“គ្មាន​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​​បើ​ទោះ​បី​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក”

ដោយ មួង ណារ៉េត
2017-12-08
RFA

ស្ដាប់ ឬ​ទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya
ពី​ឆ្វេង៖ ​លោក កឹម សុខា លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចាប់​ដៃ​គ្នា​ក្រោយ​ចេញ​ពី​ជំនួប​ប្រជុំ​កំពូល នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។ RFA/Tin Zakariya


មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​មិន​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​ដើម្បី​ស្តារ​ស្ថានភាព​បច្ចុប្បន្ន​នេះ​ឲ្យ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​វិញ​នោះ​ទេ។ អ្នក​វិភាគ​នយោបាយ​អះអាង​ផ្ទុយ​វិញ​ថា ស្ថានភាព​នយោបាយ​អាច​នឹង​វិល​ថយ​ក្រោយ​វិញ​បាន និង​មាន​លក្ខណៈ​ល្អ​ជាង​មុន។

​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន នៅ​ថ្ងៃ​សុក្រ ទី​៨ ខែ​ធ្នូ បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​សុំ​អង្វរករ​សហរដ្ឋអាមេរិក ឬ​អន្តរជាតិ​ណា​មួយ​នោះ​ទេ។ លោក សុខ ឥសាន អះអាង​ថា កម្ពុជា​នៅ​តែ​ដើរ​ទៅ​មុខ គ្មាន​ការ​ថយ​ក្រោយ​នោះ​ទេ៖ «គ្មាន​ត្រូវ​ការ​អី​ទៅ​សុំ​អោបដៃអោបជើង​អី​គាត់ (សហរដ្ឋអាមេរិក) បើ​គាត់​ដាក់ (ទណ្ឌកម្ម) អា​ហ្នឹង​ជា​សិទ្ធិ​របស់​គាត់ នៅ​ក្នុង​អធិបតេយ្យភាព​របស់​គាត់។ …មាន​តែ​ដើរ​ទៅ​មុខ​ទេ។ ថ្ងៃ​នេះ​រដ្ឋ​សភា​គេ​ប្រជុំ​ពេញអង្គ​ដើម្បី​ដឹក​នាំ​រចនា​សម្ពន្ធ​ពេញ​អង្គ​របស់​រដ្ឋ​សភា​ពេញអង្គ ដើម្បី​រៀបចំ​​រចនា​សម្ព័ន្ធ​ដឹកនាំ​របស់​រដ្ឋ​សភា​ពេញលេញ​អស់​ហើយ គ្រប់​លក្ខណៈ​អស់​ហើយ គ្រប់​លក្ខណៈ​សម្បត្តិ​អស់​ហើយ ហើយ​ដំណើរការ​រដ្ឋ​សភា​ជា​ប្រក្រតី​ទៅ​មុខ ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់ និង​បញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋ​សភា»

​កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ សហរដ្ឋអាមេរិក បាន​ដាក់​ចេញ​នូវ​ទណ្ឌកម្ម​មួយ​ដល់​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ដោយ​បិទ​ទិដ្ឋាការ ឬ ​សា (VISA) មិន​ឲ្យ​ចូល​ទឹកដី​សហរដ្ឋអាមេរិក គឺ​ព្រោះ​តែ​សហរដ្ឋអាមេរិក ចាត់​ទុក​អ្នក​ទាំង​នោះ​ថា​បាន​រួម​ចំណែក​ក្នុង​ការ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក អ្នកស្រី ហឹតឌើ ណៅអឹត (Heather Nauert) បញ្ជាក់​ថា ចំណាត់​ការ​ជាក់ស្ដែង និង​ដ៏​ម៉ឺងម៉ាត់​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​អំពើ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​គោលការណ៍​សិទ្ធិមនុស្ស។

ប្រតិកម្ម​របស់​ក្រសួង​ការបរទេស​សហ​រដ្ឋ​អាមេរិក នៅ​ពេល​នេះ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា ហាក់​មិន​ខ្វាយខ្វល់​ទៅ​នឹង​ការ​អំពាវនាវ ក្ដី​បារម្ភ និង​ការព្រមាន​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​សហគមន៍​អន្តរជាតិ។ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត ធ្វើ​យ៉ាង​ណា​កម្ចាត់​សំឡេង​ប្រឆាំង បិទ​ទ្វារ​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ធ្វើ​ទុក្ខបុកម្នេញ​សារព័ត៌មាន​ឯករាជ្យ​នៅ​កម្ពុជា។

សុខ ឥសាន ២០១៦ ៦២២
អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦។ RFA

​បើ​ទោះ​បី​ជា​លោក ហ៊ុន សែន បាន​រុញ​ការ​ទទួល​ខុស​ទាំង​អស់​ដាក់​គណបក្ស​ប្រឆាំង​រួចហើយ​ក្ដី អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ចោទ​សកម្មភាព​របស់​មន្ត្រី​បក្ស​ប្រឆាំង​ដែល​រក​ជំនួយ​ពី​អន្តរជាតិ ដើម្បី​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ថា​ជា​សកម្មភាព​ឧទ្ទាម ក្បត់ជាតិ និង​មិន​អាច​លើកលែង​ឲ្យ​បាន​ឡើយ។ សកម្មភាព​មន្ត្រី​បក្ស​ប្រឆាំង រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ត្រូវ​បាន​លោក ផៃ ស៊ីផាន ប្រាប់​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ថា ជា​សកម្មភាព​កៀរគរ​បរទេស​ប្រឆាំង​នឹង​រដ្ឋ​អធិបតេយ្យ​កម្ពុជា។

​ដោយ​ឡែក​នៅ​ប៉ុន្មាន​ម៉ោង​មុន​អាមេរិក ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ ឬ វីសា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯ​ណោះ​វិញ ហាក់​ដឹង​ជា​មុន​ថា នឹង​មាន​ទណ្ឌកម្ម​បែប​នេះ ប្រសិនបើ​លោក​មិន​បន្ទន់​ឥរិយាបថ។ ការណ៍​ដែល​ធ្លាប់តែ​ប្រើ​វោហារសាស្ត្រ​វាយ​ប្រហារ​សហរដ្ឋអាមេរិក ឥត​សំចៃ​មាត់ និង​ធ្លាប់​ទាំង​បបួល​ឲ្យ​សហគមន៍​អន្តរជាតិ ហ៊ាន​បិទ​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សម្លៀក​បំពាក់​ទៀត​នោះ កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ លោក ហ៊ុន សែន ដែល​មាន​ងារ​ជា​បុរស​ខ្លាំង​ដែរ​នោះ ហាក់​បែរ​ជា​បន្ទន់​ឥរិយាបថ​ដាក់​សហរដ្ឋអាមេរិក ដោយ​បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​នឹង​ពិគ្រោះ​យោបល់​ជាមួយ​សហរដ្ឋអាមេរិក ក្នុង​ការ​ទទួល​យក​ជនភៀសខ្លួន ដូច​ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ។

ឥរិយាបថ​នេះ លោក ហ៊ុន សែន ស្នើ​ឲ្យ​រដ្ឋាភិបាល​អាមេរិក ត្រូវ​មាន​កាតព្វកិច្ច​ផ្គត់ផ្គង់​ប្រាក់ខែ និង​ការ​តាំង​ទីលំនៅ​ថ្មី​ក្នុង​រយៈពេល​ណា​មួយ​សម្រាប់​ជនភៀសខ្លួន ដែល​ត្រូវ​ចាប់​បញ្ជូន​ពី​សហរដ្ឋអាមេរិក ត្រឡប់​មក​កម្ពុជា វិញ​ផង។ សូម្បី​តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កន្លង​ទៅ​ថ្មីៗ​នេះ ក៏​លោក ហ៊ុន សែន ឆ្លៀត​ឱកាស​លើក​សរសើរ​ចរិត​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (Donald Trump) និង​បង្អាប់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ក្នុង​វេទិកា​ពិភពលោក​មួយ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ប្រធានបទ​រឿង​បុគ្គល​ឯកជន​បែប​នេះ​ទាល់តែសោះ។ អ្នក​តាមដាន​នយោបាយ ចាត់​ទុក​ការ​លើក​សរសើរ​ប្រធានាធិបតី​អាមេរិក ខុស​រឿង​បែប​នេះ ថា​គឺ​ជា​ការ​លួង​ចិត្ត​អាមេរិក កុំ​ឲ្យ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប៉ុណ្ណោះ ប៉ុន្តែ ជា​លទ្ធផល​សហរដ្ឋអាមេរិក នៅ​តែ​ដាក់​ទណ្ឌកម្ម​ដដែល។

អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា អាច​នឹង​វិល​ថយ​ក្រោយ ហើយ​ការ​វិល​ថយ​ក្រោយ​នេះ នឹង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​ទៅ​ទៀត។ លោក​បណ្ឌិត​សំអាង​លើ​បទពិសោធន៍​ថា កាល​លោក​នៅ​ជា​កូនចៅ​របស់​លោក សឺន សាន សម័យ​រដ្ឋ​កម្ពុជា រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ដោយ​មាន​កងទ័ព​វៀតណាម ជា​ជំនួយ ក៏​បាន​ធានា​ថា ស្ថានភាព​នយោបាយ​នឹង​រុល​ទៅ​មុខ​ដោយ​គ្មាន​ការ​ចរចា​ណា​មួយ​អាច​ធ្វើ​ឲ្យ​កម្ពុជា វិល​ថយ​ក្រោយ​ដែរ។ ប៉ុន្តែ​សម្ដី​របស់​លោក សឺន សាន យល់​ថា នយោបាយ​ដូច​ចរន្តទឹក​ហូរ​នៃ​ទន្លេសាប ដែល​ម្ដង​ហូរ​ឡើង​ម្ដង​ហូរ​ចុះ៖ «ខ្ញុំ​ថា​អាច នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ថា​អាច។ អ្នក​ថា​មិន​អាច ខ្ញុំ​អត់​ជឿ​ទេ ព្រោះ​អី​នៅ​ប្រទេស​កម្ពុជា មាន​ឧទាហរណ៍​ជាក់ស្ដែង»

អ្នកវិភាគ​នយោបាយ​យល់​ថា នេះ​ជា​ទណ្ឌកម្ម​ដំបូង​របស់​សហរដ្ឋអាមេរិក ដែល​ព្រមាន​ចំៗ អំពី​ការ​សម្លាប់​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ហើយ​ទណ្ឌកម្ម​នេះ ហាក់​ដូចជា​គ្មាន​អ្វី​ចម្លែក​នោះ​ទេ។ ត​ទៅ​ទៀត អ្នក​វិភាគ​យល់​ថា ប្រទេស​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក ដទៃ​ទៀត អាច​នឹង​ប្រតិកម្ម​បន្តបន្ទាប់។

ដូច​អ្វី​ដែល​អ្នកវិភាគ​បាន​ព្យាករ​ទុក នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ នេះ ប្រទេស​បារាំង ឯ​ណោះ​ក៏​ឆ្លៀត​ដាស់តឿន​ក្រើនរំលឹក​រដ្ឋាភិបាល​លោក ហ៊ុន សែន សា​ជា​ថ្មី​ឲ្យ​ពិចារណា​ឡើង​វិញ​លើ​ចំណាត់​ការ​ដែល​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​ព្រមាន​ដាក់ទណ្ឌកម្ម​បែប​នេះ។ ស្ថានទូត​បារាំង នៅ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ បញ្ជាក់​សារ​របស់​លោក ហ្វ្រង់ស៊័រ ក្រូគែត (François CROQUETTE) ឯកអគ្គរដ្ឋទូត​ទទួល​បន្ទុក​សិទ្ធិមនុស្ស និង​ការ​ចងចាំ​នៃ​ក្រសួង​អឺរ៉ុប និង​ការបរទេស​បារាំង ដែល​រលឹក​រដ្ឋាភិបាល​កម្ពុជា ជា​ថ្មី​អំពី​ការ​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា វិល​ត្រឡប់​មក​ចូលរួម​នៅ​ក្នុង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​អនុញ្ញាត​ឱ្យ​គណបក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល មាន​ដំណើរ​ការ​ដូច​ប្រក្រតី និង​ដោយ​គ្មាន​ការ​រារាំង​ឡើង​វិញ។

​ចំណាត់​ការ និង​សារ​ព្រមាន​ជា​បន្ត​បន្តបន្ទាប់​របស់​អន្តរជាតិ​បែប​នេះ អ្នក​វិភាគ​នយោបាយ​យល់​ថា ជំហាន​បន្ទាប់ នោះ​គឺ​អាច​ឈាន​ទៅ​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​សាច់ញាតិ ឬ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​នៅ​បរទេស និង​ការ​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ ផលិតផល​ពី​ប្រទេស​កម្ពុជា រួម​ទាំង​សម្លៀកបំពាក់ និង​ស្បែកជើង​ផង ទៅ​ទីផ្សារ​អន្តរជាតិ​ជាក់​ជា​មិន​ខាន ប្រសិនបើ​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតែ​ប្រកាន់​ជំហរ​មិន​ធ្វើតាម​សំណូមពរ​របស់​សហគមន៍​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "“គ្មាន​ការ​ចរចា​ជាមួយ​គណបក្ស​ប្រឆាំង​​បើ​ទោះ​បី​រង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក”"

  1. Sam says:

    ត្រូវតែអព្ចឹាង​​​ មិនថយក្រោយដាច់ខាត កំុអោយអន់ជាងសកម្មជន បក្សសង្គ្រោះជាតិដែលពួកគេភាគច្រើននៅតែក្រានននាលមិនព្រមចុះចូលបក្សកូនក្រមំុលើកជើងរបសយេីង។

  2. ?? says:

    let see in a few week how this stubborn man will say. I knew he will crying like a baby or he can commit suicide . do or die Mr… that what I know in your cases you just not betray your own nation the wars then that you are the enemy of the world . I just wonder how can all HUN SEN supporter think ?????? they also can see this dump guy walking naked every one see that why those supporter can not see his PONGKDOR . well if it is that bad let get the other side some weapon to kill each other like animal . because all those who live in Cambodia want their country to be that spicy . I tell you what HUN SEN is not just wanted to be GOD in Cambodia but the worse is he wanted to be GOD of the world by leading this great nation the longest in the world history. go hell Mr the dump guy like you I can not even accepting to work in my company . all I’m seeing you is only good at murdering Cambodian . GOD bless Cambodia