នោត​ហ្នឹង​គឺ គ.ជ.ប។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ ក្នុង​ការ​សម្រេច​ច្បាប់​វិសោធន​កម្ម​ទាំង​ ៤ ហ្នឹង​ គឺ​ផ្អែក​លើ​គោល​ការណ៍​ទាំង​ហ្នឹង​ ដូច្នេះ​គ្មាន​អ្វី​ដែល​ខុសនឹង​រដ្ឋធម្មនុញ្ញ​ ដែល​បាន​ចែង​ទេ។…គឺ​គ្មាន​គំនិត​ធ្វើ​ឲ្យ​មាន​ឯក​បក្ស​ទេ។…ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ច្បាប់​ចំនួន​ ៤ ដែល​ទាក់​ទង​នឹង​រដ្ឋ​ធម្មនុញ្ញ ដូច្នេះ​ច្បាប់​ទាំង ៤​ សម្រេច​មុន​នេះ ​គឺ​សុទ្ធ​តែ​យោង​តាម​គោល​ការណ៍​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ទាំង​អស់»។

លោក ឈន បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ទាំង​ ៤ នេះ ​គឺ​អនុវត្ត​​ទៅ​តាម​​រដ្ឋធម្មនុញ្ញ មិន​មែន​ជា​ការ​គាប​សង្កត់​ទៅ​លើ​គណបក្ស​ណា​មួយ​នោះ​ទេ ហើយ​ច្បាប់​ទាំង​នេះ​ «ធ្វើ​ឡើង​យ៉ាង​ត្រឹម​ត្រូវ​។ ការ​ដែល​ធ្វើ​ច្បាប់​នេះ​មាន​ការ​ប្រយ័ត្ន​ប្រយែង​ខ្លាំង​ណាស់​ មិន​មែន​ចេះ​តែ​ធ្វើ​​ទេ គឺ​ធ្វើ​តាម​រដ្ឋធម្មនុញ្ញ​ ដែល​ច្បាប់​មាន​ចែង»។

បើ​តាម​លោក​ឈន ក្រុម​ប្រឹក្សា​ធម្មនុញ្ញ នឹង​បញ្ជូន​ច្បាប់​ទាំង​នេះ​ទៅ​រដ្ឋសភា​វិញ បន្ទាប់​ពី​ប្រកាស​យល់​ព្រម។

ប៉ុន្តែ លោក​ យឿង សុធារ៉ា មន្ត្រី​ផ្នែក​ច្បាប់​ និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ បាន​ថ្លែង​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​តាម​តែ​​អ្វី​ដែល​រដ្ឋា​ភិបាល​ស្នើ​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ កាល​ពី​ម្សិល​មិញ នៅ​មុន​ពេល​ការ​អនុម័ត​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទៅ​លើ​ច្បាប់​ទាំង​នេះ​ថា៖ «យើង​បាន​ដឹង​លទ្ធផល​រួច​ហើយ។ ១០០​ ភាគរយ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ប្រកាស​ថា វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ»។

លោក​ សុធារ៉ា បាន​បន្ថែម​ថា៖ «វា​មិន​ខុស​ប្លែក​ពី​អ្វី​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ធ្វើ​សម្រាប់​វិសោធនកម្ម​ច្បាប់​ ស្តីពី​គណបក្ស​នយោបាយ​នោះ​ទេ»។

លោក​ សុធារ៉ា​ បាន​គូស​បញ្ជាក់​ថា ​វិសោធនកម្ម​ច្បាប់​ទាំង​នេះ​គឺ «ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ» ដោយ​លោក​បាន​​ចង្អុល​ទៅ​កាន់​មាត្រា ៧៦ ដែល​ចែង​ថា​ សមាជិក​រដ្ឋសភា​ ត្រូវ​តែ​ត្រូវ​ជ្រើសរើស​ដោយ​ការ​បោះឆ្នោត​ «ផ្ទាល់»។
លោក​ សុធារ៉ា ​បញ្ជាក់​ថា៖ «ពួកគេ​ត្រូវតែ​ជា​តំណាង​ឱ្យ​អ្នក​បោះ​ឆ្នោត​និង​ប្រជាពលរដ្ឋ»។

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ ដែល​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស ដើម្បី​គេច​ពីការ​ចាប់​ខ្លួន បាន​យល់​ស្រប​ថា​ ច្បាប់​​ដែល​បាន​ធ្វើ​វិសោធនកម្ម​គឺ​បាន​រំលោភ​លើ​មាត្រា ៧៦។

លោក​ស្រី​បាន​អះ​អាង​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​គឺ «លម្អៀង​ទាំង​ស្រុង​ទៅ​នឹង​សមាជិក​គណបក្ស​ប្រជាជន»។

លោក​ស្រី​ថ្លែង​ថា៖ «ពួក​គេ​មិន​ហ៊ាន​ធ្វើ​សកម្មភាព​ណា​មួយ​ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​មុខ​តំណែង​របស់​ពួក​គេ​ទេ»។

កាល​ពី​ម្សិល​មិញ​នេះ​ដែរ លោក​គី តិច មេធាវី តំណាង​ក្រសួង​មហាផ្ទៃ បាន​ដាក់​ភ័ស្តុតាង​បន្ថែម​ទៀត​ ទៅ​កាន់​តុលាការ​កំពូល ក្នុង​សំណុំ​រឿង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក គី តិច បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ថា៖ «យើង​បាន​ដាក់​ភ័ស្តុតាង​លេខ​ ២២ ទៅ​តុលា​ការ​កំពូល​ទាក់​ទង​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី (អតីត​ប្រធាន​គណបក្ស​ សង្គ្រោះជាតិ) ដែល​បាន​អំពាវ​នាវ​ឲ្យ​កង​ទ័ព​បង្វែរ​កាណុង​ប្រឆាំង​នឹង​រដ្ឋាភិបាល…»៕ NS


Contact authors: ម៉ិច ដារ៉ា and Andrew Nachemson

What Next?

Recent Articles

One Response to "ក្រុម​ប្រឹក្សា​ធម្មនុញ្ញ គាំទ្រ​ទាំង​ស្រុង​នូវ​ការ​កែ​ច្បាប់​ចំនួន ៤"

  1. ?? says:

    I knew all these guy are what Vietcong called ( PAKACHUN) be for they come to their position they have to go in this Vietcong trap . when ANGKA LEIR said they have to agree they can not oppose any order. HUN SEN was KHANG LEIR but the ANGKA LEIR is not HUN SEN I think Cambodian know what I mean. GOD bless Cambodia