Wed, 25 October 2017
ម៉ិច ដារ៉ា and Ananth Baliga
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រដ្ឋាភិបាលបានបង្កើនការរៀបរាប់អំពីបដិវត្តន៍ពណ៌ ខណៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្ដី្កការគណៈរដ្ឋមន្ត្រីបានចេញវីដេអូមួយមានរយៈពេល ៤៥ នាទីដោយបង្ហាញអំពីរូបភាពនៃការតវ៉ានានាក្នុងគោលបំណងភ្ជាប់សកម្មភាពគណបក្សប្រឆាំងទៅនឹងចលនាដទៃៗនៅមជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត។
ការបញ្ចេញវីដេអូនេះបានកើតឡើងនៅចំពេញដែលកាសែតភ្នំពេញប៉ុស្តិ៍បានរាយការណ៍អំពីឯកសារនគរបាលជាតិដែលបង្ហាញអំពីជំនឿរបស់រដ្ឋាភិបាលដែលថាផែនការបដិវត្តន៍ពណ៌នេះគឺមានការចូលរួមពីធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធំៗបន្ថែមពីលើគណបក្សសង្គ្រោះជាតិ សហរដ្ឋអាមេរិក អង្គការ USAID, អង្គការក្រៅរដ្ឋាភិបាលនានា និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត។
ការសំដៅទៅបដិវត្តន៍ពណ៌នេះគឺជារឿយៗត្រូវបានលើកឡើងដោយមន្ត្រីរដ្ឋាភិបាល និងមន្ត្រីយោធាជាន់ខ្ពស់ ប៉ុន្តែមានលក្ខណៈកាន់តែខ្លាំងឡើងចាប់តាំងពីការចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិពីបទ «ក្បត់ជាតិ» ដែលត្រូវបានថ្កោលទោសដោយមជ្ឈដ្ឋានជាច្រើនដែលនឹងឃើញគណបក្សនេះត្រូវរំលាយ។
វីដេអូនេះដែលត្រូវបានចេញកាលពីថ្ងៃចន្ទនៅលើទំព័រយូធូបរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស និងបានផ្សាយដោយស្ថានីយទូរទស្សន៍មួយចំនួនបានបង្ហាញអំពីបាតុកម្ម និងការតវ៉ាក្នុងប្រទេសផ្សេងៗដូចជា ប្រទេសស៊ីរី ប្រទេសលីប៊ី ប្រទេសទុយនីស៊ី ប្រទេសស៊ែប៊ី និងប្រទេសអ៊ុយក្រែន ដោយភ្ជាប់វាទៅនឹងវិទ្យាស្ថានជាតិ NDI, IRI និង NED។
ការផ្តោតពិសេសគឺផ្តោតទៅលើអង្គការ Canvas និងអង្គការ Otpor ដែលជាផ្នែកនៃចលនានៅអឺរ៉ុបខាងកើតដែលវីដេអូនេះហាក់ដូចជាចង្អុលបង្ហាញថាពួកគេជា «និមិត្តរូបនៃបដិវត្តន៍ពណ៌»។
វីដេអូនេះបន្ទាប់មកបែរទៅគណបក្សសង្គ្រោះជាតិ និងចាប់ផ្តើមភ្ជាប់សកម្មភាពរបស់គណបក្សនេះចាប់តាំងពីការបង្កើតក្នុងឆ្នាំ ២០១២ ដូចជាការបង្ហាញរូបលោក កឹម សុខា នៅក្នុងការប្រមូលផ្តុំឃោសនាការបោះឆ្នោតជាមួយនឹងការលើកឡូហ្គោអង្គការ Otpor និងអង្គការ Canvas។
វីដេអូនេះបានបង្ហាញថា៖ «បន្ទាប់ពីគណបក្សសង្គ្រោះជាតិចាញ់ឆ្នោតបដិវត្តន៍ពណ៌បានកើតឡើងនៅកម្ពុជា។ បដិវត្តន៍ពណ៌នេះគឺមិនខុសពីបដិវត្តន៍ពណ៌នៅប្រទេសដទៃៗរួមមាននិមិត្តរូបដែលត្រូវបានប្រើភ្លេងតន្ត្រីពាក្យស្លោក និងការស្រែកនិយាយអវិជ្ជមាននៅតាមផ្លូវ»។
វាក៏គូសបង្ហាញលោក សុខា និងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ អនុប្រធានបច្ចុប្បន្នរបស់គណបក្ស និងកូនស្រីរបស់លោក កឹម សុខ លោកស្រី កឹម មនោវិទ្យា និងកឹម សម្មាធិតា ថាជាអ្នកឃុបឃិតក្នុងបដិវត្តន៍ពណ៌នេះ។
អង្គការក្រៅរដ្ឋាភិបាលតែមួយគត់ដែលត្រូវបានលើកឡើងនៅក្នុងវីដេអូនេះគឺសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលត្រូវបានចោទថាបានប៉ុនប៉ងជ្រើសរើសអ្នកសង្កេតការណ៍ប្រមាណ ៧០ ០០០ នាក់តាមរយៈថវិកាពីអន្តរជាតិសម្រាប់ «បដិវត្តន៍បៃតង» មុនការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧។
លោក ថេង សាវឿន ប្រធានអង្គការនេះបានបដិសេធថាមិនមានការជាប់ពាក់ព័ន្ធនឹងបដិវត្តន៍ទេដោយថ្លែងថាអង្គការរបស់លោកធ្វើការងារតែដើម្បីកែលម្អជីវភាពកសិករឲ្យប្រសើរឡើងប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា៖ «ខ្ញុំបដិសេធចំពោះការចោទប្រកាន់នេះហើយអ្វីដែលយើងធ្វើបច្ចុប្បន្ននេះគឺសម្រាប់កសិករជាសមាជិករបស់យើង»។
លោក ទិត្យ សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សមិនបានថ្លែងអំពីការពិតនៃការអះអាងរបស់វីដេអូនេះទេ ប៉ុន្តែគ្រាន់តែថ្លែងថាវាជាការចងក្រងនៃ «សកម្មភាពបដិវត្តន៍ពណ៌» និងមិនមែនជាការស៊ើបអង្កេតទេ។
លោកបានថ្លែងថា៖ «វីដេអូនេះគឺដើម្បីពន្យល់អំពីបដិវត្តន៍ពណ៌នៅប្រទេសដទៃៗ និងបដិវត្តន៍ពណ៌ដែលបានកើតឡើងនៅកម្ពុជា។
លោកបានថ្លែងថា៖ «វីដេអូនេះគឺដើម្បីពន្យល់អំពីបដិវត្តន៍ពណ៌នៅក្នុងប្រទេសដទៃៗ និងបដិវត្តន៍ពណ៌ដែលបានកើតឡើងនៅកម្ពុជា។ នេះគ្រាន់តែជាគោលដៅ។ គ្រាន់តែបង្កើតវីដេអូមិនមែនជាការស៊ើបអង្កេតមនុស្សណាមួយទេ»។
ផ្នែកនៃវីដេអូនេះត្រូវបានចាក់ផ្សាយកាលពីម្សិលមិញនៅទូរទស្សន៍ CNC ដែលជាកម្មសិទ្ធិរបស់ឧកញ៉ា គិត ម៉េង និងទូរទស្សន៍បាយ័នដែលជាកម្មសិទ្ធិរបស់លោកស្រី ហ៊ុន ម៉ាណា ដែលជាកូនស្រីរបស់លោក ហ៊ុន សែន។ កាលពីម្សិលមិញទីប្រឹក្សាទូរទស្សន៍ CNC លោក ហ៊ុយ វណ្ណៈ បានការពារការចាក់ផ្សាយវីដេអូនេះដោយថ្លែងថាទូរទស្សន៍គឺធ្វើការស្របទៅតាមគោលការណ៍របស់រដ្ឋាភិបាល។
លោកបានបន្តថា៖ «នៅពេលយើងឃើញលក្ខណៈនយោបាយនេះដែលអាចនាំមកនូវហានិភ័យដល់សង្គម ហេតុដូច្នេះយើងត្រូវផ្សព្វផ្សាយដោយការចាក់ផ្សាយ»។
លោកបានថ្លែងដោយសំដៅសំណួរអំពីមូលដ្ឋានភ័ស្តុតាង ឬការស្រាវជ្រាវរបស់វីដេអូនេះថា៖ «វាជាធម្មតាដែលពួកគេប្រឆាំង»។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិបានថ្លែងថាប្រជាពលរដ្ឋនឹងមិនឆ្កួតជឿទៅតាមការ «ឃោសនានេះ» ទេ បើទោះបីជាវាត្រូវបានចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយដែលលម្អៀងទៅរដ្ឋាភិបាលក៏ដោយ។
លោកស្រីថា៖ «វាជាការឃោសនាសុទ្ធសាធ [និង] ជាបែបបទរបស់កុម្មុយនីសដែលចាក់ផ្សាយរូបភាព និងសាច់រឿងទាំងអស់ដែលពួកគេហៅថាបដិវត្តន៍ពណ៌»។ លោកស្រីថា៖ «ប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេគ្មានជម្រើសក្រៅពីការបង្ហាញនោះទេ»។
លោក Phil Robertson នៅអង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងថាមានការប៉ុនប៉ងធ្វើឲ្យមានជំនឿពីចលនាមួយដែលមិនបានកើតឡើងដែលឥឡូវនេះកំពុងដាក់សម្ពាធលើមន្ត្រីកងប្រដាប់អាវុធឲ្យបង្កើត «បញ្ជីសត្រូវ»។
លោកថា៖ «នេះកាន់តែមើលទៅដូចប្រឆាំងនឹងអង្គការក្រៅរដ្ឋាភិបាល ឬសកម្មជនដែលទាមទារឲ្យគោរពសិទ្ធិមនុស្ស»។
តំណាងពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK,RMA និង LOLC មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយ ហើយលោក ហួត អៀង តុង ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាក៏មិនបានឆ្លើយនឹងសំណើសុំអត្ថាធិប្បាយដែរ។
លោក Charles Van ប្រធានសមាគមធនាគារនៅកម្ពុជាបានថ្លែងថាលោកមិនបានដឹងអំពីការស៊ើបអង្កេតទៅលើសមាជិកសមាគមលោកទេ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបលោក George Edgar បានបដិសេធថាមិនបានពាក់ព័ន្ធដូចការចោទប្រកាន់ដោយឯកសារនគរបាលទេ។ លោកថាសហភាពអឺរ៉ុបដាក់ធនធានសំខាន់ទៅក្នុងការអភិវឌ្ឍកម្ពុជាហើយដែលជំនួយភាគច្រើនគឺទៅដល់រដ្ឋាភិបាលផ្ទាល់។
លោកថ្លែងតាមអ៊ីមែលថា៖ «វាមិនពិតទេដែលលើកឡើងថាសហភាពអឺរ៉ុបគាំទ្រ ឬបានគាំទ្របដិវត្តន៍ពណ៌ ឬបដិវត្តន៍ណាមួយនៅប្រទេសកម្ពុជានោះ»៕ PS
Contact authors: ម៉ិច ដារ៉ា and Ananth Baliga

នេះជារបៀបចោទប្រកាន់ដោយគ្មានភស្តុតាងរបស់ពួកកុម្មុយនីសផ្តាច់ការនាសម័យកាលបច្ចុប្បន្ន ដោយយកលេសប្រើពាក្យថា ធ្វើបដិវត្តន៏ពណ៏ តែគេមិនដឹងថាជាពណ៏អ្វីទេ ក្រហម? ខៀវ? លឿង? បៃតង? ស្វាយ? ស៊ីជំពូ?…? ដើម្បីកម្ចាត់បក្សឬនរណាក៏ដោយ ស្រេចតែចិត្តពួកវាចង់បាន គឺដូចគ្នាសុទ្ធសាធទៅនឹងរបៀបចោទប្រកាន់របស់ពួកកុម្មុយនីសផ្តាច់ការខ្មែរក្រហម ប៉ុល ពត ដែរដោយចោទប្រជាជនថាជាខ្មាំងបង្កប់ ភ្នាក់ងារសេអ៊ីអា កាហ្សេបេ ។ល។ រួចយកទៅសម្លាប់ចោលតែម្តង។