ដោយ តាំង សារ៉ាដា
2017-12-07
RFA

លោក កឹម សុខា និងភរិយា ក្នុងពិធីសូត្រមន្តនៅទីស្នាក់ការកណ្ដាលគណបក្ស នាសង្កាត់ចាក់អង្រែលើ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។ RFA/Brach Chev
តំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី ទាមទារអោយរដ្ឋសភាសហព័ន្ធ និងរដ្ឋាភិបាលអូស្ត្រាលីប្រើវិធានការក្ដៅរបស់ខ្លួន ដើម្បីស្វែងរកការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះ ជាតិ និងធ្វើអោយស្ថានការណ៍នៅកម្ពុជា វិលមករកភាពប្រក្រតីវិញ។
តំណាងរាស្ត្រពីខាងគណបក្សពលកររបស់ប្រទេសអូស្ត្រាលី ដ៏មានវោហារក្នុងការទាមទារ អោយមានការគោរពលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា លោក ម៉ាក បាត់លើរ (Mark Butler) បានថ្លែងនៅក្នុងរដ្ឋសភាសហព័ន្ធអូស្ត្រាលី កាលពីថ្ងៃពុធ ទី៦ ធ្នូ ជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីប្រើវិធានការម៉ឺងម៉ាត់មួយដើម្បីជំរុញឲ្យ រដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា ជាបន្ទាន់ដោយឥតលក្ខខណ្ឌ។
សំណើរបស់លោក ម៉ាក បាត់លើរ ធ្វើឡើងក្រោយពេលសហគមន៍ខ្មែរ ក្នុងប្រទេសអូស្ត្រាលី ៥០០នាក់ កាលពីថ្ងៃទី៥ ខែធ្នូ កន្លងទៅ រួមទាំងតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ផងនោះ បានជំរុញអោយរដ្ឋាភិបាលអូស្ត្រាលីអន្តរាគមន៍អោយមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។
នៅក្នុងសារជាវីដេអូអំពីការថ្លែងរបស់លោក ម៉ាក បាត់លើរ នៅក្នុងរដ្ឋសភាអូស្ត្រាលី កាលពីថ្ងៃពុធ លោកបានប្រាប់សភាអូស្ត្រាលីថា សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងបណ្ដាប្រទេសផ្សេងទៀតកំពុងដាក់សម្ពាធខ្លាំងដល់រដ្ឋាភិបាលលោក ហ៊ុន សែន អោយបង្វែរស្ថានការណ៍នយោបាយនៅកម្ពុជា វិលមករកភាពប្រក្រតីវិញ។
ដូច្នេះលោកនឹងសរសេរលិខិតមួយទៀតទៅកាន់អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) ដើម្បីអោយរដ្ឋាភិបាលអូស្ត្រាលីប្រើវិធានការដ៏ម៉ឺងម៉ាត់មួយ ដើម្បីគាំទ្រអោយមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
នៅក្នុងជំនួបមួយរវាងអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ និងអ្នកស្រី ជូលី ប៊ីហ្សប រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី កាលពីថ្ងៃទី៥ ធ្នូ អ្នកស្រី មូរ សុខហួរ បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី នៅតែគាំទ្រកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីសថា នៅមិនសុពលភាពនៅឡើយ។ ជាងនេះទៅទៀត អ្នកស្រីរដ្ឋមន្ត្រីការបរទេសរូបនេះ បានជំរុញឲ្យអោយគណបក្សប្រឆាំងស្វែងរកអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ដើម្បីអោយសហប្រធាននៃកិច្ចព្រមព្រៀងនេះ កោះប្រជុំប្រទេសហត្ថលេខីទាំងអស់ឡើងវិញ ក្នុងការពិនិត្យមើលអំពីការរំលោភបំពានលើកិច្ច ព្រមព្រៀងនេះ។
អ្នកស្រី ប៊ីហ្សប ក៏បានបញ្ជាក់ប្រាប់ក្រុមមន្ត្រីគណបក្សសង្គ្រោះជាតិថា ប្រទេសអូស្ត្រាលី នឹងមិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជាឡើយ បើមិនមានការចូលរួមរបស់គណបក្សសង្គ្រោះជាតិ។
នៅឯសហរដ្ឋអាមេរិកឯណេះវិញ អនុគណៈកម្មការសភា ទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃគណៈកម្មការការបរទេសរបស់សភាអាមេរិក គ្រោងបើកសវនាការសួរដេញដោលអំពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជានៅរសៀលថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ។
ក្រុមវាគ្មិនដែលនឹងចូលរួម មានលោកស្រី អូលីវ្យោ អ៊េននុស (Oliva Enos) អ្នកវិភាគផ្នែកគោលនយោបាយរបស់អង្គការកេរ្តិ៍ដំណែលពិភពលោក (Heritage Foundation) កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់ លោក កឹម សុខា និង លោក ឃែននែត វ័រឡាក់ (Kenneth Wollack) នាយកអង្គការវិទ្យាស្ថានជាតិសម្រាប់ប្រជាធិបតេយ្យ (NDI)។
សវនាការនេះធ្វើឡើង បន្ទាប់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតុន កាត់ជំនួយបោះឆ្នោត បិទទិដ្ឋាការមិនអោយមន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ចូលដីសហរដ្ឋអាមេរិក ព្រមានមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅកម្ពុជា និងការព្រមានកាត់ប្រព័ន្ធអនុគ្រោះពន្ធនាំចេញ សំលៀកបំពាក់មកលក់នៅសហរដ្ឋអាមេរិកដោយសារការបំផ្លាញ សមិទ្ធផលនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ។
ទោះជាយ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៦ ធ្នូ បានប្រកាសជាសាធារណៈថា ទោះគ្មានវត្តមានគណបក្សសង្គ្រោះជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តដំណើរការបោះឆ្នោត នៅពេលខាងមុខទៅតាមការគ្រោងទុកដោយគ្មានការប្រែប្រួល ហើយព្រមានថា បរទេសមិនត្រូវជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជានោះឡើយ៕
On Fri 08/Dec/2017
Dear Mr. Mark,
You say like that, it mean Mr. Kim Sokha and his political party doing right action in Cambodia.
We need you to answer our question.
Could you and your political party dare to do action in Australia as like as Mr. Kim Sokha and his political party done in Cambodia ?.
We are waiting and taking a look to the reaction of Australia government fed back to you and your political party.
Please stop doing like BACKING DOG any more !.
Thank a lots.