ខ្មែរក្រហម
រូបឯកសារ៖ ជនសង្ស័យ អោ អាន ហៅតាអាន ជាជនសង្ស័យក្នុងសំណុំរឿង០០៤ ក្នុងរូបថតដោយ វ៉ាន់ថាន់ ពៅតារា នៃមជ្ឈមណ្ឌលឯកសារកម្ពុជានៅឆ្នាំ២០១១។ (ផ្តល់ឲ្យដោយមជ្ឈមណ្ឌលឯកសារកម្ពុជា)
25 តុលា 2017
សុខ ខេមរា
វីអូអេខ្មែរ
សហមេធាវីរបស់លោក អោ អាន បានអះអាងថាសាលាក្ដីខ្មែរក្រហម «មិនមានយុត្តាធិការបុគ្គល» ដើម្បីចោទប្រកាន់ និងបញ្ជូនលោក អោ អាន ទៅជំនុំជម្រះទេ បើទោះជាអំណះអំណាងរបស់សហព្រះរាជអាជ្ញាអន្តរជាតិមានកម្រិតខ្ពស់ក៏ដោយ។
ជនសង្ស័យម្នាក់ក្នុងសំណុំរឿង០០៤គឺ លោក អោ អាន ទាមទារជាចុងក្រោយឲ្យ សហចៅក្រមស៊ើបអង្កេតទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងរូបលោក ដោយបានបដិសេធការចោទប្រកាន់របស់សហព្រះរាជអាជ្ញាអន្តរជាតិ និងដីកាសន្និដ្ឋានស្ថាពរ ដោយអះអាងក្នុងសេចក្ដីថ្លែងការណ៍របស់សហមេធាវីថា លោកមិនមែនជាមេដឹកនាំជាន់ខ្ពស់ស្ថិតក្នុងយុត្តាធិការរបស់តុលាការកាត់ទោសខ្មែរក្រហម ដែលត្រូវនាំខ្លួនទៅជម្រះទោសទេ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សហមេធាវីជាតិ និងអន្តរជាតិ គឺ លោក មុំ លុជ្ស លោក យ៉ូរ៉ាន់ ស្លាវធើ និងលោក រីឆាដ រ៉ូជើ ដែលចេញផ្សាយឲ្យដឹងនៅថ្ងៃពុធ ទី២៥ ខែតុលានេះ។
សេចក្ដីថ្លែងការណ៍ដូច្នេះ ដោយយោងថា សហព្រះរាជអាជ្ញាជាតិ និងចៅក្រមក្រមភាគច្រើនដែលមានតួនាទីក្នុងសំណុំរឿង០០៤ វគ្គ ២នេះ បានបញ្ជាក់តាំងពីដើមថាសំណុំរឿងលោក អោ អាន គួរត្រូវទម្លាក់ចោល ដោយសារគាត់មិនមែនជាមេដឹកនាំជាន់ខ្ពស់ និងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្ម ឬការកាប់សម្លាប់រង្គាលដ៏ឃោរឃៅក្នុងចន្លោះឆ្នាំ១៩៧៥ ដល់១៩៧៩នោះទេ។
ដោយយោងលើហេតុផលជាច្រើន សហមេធាវីរបស់លោក អោ អាន បានអះអាងថាសាលាក្ដីខ្មែរក្រហម «មិនមានយុត្តាធិការបុគ្គល» ដើម្បីចោទប្រកាន់ និងបញ្ជូនលោកអោ អាន ទៅជំនុំជម្រះទេ បើទោះជាអំណះអំណាងរបស់សហព្រះរាជអាជ្ញាអន្តរជាតិមានកម្រិតខ្ពស់ក៏ដោយ។
សហព្រះរាជអាជ្ញាអន្តរជាតិ បានចោទប្រកាន់ លោក អោ អាន កម្មាភិបាលខ្មែរក្រហមជាន់ខ្ពស់ដូចជនជាប់ចោទដ៏ទៃទៀតដែរពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ជាដើមក្នុងពេលលោកគ្រប់គ្រងតំបន់មជ្ឈិមដោយមានតួនាទីជាអនុប្រធាន ដែលត្រូវបានរកឃើញថា ពាក់ព័ន្ធនឹងការសម្លាប់រង្គាលមនុស្សរាប់ម៉ឺននាក់ ។
ក្រុមអ្នកឃ្លាំមើល បានអះអាងថា សហព្រះរាជអាជ្ញាជាតិ និងចៅក្រមជាតិ មានជំហរដូចលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ប្រកាសជាសាធារណៈ ដែលត្រូវបានអ្នកវិភាគចាត់ទុកថា ជាការជ្រៀតជ្រែកផ្នែកនយោបាយចូលក្នុងកិច្ចការផ្ទៃក្នុងរបស់តុលាការគឺ រារាំងមិនឲ្យមានការកាត់ទោសសំណុំរឿងបន្ថែមណា ក្រៅពីសំណុំរឿង ០០១ និង ០០២ ឬ កម្មាភិបាលខ្មែរក្រហម៣នាក់ គឺ កាំង ហ្កេច អ៊ាវ ហៅឌុច និង ខៀវ សំផន ប្រមុខរដ្ឋ និងនួន ជា បងធំទី២។
ជនសង្ស័យក្នុងសំណុំរឿង០០៣ និង០០៤ ដែលមានតួនាទីចៅហ្វាយស្រុក ប្រធានតំបន់ដូចលោកអោ អានចំនួន ៤នាក់ទៀត ទំនងជានឹងត្រូវតុលាការទម្លាក់បទចោទទាំងអស់ ដូចជាបានធ្វើរួចចំពោះអ្នកស្រី អ៊ឹម ចែម ជាអតីតអភិបាលស្រុកព្រះនេត្រ ព្រះ សម័យខ្មែរក្រហម ដែលជាជនសង្ស័យនៃសំណុំរឿង០០៤។
សំណុំរឿងបន្ថែម ០០៣ និង០០៤ ដែលមានជនសង្ស័យបួននាក់ មានការខ្វែងគំនិតគ្នារវាងព្រះរាជអាជ្ញា ចៅក្រមភាគីកម្ពុជា និង ព្រះរាជអាជ្ញា ចៅក្រមអន្តរជាតិរបស់សាលាក្ដីដោយសារក្រុមអ្នកឃ្លាំមើលចាត់ទុកថា គ្មានកិច្ចសហការ និងគ្មានឆន្ទៈរបស់ភាគីកម្ពុជាលើសំណុំរឿងបន្ថែមនេះជាពិសេសគឺ ការជ្រៀតជ្រែកផ្នែកនយោបាយ៕
Khmer rough court in phnom-pench just a joke’ and this court is the place for washing the killers’s hand’ so cambodian people and international should not believe in this court’and just waste of money and cambodian people never get justice’ .Why this court never get justice?? because the witness and the real killers never stand in front of court and they walk free so how can justice be?? so this court is a joke’cheating cambodian people and international’. GOD bless all cambodian people’